ក្រុមយុវជនរិះគន់អភិបាលខេត្តសៀមរាបមិនដកស្លាកផ្សព្វផ្សាយគ្រឿងស្រវឹង
2024.07.12
ក្រុមយុវជន និងព្រះសង្ឃរិះគន់អភិបាលខេត្តសៀមរាបថា គ្មានឆន្ទ:រុះរើស្លាកប៉ាណូផ្សព្វផ្សាយគ្រឿងស្រវឹង។ ពួកគេសង្កេតឃើញថា អភិបាលខេត្តរូបនេះហាក់មិនខ្វល់ខ្វាយពីឥទ្ធិពលគ្រឿងស្រវឹងដែលកំពុងពង្វក់ស្មារតីពលរដ្ឋខ្មែរ។
ព្រះសង្ឃ និងយុវជនមួយចំនួន រស់នៅខេត្តសៀមរាបខកចិត្តនឹងអភិបាលខេត្តសៀមរាប លោក ប្រាក់ សោភ័ណ ដែលហាក់បីដូចជាមិនខ្វល់នឹងក្តីកង្វល់របស់ពលរដ្ឋ ដែលចង់ឃើញអាជ្ញាធររុះរើផ្ទាំងប៉ាណូ ផ្សព្វផ្សាយគ្រឿងស្រវឹងនៅតាមដងផ្លូវមួយចំនួនក្នុងក្រុងសៀមរាប។
យុវជនរស់នៅខេត្តសៀមរាប លោក សែន ប៊ាង ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១១ កក្កដា ថា លោកតែងតែរិះគន់ពីបញ្ហានេះ ដោយមានពេលខ្លះបង្ហោះសារ តាមបណ្ដាញសង្គម ស្នើឱ្យអាជ្ញាធរដោះស្រាយ ដោយដាក់ជំនួសមកវិញនូវស្លាកផ្សព្វផ្សាយពីវប្បធម៌ខ្មែរ និងព្រះឆាយលក្ខព្រះមហាក្សត្រជាដើម ក៏ប៉ុន្តែគ្មានបានផលឡើយ។
លោកបន្ថែមថា បើទោះបីជាផ្លាស់ប្តូរអភិបាលខេត្តជាច្រើននាក់មកហើយក្តី ក៏មិនទាន់មានអភិបាលខេត្តរូបណា ចេញមុខដោះស្រាយរឿងនេះដូចអភិបាលខេត្តតាកែវឡើយ។
លោក សែន ប៊ាង៖ «ឈ្មោះផ្លូវលោកតាណឺយ ឃើញតែប៉ាណូស្រា អភិបាលខេត្តឡើងថ្មីមិនឃើញមានធ្វើអីដែរ ឃើញតែប៉ាណូស្រា តែរូបភាពអរិយធម៌ វប្បធម៌ អត់ងាយមាន»។
ប្រតិកម្មរបស់យុវជនបែបនេះ ក្រោយពីអភិបាលខេត្តតាកែវ លោក វ៉ី សំណាង បានបើកយុទ្ធនាការទម្លាក់ស្លាកផ្សព្វផ្សាយ គ្រឿងស្រវឹងទូទាំងខេត្តតាកែវមុនគេ បន្ទាប់ពីលោកបានដកស្លាកផ្សព្វផ្សាយគ្រឿងស្រវឹង ក្នុងខេត្តកំពង់ស្ពឺ កាលលោកនៅកាន់ដំណែងជាអភិបាលខេត្តនេះ។
ថ្មីនេះៗ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានបញ្ជាឱ្យអភិបាលខេត្តទាំងអស់ ពិនិត្យសើរើឡើងវិញនូវរាល់ឯកសារព្រមព្រៀងជាមួយក្រុមហ៊ុនផលិតលក់ចែកចាយ និងផ្សព្វផ្សាយគ្រឿងស្រវឹង ដើម្បីឈានដល់ការបញ្ចប់រាល់ការតាំងស្លាកផ្សព្វផ្សាយស្រាបៀតាមដងផ្លូវ និងទីសាធារណៈ។
ក្រុមយុវជនស្នើឱ្យអាជ្ញាធរគួរតែបង្ហាញផ្ទាំងប៉ាណូផ្សព្វផ្សាយរូបភាព បុព្វបុរសខ្មែរ ប្រាសាទបុរាណ និងស្នាដៃវប្បធម៌អរិយធម៌ខ្មែរ នៅតាមដងផ្លូវសាធារណៈ ដើម្បីលើកស្ទួយមុខមាត់ជាតិ។
យុវជនដែលរស់នៅក្នុងខេត្តសៀមរាប លោក ម៉ាលី សានី សង្កេតឃើញថា រូបភាពផ្សព្វផ្សាយគ្រឿងស្រវឹង និងបង្ហាញដបស្រា តាមដងផ្លូវដែលទើសជាងគេ គឺផ្លូវលោកតាណឺយ។
លោកបញ្ជាក់ថា ផ្លូវលោកតាណឺយ គឺជាសទ្ធារបស់ព្រះសង្ឃ មួយអង្គព្រះនាម ខឿវ ណឺយ ដែលខិតខំនិមន្តទេសនា រៃអង្គាសបច្ច័យយកមកកសាងផ្លូវនេះ កាលពីព្រះអង្គនៅមានព្រះជន្ម ក៏ប៉ុន្តែបែរជាអាជ្ញាធរ ពង្រាយស្លាកប៉ាណូ ផ្សព្វផ្សាយគ្រឿងស្រវឹងត្រៀបត្រា ដោយមិនខ្វល់ពីការលះបង់អតីតព្រះចៅអធិការវត្តបូណ៌អង្គនេះ។
លោក ម៉ាលី សានី៖ «ផ្លូវលោកតាណឺយជាផ្លូវដែលព្រះសង្ឃបានធ្វើ គួរតែដាក់ផ្សាយរូបព្រះពុទ្ធ ក្រុមជំនុំព្រះត្រៃបិដក ឬក៏រូបវប្បធម៌ អ្នកប្រាជ្ញផ្សេងៗទៅលើដងផ្លូវ សម្រាប់ឱ្យក្មេង យុវជន ឃើញពីគុណបំណាច់ ឬដាក់តាំងរូបលោកតែម្ដងរូបរឹតតែល្អ»។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទងសុំការបំភ្លឺរឿងនេះ ពីអ្នកនាំពាក្យសាលាខេត្តសៀមរាប លោក លី វណ្ណៈ បាននៅឡើយទេ នៅថ្ងៃទី១១ កក្កដា ដោយទូរស័ព្ទហៅចូលតែគ្មានអ្នកទទួល។ រីឯអភិបាលខេត្តសៀមរាប លោក ប្រាក់ សោភ័ណ វិទ្យុអាស៊ីសេរីក៏មិនទាន់អាចទាក់ទងបានដែរ នៅថ្ងៃដដែលនេះ។
ជុំវិញរឿងនេះនាយកប្រតិបត្តិការសមាគមជីវិតនិងក្តីសង្ឃឹម ព្រះតេជព្រះគុណ ឡម លឿម បានមានថេរដីកាថា ការផ្សព្វផ្សាយគ្រឿងស្រវឹងតាមដងផ្លូវសាធារណ មិនមែនជាគំរូល្អដល់សង្គមជាតិឡើយ តែផ្ទុយទៅវិញជាការអាប់ឱនមុខមាត់ជាតិ ក្នុងតំបន់ទេសចរណ៍ប្រវត្តិសាសន៍នេះ។៖
ព្រះតេជព្រះគុណ ឡម លឿម៖ «ផ្សព្វផ្សាយពីស្រាអ៊ីចឹងច្រើនទៅ វាដូចជាលើកទឹកចិត្តឱ្យមនុស្សផឹកស្រា តែមនុស្សផឹកស្រាគឺស្រវឹង តែស្រវឹងគឺធ្វើឱ្យបាត់បង់ការគ្រប់គ្រងខ្លួនឯង យ៉ាងណាតែបាត់បង់ការគ្រប់គ្រងខ្លួនឯងវាបង្កគ្រោះថ្នាក់ជាច្រើនដូចជាគ្រោះថ្នាក់ចរាចរណ៍ ករណីហិង្សាផ្សេង»
ក្រុមយុវជន និងព្រះសង្ឃកំពុងពិភាក្សាគ្នារកមធ្យោបាយទាមទារឱ្យអាជ្ញាធរដោះស្រាយបញ្ហានេះដើម្បីកែប្រែ អតីតរាជធានីបុរាណ ដែលជាបណ្ដុំភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាកម្សាន្ត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។