ពលរដ្ឋ​ប្ដឹង​ក្លឹប​ហ៊ីប​ហប​នៅ​សៀមរាប​ជា​ថ្មី​រឿង​ចាក់​ធុងបាស​ឮ​ខ្លាំងៗ​នៅ​ពេល​យប់

ដោយ ហង្ស សាវយុត
2014.12.23
ក្លឹប​ក្លាស៊ិក ហ៊ីប ហប  (Classic Hip Hop) សៀមរាប ៦២០ សមត្ថកិច្ច​ចុះ​ត្រួត​ពិនិត្យ​ក្លឹប​ក្លាស៊ិក ហ៊ីប ហប (Classic Hip Hop) នៅ​ក្នុង​ភូមិ​វត្តដំណាក់ សង្កាត់​សាលាកំរើក ក្រុង​សៀមរាប កាល​ពី​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៤។
RFA/Hang Savyouth

ក្លឹប​ក្លាស៊ិក ហ៊ីប ហប (Classic Hip Hop) ដែល​មាន​ទីតាំង​នៅ​ទល់​មុខ​នឹង​វត្ត​ដំណាក់ ក្រុង​សៀមរាប កំពុង​ចាក់​ភ្លេង​បង្ក​សំឡេង​ខ្លាំង ដើម្បី​មុខ​របរ​រក​ស៊ី​ជា​រៀង​រាល់​យប់។ ការ​ចាក់​សំឡេង​ឮ​ខ្លាំង ដោយ​ប្រើ​ធុងបាស​ធំៗ ដើម្បី​បម្រើ​ការ​ស៊ី​ផឹក និង​រាំ​កម្សាន្ត​នេះ កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់ និង​រំខាន​ដល់​ព្រះសង្ឃ ដែល​គង់​នៅ​ក្នុង​វត្ត កូន​សិស្ស ព្រម​ទាំង​ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​រស់នៅ​ជុំវិញ។

ក្រុម​ព្រះសង្ឃ​គង់​នៅ​វត្ត​ដំណាក់ កូន​សិស្ស និង​ប្រជាពលរដ្ឋ​ជិត ២០០​នាក់ បាន​ដាក់​ពាក្យ​ប្ដឹង​ជា​ថ្មី​ទៀត​ទៅ​អាជ្ញាធរ​ខេត្ត​សៀមរាប ឲ្យ​អន្តរាគមន៍​ទៅ​លើ​ម្ចាស់​ក្លឹប​ក្លាស៊ិក ហ៊ីប ហប ឲ្យ​បន្ថយ​ការ​ចាក់​ភ្លេង​បំពង​សំឡេង​ខ្លាំង​កណ្ដាល​រាត្រី ដែល​រំខាន​ដល់​មនុស្ស​ជាច្រើន​មជ្ឈដ្ឋាន​រស់នៅ​ជិត​ក្បែរ​ក្លឹប​នោះ។ ការ​ដាក់​ពាក្យ​ប្ដឹង​ជា​ថ្មី​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​បណ្ដឹង​ជាច្រើន​លើក​ដែល​ដាក់​ជូន​ទៅ​អាជ្ញាធរ​ខេត្ត និង​ក្រុង​សៀមរាប មិន​ទទួល​បាន​ដំណោះស្រាយ​សមរម្យ​នៅ​ឡើយ។

ព្រះ​គ្រូ​សូត្រ​ស្ដាំ​នៅ​វត្ត​ដំណាក់ សង្កាត់​សាលាកំរើក គឺ​ព្រះភិក្ខុ ឈន់ ឈឿន។ ព្រះអង្គ​មាន​ថេរ​ដីកា​ថា រយៈពេល​ពីរ​ឆ្នាំ​មក​នេះ ក្លឹប​ហ៊ីប ហប បាន​ចាក់​ធុងបាស​លាន់​ឮ​ខ្លាំង បង្ក​ការ​រំខាន​ដល់​ដំណេក​ពេល​យប់ ព្រម​ទាំង​ការ​សិក្សា​របស់​ព្រះសង្ឃ ក្មេង​វត្ត និង​អ្នក​ភូមិ ដែល​រស់នៅ​ជុំវិញ។ ព្រះភិក្ខុ ឈន់ ឈឿន មាន​ព្រះ​ថេរ​ដីកា​ទៀត​ថា ព្រះពុទ្ធ​សាសនា គឺ​ជា​សាសនា​របស់​រដ្ឋ មិន​គួរ​ឲ្យ​ក្លឹប​ហ៊ីប ហប ដែល​ជា​កន្លែង​ស៊ី​ផឹក និង​រាំរែក មក​ដាក់​នៅ​ជិត​ទី​អារាម​ដែល​ជា​ទី​គោរព និង​ប្រតិបត្តិ​ដូច្នេះ​ទេ។ ការ​ដាក់​ក្លឹប​ស៊ី​ផឹក និង​រាំរែក​ជិត​វត្ត​អារាម​នេះ កំពុង​ធ្វើ​ឲ្យ​កើត​អសន្តិសុខ​ជាច្រើន ដូចជា​អ្នក​ស៊ី​ផឹក​ស្រែក​ឡូឡា និង​វាយតប់​គ្នា​ជាដើម៖ «ពី​មុន​ចាប់​រំខាន​ពី​ម៉ោង ៨​យប់ ដល់​ម៉ោង ៤​ព្រឹក ចាក់​បាស​សំឡេង​ហ្នឹង​ញ័រ​កុដិ ញ័រ​ទ្វារ ញ័រ​ការ៉ូ​ទៅ​ទៀត។ ម៉ោង ៣-៤​ទៀប​ភ្លឺ ដែល​ចេញ​ពី​ក្លឹប ខ្លះ​ហ៊ោ​កញ្ជ្រៀវ ខ្លះ​វាយតប់​គ្នា ស្រែក យើង​ភ័យ​ហាក់​បីដូចជា​ចោរ​ប្លន់​ដូចជា​ស្អី​អ៊ីចឹង»

ស្ត្រី​ម្នាក់​ទៀត​ដែល​មាន​លំនៅឋាន​ក្នុង​ភូមិ​វត្តដំណាក់ ជាប់​របង​ជាមួយ​ក្លឹប​ក្លាស៊ិក ហ៊ីប ហប ក៏​មាន​ប្រសាសន៍​ប្រហាក់​ប្រហែល​គ្នា​ដែរ​ថា ក្រុម​គ្រួសារ​របស់​គាត់​ជាច្រើន​នាក់ បាន​ក្លាយ​ទៅ​ជា​អ្នក​កើត​ជំងឺ​បេះដូង និង​លើស​ឈាម ដោយសារ​តែ​សំឡេង​បាស​លាន់​ឮ​ខ្លាំង ហើយ​ទទួល​ទាន​ដំណេក​ពេល​យប់​មិន​បាន៖ «ឮ​ខ្លាំងៗ​អ៊ីចឹង​រំខាន​រហូត សូម្បី​ប្ដី​ខ្ញុំ​ក៏​គាត់​ស្ត្រេះ (stress) អស់​ហើយ​រាល់​ថ្ងៃ។ គាត់​ឈឺ​ដែរ ថ្ងៃ​ណា​ខ្ញុំ​ត្រូវ​តែ​ដូរ​បន្ទប់​គេង ហើយ​ចង់​ឈ្លោះ​គ្នា​ប្ដី​ប្រពន្ធ​រឿង​ដូរ​កន្លែង​គេង​កុំ​ឲ្យ​ថ្លង់»

កាល​ពី​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា កន្លង​ទៅ ក្លឹប​ឌីស្កូ ហ៊ីប ហប ដែល​ម្ចាស់​តែ​មួយ​នៅ​ជាប់​គ្នា​នោះ​ត្រូវ​ភ្លើង​ឆេះ​សម្លាប់​មនុស្ស​ចំនួន ៥​នាក់ និង​របួស​ធ្ងន់ ២​នាក់​ផ្សេង​ទៀត។

ទោះ​យ៉ាង​ណា វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ថៅកែ​ក្លឹប​ក្លាស៊ិក ហ៊ីប ហប ដើម្បី​សុំ​ការ​ពន្យល់​រឿង​នេះ​បាន​ថា​យ៉ាង​ណា​នៅ​ឡើយ ដោយសារ​តែ​ថៅកែ​នោះ​មិន​ទទួល​ទូរស័ព្ទ។

កាល​ពី​ថ្ងៃ​ទី​១៤ ខែ​ធ្នូ កន្លង​ទៅ ព្រះសង្ឃ កូន​សិស្ស និង​ប្រជាពលរដ្ឋ​ជិត ១៧០​នាក់ បាន​នាំ​គ្នា​ផ្ដិត​មេដៃ​ប្ដឹង​ក្លឹប​ក្លាស៊ិក ហ៊ីប ហប ម្ដង​ទៀត។ ក្នុង​ពាក្យ​បណ្ដឹង​នោះ​បញ្ជាក់​ថា មនុស្ស​ទូទៅ​មាន​ការ​នឿយ​ហត់​ពី​ពេល​ថ្ងៃ ហើយ​ត្រូវ​ការ​សម្រាក​ដោយ​ស្ងប់ស្ងាត់​ក្នុង​ពេល​រាត្រី ក៏ប៉ុន្តែ​ព្រះសង្ឃ ក្មេង​វត្ត និង​ប្រជាពលរដ្ឋ​ជាច្រើន បែរ​ជា​ត្រូវ​រំខាន​ទៅ​វិញ។

អភិបាល​ក្រុង​សៀមរាប លោក សូ ប្លាតុង មាន​ប្រសាសន៍​ថា នៅ​ល្ងាច​ថ្ងៃ​ទី​២៣ ខែ​ធ្នូ លោក​បាន​កោះ​ហៅ​ភាគី​ទាំង​សង​ខាង​ទៅ​សាលា​ក្រុង ដើម្បី​សម្រប​សម្រួល​គ្នា​ជា​ថ្មី​ម្ដង​ទៀត៖ «កន្លង​មក​ខាង​ខ្ញុំ​បាន​ចុះ​ទៅ​ដោះស្រាយ​ធ្វើ​កិច្ចសន្យា តែ​នៅ​តែ​មាន​បញ្ហា​ខ្លះ ឥឡូវ​នេះ​អញ្ជើញ​មក​ទាំងអស់​គ្នា​ម្ដង​ទៀត»

ចាប់​តាំង​ពី​អំឡុង​ខែ​កុម្ភៈ ឆ្នាំ​២០១៤ ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ធ្លាប់​ដាក់​ពាក្យ​ប្ដឹង​ទៅ​អាជ្ញាធរ​ខេត្ត និង​ក្រុង​សៀមរាប បី​បួន​លើក​មក​ហើយ ក៏ប៉ុន្តែ​មិន​ឃើញ​មាន​លទ្ធផល​អ្វី​ទេ។ ក្រុម​អ្នក​ភូមិ​ព្រមាន​ថា ប្រសិន​បើ​អាជ្ញាធរ​នៅ​តែ​ព្រងើយ​កន្តើយ​ក្នុង​រឿង​ក្លឹប​ក្លាស៊ិក ហ៊ីប ហប នេះ គឺ​ពួក​គេ​នឹង​នាំ​គ្នា​ធ្វើ​បាតុកម្ម​តាម​ដង​ផ្លូវ​នៅ​ថ្ងៃ​ណា​មួយ​មិន​ខាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។