ប្រជាពលរដ្ឋជាច្រើនគ្រួសារនៅស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ស្ដីបន្ទោសអាជ្ញាធរមូលដ្ឋាន និងរដ្ឋាភិបាលដែលមិនបានពិគ្រោះយោបល់ ជាមួយពលរដ្ឋមុននឹងចាប់ផ្ដើមអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រអាចាង។ ចំណែកអាជ្ញាធរមូលដ្ឋាន បានឆ្លើយថា នេះគឺជាគម្រោងរបស់រដ្ឋាភិបាល ឬថ្នាក់ជាតិត្រូវតែអនុវត្ត រីឯសំណងត្រូវទូទាត់ពីផលប៉ះពាល់យ៉ាងណានោះ អាជ្ញាធរថ្នាក់មូលដ្ឋានមិនបានដឹងឡើយ។
ប្រជាពលរដ្ឋដែលប៉ះពាល់ដីធ្លី និងផ្ទះសម្បែងពីគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រនៅស្រុកបរិបូរណ៍ បានយកឱកាស នៃពិធីអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិលើកទី៦៦ នៅភូមិតាំងត្រពាំង នៃឃុំពេជ្រចង្វា នៅព្រឹកថ្ងៃទី១១ ខែធ្នូ ធ្វើជាវេទិកាបង្ហាញពីទុក្ខកង្វល់របស់ខ្លួន និងសួររកអ្នកធានាការខាតបង់ទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋរាប់រយគ្រួសារ ដោយសារគម្រោងអភិវឌ្ឍន៍ប្រឡាយទឹកនេះ។
តំណាងពលរដ្ឋម្នាក់មកពីឃុំចកលោក យ៉ា សំអុច មានប្រសាសន៍ថា រូបលោក និងពលរដ្ឋផ្សេងទៀតនឹងប្រឆាំងរាល់ការអភិវឌ្ឍន៍ប៉ះពាល់ ឬមិនពិគ្រោះយោបល់ជាមួយពលរដ្ឋជាមុន។ លោកបន្តថា ការវាស់វែង និងបោះបង្គោលកំណត់ព្រំធ្វើប្រឡាយទឹកនេះ បានប៉ះពាល់ដល់ដីស្រែចម្ការ និងផ្ទះពលរដ្ឋជាច្រើនឃុំ ប៉ុន្តែមកដល់ពេលនេះមិនទាន់ដឹងពីការទូទាត់សំណងនៅឡើយ៖ «ឥឡូវគម្រោងធារាសាស្ត្រអាចាង តើនណាហ៊ានធានាថាបម្រើសេចក្ដីត្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋ។ តើឯកឧត្ដម ឬអស់លោកណាហ៊ានធានាថា នឹងដោះស្រាយជូនកសិករឲ្យមានសន្តិភាពទាំងផ្លូវកាយ និងផ្លូវចិត។ ព្រោះខ្ញុំឃើញថា ក្នុងរឿងនេះរដ្ឋាភិបាលខ្ចីលុយចិនយូរយារណាស់មកហើយ ហេតុអ្វីមិនផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋបានដឹងរឿង»។
ចំណែកអភិបាលស្រុកបរិបូរណ៍ និងជំទប់ទី១ឃុំពេជ្រចង្វាបញ្ជាក់ស្រដៀងគ្នាថា បច្ចុប្បន្នពលរដ្ឋប្រហែល៥០ភាគរយហើយ បានដឹងពីគម្រោងអភិវឌ្ឍន៍នេះ ខណៈក្រុមការងារអន្តរក្រសួងចុះស្រង់ផលប៉ះពាល់រួចរាល់នៅឃុំពេជ្រចង្វា និងឃុំអញ្ចាញរូង ហើយកំពុងធ្វើការងារបន្តនៅឃុំពពេល។ ការអនុវត្តការងារជាក់ស្ដែង នៅឃុំពេជ្រចង្វាមានពលរដ្ឋរងផលប៉ះពាល់ចំនួន១២២គ្រួសារ ប៉ុន្តែពលរដ្ឋទាំងនោះបានឆ្លើយ ឬផ្ដិតមេដៃទទួលស្គាល់ផលប៉ះពាល់លើទ្រព្យរបស់ខ្លួន ជូនក្រុមការងារអន្តរក្រសួងតែមួយគ្រួសារប៉ុណ្ណោះ ដោយសារតែពួកគាត់មិនដឹងច្បាស់ពីគម្រោង ហើយខ្លាចបាត់បង់ដី។
អភិបាលស្រុកបរិបូរណ៍លោក ឃួន សៅរុំ ថ្លែងថា គម្រោងអភិវឌ្ឍន៍ជាក់លាក់យ៉ាងណានោះលោកមិនដឹងច្បាស់នៅឡើយ រង់ចាំក្រុមការងារចំនួនពីរក្រុមរបស់អន្តរក្រសួង ចុះវាយតម្លៃផលប៉ះពាល់ចប់សព្វគ្រប់សិន ប៉ុន្តែលោកចង់ឲ្យរដ្ឋាភិបាល ឬអន្តរក្រសួងដែលជាអ្នកអនុវត្តគម្រោងត្រូវទូទាត់សំណងជាមុន ឬទូទាត់ភ្លាមៗនៅពេលអនុវត្តគម្រោងប៉ះ ដោយមិនចាំបាច់ដល់គម្រោងចប់នោះឡើយ។
ឆ្លើយតបបញ្ហានេះអភិបាលរងខេត្តកំពង់ឆ្នាំង និងជាអ្នកទទួលបន្ទុកការងារនេះលោក ចេង ញ៉ាន់ ថ្លែងថា អាជ្ញាធរ ឬអន្តរក្រសួងមានការប្រយ័ត្នប្រយែងបំផុត ចំពោះផលប៉ះពាល់ដល់ពលរដ្ឋ ប៉ុន្តែគេមិនអាចឆ្លើយថាត្រូវទូទាត់របៀបណា ក្នុងតម្លៃប៉ុន្មានចំពោះផលប៉ះពាល់នោះទេ ពីព្រោះសកម្មភាពចុះសិក្សាពីផលប៉ះពាល់កំពុងដំណើរការ។ ប្រជាពលរដ្ឋមានកង្វល់ហួសហេតុ ខណៈអាជ្ញាធរខិតខំគិតគូរលើបញ្ហានេះ ដើម្បីជាប្រយោជន៍សម្រាប់ពួកគាត់។ លោកបញ្ជាក់ថា រាល់គម្រោងមុននឹងអនុវត្តមានការពិភាក្សា ផ្សព្វផ្សាយ និងទូទាត់សំណងផលប៉ះពាលជូនពលរដ្ឋជាមុន។
យោងតាមឯកសារដែលវិទ្យុអាស៊ីសេរី ទទួលបានកាលពីពាក់កណ្ដាលខែវិច្ឆិកា ឆ្នាំ២០១៤ បង្ហាញថា គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រស្ទឹងអាចាង នៅស្រុកបរិបូរណ៍ មានប្រឡាយមេមួយខ្សែប្រវែងជិត ២០គីឡូម៉ែត្រ (១៩.៥០០ម៉ែត្រ) និងប្រឡាយរងចំនួន ១០ខ្សែ ហើយអាចស្រោចស្រពផ្ទៃដីកសិកម្មជាង ១ម៉ឺនហិកតារ (១០.៣០០ហិកតារ) នៅឃុំចំនួន១០ ក្នុងស្រុកបរិបូរណ៍ និងទឹកផុស ខេត្តកំពង់ឆ្នាំង។ ប្រភពខ្លះទៀតបញ្ជាក់ថា ប្រឡាយមេនេះមានទំហំទទឹង ២៥ម៉ែត្រ និងជម្រៅប្រហែល ៥ម៉ែត្រ ស្ថាបនាដោយក្រុមហ៊ុន ស៊ីណូហាយដ្រូ (Cinohydro) ក្រោមជំនួយទឹកប្រាក់របស់ចិន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។