សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ទប់ស្កាត់​ជនបរទេស​ឆ្លង​ដែន​ខុស​ច្បាប់​ប្រព្រឹត្ត​បទ​ល្មើស និង​ជួញដូរ​មនុស្ស

ដោយ មាន ឫទ្ធិ
2024.04.04
សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ទប់ស្កាត់​ជនបរទេស​ឆ្លង​ដែន​ខុស​ច្បាប់​ប្រព្រឹត្ត​បទ​ល្មើស និង​ជួញដូរ​មនុស្ស កិច្ចប្រជុំ​របស់មន្ត្រី​នៃ​ស្នងការនគរបាលខេត្ត​សៀមរាប កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤។
រូប៖ ហ្វេសប៊ុកស្នងការខេត្ត​សៀមរាប

មន្ត្រី​សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ទប់ស្កាត់​ជន​បរទេស​មួយ​ចំនួន​ឆ្លង​ដែន​ខុសច្បាប់​ មក​ប្រព្រឹត្ត​បទល្មើស និង​ជួញ​ដូរ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា ជា​ពិសេស​នៅ​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ ខេត្ត​សៀមរាប។

សំណើ​នេះ​ធ្វើ​ឡើង​ក្រោយ​ពី​សាលា​ដំបូង​ខេត្ត​សៀមរាប​សម្រេច​ផ្ដន្ទាទោស​ជន​ជាតិ​វៀតណាម ១៣ នាក់ និង​៥នាក់​ទៀត ជា​ជន​ជាតិ​ខ្មែរ ពាក់ព័ន្ធ​នឹង​ការ​ជួញ​ដូរ​មនុស្ស លាងលុយ​កខ្វក់ និង​ឆ្លង​ដែន​ខុស​ច្បាប់។

មន្ត្រី​សង្គម​ស៊ីវិល និង​យុវជន​រស់​នៅ​ខេត្ត​សៀមរាប​ព្រួយបារម្ភ​ខ្លាចក្រែង​ប្រទេស​កម្ពុជា​ ក្លាយ​ជា​ទីតាំង​ជួញដូរ​មនុស្ស​ ការ​ឆ្លង​ដែន​ខុសច្បាប់ និង​ការ​បង្ខាំង​មនុស្ស​ខុសច្បាប់  ក្នុង​តំបន់​ទេសចរ​ប្រវត្តិសាស្ត្រ ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍ និង​សេដ្ឋកិច្ច​ពលរដ្ឋ។

ប្រធាន​មជ្ឈ​មណ្ឌល​ប្រជា​ពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គិមអេង ផ្តល់​ទស្សនៈ​ថា រដ្ឋាភិបាល​ត្រូវ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ទប់ស្កាត់​បញ្ហា​នេះ ដោយ​ត្រូវ​លុប​បំបាត់​អំពើ​ពុករលួយ​  បក្ខ​ពួក​និយម និង​អនុវត្ត​ច្បាប់​ចំពោះ​មន្ត្រី​ទាំង​ឡាយ​ណា ដែល​មាន​ជាប់​ពាក់ព័ន្ធ​ការ​ជួញ​ដូរ​មនុស្ស​ និង​​ឆ្លង​ដែន​ខុសច្បាប់។

លោក​ថា រដ្ឋាភិបាល​ត្រូវ​សហការ​គ្នា​ជា​លក្ខណៈ​អន្តរជាតិ និង​អន្តរ​ក្រសួង ដើម្បី​ប្រឹង​ប្រែង​ដោះស្រាយ​បញ្ហា​នេះ​ឱ្យ​គ្រប់​ជ្រុង​ជ្រោយ​តាម​ចក្រ​ព្រំដែន និង​ស្វែង​រក​មេខ្លោង​ដែល​ប្រព្រឹត្ត​បទល្មើស​ជួញ​ដូរ​មនុស្ស។

លោក យង់ គិមអេង«អ្នក​ដែល​ពាក់ព័ន្ធ​ការ​ជួញដូរ​មនុស្ស​ត្រូវតែ​បណ្តេញ​គាត់​ចេញ​ពី​ក្របខណ្ឌ ហើយ​ចាប់​យក​ទៅ​តុលាការ ដើម្បី​ផ្ដន្ទាទោស​តាម​ច្បាប់​ បើ​មិន​ដូច្នេះ​ទេ គាត់​នៅ​តែ​ប្រព្រឹត្ត​បែប​ហ្នឹង​ទៀត។ គួរ​ស្ដារ​កេរ្តិ៍​ឈ្មោះ​សារ​ឡើង​វិញ​ កុំឱ្យ​គេ​បារម្ភ​ពី​ការ​ជួញ​ដូរ និង​ឆបោក»

ប្រតិកម្ម​របស់​មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ ក្រោយ​ពី​សាលា​ដំបូង​ខេត្ត​សៀមរាប​សម្រេច​ផ្ដន្ទា​ទោស​ជនជាតិ​វៀតណាម ១៣ នាក់ និង​ជន​ជាតិ​ខ្មែរ ៥ នាក់ ពី​បទ​ជួញ​ដូរ​មនុស្ស បង្ខាំង​មនុស្ស​ លួច​ឆ្លង​ដែន​ខុសច្បាប់ និង​សម្អាត​ប្រាក់។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សាលា​ដំបូង​ខេត្ត​សៀមរាប​ឱ្យ​ដឹង នៅ​ថ្ងៃ​ទី​៣ ខែ​មេសា ថា ជន​ជាប់​ចោទ ១៧ នាក់​ត្រូវ​ជាប់​ពន្ធនាគារ​ចន្លោះ​ពី ១៥ ឆ្នាំ ដល់ ២៥ ឆ្នាំ ពី​បទ​លក់​ដូរ​មនុស្ស​មាន​គោល​ដៅ បទ​ឃុំ​ឃាំង និង​បង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់ មាន​ស្ថាន​ទម្ងន់​ទោស បទ​សម្អាត​ប្រាក់​និង​លួច​ឆ្លង​ដែន​ដោយ​ខុសច្បាប់។

រីឯ​ជន​ជាប់​ចោទ​ម្នាក់​ទៀត ជា​ជន​ជាតិ​វៀតណាម​ តុលាការ​សម្រេច​ដាក់​ពន្ធនាគារ​កំណត់​រយៈ​ពេល ៥​ខែ ពី​បទ​លួច​ឆ្លង​ដែន​ខុសច្បាប់ ដែល​ប្រព្រឹត្ត​ឡើង​កាល​ពី​ឆ្នាំ២០២២។

វិទ្យុ​អាស៊ី​សេរី មិន​ទាន់​អាច​ទាក់ទង​សុំ​ការ​អធិប្បាយ​ជុំវិញ​រឿង​នេះ ពី​អភិបាល​ខេត្ត​សៀមរាប លោក ប្រាក់ សោភ័ណ បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី៤ មេសា។

ជុំវិញ​រឿង​នេះ យុវជន​រស់នៅ​ខេត្ត​សៀមរាប លោក នង ធារ៉ា សង្កេត​ឃើញ​ថា ការ​ទប់ស្កាត់​ជនអន្តោប្រវេសន៍ និង​ការ​គ្រប់គ្រង​អសន្តិ​សង្គម​របស់​អាជ្ញាធរ​នៅ​ខ្វះ​ចន្លោះ​ច្រើន ​ធ្វើ​ឱ្យ​ជន​បរទេស​នៅ​តែ​អាច​ឆ្លង​ដែន​ខុសច្បាប់ មក​ប្រព្រឹត្ត​អំពើ​ល្មើស​ច្បាប់ ប៉ះពាល់​វិស័យ​ទេសចរ​ ក្នុង​ខេត្ត​សៀមរាប។

លោក​សង្កត់​ធ្ងន់​ថា អំពើ​ពុក​រលួយ និង​បក្ខ​ពួក​និយម​ ជា​ឱកាស​ឱ្យ​ជន​បរទេស​ធ្វើ​សកម្មភាព​ខុសច្បាប់​នៅ​កម្ពុជា។

លោក នង ធារ៉ា«ពួក​ឧក្រិដ្ឋជន ឬ​ជន​បរទេស​ទាំង​អស់​នេះ​ អាច​យក​ប្រទេស​កម្ពុជា​តំបន់​ជួញ​ដូរ​មនុស្ស ឬ​ធ្វើ​សកម្មភាព​ទាំង​អស់​នេះ​បាន​ ដោយសារ​អាជ្ញាធរ​អនុវត្ត ច្បាប់​មាន​កម្រិត មាន​ន័យ​ថា ក្រុម​ឧក្រិដ្ឋជន​អាច​យក​ប្រទេស​កម្ពុជា​បាន​ ដោយសារ​អំពើ​ពុក​រលួយ និង​បក្ខពួក​​និយម ធ្វើ​ឱ្យ​ជន​ទាំង​អស់​នេះ​ អាច​ប្រព្រឹត្ត​អំពើ​ល្មើសច្បាប់​ក្នុង​ប្រទេស​កម្ពុជា​បាន»

កាល​ពី​ចុង​ខែ​ធ្នូ ឆ្នាំ​២០២៣ ក្រសួង​មហាផ្ទៃ​បាន​បណ្តេញ​ជនជាតិ​វៀតណាម​ ២៥៧នាក់ ចេញ​ពី​កម្ពុជា ពាក់ព័ន្ធ​នឹង​ការ​ឆបោក​តាម​អនឡាញ។

ន្ត្រី​សង្គម​ស៊ីវិល និង​យុវជន​បន្ថែម​ថា ប្រសិន​បើ​រដ្ឋាភិបាល​មិន​ពន្លឿន​ដោះស្រាយ​ករណី​នេះ ឱ្យ​មាន​ប្រសិទ្ធភាព​ទេ បញ្ហា​អសន្តិសុខ​សង្គម​នឹង​ជះឥទ្ធិពល​អាក្រក់ ដល់​វិស័យ​ទេសចរណ៍​ក្នុង​តំបន់​ប្រវត្តិសាស្ត្រ ដែល​ជា​ប្រភព​​ចំណូល​របស់​ពលរដ្ឋ។

របាយការណ៍​របស់​ក្រសួង​ការបរទេស​អាមេរិក​ស្ដីពី​ការ​ជួញដូរ​មនុស្ស​ប្រចាំ​ឆ្នាំ២០២៣ បង្ហាញ​ថា រយៈពេល​ពីរ​ឆ្នាំ​ចុងក្រោយ​នេះ ​កម្ពុជា​នៅ​ជាប់​ចំណាត់ថ្នាក់​ទី៣ ដែល​មាន​ន័យ​ថា ស្ថានភាព​នៃ​អំពើ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា​មាន​លក្ខណៈ​អាក្រក់​បំផុត និង​ពុំ​ធ្លាប់​មាន​ចាប់​តាំង​ពី​ឆ្នាំ២០១៥ មក។

របាយការណ៍​រក​ឃើញ​ថា រដ្ឋាភិបាល​ឯក​បក្ស​របស់​លោក ហ៊ុន សែន មិន​បាន​បំពេញ​តាម​ស្តង់ដារ​​អប្បបរមា លុប​បំបាត់​ការ​ជួញដូរ​មនុស្ស និង​ពុំ​បាន​ប្រឹងប្រែង​ឱ្យ​ខ្លាំងក្លា​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ជួញដូរ​មនុស្ស​នោះ​ទេ។ 

ទន្ទឹម​នឹង​នេះ ស្រប​ពេល​កម្ពុជា​ស្ថិត​ក្នុង​ស្ថានភាព​គួរ​ឱ្យ​ព្រួយ​បារម្ភ​ក្នុង​រឿង​នេះ គឺ​គ្មាន​ការ​ចាត់​វិធានការ​ឱ្យ​មាន​ប្រសិទ្ធភាព​នៅ​ឡើយ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។