មន្ត្រី​គយ​ជាន់​ខ្ពស់​រង​ការ​ចោទ​ថា​លួច​កែ​អាយុ​ដើម្បី​ពន្យារ​ពេល​ចូល​និវត្តន៍

ដោយ ម៉ម មុនីរតន៍
2017-07-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
គេហទំព័រ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា។ screenshot
គេហទំព័រ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា។ screenshot
screenshot

អគ្គនាយក​រង​ទទួល​បន្ទុក​ផ្នែក​បុគ្គលិក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា រង​ការ​ចោទ​ថា បាន​លួច​កែ​អាយុ​ដើម្បី​ពន្យារ​ពេល​ចូល​និវត្តន៍ ខណៈ​មន្ត្រី​ជាន់​ខ្ពស់​គយ​មួយ​ចំនួន​ទៀត បាន​ដាក់​សំណើ​សុំ​ទៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​សុំ​ពន្យារ​ពេល​ចូល​និវត្តន៍​រួច​ហើយ ថ្វី​បើ​ដល់​អាយុ​ត្រូវ​ចូល​និវត្តន៍​ហើយ​ក្ដី។ ប៉ុន្តែ​មន្ត្រី​ជាន់​ខ្ពស់​គយ និង​រដ្ឋាករ​កម្ពុជា បាន​បដិសេធ​ចំពោះ​បញ្ហា​នេះ។

មន្ត្រី​គយ​មួយ​ចំនួន​បាន​ទម្លាយ​ពី​រឿង​អាស្រូវ​នៃ​អំពើ​ពុករលួយ​នៅ​ក្នុង​ស្ថាប័ន​រក​ចំណូល​មួយ​នេះ​ថា មាន​មន្ត្រី​គ្រាក់ៗ​​ខ្លះ​លួច​កែ​អាយុ​ដើម្បី​ពន្យារ​ពេល​ចូលនិវត្តន៍ ខណៈ​មួយ​ចំនួន​ទៀត បាន​ដាក់​សំណើ​ដោយ​ផ្ទាល់​ទៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រោម​ហេតុផល​ដើម្បី​បំពេញ​កិច្ចការ​បន្ត​ទៀត។

ឯកសារ​ដែល​វិទ្យុ​អាស៊ីសេរី ទទួល​បាន ឲ្យ​ដឹង​ថា មាន​មន្ត្រី​ថ្នាក់​អគ្គនាយក​រង​គយ និង​រដ្ឋាករ​កម្ពុជា មួយ​ចំនួន ដល់​កំណត់​អាយុ​ចូល​និវត្តន៍​ហើយ ប៉ុន្តែ​មន្ត្រី​ទាំង​នោះ បាន​ដាក់​សំណើ​ទៅ​នាយករដ្ឋមន្ត្រី ដើម្បី​បាន​នៅ​ក្នុង​តំណែង​បន្ត​ទៀត។ នៅ​ក្នុង​ឯកសារ​ដដែល​នេះ បាន​បញ្ជាក់​ថា ក្នុង​ចំណោម​អ្នក​ដែល​ស្នើ​សុំ​ពន្យារ​ពេល​ចូល​និវត្តន៍​ក្នុង​នោះ​មាន​លោក ហ៊ីវ គីមហេង ឋានៈ​ជា​អគ្គនាយក​រង​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ ទទួល​បន្ទុក​ផ្នែក​បុគ្គលិក បាន​ស្នើ​ទៅ​ក្រសួង​មុខ​ងារ​សាធារណៈ ដើម្បី​កែ​ឆ្នាំ​កំណើត ក្នុង​បំណង​អាច​នៅ​បំពេញ​ការងារ​បន្ត​ទៀត។ ឯកសារ​បង្ហាញ​ថា លោក ហ៊ីវ គីមហេង កើត​ឆ្នាំ​ពិត​ប្រាកដ គឺ​ឆ្នាំ១៩៥៦ ប៉ុន្តែ​ឯកសារ​ដែល​ទទួល​បាន​គឺ​កែ​កើត​នៅ​ឆ្នាំ​១៩៥៩ វិញ។

មន្ត្រី​គយ​ដែល​កំពុង​បម្រើការ​នៅ​ក្នុង​នាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ត្អូញត្អែរ​ថា ប្រសិន​បើ​មន្ត្រី​គយ​ដែល​ដល់​អាយុ​ត្រូវ​ចូល​និវត្តន៍ បែរ​ជា​នៅ​បន្ត​ពន្យារ​ពេល​ទៀត នោះ​នឹង​ធ្វើ​មន្ត្រី​គយ​ប្រមាណ ៤០០​នាក់​ផ្សេង​ទៀត ដែល​ដល់​ពេល​ចូល​និវត្តន៍​នឹង​អនុវត្ត​តាម​ដែរ។

ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​នេះ អគ្គនាយក​រង​ទទួល​បន្ទុក​ផ្នែក​បុគ្គលិក លោក ហ៊ីវ គីមហេង បដិសេធ​ថា វា​ពុំ​មែន​ជា​ការ​ពិត​ឡើយ។ ជាង​នេះ​ទៀត លោក​ក៏​ពុំ​ដែល​បាន​ដឹង​អំពី​លួច​កែ​អាយុ ឬ​ពន្យារ​ពេល​ដើម្បី​ចូល​និវត្តន៍​នោះ​ដែរ៖ «ទេ! ខ្ញុំ​អត់​ដឹង​ទេ! ខ្ញុំ​កំពុង​តែ​ជាប់​ប្រជុំ​ការងារ​មូលដ្ឋាន»

ដោយ​ឡែក អ្នក​នាំ​ពាក្យ​ក្រសួង​មុខងារ​សាធារណៈ លោក យក់ ប៊ុនណា ច្រានចោល​ការ​ចោទ​ប្រកាន់​ថា ក្រសួង​មុខ​សាធារណៈ ជា​អ្នក​លួច​ធ្វើ​ឯកសារ​ដើម្បី​កែ​អាយុ​មន្ត្រី​រាជការ​ស៊ីវិល ជា​ថ្នូរ​ដើម្បី​បាន​បំពេញ​ការងារ​បន្ត។ មិន​តែ​ប៉ុណ្ណោះ លោក​អះអាង​ថា មក​ដល់​ពេល​នេះ ពុំ​ដែល​បាន​ដឹង​ពី​រឿង​នេះ​ថែម​ទៀត​ផង៖ «ខ្ញុំ​ដូច​អត់​បាន​ព័ត៌មាន​ហ្នឹង​ផង។ ខ្ញុំ​អត់​បាន​ព័ត៌មាន​ហ្នឹង​ផង។ ជា​ធម្មតា​ការ​ចូល​និវត្តន៍​មាន​កំណត់​អាយុ​រួច​ទៅ​ហើយ ក្របខ័ណ្ឌ​ណា អាយុ​ប៉ុន្មាន មាន​ក្របខ័ណ្ឌ ៥៨ មាន ៥៥ និង​មាន ៦០»

ច្បាប់​ស្ដីពី​សហ​លក្ខន្តិកៈ​មន្ត្រី​រាជការ​ស៊ីវិល មាត្រា ៥៤ ចែង​ថា មន្ត្រី​រាជការ​ទាំង​ពីរ​ភេទ​ត្រូវ​ដាក់​ឲ្យ​ចូល​និវត្តន៍​ជា​កំហិត​ពេល​ដល់​អាយុ ៥៥​ឆ្នាំ។ ប៉ុន្តែ​អាយុ​កំហិត​នេះ​អាច​រំកិល​ដល់ ៦០​ឆ្នាំ​បាន បើ​លក្ខន្តិកៈ​ដោយ​ឡែក​បាន​កំណត់។

លោក សន ជ័យ ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា យល់​ឃើញ​ថា រឿង​នេះ​វា​នឹង​មិន​ប៉ះពាល់​អ្វី​ធំដុំ​ទៅ​ដល់​ថវិកា​ជាតិ​ទេ ប៉ុន្តែ​អ្វី​ដែល​ជា​រឿង​មិន​ត្រូវ​អនុវត្ត​នោះ គឺ​វា​ជា​ការ​ប្រព្រឹត្ត​ល្មើស​នឹង​ច្បាប់។ ជាង​នេះ​ទៀត ការ​ពន្យារ​ពេល​ចូល​និវត្តន៍​តាម​មធ្យោបាយ​ផ្សេងៗ​នេះ បាន​ជំរុញ​ឲ្យ​យុវជន​ជា​ច្រើន ត្រូវ​ប្រឈម​នឹង​វិបត្តិ​ការងារ​នៅ​ក្នុង​សង្គម។

លោក​បន្ត​ថា រឹតតែ​ជា​បញ្ហា​ទៀត​នោះ ការ​បន្ត​ស្ថិត​ក្នុង​មុខ​តំណែង​នេះ ប្រាកដ​ណាស់​អាច​ជា​ថ្នូរ​ទៅ​នឹង​ផលប្រយោជន៍ និង​លាភសក្ការៈ៖ «រឿង​ពន្យារ​ពេល​ដើម្បី​បន្ត​ការងារ​បន្ត​ទៀត ខ្ញុំ​គិត​ថា វា​គួរ​ត្រូវ​បាន​បញ្ចប់​ហើយ។ ការ​សុំ​ពន្យារ​ពេល​វា​អត់​មាន​ហេតុផល​អី​ក្រៅ​ពី​គេ​ហៅ​ថា ផល​ប្រយោជន៍​ទេ»

អ្នក​ជំនាញ​ផ្នែក​អភិបាល​កិច្ច សង្កេត​ឃើញ​ថា នៅ​ក្នុង​សង្គម​បច្ចុប្បន្ន មន្ត្រី​រាជការ​ស៊ីវិល​ដែល​បម្រើ​ការ​នៅ​តាម​មន្ទីរ ឬ​ក្រសួង​ដែល​រក​ចំណូល​មិន​បាន ហើយ​សូម​ចូល​និវត្តន៍​មុន​អាយុ​ដែល​ច្បាប់​កំណត់ ប៉ុន្តែ​កម្រ​ឃើញ​អនុញ្ញាត​ណាស់។ ផ្ទុយ​ទៅ​វិញ ស្ថាប័ន​ដែល​រក​ចំណូល​បាន ឬ​អ្នក​ដែល​កាន់​កន្លែង​ខ្លាញ់ ជា​ញឹកញាប់​បើ​ទោះ​ជា​ដល់​ពេល​កំណត់​ត្រូវ​ចូល​និវត្តន៍ ក៏​អាច​នៅ​ស្នើ​សុំ​បន្ត​ភារកិច្ច ក្រោម​ហេតុផល​ជាតិ និង​សង្គម​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល