តុលាការខេត្តបន្ទាយមានជ័យសន្និដ្ឋានបឋមថាលោក ឈាន ពិសិដ្ឋ ពិតជារងគ្រោះមែន
2016.12.28

អយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ចេញសេចក្ដីសន្និដ្ឋានបឋមថា នាយរងប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត លោក ឈាន ពិសិដ្ឋ ពិតជារងរបួសនៅជើងស្តាំ រហូតដួលសន្លប់ ដោយសារលោក ឌិន ពុទ្ធី មន្ត្រីរបស់គណបក្សប្រឆាំងបើករថយន្តបុក។
សេចក្ដីថ្លែងការណ៍របស់តុលាការខេត្តកាលថ្ងៃអង្គារ ទី២៧ ខែធ្នូ បញ្ជាក់ទៀតថា លោក ឈាន ពិសិដ្ឋ ពិតជារងគ្រោះថ្នាក់មែន ដោយមិនមែនជាការធ្វើពុតដើម្បីទម្លាក់កំហុសលើឈ្មោះ ឌិន ពុទ្ធី នោះទេ។
សេចក្ដីសន្និដ្ឋាននេះធ្វើឡើងក្រោយពីអ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងក្នុង និងក្រៅប្រទេស បានបង្កើតឈុតវីដេអូកំប្លែងខ្លីៗ ក្នុងន័យចម្អក ឌឺដង និងសម្ដែងការហួសចិត្តចំពោះព្រឹត្តិការណ៍ដែលកើតឡើងនៅក្រុងប៉ោយប៉ែត ដែលឈានទៅដល់ការបញ្ជូននាយរងប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត លោក ឈាន ពិសិដ្ឋ ទៅកាន់មន្ទីរពេទ្យ និងបញ្ជូនប្រធានសហគមន៍ពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា និងជាមន្ត្រីគណបក្សសង្គ្រោះជាតិ លោក ឌិន ពុទ្ធី ទៅឃុំខ្លួននៅពន្ធនាគារខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី២៤ ខែធ្នូ ក្រោមបទចោទថា បង្កហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស។
អយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ស្នើសុំឲ្យសាធារណជនទាំងអស់រក្សាភាពស្ងៀមស្ងាត់ និង សុំកុំឲ្យធ្វើសេចក្ដីសន្និដ្ឋានដោយគ្មានភ័ស្តុតាង និងព័ត៌មានច្បាស់លាស់។ សេចក្ដីថ្លែងការណ៍ដដែលបានស្នើឲ្យសាធារណជន រង់ចាំលទ្ធផលចំណាត់ការនីតិវិធីតុលាការបញ្ចប់។
មុននេះមួយថ្ងៃ លោក ស ខេង បានបញ្ជាឲ្យសមត្ថកិច្ចពាក់ព័ន្ធពិនិត្យករណីចោទថា លោក ឌិន ពុទ្ធី បើកឡានបុកនាយរងប៉ុស្តិ៍អន្តរជាតិប៉ោយប៉ែត លោក ឈាន ពិសិដ្ឋ នោះឡើងវិញ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានបញ្ចេញប្រតិកម្មក្នុងរឿងនេះដែរ ដោយរិះគន់តំណាងរាស្ត្របក្សប្រឆាំងលោក អេង ឆៃអ៊ាង ដែលហ៊ានវិភាគស្ថានភាពនគរបាលដែលគេថា ធ្វើពុតជាដួលសន្លប់ដោយដៃនៅកាន់ក្តាប់សោឡាន និងវិទ្យុទាក់ទងអត់ពន្លែង ទោះជាអះអាងថា បានដួលសន្លប់ក៏ដោយ។
ហេតុការណ៍ដែលកើតលើស្ពានមិត្តភាពកម្ពុជា-ថៃ នៅក្រុងប៉ោយប៉ែត កាលពីថ្ងៃទីព្រហស្បតិ៍ ទី២២ ខែធ្នូ កន្លងទៅនេះ ត្រូវបានសាក្សីម្នាក់ថតបានជាឃ្លិបវីដេអូខ្លីមួយ ដែលបង្ហាញផ្នែកខ្លះ ឃើញលោក ឈាន ពិសិដ្ឋ ដួលសន្លប់នៅមុខឡានលោក ឌិន ពុទ្ធី។ វីដេអូនេះ ត្រូវបានគេបង្ហោះ និងចែកចាយលើទំព័រហ្វេសប៊ុកព្រោងព្រាត។ អ្នកលេងហ្វេសប៊ុក ភាគច្រើនបញ្ចេញមតិថា នគរបាលអន្តោប្រវេសន៍ ដែលដួលមុខឡានរបស់លោក ឌិន ពុទ្ធី នោះជាការសម្ដែង ប៉ុន្តែតួនោះសម្ដែងមិនសម។ ទោះជាយ៉ាងណាក្ដី ករណីនេះគេនៅមិនទាន់រកឃើញខុសត្រូវពិតប្រាកដយ៉ាងណានោះទេ៕