អាជ្ញាធរស្រុកព្រៃនប់ហាមពលរដ្ឋងូតទឹកបឹងជើងគោបន្ទាប់ពីក្រពើជាច្រើនក្បាលរួចចូលក្នុងបឹង
2018.07.16
អាជ្ញាធរស្រុកព្រៃនប់ ខេត្តព្រះសីហនុ ហាមពលរដ្ឋ និងក្មេងតូចៗចុះងូតទឹក ក្នុងអាងស្តុកទឹកបឹងជើងគោ ក្រោយពីអ្នកភូមិដាក់មងជាប់បានសត្វក្រពើជាច្រើនក្បាល។
អភិបាលស្រុកព្រៃនប់លោក សរ កក្កដា បានប្រាប់កាសែតភ្នំពេញប៉ុស្តិ៍ នៅថ្ងៃទី១៦ ខែកក្កដា នេះថា ប្រជានេសាទបានដាក់មងជាប់សត្វក្រពើចំនួន ៥ក្បាល កាលពីពេលថ្មីៗនេះ។ លោកបន្តថា សត្វក្រពើមិនត្រូវបានប្រជានេសាទប្រទះឃើញ ឬដាក់មងបានទេពីមុនមកទេ ប៉ុន្តែចាប់ពីមានកសិដ្ឋានចិញ្ចឹមក្រពើធំមួយនៅក្បែរអាងស្តុកទឹកនេះមក សត្វក្រពើត្រូវបានគេប្រទះឃើញ និងដាក់មងបានជាបន្តបន្ទាប់។
អ្នកគ្រប់គ្រងកសិដ្ឋានចិញ្ចឹមក្រពើ លោក សើន រិទ្ធី ដែលមានទីតាំងស្ថិតនៅភូមិវាលធំ ស្រុកព្រៃនប់ ក្បែរអាងស្តុកទឹកនោះ បានទទួលស្គាល់ថា សត្វក្រពើមួយចំនួនបានរួចចេញពីកសិដ្ឋានរបស់លោកកាលពីមួយសប្ដាហ៍មុន ហើយបច្ចុប្បន្ន ក្រុមបុគ្គលិករបស់លោក កំពុងជួសជុលរបង និងអាងក្រពើនោះឡើងវិញ។ លោក បន្តថា កសិដ្ឋានចិញ្ចឹមក្រពើនេះ មានសរុបចំនួន ៣ពាន់ ២រយក្បាល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។