វេជ្ជបណ្ឌិត គួច ម៉េងលី បញ្ជាក់​ថា លោក​លែង​ពាក់ព័ន្ធ​ជាមួយ​ក្រុមហ៊ុន CIC ជាង​៦​ឆ្នាំ​ហើយ

ដោយ ប្រាជ្ញ ចេវ
2024.03.26
វេជ្ជបណ្ឌិត គួច ម៉េងលី បញ្ជាក់​ថា លោក​លែង​ពាក់ព័ន្ធ​ជាមួយ​ក្រុមហ៊ុន CIC ជាង​៦​ឆ្នាំ​ហើយ លោក​វេជ្ជបណ្ឌិត គួច ម៉េងលី។
រូប៖ ហ្វេសប៊ុកលោក គួច ម៉េងលី

លោក​វេជ្ជបណ្ឌិត គួច ម៉េងលី អះអាង​ថា លោក​លែង​ជា​សមាជិក​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន ខេមបូឌាន អ៊ិនវេសស្ទ័រ ខបភើរេសិន ភីអិលស៊ី (Cambodian Investors Corporation Plc) ហៅ​កាត់​(CIC) ជា​យូរ​មក​ហើយ។

លិខិត​ចុះផ្សាយ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក គួច ម៉េងលី ចុះ​ថ្ងៃទី​២៥ ខែ​មីនា

ឱ្យ​ដឹង​ថា លោក​បាន​លាលែង​ពី សមាជិក​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន ស៊ី​.​អាយ​.​ស៊ី​( CIC) អស់​រយៈពេល​៦​ឆ្នាំ​មក គឺ​ចាប់​តាំងពី​ថ្ងៃទី​២ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ មក​ម្ល៉េះ។ លោក​បញ្ជាក់​ទៀត​ថា កន្លងមក​លោក​បាន​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​ក្នុង​ការ​វិនិយោគ​ជាមួយ​ក្រុមហ៊ុន​នេះ ប៉ុន្តែ មិន​បាន​ធ្វើការ​កៀរគរ​ថវិកា​ពី​នរណា​ម្នាក់ ឬ​ពី​ក្រុមហ៊ុន​ណាមួយ​ឱ្យមក​វិនិយោគ​ជាមួយ​ក្រម​ហ៊ុន CIC​នេះ​ទេ។

កាលពី​ម្សិលមិញ​នេះ​ដែរ ក្រុមហ៊ុន ស៊ី​.​អាយ​.​ស៊ី (CIC) ចេញមុខ​អះអាង​ថា វិបត្តិ​ដែល​ក្រុមហ៊ុន​នេះ​ជួបប្រទះ​នៅ​ពេល​​នេះ​មិនមែន​ជា​សំណុំរឿង​បោកប្រាស់​ទេ។ សេចក្ដី​បំភ្លឺ​ចុះ​នៅ​ថ្ងៃទី​២៥ ខែមីនា ក្រុមហ៊ុន​នេះ​លើកឡើង​ថា បញ្ហា​ដែល​កំពុង​កើត​មាន​នេះ​ជា​វិបត្តិ​សន្ទនីយ​ភាព​សាច់ប្រាក់ ឬ​វិបត្តិ​សាច់ប្រាក់ ដែល​រង​ឥទ្ធិពល​ពី​វិបត្តិ​សេដ្ឋកិច្ច​សកល និង​ភាព​ខ្វះ​ចន្លោះ​នៅក្នុង​ការ​ត្រៀម​ខ្លួន​របស់​ក្រុមហ៊ុន។

ក្រុមហ៊ុន ស៊ី.អាយ.ស៊ី លើក​ឡើង​ទៀត​ថា ខ្លួន​នៅតែ​រក្សា​ជំហរ​ដោះស្រាយ​បញ្ហា​ចំពោះមុខ និង​បន្ត​ធ្វើការ​ដោយ​អនុលោម​តាម​គោលការណ៍ និង​បទប្បញ្ញត្តិ​ដែល​កំណត់​ដោយ​និយតករ​មូលបត្រ​កម្ពុជា (ន.ម.ក) ដែល​តម្កល់​ផលប្រយោជន៍​វិនិយោគិន​ជា​អាទិភាព​។ ការ​ចេញ​មុខ​មក​បំភ្លឺ​របស់​ក្រុមហ៊ុន CIC​នៅ​ពេល​នេះ ឡើង​ឡើង​ក្រោយ​ពេល អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វ៊េសប៊ុក និង​អ្នក​វិនិយោគ​មួយចំនួន​ដែល​បាន​បណ្ដាក់ទុន​ជាមួយ​ក្រុមហ៊ុន​នេះ​បាន​ចោទ​ប្រកាន់​ថា ពួកគេ​ចាញ់បោក ក្រុមហ៊ុន ស៊ី​.​អាយ​.​ស៊ី (CIC) អស់ប្រាក់​រាប់​លាន​ដុល្លារ និង​ទាមទារ​ឱ្យ​មាន​ចំណាត់ការ​ផ្លូវច្បាប់​ពី​ស្ថាប័ន​មាន​សមត្ថកិច្ច ដើម្បី​ផ្ដល់​ទំនុកចិត្ត​ដល់​ការ​វិនិយោគ​នៅ​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។