«ចំណាត់​ការ​ផ្លូវ​ច្បាប់​លើ​បទល្មើស​ចរាចរណ៍​នៅ​អូស្ត្រាលី​ជា​គំរូ​អនុវត្ត​សម្រាប់​កម្ពុជា ដើម្បី​កសាង​ទំនុក​ចិត្ត​របស់​ពលរដ្ឋ​ខ្មែរ»

ដោយ ខាន់ លក្ខិណា
2024.09.26
«ចំណាត់​ការ​ផ្លូវ​ច្បាប់​លើ​បទល្មើស​ចរាចរណ៍​នៅ​អូស្ត្រាលី​ជា​គំរូ​អនុវត្ត​សម្រាប់​កម្ពុជា ដើម្បី​កសាង​ទំនុក​ចិត្ត​របស់​ពលរដ្ឋ​ខ្មែរ» (រថយន្ត ហ្ស៊ីប (Jeep) ដែល​អ្នក​បើកបរ​បើក​បុក​កីឡាករ​វាយសី​ថ្នាក់​ជាតិ​ម្នាក់​ស្លាប់ កាល​ពី​ថ្ងៃ​ទី១៤ ខែ​ធ្នូ ឆ្នាំ​២០២៣។ រូបខាង​ស្ដាំ៖ លោក ហ៊ុន ម៉ាណែត ​បញ្ជា​ទៅ​នគរបាល​ឱ្យ​ចាប់ខ្លួន​​អ្នក​បើកបរ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ស្លាប់​មនុស្ស ភ្លាមៗ ដោយ​មិន​ចាំបាច់​សុំ​គោលការណ៍​ពី​មេបញ្ជាការ។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត និង​នគរបាល​ជាតិ

សាធារណជន​ខ្មែរ​ទូទៅ​សាទរ​ក្រោយ​ពី​តុលាការ​នៃ​ប្រទេស​អូស្ត្រាលី បាន​កាត់​ទោស​កូនប្រុស​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​ម្នាក់ ឱ្យ​ជាប់​ពន្ធនាគារ ១២​ឆ្នាំ ហើយ​អាច​នឹង​ត្រូវ​បណ្ដេញ​ចេញ​ពី​ប្រទេស​អូស្ត្រាលី បន្ទាប់​ពី​អនុវត្ត​ទោស​គ្រប់​តាម​ច្បាប់​កំណត់ ពាក់ព័ន្ធ​នឹង​ករណី​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បុក​មនុស្ស​ស្លាប់​ថ្មីៗ​នេះ។

ក្រៅ​ពី​សាទរ​ហើយ ពួកគាត់​យក​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បុក​មនុស្ស​ស្លាប់​ដូច​គ្នា នេះ​មក​ប្រៀបធៀប​នឹង​ការ​អនុវត្ត​ច្បាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ពួកគាត់​ថា បើ​នៅ​កម្ពុជា​ជន​បង្ក​ជា​កូន​អ្នក​មាន​លុយ និង​មាន​អំណាច​ធំ​បែប​នេះ មិន​ត្រូវ​បាន​តុលាការ​កាត់​ទោស​ធ្ងន់ធ្ងរ ឬ​អាច​ត្រូវ​តុលាការ​ជួយ​បក​ស្រាយ​ឱ្យ​រួច​ពី​សំណាញ់​ច្បាប់​ផង។

បទល្មើស​ចរាចរណ៍​បុក​មនុស្ស​ស្លាប់ និង​ការ​អនុវត្ត​ច្បាប់​នៅ​ប្រទេស​អូស្ត្រាលី​អាច​ជា​គំរូ​ល្អ​សម្រាប់​ប្រទេស​កម្ពុជា បើ​រដ្ឋាភិបាល​មាន​ឆន្ទៈ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ឱ្យ​បាន​ត្រឹមត្រូវ ដើម្បី​បំបាត់​វប្បធម៌​និទ្ទណ្ឌភាព ក្រោម​អំណាច​បុណ្យ​ស័ក្ដិ និង​ទឹក​ប្រាក់។

កាល​ពី​ថ្ងៃទី២០ ខែ​កញ្ញា ឆ្នាំ២០២៤ តុលាការ​នៃ​ប្រទេស​អូស្ត្រាលី បាន​កាត់​ទោស​កូន​ប្រុស​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​លោក ឌឿន សុវណ្ណ គឺលោក ឌឿន ឧត្តមសេនីយ៍ ឱ្យ​ជាប់​ពន្ធនាគារ​អូស្ត្រាលី ១២ឆ្នាំ និង៩ខែករណី​បើក​បរ​រថយន្ត​ក្នុង​ល្បឿន​លឿន ឆ្លង​កាត់​ភ្លើង​ស្តុប​ពណ៌​ក្រហម ទៅ​បុក​រថយន្ត​ប្តី​ប្រពន្ធ​មួយ​គូ បណ្តាល​ឱ្យ​អ្នក​ទាំងពីរ​ស្លាប់​យ៉ាង​រន្ធត់ប៉ូលិស​អូស្ត្រាលី ថែម​ទាំង​ពិនិត្យ​ឃើញ​ មាន​ជាតិ​អាល់កុល​ក្នុង​ឈាម​កម្រិត 0.016 របស់​ជន​បង្ក និង​គ្មាន​ប័ណ្ណ​បើកបរ​អូស្ត្រាលី​ផង

យុវជន​សង្គម​និង​បរិស្ថាន លោក ម៉ា ចិត្រា លើក​ឡើង​ថា បើ​ពិនិត្យ​ការ​អនុវត្ត​ច្បាប់​រវាង​ប្រទេស​កម្ពុជា​និង​ប្រទេស​អូស្ត្រាលី ឃើញ​ខុស​គ្នា​ដាច់​ឆ្ងាយ ជា​ពិសេស ការ​ ដាក់​ទណ្ឌ​កម្ម​ច្បាប់​លើ​ជន​ប្រព្រឹត្ត​បទ​ល្មើស

លោក​ថា ការ​អនុវត្ត​ច្បាប់​នៅ​ប្រទេស​អូស្ត្រាលី គឺ​ជា​គំរូ​ល្អ ដោយ​អ្នក​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ត្រូវ​បាន​ដាក់​ទោស​ធ្ងន់ធ្ងរ តាម​ច្បាប់​កំណត់បើ​ប្រៀប​ធៀប​នឹង​កម្ពុជា​វិញ ទាំង​អ្នក​បុក​គេ​ស្លាប់ និង​ករណី​ឃាតកម្ម​មួយ​ចំនួន លោក​ថា អ្នក​ប្រព្រឹត្ត​អាច​ ជាប់​ពន្ធនាគារ​តែ​ប៉ុន្មាន​ឆ្នាំ ហើយ​កត់​សម្គាល់​ឃើញ​មាន​ការ​ដោះលែង​វិញ

លោក ម៉ា ចិត្រា មាន​ប្រសាសន៍​ថា កម្ពុជា​គួរ​តែ​ធ្វើ​វិសោធនកម្ម​ច្បាប់ ដើម្បី​ដាក់​ទោស​លើ​អ្នក​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ឱ្យ​ធ្ងន់ធ្ងរ ហើយ​អនុវត្ត​ច្បាប់​ឱ្យ​មាន​តម្លាភាព​ដោយ​មិន​ប្រកាន់​បក្ខពួក

លោក ម៉ា ចិត្រា«ទាល់​រដ្ឋាភិបាល​ធ្វើ​វិសោធនកម្ម​ច្បាប់ ដើម្បី​ដាក់​ទោស​ទណ្ឌ​ទៅ​ដល់​បុគ្គល​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ ដែល​មើល​ទៅ​វា​ឃោរឃៅ​ពេក ដូច​ជា​ករណី​​បើក​ល្បឿន​នៅ​អូស្ត្រាលី​នេះ តាម​ដែល​យើង​មើល​គេ​បើក ៧០ ទេ ប៉ុន្តែ​គាត់​បើក​ដល់ ២០០។ អ៊ីចឹង​ចំណុច​នេះ ដើម្បី​បង្ការ​ទុក​មុន រដ្ឋាភិបាល​អាច​ធ្វើ​វិសោធនកម្ម​ច្បាប់​ហ្នឹង​ទៅ បើ​សិន​ករណី​បើក​លើស​​​ធ្ងន់ធ្ងរ​អ៊ីចឹង ត្រូវ​ដាក់​ទោស​ទណ្ឌ​ឱ្យ​ច្រើន​អ៊ីចឹង​បើ​សិន​គាត់​បើក​ក្នុង​ស្ថានភាព​អាក្រក់​រហូត​ដល់ ២០០ គីឡូ​ម៉ែត្រ​ក្នុង​មួយ​ម៉ោង»

នៅ​ប្រទេស​កម្ពុជា ករណី​បើក​រថយន្ត​បុក​មនុស្ស​ស្លាប់​ស្ដែងៗ ដូច​គ្នា​នេះ​ដែរ ជន​បង្ក​ដែល​ជា​កូន​អ្នក​មាន​អំណាច និង​មន្ត្រី​ជាន់ខ្ពស់​របស់​រាជរដ្ឋាភិបាល ឬ​គណបក្ស​ កាន់​អំណាច មិន​ងាយ​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​ឡើយ ខណៈ​តុលាការ​ត្រូវ​មជ្ឈដ្ឋាន​ ទូទៅ​មើល​ឃើញ​ថា រង់​ចាំ​ស្ដាប់​ខ្យល់​បញ្ជា​ពី​លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត សិន ទើប​ហ៊ាន​ចាត់​ការ​សម្រប​តាម

ព្រះសង្ឃ​ធ្លាប់​គង់​នៅ​វត្ត​ដំរីស ព្រះតេជព្រះគុណ សាំង រិទ្ធី មាន​សង្ឃ​ដីកា​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា ប្រជាពលរដ្ឋ​ហាក់​លែង​មាន​ជំនឿ​លើ​ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា​ហើយ ព្រោះ​ការ​អនុវត្ត​ច្បាប់​សព្វ​ថ្ងៃ មិន​មាន​តម្លាភាព ដោយ​អ្នក​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ ដែល​មាន​អំណាច​បក្ខពួក តួនាទី និង​មាន​លុយ ភាគ​ច្រើន​តែង​តែ​រួច​ខ្លួន​ពី​សំណាញ់​ច្បាប់

ព្រះតេជព្រះគុណ សាំង រិទ្ធី បាន​មាន​ដីកា​ថា អ្នក​អនុវត្ត​ច្បាប់​បច្ចុប្បន្ន ធ្វើ​តាម​បញ្ជា​នាយករដ្ឋមន្ត្រី គឺ​បើ​គ្មាន​បញ្ជា​ពី​មេ​ដឹក​នាំ​រដ្ឋាភិបាល​ទេ សមត្ថកិច្ច​មិន​ងាយ​ចាប់​ខ្លួន​កូន​មន្ត្រី​ធំៗ និង​អ្នក​មាន​អំណាច​មួយ​ចំនួន ដែល​បើក​រថយន្ត​បង្ក​បទ​ល្មើស​បុក​មនុស្ស​ស្លាប់​ឡើយ

ព្រះតេជព្រះគុណ សាំង រិទ្ធី៖ «យើង​មាន​ច្បាប់​អស់​ហើយ អ៊ីចឹង​ត្រូវ​ធ្វើ​តាម​ឋានានុក្រម ឬ​ក៏​ចាប់​ដាក់​ពន្ធនាគារ ទោះ​មាន​លុយ​ប៉ុន្មាន​ក៏​មិន​អាច​ដោះដូរ​បាន លុះ​ត្រា​តែ​អនុវត្ត​ទោស​តាម​ច្បាប់​កំណត់​ដូច​ប្រទេស​ដទៃៗ។ បើ​មិន​ធ្វើ​អ៊ីចឹង​ទេ អាច​យក​គំរូ​អាក្រក់​ត​ទៅ​មុខ​ទៀត។ អ៊ីចឹង​បើ​យើង​មិន​លាង​សំអាត​ទេ ចាប់​នឹង​ទៅ​វា​នៅ​តែ​បន្ត​ទៀត ធ្វើ​ម៉េច​អញ​មាន​លុយ​បុក​ប៉ុណ្ណឹង​បោះ​លុយ​ទៅ​ចប់»

ជាក់ស្ដែង​អនុប្រធាន​រដ្ឋសភា​លោក ជាម យៀប បាន​រួច​ខ្លួន​ពី​សំណាញ់​ច្បាប់ បន្ទាប់​រថយន្ត​របស់​លោក​បើក​រត់​គេច​ខ្លួន ចំពោះ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ នៅ​ក្នុង​ស្រុក​កៀនស្វាយ ជិត​រាជធានី​ភ្នំពេញ ដែល​បង្ក​ឡើង​ដោយ​រថយន្ត​របស់​លោក ជាម យៀប បើក​ទៅ​បុក​បុរស​ស្ត្រី​ប្ដី​ប្រពន្ធ​ពីរ​នាក់ បណ្ដាល​ឱ្យ​ស្ត្រី​ជា​ប្រពន្ធ​មាន​ផ្ទៃ​ពោះ​ស្លាប់ និង​ប្ដី​រង​របួស​ធ្ងន់​កាល​ពី​ឆ្នាំ២០១៣រីឯ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កាល​ពី​ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ ដែល​បង្ក​ឡើង​ដោយ​រថយន្ត​បុក​ម៉ូតូ​មួយ​គ្រឿង នៅ​លើ​ស្ពាន​ជ្រោយ​ចង្វា​បណ្ដាល​ឱ្យ​មនុស្ស​ចំនួន ៣នាក់​រង​របួស​ធ្ងន់ ក្នុងនោះ មាន​ទារក​អាយុ ២ ខែ​ម្នាក់​ស្លាប់​នោះ ជន​បង្ក​ឈ្មោះ សោម ណូរីទីឃា ក៏​បាន​រត់​គេច​ខ្លួន​ដែរ

ក្រោយ​ហេតុការណ៍​នេះ សាលាដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃទី២៥ ខែ​មករា ឆ្នាំ២០២៣ បាន​សម្រេច​ចោទ​ប្រកាន់​ឈ្មោះ សោម ណូរីទីឃា ដែល​បាន​បង្ក​គ្រោះ ថ្នាក់​ចរាចរណ៍ ពី​បទ«បើក​បរ​ដោយ​ធ្វេស​ប្រហែស និង​ខ្ជីខ្ជា​មិន​ប្រុង​ប្រយ័ត្ន​ បណ្តាល​ឱ្យ​ស្លាប់​និង​មាន​របួស​ដល់​អ្នក​ដទៃ»ប៉ុន្តែ​ចាប់​តាំង​ពី​ខែធ្នូឆ្នាំ២០២២ ដល់​ខែ​កញ្ញា ឆ្នាំ២០២៤នេះ ជន​បង្ក​នៅ​តែ​មិន​ទាន់​ចូល​ខ្លួន​តាម​ការ​បញ្ជា​របស់​តុលាការ​នៅ​ឡើយ

ករណី​មួយ​ទៀត គឺ​អភិបាល​ខេត្ត​មណ្ឌលគិរី លោក ថង សាវុន ក៏​បាន​បើក​ឡាន​ទំនើប​បុក​ពលរដ្ឋ​ពីរ​នាក់​ស្លាប់​ភ្លាមៗ កាល​ពី​ខែកញ្ញា ឆ្នាំ២០២១ ហើយ​មក​ទល់​ ពេល​នេះ អាជ្ញាធរ​ក៏​មិន​ទាន់​បាន​ស្រាវជ្រាវ និង​ផ្ដល់​យុត្តិធម៌​ជូន​ជន​រងគ្រោះ​នៅ​ឡើយ​ទេ

ក្រៅ​ពី​ករណី​ខាង​លើ​នេះ ក៏​នៅ​មាន​ករណី​ជន​បង្ក​ឈ្មោះ ព្រហ្ម វិចិត្រសុសក្តា ដែល​ជា​កូន​ប្រុស​របស់​មេធាវី ព្រហ្ម វិចិត្រសុភា បាន​បើក​ឡាន​ទំនើប​ប្រណាំង​ ជាមួយ​ឡាន​ទំនើប​មួយ​ផ្សេង​ទៀត​បុក​លោក សៀង គីមហុង ដែល​ជា​កីឡាករ​វាយ​សី​ដ៏​ឆ្នើម​របស់​ប្រទេស​កម្ពុជា បណ្ដាល​ឱ្យ​ស្លាប់ កាល​ពី​ថ្ងៃទី១៤ ខែ​ធ្នូ ឆ្នាំ​២០២៣។

ក្រោយ​ពី​ការ​កើត​ហេតុ​ជន​បង្ក​បាន​រត់​គេច​ខ្លួន ហើយ​អាជ្ញាធរ​បាន​ត្រឹម​តែ​អំពាវនាវ​ ឱ្យ​ជន​បង្ក​ចូល​ខ្លួន​សារភាព​កំហុស ដោយ​គ្មាន​ចំណាត់ការ​ណា​មួយ​ឡើយ រហូត​ដល់​នាយករដ្ឋមន្ត្រី​លោក ហ៊ុន ម៉ាណែត ដាក់​បញ្ជា​ឱ្យ​អាជ្ញាធរ​ចាប់​អ្នក​បើកបរ រថយន្ត​បុក​គេ​ស្លាប់​ហើយ​រត់​គេច​ខ្លួន ទើប​ជន​បង្ក​ចូល​ខ្លួន​សារភាព

ប្រធាន​ក្រុម​អ្នក​វិភាគ​វ័យ​ក្មេង​កញ្ញា លី ស្រីស្រស់ ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា បើ​ករណី​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​កូន​អ្នក​មាន​លុយ និង​មាន​អំណាច​កើត​នៅ​កម្ពុជា គ្រួសារ​ជន​រងគ្រោះ​ពិបាក​សង្ឃឹម​បាន​យុត្តិធម៌​តាម​ច្បាប់ ដូច​នៅ​ប្រទេស​អូស្ត្រាលី​ណាស់

កញ្ញា​បាន​កត់​សម្គាល់​ថា រយៈពេល ៣ឆ្នាំ​ចុង​ក្រោយ​នេះ ការ​បង្ក​គ្រោះថ្នាក់​ ចរាចរណ៍​ពី​សំណាក់​កូន​អ្នក​ធំ និង​មន្ត្រី​អ្នក​មាន​អំណាច ហើយ​និង​អំពើ​អយុត្តិធម៌ បាន​កើត​ឡើង​ជា​ហូរហែ​ដែរ ប៉ុន្តែ​សមត្ថកិច្ច មិន​បាន​ចាប់​ខ្លួន​អ្នក​បង្ក​យក​ទៅ​អនុវត្ត​ទោស​តាម​ច្បាប់​ឡើយ

កញ្ញា លី ស្រីស្រស់៖ «មាន​រឿង​ជា​ច្រើន​ដែល​អ្នក​ធំ​បង្ក​គ្រោះ​ថ្នាក់​ចរាចរណ៍ ហើយ​ការអនុវត្ត​ទោស​មិន​សូវ​យក​ចិត្ត​ទុក​ដាក់ ទាល់​តែ​មាន​ការ​ជំរុញ​ពី​ពលរដ្ឋ សាធារណជន​ទៅ​ ទើប​ឈាន​ទៅ​ដល់​ការ​ចាប់​ឬក៏​ការ​កាត់​ទោស​ឱ្យ​ជាប់ពន្ធនាគារ​អី​អ៊ីចឹង​ទៅ។ អ៊ីចឹង​អាហ្នឹង យើង​មើល​ឃើញ​នឹង​ភ្នែក​ជាទូទៅ​ នៅ​ក្នុង​ការ​កាត់​ទោស​អំពី​គ្រោះថ្នាក់​ចរាចរណ៍​នេះ»

កញ្ញា លី ស្រីស្រស់ ថា ការ​មិន​ទទួល​បាន​យុត្តិធម៌ ឬ​យុត្តិធម៌​ដោយ​ផ្នែក​ណា គឺ​ជា​ទម្រង់​នៃ​និទ្ទណ្ឌភាព។ កញ្ញា​បាន​បន្ត​ថា ប្រសិន​បើ​វប្បធម៌​និទ្ទណ្ឌភាព​នៅ​តែ​កើត​មាន នោះ​ប្រជាពលរដ្ឋនឹង​បាត់​បង់​ទំនុក​ចិត្ត​លើ​អាជ្ញាធរ​រដ្ឋ ដោយ​អាច​ប្រើ​ប្រាស់​មធ្យោបាយ​មិន​ស្រប​ច្បាប់ ដូច​ជា​វាយ​ដំ​អ្នក​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ ឬ​អាច​ឈាន​ទៅ​ដល់​ការ​សម្លាប់​ផង

កញ្ញា លី ស្រីស្រស់៖ «ផល​លំបាក​មួយ​ចំនួន​ជា​ទូទៅ​ក្រោយ​គ្រោះថ្នាក់​ចរាចរណ៍​ហ្នឹង គាត់​ចង់​សម្លាប់​អ្នក​បង្ក​គ្រោះថ្នាក់​ហ្នឹង​តែ​ម្ដង ដោយសារ​តែ​នៅ​ក្នុង​ការ​គិត​របស់​គាត់​ហ្នឹង គឺ​គាត់​អត់​ជឿ​ទៅ​លើ​ប្រព័ន្ធ​តុលាការ​ទេ។ គាត់​អត់​ជឿ​ថា បើ​មាន​អន្តរាគមន៍​ពី​មន្ត្រី​នគរបាល​ហើយ​ទៅ​អនុវត្ត​ទោស​ទណ្ឌ​ទៅ វា​អត់​សាក​សម ឬ​សម​គំនិត​ណា​មួយ ដែល​ធ្វើ​ឱ្យ​គាត់ ឬ​អ្នក​បង្ក​អត់​ជាប់​ទោស​ឬ​អត់​ជាប់​គុក ឬ​ផ្ដល់​សំណង​មិន​សមរម្យ។ កាល​ណា​យើង​បន្ត​ធ្វើ​ឱ្យ​ពលរដ្ឋ​មាន​ផ្នត់​គំនិត​បែប​ហ្នឹង អ៊ីចឹង​វា​ទៅ​ជា​រឿង​ផ្សេង វា​ទៅ​ជា​នាំ​ឱ្យ​សង្គម​មួយ​មិន​អនុលោម​ទៅ​តាម​ច្បាប់​ទេ អនុលោម​ទៅ​តាម​ច្បាប់​សាធារណជន។ អ៊ីចឹង​ចំណុច​ហ្នឹង ក៏​យើង​មិន​ចង់​ឃើញ​ដែរ»

វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​បញ្ហា​នេះ ពី​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​លោក ជិន ម៉ាលីន និង​ប្រធាន​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​លោក ប៉ែន បូណា បាន​ទេ នៅថ្ងៃ​ទី​២៥ ខែកញ្ញា ដោយ​ទូរស័ព្ទ​ចូល​តែ​គ្មាន​អ្នក​ទទួល។

អ្នក​ជំនាញ​ច្បាប់ និង​អភិបាលកិច្ច​បែប​ប្រជាធិបតេយ្យ​លោក វ៉ន ចាន់ឡូត បាន​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា តុលាការ​ប្រទេស​អូស្ត្រាលី​បាន​ផ្ដល់​យុត្តិធម៌ ដែល​អាច​ ឱ្យ​គ្រួសារ​ជន​រងគ្រោះ​ទទួល​យក ដោយ​ជន​បង្ក​មិន​អាច​គេច​ផុត​ពី​សំណាញ់​ច្បាប់​ នៅ​ពេល​ប្រព្រឹត្ត​បទ​ល្មើស។ លោកថា ការ​កាត់​ទោស​ធ្ងន់ធ្ងរ​លើ​អ្នក​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ ដែល​ជា​កូន​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​មហាផ្ទៃ​នេះ គឺ​ជា​មេរៀន​សម្រាប់​កម្ពុជា ដើម្បី​ធានា​ដល់​ទំនុក​ចិត្ត​របស់​ប្រជាពលរដ្ឋ និង​ផ្ដល់​យុត្តិធម៌​ជូន​ជន​ រងគ្រោះ។

លោក វ៉ន ចាន់ឡូត៖ «កង្វះ​ទំនុក​ចិត្ត​លើប្រព័ន្ធ​យុត្តិធម៌​កម្ពុជា​ វា​នៅ​តែ​បន្ត​កើត​មាន​ជា​ដដែលៗ។ ចំណុច​ទី២ វប្បធម៌​និទ្ទណ្ឌភាព​នៅ​តែ​ជា​ជំងឺ​មហារីក​ នៅ​ក្នុងក្រសែ ភ្នែក​របស់​ប្រជាពលរដ្ឋ ប្រសិន​បើ​រាជរដ្ឋាភិបាល​មិន​ប្រញាប់​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ឱ្យ​ល្អ​ប្រសើរ ពាក់ព័ន្ធ​នឹង​បទ​ល្មើស​ចរាចរណ៍​នោះ​ទេ»

អ្នក​ឃ្លាំមើល និង​យុវជន លើក​ឡើង​ថា ការ​អនុវត្ត​ច្បាប់​មាន​បទដ្ឋាន​ពីរ ឱ្យ​ជន​ល្មើស​ដែល​ជា​សាច់ញាតិ បក្ខពួក​មាន​លុយ និង​មាន​អំណាច​រួច​ពី​សំណាញ់​ច្បាប់​នោះ ជា​ការ​បង្កើត​ទម្លាប់​ខុស និង​ជា​គំរូ​អាក្រក់​នៅ​ក្នុង​សង្គម ដែល​ខុស​ពី​គោល​នយោបាយ​ពង្រឹង​នីតិរដ្ឋ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។