មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​​​រិះគន់​​ក្រសួង​ទេសចរណ៍​ដែល​បាន​​​ចុះហត្ថលេខា​លើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ក្រុមហ៊ុន​​របស់​ចិន​នៅ​ខេត្ត​កោះកុង

0:00 / 0:00

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​នៅ​ខេត្ត​កោះកុង​រិះគន់​ក្រសួងទេសចរណ៍​ដែល​បាន​​​ចុះហត្ថលេខា​លើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ក្រុមហ៊ុន​ យូ​ញៀន​ ឌីវែលឡុបមែន គ្រូប​ (Union Development Group) ​វិទ្យាស្ថាន​ទេសចរណ៍ និង​វិជ្ជាជីវៈ​ខេត្ត​យូណាន (Yunnan)​ របស់​ចិន​ នៅ​ព្រឹក​ថ្ងៃ​ទី​៩ មិថុនា​ថា​ មិន​មាន​ប្រយោជន៍​សំខាន់​ដល់​ប្រជា​ពលរដ្ឋ​នោះ​ទេ។ ការ​រិះ​គន់​នេះ​ ដោយសារ​តែ​ក្រសួង​ទេសចរណ៍​បាន​សហប្រតិបត្តិការ​ជា​មួយ​ក្រុម​ហ៊ុន​ទេសចរណ៍​ចិន​នៅ​ខេត្ត​កោះកុង​ចំនួន ​២លើក​ហើយ ប៉ុន្តែ​មិន​ទាន់​មាន​ការ​អភិវឌ្ឍ​លើ​វិស័យ​ទេសចរណ៍ ហើយ​ពលរដ្ឋ​នៅ​តែ​ក្រីក្រ​ដដែល។

អតីត​អ្នក​សម្របសម្រួល​អង្គការ​ លីកាដូ ​(Licadho) ខេត្ត​កោះកុង ហើយ​បច្ចុប្បន្ន​ជា​មន្ត្រី​សម្របសម្រួល​ផ្នែក​សិទ្ធិមនុស្ស​អង្គការ​ លីកាដូ (Licadho) ប្រចាំ​ខេត្ត​បន្ទាយមានជ័យ​ លោក អ៊ិន គង់ជិត ឲ្យ​ដឹង​ថ្ងៃ​ទី៩ មិថុនា​ថា ក្រសួង​ទេសចរណ៍​មិន​គួរ​សហប្រតិបត្តិការ​ជា​មួយ​ក្រុម​ហ៊ុន​ចិន​ញឹកញាប់​ពេក​នោះ​ទេ ព្រោះ​ក្រុម​ហ៊ុន​របស់​ចិន​ជា​ច្រើន​ បាន​សម្រុក​ទៅ​វិនិយោគ​​ខេត្ត​កោះកុង ហើយ​ជា​ញឹក​ញាប់​តែង​តែ​បង្ក​ការ​​​ប៉ះពាល់​ដល់​ការ​រស់​នៅ​របស់​ប្រជា​ពលរដ្ឋ​ទៀត​ផង។ លោក អ៊ិន គង់ជិត អះអាង​ទៀត​ថា ក្រុម​ហ៊ុន​ចិន​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ច្រើន​លើសលប់​ពី​កម្ពុជា ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ កម្ពុជា​មិន​ទទួល​បាន​ផល​ប្រយោជន៍​នោះ​ឡើយ៖ «»

គេហទំព័រ​ក្រសួង​ទេសចរណ៍​ឲ្យ​ដឹង​ថា​ ​​រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍​លោក​ ជា បូរ៉ា ជា​អធិបតី​នៅ​ក្នុង​នៅ​ក្នុង​ពិធី​បើក​សម្ពោធ​មូលដ្ឋាន​បណ្ដុះបណ្ដាល​ជំនាញ​ទេសចរណ៍​នៅ​ក្រៅ​ប្រទេស​ក្នុង​ខេត្ត​កោះកុង​។ ពិធី​នេះ​ក្រសួង​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​សហប្រតិបត្តិការ​ជាង​មួយ​ក្រុមហ៊ុន​យូ​ញៀន​គ្រូប ​វិទ្យាស្ថាន​ទេសចរណ៍ និង​វិជ្ជាជីវៈ​ខេត្ត​យូណាន(Yunnan)។​

ក្រសួង​ឲ្យ​ដឹង​ទៀត​ថា​ ពិធី​នេះ​ដើម្បី​​ជំរុញ និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​នៃ​ភាព​ជា​ដៃ​គូ​​ក្នុង​ការ​ជំរុញ​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍ ការ​អភិវឌ្ឍ​ធនធាន​មនុស្ស និង​ការ​សិក្សា​ស្រាវជ្រាវ​​​ក្នុង​វិស័យ​ទេសចរណ៍​ឲ្យ​មាន​កម្មវិធី​ហ្វឹកហាត់​ការងារ​សម្រាប់​សិស្ស និស្សិត ​បុគ្គលិក និង​ការ​បង្កើត​វិទ្យា​ស្ថាន​ជាតិ​ទេសចរណ៍​កម្ពុជា។

កាល​ពី​ខែ​មករា ឆ្នាំ២០១៨​ ក្រសួង​មួយ​នេះ​​ក៏បាន​ចុះ​អនុស្សរណៈ​យោគ​យល់​គ្នា​​ម្ដង​រួច​មក​ហើយ។លោក អ៊ិន គង់ជិត​ កត់​សំគាល់​ថា បើ​ទោះ​ជា​ក្រសួង​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជា​ក្រុម​ហ៊ុន ​២លើក​ហើយ​ក្ដី ក៏​ប៉ុន្តែ​វិស័យ​ទេសចរណ៍​នេះ​មិន​បាន​ជួយ​ដល់​ពលរដ្ឋ​រស់​នៅ​កោះកុង​មាន​ជីវភាព​ធូរធារ​នោះ​ទេ ផ្ទុយ​ទៅ​វិញ​ធ្វើ​ឲ្យ​​ប្រជាពលរដ្ឋ​កាន់​តែ​ក្រីក្រ៖ «»

ក្រុមហ៊ុន union development group បាន​ចាប់​ផ្ដើម​គម្រោង​សាងសង់​តំបន់​អភិវឌ្ឍន៍ រួមមាន ផែ បន​ល្បែង​ស៊ីសង និង​ព្រះលាន​យន្តហោះ កាល​ពី​ឆ្នាំ២០០៨ ក្រោយ​ទទួល​បាន​សិទ្ធិ​អភិវឌ្ឍន៍​របស់​ពេល ៩៩ឆ្នាំ លើ​ផ្ទៃ​ដី ៤ម៉ឺន ៥ពាន់​ហិកតារ នៅ​ក្នុង​តំបន់​អភិរក្ស​ឧទ្យាន​ជាតិ។ ប៉ុន្តែ​គម្រោង​ទាំង​នោះ​មិន​ទាន់​បាន​ដំណើរ​ការ​នៅ​ឡើយ​នោះ​ទេ ក្នុង​រយៈ​ពេល ១០​កន្លង​មក​នេះ។ ទាំង​បន​ល្បែង​ស៊ីសង និង​ផែ មិន​ទាន់​មាន​សកម្មភាព​ណា​មួយ​ឡើយ។

របាយការណ៍​ក្រសួងទេសចរណ៍​បង្ហាញ​ថា​កាលពី​ឆ្នាំ២០១៧ កម្ពុជា​មាន​កំណើន​ភ្ញៀវ​ទេសចរណ៍​ជិត ១២ភាគរយ (១១,៨% )ដោយ​ទេសចរ​អន្តរជាតិ​ជាង ​៥លាន ៦សែន​នាក់ (៥.៦០០.០០០) ក្នុង​នោះ​ ទេសចរ​ចិន​ឈរ​ក្នុង​លំដាប់​ទី១ គឺ​មាន​ជាង​ ១លាន​នាក់​ (១,២១០,៧៨២) កើន​ឡើង​ជិត​៤៦ភាគរយ​ (៤៥,៩%)។ ក្រសួង​ថា ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ បាន​នាំ​ប្រាក់​ចំណូល​ប្រមាណ ​៣ពាន់​ ៤០០​លាន​​ដុល្លារ​អាមេរិក (៣.៤០០.០០០.០០០) ដែល​រួម​ចំណែក​ប្រមាណ​ ១៣% នៃ​ផលិតផល​​ក្នុង​ស្រុក​សរុប (GDP) និង​បង្កើត​ការងារ​ដោយ​ផ្ទាល់​ប្រមាណ​ជាង​ ៦២​ ម៉ឺន​នាក់ (៦២០,០០០)។ ប៉ុន្តែ​អ្នក​នាំ​ភ្ញៀវ​ទេសចរណ៍​នៅ​ខេត្ត​សៀមរាប​ សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​ម្នាក់​ ដែល​អះអាង​ថា បាន​ប្រកប​របរ​នាំ​ភ្ញៀវ​ទេសចរ​នៅ​តំបន់​អង្គរ​ប្រមាណ ​២០​ឆ្នាំ​ហើយ​នោះ ថ្លែង​ថា មួយ​រយៈ​ចុង​ក្រោយ​នេះ​ អ្នក​នាំ​ភ្ញៀវ និង​ពលរដ្ឋ​នៅ​តំបន់​អង្គរ​ខេត្ត​សៀមរាប មិន​ទទួល​បាន​ប្រាក់​ចំណូល​ពី​កំណើន​ភ្ញៀវ​ទេសចរ​នោះ​ទេ។ ពលរដ្ឋ​រូប​នេះ​បន្ថែម​ទៀត​ថា អ្នក​ទេសចរ​​ពី​សហគមន៍​អឺរ៉ុប​ ប្រទេស​ជប៉ុន​ និង​អាមេរិក​ជា​ដើម​ បាន​ថយ​ចុះ​ជាង​ឆ្នាំ​មុន​ស្ទើរ​ទ្វេ​ដង ហើយ​ការ​មក​ស្នាក់​នៅ​របស់​អ្នក​ទេសចរ​តំបន់​អង្គរ​ ក៏​មាន​រយៈ​ពេល​ខ្លី​ជាង​ឆ្នាំ​មុនៗ ដែរ ដែល​ធ្វើ​ឲ្យ​ពួក​គាត់​រស់​នៅ​តំបន់​នោះ​ស្ទើរ​តែ​ដាច់​បាយ​ទៅ​ហើយ៖ «»

ក្រសួង​ទេសចរណ៍​ឲ្យ​ដឹង​ទៀត​ថា ​រយៈ​ពេល ៤ខែ ដើម​ឆ្នាំ​២០១៨ ទទួល​បាន​ភ្ញៀវ​អន្តរជាតិ​ជាង ២​ លាន​នាក់ (២.១០០.០០០) កើន​ឡើង​ប្រមាណ ​១៣​ភាគ​រយ បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​នៅ​ឆ្នាំ​២០១៧។ ក្រសួង​រំពឹង​ថា កម្ពុជា​នឹង​ទទួល​បាន​ទេសចរណ៍​អន្តរជាតិ​ប្រមាណ​ ៦,២លាន​នាក់ (៦,២០០,០០០) នៅ​ឆ្នាំ​២០១៨ និង​ប្រមាណ​ ៧លាន​នាក់ (៧.០០០.០០០) នៅ​ឆ្នាំ​២០២០ និង ភ្ញៀវ​ទេសចរ​អន្តរជាតិ ប្រមាណ ១៥​លាន​នាក់ នៅ​ឆ្នាំ២០៣០។ អ្នក​នាំ​ភ្ញៀវ​ទេសចរ​ខេត្ត​សៀមរាប និង​មន្ត្រី​សង្គម​ស៊ីវិល លើក​ឡើង​ថា មាន​តែ​អ្នក​មាន​លុយ និង​មាន​អំណាច និង​ក្រុម​ហ៊ុន​ទេសចរណ៍​បរទេស​ទេ ជា​អ្នក​ដែល​បាន​ចំណូល​ខ្ពស់​ពី​កំណើន​ទេសចរណ៍​មួយ​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។