ពលរដ្ឋ​នៅ​​ព្រះវិហារ​បារម្ភ​ពី​ការ​កើន​ឡើង​នៃ​ល្បែងស៊ីសង​និង​ចាក់​កន្ទុយលេខ

ដោយ ហង្ស សាវយុត
2014-11-17
Share

ជាច្រើន​ឆ្នាំ​មក​ហើយ រដ្ឋាភិបាល​កម្ពុជា​តែង​ផ្សព្វផ្សាយ​អំពី​គោលការណ៍​ភូមិ ឃុំ​មាន​សុវត្ថិភាព​ចំនួន​៩​ចំណុច ដែល​ក្នុង​នោះ ក៏​មាន​ការ​លុបបំបាត់​ចោល​ល្បែងស៊ីសង​គ្រប់​ប្រភេទ ដើម្បី​រក្សា​សន្តិសុខ​នៅ​តាម​តំបន់។

ក៏ប៉ុន្តែ​បច្ចុប្បន្ន​ប្រជាពលរដ្ឋ នៅ​ខេត្ត​ព្រះវិហារ​អះអាង​ថា ល្បែង​ស៊ីសង​ជាច្រើន​ប្រភេទ​ដូចជា​ប្រជល់​មាន់​ដាក់​ប្រាក់ និង​ចាក់​កន្ទុយលេខ​ជាដើម កំពុង​កើតមាន​ពេញបន្ទុក ដោយ​មិន​មាន​ការ​បង្ក្រាប​ឡើយ។

ពលរដ្ឋ​មួយ​ចំនួន ក្នុង​ទី​រួម​ខេត្ត​ព្រះវិហារ មាន​ការ​មិន​សប្បាយចិត្ត ចំពោះ​ល្បែងស៊ីសង ដែល​កើតមាន​ជាច្រើន​កន្លែង ដោយ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច និង​ជីវភាព​គ្រួសារ​របស់​ប្រជាពលរដ្ឋ​ខ្លះ ដែល​កំពុងតែ​ក្រីក្រ​ស្រាប់ ឱ្យ​ធ្លាក់​ចុះ​មួយ​កម្រិត​ថែមទៀត​នោះ។

ក្រុម​អ្នកភូមិ​អំពាវនាវ ឱ្យ​អាជ្ញាធរ​ខេត្ត​ព្រះវិហារ ត្រូវតែ​បង្ក្រាប​ល្បែងស៊ីសង​ទាំងនោះ ឱ្យ​អស់​ដើម្បី​កុំ​ឱ្យ​មាននៅ​តាម​ភូមិ​ឃុំ តទៅទៀត។

បុរស​ម្នាក់​រស់នៅ​ក្រុង​ព្រះវិហារ នៃ​ទី​រួម​ខេត្ត​ព្រះវិហារ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ។ គាត់​មាន​ប្រសាសន៍​កាលពី​រសៀល​ថ្ងៃ​ច័ន្ទ​ទី​១៧​ខែ​វិច្ឆិកា​ថា ជា​រៀងរាល់ថ្ងៃ នៅ​ក្នុង​ទី​រួម​ខេត្ត​ព្រះវិហារ​និង​តំបន់ ជាយក្រុង គឺ​មាន​មេ​កន្ទុយលេខ កាន់តែ​ច្រើន​ឡើងៗ ដោយ​មិន​មាន​អាជ្ញាធរ និង​សមត្ថកិច្ច​ណា​ចេញមុខ​បង្ក្រាប​ទេ។ បុរស​ដដែល​បញ្ជាក់​ថា សព្វថ្ងៃ​មាន​អ្នកភូមិ​ជាច្រើន ឈ្លក់​វង្វេង​នឹង​ការ​ចំណាយ​ប្រាក់ ចាក់​កន្ទុយលេខ របស់​ក្រុមហ៊ុន​វៀតណាម ដោយ​មិន​ហ៊ាន​យក​លុយ​ទៅ​ទិញ​ម្ហូប ឬក៏​ទិញ​របស់របរ​ប្រើប្រាស់​ទេ។ ការ​ឈ្លក់​វង្វេង​និង​ការ​ចាក់​កន្ទុយលេខ​នេះ ធ្វើ​ឱ្យ​គ្រួសារ​ខ្លះ កើត​រឿង​ឈ្លោះប្រកែក​គ្នា និង​ខ្លះ​ទៀត​ត្រូវ​ជំពាក់​បំណុល​ធានា​គារ៖ «ឥឡូវ​មេ​ច្រើន​ណាស់​! ក្នុង​ខេត្ត​បើសិនជា​មេ​ធំៗ​ខ្ញុំ ដឹង​មាន​ប្រហែលជា​៣-៤​កន្លែង។ ប៉ុន្តែ​កន្លែង​ចាក់​ធំ​ជាង​គេ​ផ្ទះ​តាស្រួ កន្លែង​ហ្នឹង​លក់​កាហ្វេ​ភ្នាល់​ប្រដាល់ ហើយ​និង​លក់​ឆ្នោត​សម្រាប់​អ្នក​ធំៗ មាន​លុយ​គេ​នៅ​ហ្នឹង ហើយ​តាលី គឺ​ធំ​ជាង​គេ​នៅ​ខេត្ត​ព្រះវិហារ និង​នៅ​មាន​មេ​ជាច្រើន​កន្លែង​ទៀត​ដែល​ខ្ញុំ​រាប់មិនអស់​វា​ច្រើន។ តាមមើល​ប្រហែលជា​បង់​ឱ្យ​សមត្ថកិច្ច​ខ្លះ បានជា​ការលក់ដូរ​ហ្នឹង​ពី​កន្លងមក​ធ្លាប់​មាន​ចាប់​ហើយ​មកវិញ​លក់​ដដែល»

ប្រជាពលរដ្ឋ​ឱ្យ​ដឹង​ថា បច្ចុប្បន្ន​ល្បែង​កន្ទុយលេខ របស់​ក្រុមហ៊ុន​វៀតណាម ដែល​មាន​កូនកញ្ច្រែង​ជាច្រើន​ដើរ​លក់ នៅ​តាម​ភូមិ ចាប់​តាំង​ពី​ព្រឹក រហូតដល់​យប់ គឺ​មាន​រហូតដល់​ទៅ​៧​ប៉ុស្តិ៍។

ប្រភព​ពី​អ្នកភូមិ​ខ្លះ​ទៀត​ឱ្យ​ដឹង​ថា នៅ​ខេត្ត​ព្រះវិហារ ក្រៅ​តែ​ពី​ល្បែង​លក់​កន្ទុយលេខ​កើន​ឡើង ក្នុង​ទីក្រុង និង​តាម​បណ្ដា​ស្រុក​មួយ​ចំនួន​នោះ ក៏​មាន​ល្បែង​ជល់​មាន់​ភ្នាល់​ដាក់​ប្រាក់​១​កន្លែង​ទៀត​នៅ​ភូមិ​ស្រម៉ូវ ជា​តំបន់​ជាយក្រុង។

ទោះ​យ៉ាង​ណា​វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង អភិបាលខេត្ត​ព្រះវិហារ លោក អ៊ុំ ម៉ារ៉ា ដើម្បី​សុំ​ប្រតិកម្ម ជុំវិញ​រឿង​នេះ​បាន​ថា​យ៉ាងណា​នៅឡើយ។

ចំណែក​អភិបាលក្រុង​ព្រះវិហារ​លោក នុត សោភ័ណ បាន​បដិសេធ​មិន​អធិប្បាយ​រឿង​នេះ​ទេ​ដោយ​លោក​មានប្រសាសន៍ថា កំពុង​ជាប់រវល់​ប្រជុំ។

អ្នក​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក (ADHOC) ខេត្ត​ព្រះវិហារ លោក ឡោ ចាន់ ទទួល​ស្គាល់​ថា បច្ចុប្បន្ន​ល្បែង​ចាក់​កន្ទុយលេខ កំពុង​កើន​ឡើង​នៅ​ខេត្ត​ព្រះវិហារ​មែន ក៏ប៉ុន្តែ​លោក​មិន​បាន​ដឹង​ច្បាស់​ពី​ទំហំ​ទឹកប្រាក់ ដែល​គេ​ចាក់​ម្ដងៗ​ប៉ុន្មាន​រៀល ពិតប្រាកដ​ទេ។ លោក ឡោ ចាន់ បាន​ហៅ​ការ​កើន​ឡើង​នៃ​ល្បែងស៊ីសង​នោះ ថា គឺ​វា​កំពុង​ប្រាស់​ចាក​ពី​គោលការណ៍​ភូមិ ឃុំ​មាន​សុវត្ថិភាព របស់​រដ្ឋាភិបាល៖ «បើ​យើង​និយាយ​ពី​ភូមិ ឃុំ​មាន​សុវត្ថិភាព​៩​ចំណុច ដែល​រដ្ឋាភិបាល ចេញ​គោលការណ៍​មក​ឱ្យ​បំបាត់​ល្បែងស៊ីសង នៅ​តាម​ជនបទ នៅ​តាម​ភូមិ ឃុំ​ហ្នឹងឯង ដើម្បី​កុំ​ឱ្យ​មាន​ចោរលួច ចោរឆក់​ប្លន់​អី​ហ្នឹង»

សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក​ខេត្ត​ព្រះវិហារ ឱ្យ​ដឹង​ថា កន្លង​ទៅ​សមត្ថកិច្ច​ខេត្ត​ព្រះវិហារ ក៏​ធ្លាប់​ធ្វើ​ការ​បង្ក្រាប​កន្លែង​លក់​កន្ទុយលេខ​ទាំងនោះ​ដែរ ដោយមាន​មេ​កន្ទុយលេខ​ខ្លះ​ជាប់ពន្ធនាគារ​និង​ខ្លះ​ទៀត​ត្រូវ​បាន​ដោះលែង​វិញ។ ក៏ប៉ុន្តែ​តាម​ការ​សង្កេត​មើល​ជាទូទៅ​ឃើញ​ថា​ការ​បង្ក្រាប​របស់​សមត្ថ​កិច្ច​នោះ គឺ​ធ្វើ​ឡើង​តែមួយ​ប្រ៉ាវៗ ដោយ​មិន​មាន​វិធានការ​តឹងរ៉ឹង​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល