កម្ពុជា​ទទួល​​ភ្ញៀវ​ទេសចរ​ចិន​ជិត ២ លាន​នាក់ ក្នុង​ឆ្នាំ ២០១៨ កន្លង​ទៅ

2019-01-21
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នក​ទេសចរ​ជនជាតិ​ចិន នាំ​គ្នា​ទៅ​ទស្សនា​អង្គរវត្ត នៅ​ចំ​ថ្ងៃ​ទី​មួយ​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ចិន កាល​ពី​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០១៥។
អ្នក​ទេសចរ​ជនជាតិ​ចិន នាំ​គ្នា​ទៅ​ទស្សនា​អង្គរវត្ត នៅ​ចំ​ថ្ងៃ​ទី​មួយ​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ចិន កាល​ពី​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០១៥។
RFA

ភ្ញៀវ​ទេសចរ​ចិន​ដែល​ចូល​មក​កម្សាន្ត​នៅ​កម្ពុជា បាន​កើន​ឡើង​ដល់ ១លាន ៩សែន​នាក់ កាល​ពី​ឆ្នាំ ២០១៨ ខណៈ​ឆ្នាំ២០១៧ កន្លង​ទៅ ទេសចរ​ចិន​មាន​ត្រឹម​តែ ១លាន ២សែន​នាក់​ប៉ុណ្ណោះ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ លោក ហ៊ុន សែន នៅ​លើ​ទំព័រ​ហ្វេសប៊ុក ខណៈ​លោក​កំពុង​បំពេញ​ទស្សនកិច្ច​ផ្លូវ​ការ​នៅ​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន។

លោក ហ៊ុន សែន អះអាង​ថា លោក​នឹង​ខិតខំ​ជំរុញ​កិច្ច​សហប្រតិបត្តិ​ការ​ជាមួយ​ប្រទេស​ចិន​លើ​គ្រប់​វិស័យ​ ជាពិសេស​វិស័យ​សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និង​ទេសចរណ៍។ លោក​ថ្លែង​ទៀត​ថា លោក​ចង់​ឱ្យ​ចំនួន​អ្នក​ទេសចរ​ចិន​នៅ​កម្ពុជា​កើន​ឡើង​ខ្លាំង​ជាង​នេះ​ថែម​ទៀត ដោយ​លោក​បញ្ជាក់​ថា ប្រទេស​នានា​នៅ​លើ​ពិភពលោក​កំពុង​តែ​ទាក់ទាញ​ភ្ញៀវ​​ទេសចរ​ចិន​ទៅ​កម្សាន្ត​នៅ​ប្រទេស​របស់​ពួក​គេ​ឱ្យ​បាន​កាន់​តែ​ច្រើន។

ស្រប​ពេល​ដែល​មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ​បង្ហាញ​មហិច្ឆតា​ចង់​ឱ្យ​មាន​អ្នក​ទេសចរ​ចិន​កាន់​តែ​ច្រើន​មក​កម្ពុជា​នោះ ​អាជ្ញាធរ​កម្ពុជា និង​មន្ត្រី​សិទ្ធិមនុស្ស​ បាន​អះអាង​ថា ជន​ជាតិ​ចិន​សំបូរ​ទៅ​ដោយ​រឿង​អាស្រូវ​ និង​ការ​ប្រព្រឹត្ត​បទល្មើស​ច្រើន​ជាងគេ បើ​ប្រៀប​ធៀប​នឹង​ជន​បរទេស​ដទៃ​ទៀត​ដែល​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា។

គិត​ចាប់​តាំងពី​ឆ្នាំ ២០១៤ រហូត​ដល់​​​​ចុង​ឆ្នាំ២០១៨ កន្លង​ទៅ ជន​ជាតិ​ចិន​ចំនួន​ជិត ២ពាន់​នាក់ ត្រូវ​បាន​ចាប់​ខ្លួន​ និង​បណ្ដេញ​ចេញ​​ពី​កម្ពុជា​ ដោយ​សារ​ពួក​គេ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​​ប្រព្រឹត្ត​បទ​ល្មើស​គំរាម ជំរិត និង​ឆបោក​តាម​ប្រព័ន្ធ​អិនធើណិត ហើយ​​មាន​ខ្លះ​ទៀត​ជា​អ្នក​ប្រព្រឹត្ត​បទ​ល្មើស​សេដ្ឋកិច្ច​នៅ​ប្រទេស​ចិន​ និង​​ត្រូវ​បាន​សមត្ថកិច្ច​​ចិន​ស្នើសុំ​ឱ្យ​អាជ្ញាធរ​កម្ពុជា​ចាប់​ខ្លួន។

អង្គការ​សង្គម​ស៊ីវិល និង​អ្នក​ឃ្លាំមើល​សង្គម ​ជំរុញ​ឱ្យ​អាជ្ញាធរ​រៀបចំ​យន្តការ​គ្រប់គ្រង​ជន​អន្តោប្រវេសន៍​ឱ្យ​បាន​ច្បាស់លាស់ ជាពិសេស​ករណី​ជន​ជាតិ​ចិន​ ដើម្បី​កុំ​ឱ្យ​ពួក​គេ​មួយ​ចំនួន​បន្ត​ប្រើប្រាស់​ទឹកដី​កម្ពុជា​ជា​កន្លែង​​ប្រព្រឹត្ត​បទ​ល្មើស​បាន​តទៅទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល