សង្គម​ស៊ីវិល​ថា​ របប​ក្រុង​ភ្នំពេញ​បរាជ័យ​ក្នុង​ការ​ទប់ស្កាត់​គ្រឿងញៀន​ដោយសារ​ការ​អនុវត្ត​ច្បាប់​ធូររលុង និង​ខ្វះ​បច្ចេកទេស

ដោយ ជាតិ ចំណាន
2019-03-19
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
គ្រឿងញៀន​ដែល​ត្រូវ​បាន​ចាប់​នៅ​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ក់ (Rock) រាជធានីភ្នំពេញ។
គ្រឿងញៀន​ដែល​ត្រូវ​បាន​ចាប់​នៅ​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ក់ (Rock) រាជធានីភ្នំពេញ។
Screenshot

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​លើក​ឡើង​ថា របប​ក្រុង​ភ្នំពេញ​បរាជ័យ​ក្នុង​ការ​ទប់ស្កាត់​គ្រឿងញៀន​ដោយសារ​ការ​អនុវត្ត​ច្បាប់​ធូររលុង និង​ខ្វះ​បច្ចេកទេស​ក្នុង​ការ​ស្រាវជ្រាវ ដែល​បណ្ដាល​ឲ្យ​ការ​ប្រើប្រាស់​គ្រឿង​ញៀន​ចេះ​តែ​កើត​ឡើង​នៅ​ទូទាំង​ប្រទេស​។​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ទទួល​ស្គាល់​ថា ​បញ្ហា​គ្រឿងញៀន​នៅ​តាម​ជនបទ​ពិតជា​មិន​មាន​ការ​ថមថយ​ប្រាកដ​មែន​។

អ្នកនាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​ អាដហុក​ (Adhoc) លោក សឹង សែន​ករុណា មាន​ប្រសាសន៍​ប្រាប់​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី​១៩​ មីនា​ថា បើ​ទោះ​ជា​អាជ្ញាធរ​ចាប់​បាន​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ​នៅ​រាជធានី​ភ្នំពេញ​កាល​ពី​ថ្មីៗ ​ក្តី បើ​ប្រៀបធៀប​កាលពី​ ១០ ​ទៅ ​​២០​ឆ្នាំ​មុន​​ និង​ពេល​​បច្ចុប្បន្ន​ គឺ​ចំនួន​អ្នក​ប្រើប្រាស់​គ្រឿងញៀន​មាន​ការ​កើន​ឡើង​ជាង​ពេល​មុន​ ជា​ពិសេស ​នៅ​ទី​ជនបទ។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​កត់សំគាល់​ទៀត​ថា ការ​កើន​ឡើង​នេះ​ ដោយសារ​សមត្ថកិច្ច​អនុវត្ត​​​មាន​ការ​ធូររលុង ជា​ពិសេស​ ​វិធាន​ការ​​លើ​អ្នក​ជួញដូរ​គ្រឿង​ញៀន​ទ្រង់ទ្រាយ​ធំ ដែល​តែង​កើត​មាន​នៅ​តាម​ព្រំដែន​កម្ពុជា​លាវ និង​នៅ​ទីក្រុង​ភ្នំពេញ​ ដោយ​​​សារ​សមត្ថកិច្ច​មិន​ទាន់​ចាប់​មេខ្លោង​ដែល​នៅ​ពី​ក្រោយ​ការ​ជួញដូរ​គ្រឿងញៀន​ទៅ​ផ្ដន្ទាទោស​បាន​អស់​នៅ​ឡើយ៖ «អ្នក​មាន​បាន​មួយ​ចំនួន​​ហ្នឹង ​យើង​គួរ​ពិនិត្យ​អំពី​ចំណូល​អ្នក​ទាំង​អស់​នោះ​ តើ​ចំណូល​នៃ​ការ​រក​ស៊ី​របស់​ពួកគាត់​បាន​ដោយសារ​ច្បាប់​ដែរ​ទេ​? ពីព្រោះ​ចំណូល​ខ្លះ​កំណើន​ទ្រព្យសម្បត្តិ​របស់​គាត់​មួយ​ចំនួន ​យើង​អត់​បាន​ត្រួតពិនិត្យ​ទេ​ ព្រោះ​ជួល​កាល​វា​អាច​ពាក់ព័ន្ធ​នឹង​អំពើ​ខុស​ច្បាប់​ណា​មួយ ​ដែល​ជា​ជំនួញ​ខុសច្បាប់​ណា​មួយ អាហ្នឹង​​យើង​គួរ​ធ្វើ​ការ​ស្រាវជ្រាវ​ ហើយ​នៅ​មូលដ្ឋាន​យើង​ឃើញ​ថា ​យើង​មាន​មន្ត្រី​សមត្ថកិច្ច​ជំនាញ​នៅ​ថ្នាក់​ជាតិ ​និង​ថ្នាក់​ខេត្ត​មាន​ជំនាញ​មែន​ ចុះ​ជំនាញ​អ្នក​នៅ​មូលដ្ឋាន ​តើ​ពួកគាត់​បាន​ដឹង​ទេ ​អំពី​ការ​ស្រាវជ្រាវ ​ឬ​នីតិវិធី​ការ​ទប់ស្កាត់​ ឬ​ក៏​បង្ក្រាប​គ្រឿងញៀន»

លោក​បន្ត​ថា ការ​អនុវត្ត​ច្បាប់​មិន​បាន​តឹងតែង​បណ្ដាល​ឱ្យ​អ្នក​​ជួញដូរ​​គ្រឿងញៀន​មិន​ខ្លាច​​ច្បាប់​ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​មាន​ចំនួន​កាន់​តែ​ច្រើន​ឡើង ហើយ​​បង្ក​អសន្តិសុខ​​នៅ​ក្នុង​សង្គម​ ព្រោះ​គ្រឿង​ញៀន​ធ្វើ​ឲ្យ​មនុស្ស​វង្វេងវង្វាន់​បាត់បង់​ស្មារតី មិន​ស្គាល់​បងប្អូន​ និង​ឪពុក​ម្ដាយ ​និង​អ្នក​នៅ​ជុំវិញ​ខ្លួន​ ក្លាយ​ជា​ចោរ​លួច​ប្លន់​ទ្រព្យ​សម្បត្តិ​អ្នក​ដទៃ​ ដើម្បី​បាន​ប្រាក់​យក​ទៅ​ទិញ​ថ្នាំញៀន​ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​អភិវឌ្ឍន៍​ប្រទេស។

គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ​ឲ្យ​ដឹង​ថា ​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿន​ញៀន លោក កែ គឹម​យ៉ាន មាន​ប្រសាសន៍​នៅ​ក្នុង​ពិធី​ប្រជុំ​​ពី​លទ្ធផល​ការងារ​ត្រួតពិនិត្យ​គ្រឿងញៀន​ ឆ្នាំ​២០១៨​ និង​ទិស​ដៅ​ការងារ​ឆ្នាំ​២០១៩​ នា​ទីស្តីការ​ក្រសួង​មហាផ្ទៃ​ នៅ​ព្រឹក​​ថ្ងៃ​ទី​១៩​ ​មីនា​​​ថា​ ​«កាល​ពី​មុន​ខ្ញុំ​សន្និដ្ឋាន​ថា​ ករណី​គ្រឿងញៀន​នឹង​អាច​ថយ ​ដោយសារ​មាន​ការ​ចាប់​ករណី​ធំៗ​ បាន​​ច្រើន​ ប៉ុន្តែ​​ការ​ចែកចាយ​គ្រឿងញៀន​នៅ​តាម​ភូមិ​ឃុំ​ គឺ​មិន​មាន​ការ​ថយ​នោះ​ឡើយ​»។​ លោក​បន្ត​ថា នៅ​​​ទី​កម្សាន្ត​​ស្ទើរតែ​ទាំងអស់ ​គឺ​​មាន​​ប្រើប្រាស់​​គ្រឿងញៀន។

ទោះ​ជា​យ៉ាងណា​លោក​ កែ គឹម​យ៉ាន អំពាវនាវ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​​ឲ្យ​រួម​គ្នា​​ស៊ើបអង្កេត​ស្វែងរក​ម្ចាស់​ និង​អ្នក​ពីក្រោយ​ខ្នង​នៃ​ការ​នាំ​ចូល​នៃ​គ្រឿងញៀន​​បន្ថែម​ទៀត​ ធ្វើ​យ៉ាង​​ណា​ឱ្យ​​​ករណី​​នេះ​​ថយ​​ចុះ​ ដើម្បី​​សុវត្ថិភាព​​​​ពលរដ្ឋ​​ និង​​សង្គម​​ជាតិ។

ប្រជាពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត​ ខេត្ត​បន្ទាយមានជ័យ​ លោក វន វ័ន ថ្លែង​ប្រាប់​អាស៊ី​សេរី​ឲ្យ​ដឹង​ថា នៅ​ក្រុង​ជាប់​ព្រំដែន​មួយ​នេះ​ អ្នក​ប្រើប្រាស់​គ្រឿងញៀន​នៅ​តែ​​មាន​ច្រើន​ ជា​ពិសេស ​ក្រុម​យុវជន ហើយ​​តែង​ជួបជុំ​គ្នា​បើក​ម៉ូតូ​បង្ក​បញ្ហា​នៅ​តាម​ផ្លូវ​នៅ​​ពេល​យប់​ស្ទើរ​រៀងរាល់​ថ្ងៃ​ទៀត​ផង៖ «ដោយសារ​ភ័យខ្លាច​គ្រោះថ្នាក់​ចរាចរ​ព្រោះ​ពួកគាត់​ចេញ​មក​កណ្ដាល​អាធ្រាត្រ​​ គាត់​ចាប់​ផ្ដើម​ចេញ​ហើយ​ ដោយ​ក្មេង​ស្ទាវ​ហ្នឹង​​គាត់​ជិះ​មក​ គឺ​មិន​មែន​ជិះ​តែ​មួយ​ទេ​ គឺ​ជិះ​ជាង​ ១០​នាក់​អី​ ហើយ​​គាត់​ជិះ​​ពេញ​ផ្លូវ​ ពេល​ខ្លះ​មាន​ការ​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​ផ្លូវ​ទៀត។​ ដូច្នេះ​សំខាន់​បំផុត​ គឺ​ចាប់​អ្នក​ជួញដូរ​ធំៗ​ តែ​ម្ដង​ គឺ​ចែកចាយ​បី​ចំណុច​ត្រង់ណា​ត្រូវ​ចាប់​នៅ​ទីនោះ​ បាន​អស់​អ្នក​ប្រើប្រាស់»

របាយការណ៍​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​បង្ហាញ​ថា​ ក្នុង​ឆ្នាំ២០១៨​ បង្ក្រាប​បទល្មើស​គ្រឿងញៀន​​បាន​ជាង ៨ពាន់ (.០០២) ករណី​ ហើយ​​បាន​ឃាត់ខ្លួន​អ្នក​​ជាប់​ពាក់ព័ន្ធ​បាន​ជាង ១ម៉ឺន​៦ពាន់​នាក់ (១៦.២១៦) និង​រឹបអូស​បាន​​គ្រឿង​ញៀន​​ជាង​​កន្លះ​តោន។

ច្បាប់​ស្ដីពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀន​​មាត្រា​៤៥ ចែង​ថា ជន​ណា​ដែល​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​តាម​គ្រប់​រូបភាព ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១ខែ​ទៅ ៦ខែ និង​ពិន័យ​ជា​ប្រាក់​ពី ១សែន​រៀល​ដល់ ១​លាន​រៀល (.០០០.០០)។ ក្នុង​ករណី​មិន​រាងចាល ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៦ខែ​ដល់ ១ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១​លាន​រៀល​ទៅ ២លាន​រៀល (.០០០.០០០)

ដោយ​ឡែក​ការ​រក្សា​ទុក ដឹកជញ្ជូន ឬ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ជនល្មើស​នឹង​ត្រូវ​បាន​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ២ឆ្នាំទៅ ៥ឆ្នាំ និង​អាច​ត្រូវ​ពិន័យ​ជា​ប្រាក់​ពី ៤លាន​​ទៅ ១០លាន​រៀល (១០.០០០.០០០)។ បើសិនជា​បទល្មើស​មាន​លក្ខណៈ​ធ្ងន់ធ្ងរ អ្នក​ប្រព្រឹត្តិ​អាច​នឹង​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៥​ឆ្នាំ​ដល់ ២០​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១០​លាន​រៀល​ដល់ ៤០​លាន​រៀល (៤០.០០០.០០០) អាស្រ័យ​ទៅតាម​ស្ថាន​ទម្ងន់​ទោស៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល