គ្រូបង្រៀនវិទ្យាល័យមួយនៅកំពង់ឆ្នាំងស្នើស៊ើបអង្កេតអំពើពុករលួយក្នុងការបើកប្រាក់ខែ
2014.12.30
សមាជិកក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង នៃគណបក្សសង្គ្រោះជាតិ រកឃើញពីភាពមិនប្រក្រតីនៃការបើកប្រាក់បៀវត្សរ៍ក្នុងវិស័យអប់រំរបស់ខេត្តនេះ។ ពួកគេអះអាងថា បច្ចុប្បន្នយ៉ាងហោចណាស់មានឈ្មោះគ្រូបង្រៀនកម្រិតវិទ្យាល័យ និងបឋមសិក្សាចំនួន ៥នាក់ មិនដែលទៅបំពេញការងារ ឬបង្រៀនទាល់តែសោះ ប៉ុន្តែមានឈ្មោះបើកប្រាក់បៀវត្សរ៍ជារៀងរាល់ខែ។
ក្រុមគ្រូបង្រៀន និងសមាជិកក្រុមប្រឹក្សាខេត្តរបស់គណបក្សប្រឆាំង ស្នើឲ្យក្រសួងអប់រំ និងស្ថាប័នពាក់ព័ន្ធ បើកការស៊ើបអង្កេតពេញលេញមួយ ទាក់ទងករណីកេងបន្លំថវិកាជាតិ ឬប្រើឈ្មោះខ្មោចដើម្បីបើកប្រាក់ខែនៅវិទ្យាល័យ ហ៊ុន សែន បរិបូរណ៍ និងនៅសាលារៀនខ្លះទៀតដែលមានបញ្ហាដូចគ្នានេះ។
លោកគ្រូ ហុក សេងថៃ លោក វ៉ាន់ ចាន់និច អ្នកស្រី ទូច ភារ៉ា និងលោក ស្រេង សម្ផស្សណា គ្រូបង្រៀននៅវិទ្យាល័យបរិបូរណ៍ និងនាយកសាលាបឋមសិក្សាច្រកត្នោត ស្រុកសាមគ្គីមានជ័យ លោក ដុស អេន ត្រូវគេចោទថា ចេញក្រៅប្រទេស និងខ្លះរកស៊ីនៅផ្ទះ តែមានឈ្មោះបើកប្រាក់ខែ។
សមាជិកក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង លោក ហែម សម្ផស្ស ថ្លែងនៅថ្ងៃទី៣០ ខែធ្នូ ថា គ្រូបង្រៀនទាំងនេះមិនបានមកបង្រៀន តែមានឈ្មោះបើកប្រាក់រាល់ខែតាំងពីឆ្នាំ២០១២។ ក្រៅពីនេះលោកដឹងថា មន្ត្រីការិយាល័យបុគ្គលិកនៃមន្ទីរអប់រំ បានប្រព្រឹត្តអំពើពុករលួយ និងបក្ខពួកនិយម តាមរយៈការសុំផ្លាស់ប្ដូរសាលាបង្រៀន ដោយសុំដូរទីតាំងបង្រៀនក្នុងស្រុក គឺយក ១៥០ដុល្លារ ទៅ ២០០ដុល្លារ បើដូរឆ្លងស្រុកយក ៣០០ដុល្លារ ទៅ ៤០០ដុល្លារ ហើយបើសុំប្ដូរឆ្លងខេត្តយក ៦០០ដុល្លារ។ លោកសន្និដ្ឋានថា ថវិកាពុករលួយរាប់សិបម៉ឺនរៀលនេះ អាចត្រូវរ៉ូវគ្នានៅត្រឹមនាយកសាលា ឬថ្នាក់ការិយាល័យអប់រំស្រុក៖ «ខ្ញុំទៅបើកលុយ ដល់បើកលុយមានគ្រូៗប្រាប់ព័ត៌មានមកខ្ញុំ។ ពួកគាត់ប្រាប់ម្នាក់ទៅកូរ៉េ និងម្នាក់ទៅអាហ្វ្រិក មែន ហើយអ្នកបាត់ (មិនមកបង្រៀន) គេថាព្យួរឈ្មោះ តែប្រាក់ខែនៅតែឃើញបើក»។
ឆ្លើយតបបញ្ហានេះ នាយកវិទ្យាល័យ ហ៊ុន សែន បរិបូរណ៍ លោក លីវ ប៊ុនកា ថ្លែងបដិសេធថា នៅអំឡុងពេលគ្រូព្យួរឈ្មោះ ឬមិនបំពេញការងារ ពុំមានឈ្មោះបើកប្រាក់ខែដូចការចោទប្រកាន់ឡើយ។ លោកថា បុគ្គលិក ៣នាក់ក្នុងចំណោម ៤នាក់ លែងជាបុគ្គលិកនៅក្នុងសាលារបស់លោកប្រហែល ២ឆ្នាំហើយ ចំណែកបុគ្គលិកម្នាក់ជាប់អាហារូបករណ៍ទៅប្រទេសចិន តែមានសិទ្ធិបើកប្រាក់ខែ៖ «រឿងរាក់ជ្រៅទៅលើទៀតខ្ញុំអត់ដឹងទេ ប៉ុន្តែឈ្មោះប៉ុន្មានហ្នឹង (គ្រូទាំងបួននាក់) ចេញពីអង្គភាពខ្ញុំពីរនាក់ហើយ ហើយម្នាក់ទៀតព្យួរ និងម្នាក់ទៀតទៅរៀននៅប្រទេសចិន គេមានសិទ្ធិបើកលុយណាបង»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ឆ្នាំង លោក ពេជ្រ សំបូរ ដើម្បីសុំការបញ្ជាក់បន្ថែមជុំវិញបញ្ហានេះបានទេ រហូតមកដល់ល្ងាចថ្ងៃទី៣០ ខែធ្នូ។
ចំណែកប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ប្រចាំខេត្តកំពង់ឆ្នាំង លោក ជួន ចាំ ថ្លែងថា លោកមិនទាន់ទទួលបានព័ត៌មាននេះនៅឡើយទេ ប៉ុន្តែលោកអះអាងថា ប្រសិនបើមានករណីគ្រូបង្រៀនមិនបានបំពេញការងារសោះ ហើយបើកប្រាក់ខែនោះ គឺជារឿងពុករលួយ និងខុសច្បាប់។ លោកស្នើឲ្យក្រសួង ឬមន្ទីរ ស៊ើបអង្កេតករណីនេះឲ្យបានច្បាស់ ដើម្បីបញ្ចៀសការរិះគន់ និងភាពស្អាតស្អំក្នុងវិស័យអប់រំ៕