អង្គភាពដោះមីនកម្ពុជា ហៅកាត់ថា ស៊ីម៉ាក់ (CMAC) សម្ដែងការសោកស្ដាយ ដែលបាត់បង់ជីវិតសត្វឆ្កែជាសមាជិកបម្រើវិស័យសកម្មភាពបោសសម្អាតមីនមួយក្បាល ដែលមានឈ្មោះថា ឌា (DIA)។
តាមហ្វេសប៊ុករបស់អគ្គនាយក ស៊ីម៉ាក់ លោក ហេង រតនា ដែលបង្ហោះកាលពីថ្ងៃទី២៥ ឧសភា បង្ហាញអំពីការផ្ដល់កិត្តិយសដល់សាកសពសត្វឆ្កែជាសមាជិកដោះមីនមួយក្បាលនេះ ដោយការរៀបចំពិធីដង្ហែសព និងបូជា ដូចមនុស្សដែរ។ ចាប់តាំងពីឆ្នាំ២០១៤ មក ឌា បានជួយសម្អាតគ្រាប់មីននៅកម្ពុជាបានជាងមួយម៉ឺនបួនពាន់ម៉ែត្រការ៉េ (១៤.៤០០) និងបានកកាយរកឃើញគ្រាប់បែកចង្កោម ៥២គ្រាប់។
លោក ហេង រតនា សរសេរឱ្យដឹងទៀតថា ឌា (DIA) គឺជាសត្វឆ្កែញី អាយុជាង ៨ឆ្នាំ ដែលត្រូវបានគេនាំមកពីប្រទេសបូស្នៀ (Bosnia) កាលពីឆ្នាំ២០១៤ ឱ្យមកបម្រើការងារខាងវិស័យសកម្មភាពបោសសម្អាតមីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា។ ឌា (DIA) ឋិតនៅក្នុងអង្គភាពសុនខហិតក្លិនគ្រឿងផ្ទុះ របស់ស៊ីម៉ាក់ (CMAC)។
ក្រៅពីការបានបំពេញការងារក្នុងវិស័យដោះមីន ឌា (DIA) ក៏បានបង្កើតកូនចំនួន ១០ក្បាលទៀតដែរ កាលពីឆ្នាំកន្លងទៅ សម្រាប់ជាប្រយោជន៍ដល់ការងាររបស់អង្គភាពសុនខស៊ីម៉ាក់ ដើម្បីសង្គ្រោះជីវិតមនុស្សពីគ្រោះថ្នាក់ដោយសារគ្រាប់មីន។ ឌា (DIA) បាត់បង់ជីវិតដោយសារជំងឺមហារីក។
គ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលបន្សល់ពីសម័យសង្គ្រាម នៅតែជាបញ្ហាប្រឈមនឹងគ្រោះថ្នាក់ខ្លាំងនៅឡើយ ចំពោះពលរដ្ឋកម្ពុជា។ នៅថ្ងៃចន្ទ ទី២៧ ខែឧសភា កម្លាំងជំនាញជាតិផ្ទុះ របស់ស៊ីម៉ាក់ (CMAC) បានបោសសំអាតគ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទ MK82 ចំនួន ២គ្រាប់ នៅទីតាំង ២ផ្សេងគ្នា។ គ្រាប់បែកទីមួយ ឋិតនៅឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលកប់ក្នុងដីជម្រៅជិត ៨ម៉ែត្រ និងគ្រាប់បែកទីពីរ ឋិតនៅឃុំកំពង់សឹង្ហ ខាងកើតទីប្រជុំជនអ្នកលឿង ក្នុងស្រុកព្រះស្ដេច ខេត្តព្រៃវែង ដែលគ្រាប់នេះកប់ក្នុងដីជម្រៅជាង ៤ម៉ែត្រ។
របាយការណ៍របស់កម្លាំងជំនាញជាតិផ្ទុះ របស់ស៊ីម៉ាក់ បញ្ជាក់ថា គ្រាប់បែក MK82 ទាំងពីរគ្រាប់ ដែលមានក្បាលផ្ទុះទាំងមុខ និងក្រោយ ត្រូវបានដោះបន្សាបឥទ្ធិពលរួចរាល់ហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។