បច្ចុប្បន្ន នៅពេលដែលការសាងសង់ផ្លូវជាតិ ឬស្ពានថ្នល់ ព្រមទាំងអគារសាធារណៈធំៗរួចរាល់ គេតែងតែឃើញប្រមុខរដ្ឋាភិបាល ឬក៏មន្ត្រីថ្នាក់ជាតិ ជាដើម ទៅធ្វើពិធីបើកសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ ដោយកាត់ខ្សែបូជានិមិត្តរូប។ ចំណែកនៅឯភូមិលាងដៃ ឃុំលាងដៃ នៃស្រុកអង្គរធំ មិនឆ្ងាយប៉ុន្មានពីតំបន់អង្គរ ខេត្តសៀមរាប វិញ គឺអ្នកភូមិមិនធ្វើពិធីដូចគ្នានេះទេ។ ពួកគេបាននាំគ្នាធ្វើពិធីបែបបុរាណដែលបានបន្សល់ទុក ដោយមានការបួងសួងសុំឆ្លងផ្លូវ ស្ពាន ព្រមទាំងមានពិធីក្រុងពាលី សែនព្រេនជូនម្ចាស់ទឹកដី ហើយនិងមានបញ្ចូលរូបទៅតាមទំនៀមទម្លាប់ដែលមនុស្សសម័យថ្មីកម្របានឃើញ។
ភូមិលាងដៃ គឺជាភូមិមួយដែលស្ថិតនៅតំបន់អង្គរធំ ចម្ងាយប្រមាណ ១៦គីឡូម៉ែត្រភាគខាងជើងឆៀងខាងលិចពីទីរួមខេត្តសៀមរាប។
ទីនោះនៅមានប្រជាពលរដ្ឋដែលរស់នៅដោយប្រកាន់ខ្ជាប់តាមទំនៀមទម្លាប់ វប្បធម៌ ប្រពៃណីរបស់ខ្មែរបុរាណនៅឡើយ ដូចជាមនុស្សស្រីចាស់ៗជាច្រើននៅតែនាំគ្នាស្លៀកសំពត់ចងក្បិន ហូបស្លាម្លូ ព្រមទាំងមានជំនឿទៅលើព្រលឹងអារុក្ខអារក្ខអ្នកតា និងម្ចាស់ទឹកម្ចាស់ដី ជាដើម។
កាលពីល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា កន្លងទៅ អ្នកភូមិលាងដៃ បានទទួលអំណោយផ្លូវលំក្រាលក្រួសក្រហមមួយខ្សែប្រវែង ១.៦០០ម៉ែត្រពីអាជ្ញាធរអប្សរា។ ពួកគេបាននាំគ្នាធ្វើពិធីបួងសួងសុំឆ្លងផ្លូវ និងស្ពានតាមបែបប្រពៃណីដូនតាដែលបានបន្សល់ទុក ជានិមិត្តរូបបើកឲ្យប្រើប្រាស់ផ្លូវស្ពាននោះ។
ពិធីបួងសួងតាមបែបបុរាណនេះ គឺគេបានធ្វើរោងមួយយ៉ាងធំនៅចំកណ្ដាលវាល ហើយគេបានយកបាយសីដែលរំលេចទៅដោយទៀនធូប និងផ្កាភ្ញី ដាក់រាយគ្រប់ទិសធំទាំងបួននៅជុំវិញរោងបុណ្យ ព្រមទាំងលើកទង់ជ្វាលា ដោយមានភ្លេងពិណពាទ្យប្រគំបួងសួងថ្វាយព្រលឹងអារុក្ខអារក្ខអ្នកតា ទេវតា ម្ចាស់ទឹកម្ចាស់ដី ឲ្យដឹងឮ និងជួយប្រសិទ្ធិពរជ័យសេរីសួស្តីដល់អ្នកភូមិគ្រប់រូប ព្រមទាំងអ្នកដំណើរជិតឆ្ងាយដែលឆ្លងកាត់ផ្លូវនេះផង។
«សំឡេងភ្លេង»
ចាស់ព្រឹទ្ធាចារ្យដែលចេះចាំពិធីនេះជាងគេ ហើយកំពុងតែបង្រៀនអ្នកភូមិលាងដៃ ឲ្យស្នងតំណែងបន្តសម្រាប់អនាគត គឺលោកអាចារ្យ ពាង។ លោកមានប្រសាសន៍ថា ពិធីបួងសួងសុំឆ្លងស្ពានថ្នល់នេះ គឺប្រៀបដូចជាសម័យបច្ចុប្បន្ន គេធ្វើពិធីសម្ពោធឲ្យប្រើប្រាស់ផ្លូវស្ពានដូច្នេះដែរ ក៏ប៉ុន្តែដោយសារតែភូមិរបស់លោកមានប្រពៃណីពីបរមបុរាណ និងជឿលើទេវតាថែរក្សា និងវត្ថុស័ក្តិសិទ្ធិ ព្រមទាំងព្រលឹងអារុក្ខអារក្ខអ្នកតា ម្ចាស់ទឹក ម្ចាស់ដី គឺលោកមិនអាចធ្វើពិធីសម្ពោធដូចសម័យបច្ចុប្បន្នបានទេ មានតែធ្វើតាមទំនៀមទម្លាប់ប្រពៃណីបុរាណដែលអ្នកភូមិរបស់លោកធ្លាប់ធ្វើតគ្នាជាច្រើនជំនាន់មកហើយ។
លោកអាចារ្យ ពាង មានប្រសាសន៍ទៀតថា ការធ្វើពិធីបួងសួងសុំឆ្លងផ្លូវស្ពាន ព្រមទាំងក្រុងពាលីថ្វាយម្ចាស់ទឹកម្ចាស់ដីនេះ គឺរូបលោក ព្រមទាំងអ្នកភូមិមានជំនឿថា វាអាចនាំមកនូវសេចក្តីសុខសប្បាយសម្រាប់អ្នកធ្វើដំណើរលើផ្លូវនេះ ដោយមិនមានគ្រោះថ្នាក់ ឬក៏មានឧបទ្រពចង្រៃមកយាយីជាដើម។ លោកជឿថា ផ្លូវថ្មីដែលនឹងប្រើប្រាស់នេះ គឺសុទ្ធតែមានព្រលឹងម្ចាស់ទឹកម្ចាស់ដីនៅថែរក្សា៖ «មានម្ចាស់ទឹកដីដែលគេកាន់ជាប់នៅហ្នឹងនេះ។ អ៊ីចឹងបានជាយើងធ្វើដើម្បីប្រាប់អស់ម្ចាស់ទឹកម្ចាស់ដី ឲ្យគេដឹងឮ និងជួយថែរក្សាឲ្យបានសុខទាំងអស់គ្នា»។
នៅក្នុងពិធីបួងសួងបែបបរមបុរាណ ដែលមនុស្សសម័យថ្មីជាច្រើនកម្របានជួបនេះ ក្រៅតែមានព្រះសង្ឃសូត្រធម៌ ប្រោះព្រំចម្រើនព្រះបរិត្ត ក៏មានពិធីក្រុងពាលី អំពាវនាវសុំឲ្យវត្ថុស័ក្តិសិទ្ធិ ព្រមទាំងទេវតាថែរក្សាគ្រប់ទិសទី ជួយប្រសិទ្ធិពរជ័យបវរសួស្ដីលើអ្នកភូមិ និងអ្នកដំណើរជិតឆ្ងាយចាប់ពីពេលនេះតទៅផង។
បន្ថែមពីលើនេះ ក្រុមអ្នកភូមិបានធ្វើពិធីបញ្ចូលរូប ដោយមានដាក់ថ្វាយចេកទុំ នំចំណី មាន់ស្ងោរ ក្បាលជ្រូក និងគ្រឿងស្រវឹង ជាដើម ដើម្បីឲ្យវិញ្ញាណអារុក្ខអារក្ខអ្នកតា ដែលចូលមកសណ្ឋិតបានសេពសោយ ហើយសប្បាយចិត្ត និងជួយថែរក្សាដល់ពួកគេឲ្យមានសេចក្តីសុខ។
ក្រុមអ្នកភូមិលាងដៃ ទាំងអស់សុទ្ធតែមានជំនឿយ៉ាងមុតមាំទៅលើពិធីបួងសួង ដែលពួកគេនាំគ្នាធ្វើនេះ ព្រមទាំងបង្ហាញសេចក្តីស្រឡាញ់ថា ពួកគេនឹងបន្តថែរក្សាប្រពៃណីបែបនេះមិនឲ្យបាត់បង់ជាដាច់ខាត។
ស្ត្រីវ័យ ៦៥ឆ្នាំម្នាក់ក្នុងចំណោមអ្នកភូមិលាងដៃ ជាច្រើនទៀត លោកស្រី ហៃ វឿន មានប្រសាសន៍ថា ប្រពៃណីបែបនេះ គាត់ធ្លាប់ឃើញនៅក្នុងភូមិតាំងតែពីគាត់ធំដឹងក្តីមក។ ស្ត្រីដដែលបញ្ជាក់ថា កាលពីគាត់នៅក្មេងៗ ជីតា និងឪពុករបស់គាត់ តែងដឹកនាំធ្វើពិធីបួងសួង នៅពេលដែលសង់ផ្ទះថ្មី ធ្វើផ្លូវថ្មី ឬក៏សាងសង់សាលាឆទានរួចរាល់ ជាដើម៖ «ខ្ញុំពេញចិត្ត បានជាខ្ញុំខំឲ្យរហាមតាំងពីម្សិលមក មិនទាន់បានហូបបាយផង។ ពិធីនេះ ខ្ញុំស្រឡាញ់ណាស់ ព្រោះ ពីព្រោះធ្វើទៅបានសុខ សុខទាំងអ្នកភូមិ សុខទាំងបងប្អូនដែលធ្វើដំណើរឆ្លងកាត់»។
បុរសអ្នកភូមិលាងដៃ ដែលកំពុងរៀនក្បួនរៀបចំពិធីបួងសួងនេះបន្តវេនពីចាស់ព្រឹទ្ធាចារ្យ លោក ឈើយ ឆប មានប្រសាសន៍ថា លោកមិនចង់ឲ្យប្រពៃណីដ៏កម្រនេះរលាយបាត់ពីភូមិរបស់លោកនៅពេលខាងមុខទេ៖ «ពិធីបរមបុរាណបួងសួងសុំឲ្យសុខសប្បាយនៅពេល ដែលចាស់ជំនាន់មុនបាត់អស់ទៅ មកដល់ជំនាន់មួយទៀត គឺតែងតែធ្វើបុណ្យបួងសួងដូច្នេះនៅក្នុងភូមិខ្ញុំ»។
មន្ត្រីអាជ្ញាធរអប្សរា ទទួលស្គាល់ថា ភូមិលាងដៃ នៃឃុំលាងដៃ ស្រុកអង្គរធំ ដែលនៅជិតបរិវេណប្រាសាទអង្គរធំបំផុតនោះ ក្រៅតែពីមានវប្បធម៌ល្អឯកនៃប្រាសាទបុរាណជាច្រើន ក៏នៅមានវប្បធម៌អរូបិយលើមនុស្សដែលកំពុងរស់នៅផងដែរ។
អគ្គនាយករងនៃអាជ្ញាធរអប្សរា លោក សឺង គង់ អំពាវនាវឲ្យអ្នកភូមិលាងដៃ ទាំងអស់ ជួយការពារ និងថែរក្សាសម្បត្តិវប្បធម៌ជាតិ ដូចជាប្រាសាទបុរាណ និងវប្បធម៌ប្រពៃណីបរមបុរាណ ដែលអ្នកភូមិបានបន្សល់ទុកជាច្រើនជំនាន់មកហើយឲ្យគង់វង្សយូរអង្វែងតទៅទៀត៖ «សូមអំពាវនាវបងប្អូននៅក្នុងតំបន់នេះ ពីព្រោះជាតំបន់ប្រវត្តិសាស្ត្រ សូមបងប្អូនមេត្តាជួយថែរក្សាការពារនូវសម្បត្តិវប្បធម៌របស់យើង»។
អ្នកស្រាវជ្រាវប្រពៃណីទំនៀមទម្លាប់ខ្មែរ ឲ្យដឹងថា ពិធីបួងសួងសុំឆ្លងផ្លូវ និងស្ពានថ្មី ដែលអ្នកភូមិលាងដៃ នាំគ្នាប្រារព្ធធ្វើនេះ គឺជាប្រពៃណីរបស់ខ្មែរដែលបានបន្សល់ទុករាប់ពាន់ឆ្នាំមកហើយ ពីព្រោះតាមការសិក្សាបង្ហាញថា ចាប់តាំងពីជនជាតិខ្មែរមានទឹកដីនៅមុនសតវត្សទី១ នៃគ្រិស្ដសករាជមកម្ល៉េះ គឺខ្មែរបានគោរពប្រតិបត្តិទៅលើព្រលឹងអារុក្ខអារក្ខអ្នកតាម្ចាស់ទឹកម្ចាស់ដី ឲ្យជួយការពារ និងថែរក្សាឲ្យមានសេចក្តីសុខ ថ្កុំថ្កើង និងរីកចម្រើន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។