មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ទាមទារ​របប​ក្រុង​ភ្នំពេញ​ស៊ើប​អង្កេត​ឲ្យ​មាន​តម្លាភាព​រឿង​បញ្ឈប់​មន្ត្រី​នគរបាល ២០រូប

ដោយ ហេង រស្មី
2019.06.22

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ទាមទារ​ឱ្យ​របប​ក្រុង​ភ្នំពេញ​ស៊ើប​អង្កេត​ឲ្យ​មាន​តម្លាភាព​ទាក់​ទិន​និង​ការ​បញ្ឈប់​មន្ត្រី​ប៉ូលិស​ចំនួន ២០នាក់​ចេញ​ពី​ក្របខ័ណ្ឌ​មន្ត្រី​នគរបាល។ មន្ត្រី​រដ្ឋាភិបាល​ពន្យល់​ថា​ ការ​សម្រេច​បណ្ដេញ​ចេញ​មន្ត្រី​នគរបាល​ទាំង​នោះ​គឺ​ដោយសារ​តែ​ពួក​គេ​បាន​បោះបង់ចោល​ការ​ងារ។​

អ្នកនាំពាក្យ​សមាគម​សិទ្ធិមនុស្ស​ អាដហុក​ លោក​ សឹង សែន ករុណា​ប្រាប់​អាស៊ី​សេរី​កាលពី​ថ្ងៃ​ទី២០ មិថុនា​ថា​ ការ​ដោះដូរ​ ឬ​បណ្ដេញ​ចេញ​មន្ត្រី​មាន​សមត្ថកិច្ច​ណាមួយ​ដោយ​មិន​អនុលោម​តាម​ភាព​ត្រឹម​ត្រូវ​នោះ​មាន​ន័យ​ថា​ ចំណាត់​ការ​របប​ក្រុង​ភ្នំពេញ​ធ្វើឡើង​ដោយ​ភាព​លំអៀង​ ជា​ជាង​យក​ច្បាប់​មក​អនុវត្ត​។​

លោក​មាន​ប្រសាសន៍​ថា ថ្នាក់​ដឹក​នាំ​ត្រូវ​តែ​បើក​ការ​ស៊ើបអង្កេត​អោយ​បាន​ច្បាស់​មុន​នឹង​ផ្លាស់​ប្តូរ​ តួនាទី​ ឬ បណ្ដេញ​ចេញ​មន្ត្រី​នគរបាល​ណា​ម្នាក់​ចេញ​ពី​មុខតំណែង​ដើម្បី​ចៀសវាង​ការ​ចោទ​ប្រកាន់​ពី​អំពើពុករលួយ​នឹង​បក្សពួកនិយម៖ «គួរ​តែ​មាន​ការស្រាវជ្រាវ​អោយ​បាន​ដឹង​ច្បាស់​ពី​កំហុស​ឆ្គង​ទាំង​អស់ហ្នឹង​ថា តើ​ពួក​គាត់​ពិតជា​បាន​ប្រព្រឹត្តិ​នូវ​កំហុស​ឆ្គង​ដូច​ដែល​បាន​ធ្វើ​ការ​ចោទ​ប្រកាន់​​ឬក៏​ចាប់​កំហុស​ទាំង​ហ្នឹង​ដែល​ ឬទេ​ ហើយ​បើ​សិន​ជា​អត់​មាន​បញ្ហា​ទាំងអស់​ហ្នឹង​ទេ​មិន​គួរណា​យើង​ធ្វើការ​បណ្តេញ​ចេញ​ ឬ​ក៏​បញ្ឈប់​ទេ​ យើង​គួរ​តែ​មាន​ការ​ដាក់​ពិន័យ​វិញ»។​

ក្រសួង​មហាផ្ទៃ​កាល​ពី​ថ្ងៃ​ទី១៧ មិថុនា​ ចេញ​សេចក្ដី​ប្រកាស​មួយ​ដោយ​សម្រេច​បណ្ដេញ​ចេញ​មន្ត្រី​ប៉ូលិស​ចេញ​ពី​ក្របខ័ណ្ឌ​ការងារ​​ចំនួន​២០​នាក់​ដែល​មាន​តួនាទី​ចាប់ពី​អនុសេនីយ៍ឯក​ រហូត​ដល់​ ព្រឹន្ទបាលទោ​ ដោយ​ចោទ​ប្រកាន់​ថា​ ពួកគេ​បាន​បោះបង់ចោល​ការងារ​។

អ្នក​នាំ​ពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​ លោក​ ឆាយ គឹមឃឿន​ ប្រាប់​អាស៊ី​សេរី​ថា​ មន្ត្រី​ទាំង ​២០​នាក់​នេះ​បាន​ល្មើស​វិន័យ​ក្នុងនាម​ជា​មន្ត្រី​នគរបាល​ដែល​ចាំបាច់​ក្រសួង​មហាផ្ទៃ​ត្រូវ​កាត់ចេញ​ពី​ក្របខ័ណ្ឌ​ការងារ។

លោក​បញ្ជាក់​ថា​ បើ​មិន​ធ្ងន់ធ្ងរ​ក្រសួង​មិន​កាត់​ចេញ​ពី​ការងារ​ទេ​ ហើយ​លោក​បាន​ចោទ​ប្រកាន់​ថា​មន្ត្រី​ទាំងនោះ​បាន​បោះបង់ចោល​ការងារ​អស់​រយៈ​ពេល​ជា​ច្រើន​ខែ​ទៀត​ផង៖ «ពិចារណា​លើ​កង​កម្លាំង​ថា​មិន​ប្រក្រតី​ ដល់​មន្ត្រី​ប្រព្រឹត្ត​ខុស​ ហើយ​រហូត​ដល់​បណ្ដេញ​ចេញ​ពី​ក្របខ័ណ្ឌ​ក៏​​មិន​ប្រក្រតី គេ​ចេះ​តែថា។​ខ្ញុំ​អត់​មាន​អី​ពន្យល់​បំភ្លឺ​ទេ​ តែ​គ្រាន់​តែ​ថា​ ការសម្រេច​របស់​ក្រសួង​អត់មាន​អី​ខុស​ទេ​ គាត់​បាន​ខុសវិន័យ​នឹង​កងកម្លាំង​ គាត់​បាន​បោះ​បង់​ចោល​ការងារ​ អា​ហ្នឹង​យើង​ត្រូវ​កាត់ចេញ​ពី​ក្របខ័ណ្ឌ​ហើយ»។​

អាស៊ីសេរី​មិន​អាច​ស្នើសុំ​ដើម្បី​សេចក្ដី​អត្ថាធិប្បាយ​បំភ្លឺ​ពី​មន្ត្រី​ប៉ូលិស​ទាំង​ ២០នាក់​ជុំវិញ​ការ​បណ្ដេញ​ចេញ​ពី​ក្រម​ខណ្ឌ​របស់​ក្រសួង​មហាផ្ទៃ​បាន​ទេ​កាលពី​ថ្ងៃ​ទី២០​ មិថុនា។​

មន្ត្រី​សង្គម​ស៊ីវិល​រិះគន់​ថា​ របប​ក្រុង​ភ្នំពេញ​គួរ​តែ​ពិនិត្យ​មើល​សំណុំរឿង​សំណុំរឿង​លោក​ ស្នងការ​ប៉ូលិស​ខេត្ត​ស្វាយរៀង​ លោក​ កិង ឃន បាន​ប្រព្រឹត្ត​អំពើពុករលួយ​ច្រើន​ឆ្នាំ​មក​ហើយ ដោយ​បាន​បើកដៃ​ឲ្យ​ឈ្មួញ​ជា​ជនជាតិ​វៀតណាម នាំ​ទំនិញ​គេច​ពន្ធ និង​ទំនិញ​ដែល​ពុំ​មានការ​ត្រួត​ពិនិត្យ​ត្រឹមត្រូវ ចូល​ខែត្រ​ស្វាយរៀង​តាម​អំពើ​ចិត្ត​នោះ​គួរតែ​ត្រូវ​បណ្ដេញ​ចេញ​ពី​ក្របខ័ណ្ឌ​ដែរ​ នោះ​ទើប​ក្រសួង​មហាផ្ទៃ​មាន​ភាព​យុត្តិធម៌​ចំពោះ​រឿង​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។