ពលរដ្ឋរិះគន់តុលាការ ដែលកាត់ទោសមន្ត្រីម្នាក់ឱ្យជាប់គុកតែ ៥ឆ្នាំ ក្រោយបើកឡានបុកមនុស្សស្លាប់ ៤នាក់
2024.09.26
ពលរដ្ឋរិះគន់តុលាការ ដែលកាត់ទោសអតីតមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុម្នាក់ ឱ្យជាប់គុក ត្រឹម៥ឆ្នាំ ក្រោយពីបុរសនេះ បើកឡានទាំងស្ថានភាពស្រវឹងបុករះ ធ្វើឱ្យមនុស្ស ៤នាក់បានស្លាប់ និង ៤នាក់ផ្សេងទៀតរបួសនៅម្ដុំស្ពានឫស្សីកែវ ខណ្ឌឫស្សីកែវ កាលពីថ្ងៃទី២០ ខែមករា។ ពួកគាត់ថា ការកាត់ទោសជនបង្ក ឱ្យជាប់ពន្ធនាគាររយៈពេលខ្លីបែបនេះ គឺជារឿងអយុត្តិធម៌ សម្រាប់ជនរងគ្រោះ។ មន្ត្រីសង្គមស៊ីវិលជំរុញឱ្យរដ្ឋាភិបាលគួរតែធ្វើវិសោធនកម្មច្បាប់ ដាក់ទោសដល់ជនបង្កឱ្យធ្ងន់ជាងនេះ។
ពលរដ្ឋចង់ឃើញតុលាការកាត់ទោសអ្នកបើកបរឡានក្រោមឥទ្ធិពលជាតិស្រវឹង បង្កគ្រោះថ្នាក់ចរាចរណ៍បុកមនុស្សស្លាប់ ត្រូវជាប់ពន្ធនាគារ ចន្លោះពី ១០ឆ្នាំ ទៅ ២០ឆ្នាំ ដើម្បីជាការព្រមាន កុំឱ្យអ្នកដទៃយកគំរូតាម។ ការលើកឡើងនេះ ក្រោយពេលតុលាការសម្រេច កាលពីថ្ងៃទី២៥ ខែកញ្ញា ផ្ដន្ទាទោសជនបង្កម្នាក់ឈ្មោះ នាង សំអូន ឱ្យជាប់គុក ៥ឆ្នាំ និងពិន័យជាប្រាក់ ២០លានរៀល ក្រោយពីបានបើកឡានបុកមនុស្ស ៤នាក់ស្លាប់ភ្លាមៗ អំឡុងពេលកើតហេតុ។
ពលរដ្ឋរស់នៅភ្នំពេញ លោក ឆន ម៉ៅ ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២៦ ខែកញ្ញា ថា ការផ្ដន្ទាទោសជនបង្ក ដែលបើកឡានទាំងស្រវឹង បុកមនុស្សស្លាប់ ៤នាក់ កាលពីកន្លងទៅ ឱ្យជាប់ពន្ធនាគារ ៥ឆ្នាំ គឺជាការល្អ។ ក៏ប៉ុន្តែ លោកថា បើមើលតាមទិដ្ឋភាពវីដេអូ ដែលបង្ហោះលើបណ្ដាញសង្គម គឺជនបង្ក បានបើកឡាន ក្នុងល្បឿនលឿនបុករះរថយន្ត និងម៉ូតូ ដែលកំពុងឈប់ចាំភ្លើងស្តុបពណ៌ក្រហម បណ្ដាលឱ្យយុវជន ៤នាក់ស្លាប់យ៉ាងរន្ធត់។ លោកថា ការផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារតិចពេក គឺមិនយុត្តិធម៌ សម្រាប់ជនរងគ្រោះនោះទេ គួរតែជាប់ពន្ធនាគារពី ១០ ទៅ ២០ឆ្នាំ ជាការល្អ។
រីឯ ពលរដ្ឋម្នាក់ទៀតនៅខេត្តកំពង់ឆ្នាំង លោក ស្ងូន ញឿន សង្កេតឃើញថា គ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងជាញឹកញាប់ ដោយសារតែអ្នកបើកបរភាគច្រើន មានស្ថានភាពស្រវឹង ហើយកម្ពុជាគួរតែមានច្បាប់ ដាក់ទោសទណ្ឌឱ្យធ្ងន់ ចំពោះជនបង្កទាំងនោះ។ ព្រោះថា គ្រោះថ្នាក់ចរាចរណ៍បុកមនុស្សស្លាប់ ដោយឥទ្ធិពលគ្រឿងស្រវឹង គឺមកពីមិនគោរពច្បាប់ ហើយជាការប្រមាថដល់អាយុជីវិតអ្នកដទៃដោយចេតនា ធ្វើឱ្យជនរងគ្រោះ រស់នៅបែកបាក់ គ្រួសារ មានបញ្ហាផ្លូវចិត្ត ធ្ងន់ធ្ងរ ដោយសារតែហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវ។
បន្ថែមពីនេះ នៅលើបណ្ដាញសង្គម ហ្វេសប៊ុក គេក៏ឃើញមានប្រជាពលរដ្ឋជាច្រើនបានរិះគន់ ចំពោះសេចក្ដីសម្រេចផ្ដន្ទាទោសរបស់តុលាការ មកលើជនបង្ក លោក នាង សំអូន ដោយពួកគាត់គិតថា វាជារឿងអយុត្តិធម៌ ហើយបានប្រៀបធៀបទៅនឹងករណីកូនមន្ត្រីខ្មែរម្នាក់ ដែលបើកឡានទៅបុក គេស្លាប់ពីរនាក់នៅប្រទេសអូស្ត្រាលី ត្រូវបានតុលាការផ្ដន្ទាទោស ឱ្យជាប់ពន្ធនាគារ ១២ឆ្នាំ។ ដោយឡែក នៅកម្ពុជា គ្រោះថ្នាក់ចរាចរណ៍សម្លាប់មនុស្ស ៤នាក់ ជាប់គុគតែ ៥ឆ្នាំទៅវិញ។
ទាក់ទិនរឿងនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅថ្ងៃទី២៦ ខែកញ្ញា បានថ្លែងក្នុង ពិធីចែកសញ្ញាប័ត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ថា ទោស ៥ឆ្នាំនេះ គឺជាទោសកម្រិតអតិបរមា សម្រាប់បទល្មើសគ្រោះថ្នាក់ចរាចរណ៍ ប៉ុន្តែ លោកស្នើដល់តុលាការពិនិត្យមើលឡើងវិញថា តើករណីបុកស្លាប់មនុស្សច្រើនបែបនេះ មានច្បាប់ណាមួយ ដែលអាចអនុវត្តបាន ឬអត់ ហើយប្រសិនបើគ្មាន នឹងពិចារណាធ្វើវិសោធនកម្មច្បាប់ឡើងវិញ។
វិទ្យុអាស៊ីសេរីពុំអាចទាក់ទងអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ដើម្បីឆ្លើយតបជុំវិញរឿងនេះបានទេ នៅថ្ងៃទី២៦ ខែកញ្ញា។ ទោះយ៉ាងណា ក្ដី លោក ជិន ម៉ាលីន បានបង្ហោះសារនៅលើហ្វេបប៊ុករបស់លោក នៅថ្ងៃទី២៦ ខែកញ្ញាថា ការផ្ដន្ទាទោស ពាក់ព័ន្ធសំណុំរឿងបុករះស្លាប់ ៤នាក់ និងរបួសនេះ គឺធ្វើឡើង តាមមាត្រា៨៥ នៃច្បាប់ចរាចរណ៍ផ្លូវគោក ដែលបានកំណត់។
ជុំវិញរឿងនេះ ប្រធានប្រតិបត្តិសមាគមបណ្ដាញយុវជនកម្ពុជា លោក ហេង គឹមហុង សង្កេតឃើញថា ច្បាប់ចរាចរណ៍ផ្លូវគោក ពាក់ព័ន្ធការផ្ដន្ទាទោស ចំពោះជនបង្ក គឺនៅមានឋានទម្ងន់ ទោសទាបនៅឡើយ ហាក់ពុំទាន់ឆ្លើយតបទៅនឹងបទល្មើសជាក់ស្ដែងនោះទេ។ លោកថា ករណីគ្រោះថ្នាក់ចរាចរណ៍ ដែលមន្ត្រីម្នាក់បើកបុករះ បណ្ដាលឱ្យមនុស្សស្លាប់ ៤នាក់នេះ គឺជាករណីធ្ងន់ធ្ងរ ដែលក្រសួងយុត្តិធម៌ និងក្រសួងមហាផ្ទៃគួរតែពិចារណាឡើងវិញ។
កាលពីថ្ងៃទី២០ ខែមករា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងនៅត្រង់ចំណុចស្តុបស្ពាន ឫស្សីកែវ ផ្លូវជាតិលេខ៥ ភូមិមិត្តភាព ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ អំឡុងពេល ដែលជនបង្ក ឈ្មោះ នាង សំអូន បានបើកបររថយន្ត ម៉ាក Ford Ranger ពណ៌ស ក្នុងល្បឿនលឿន និងស្ថិតក្នុងស្ថានភាពស្រវឹង មកបុករះរថយន្ត ចំនួន២គ្រឿង និងម៉ូតូចំនួន ៤គ្រឿង ពេលចុះពីស្ពានភ្ជាប់ពីតំបន់ OCIC ទៅផ្លូវជាតិលេខ៥ ក្នុងទិសដៅពីកើតមកលិច បណ្ដាលឱ្យមនុស្ស ៤នាក់ស្លាប់ និងរងបួសជាច្រើននាក់ផ្សេងទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។