សាខា​គយ​ខេត្ត​ព្រះសីហនុ​ចាប់​បាន​រថយន្ត​សេរី​ទំនើប​ចង្កូត​ស្ដាំ​បន្លំ​ពន្ធ​៩​គ្រឿង

ដោយ ជាតិ ចំណាន
2019.01.10
និមិត្ត​សញ្ញា ​អាស៊ីសេរី ៦២២ និមិត្ត​សញ្ញា​អាស៊ីសេរី។
Photo: RFA

មន្ត្រី​ឃ្លាំមើល​សង្គម​គាំទ្រ​ការ​រឹបអូស​រថយន្ត​គេច​ពន្ធ​ជាច្រើន​គ្រឿង​ធ្វើជា​សម្បត្តិ​រដ្ឋ និង​លើកទឹកចិត្ត​ឲ្យ​មន្ត្រី​ស្ថាប័ន​ជំនាញ​ពាន់​ព័ន្ធ បន្ត​ពង្រឹង​ការងារ​ប្រយុទ្ធ​នឹង​ការ​រត់ពន្ធ​បន្ថែម​ទៀត។

ប្រធាន​សាខា​គយ និង​រដ្ឋាករ​ខេត្ត​ព្រះសីហនុ លោក ទុំ ណូ បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​១០ ខែ​មករា ថា ស្ថាប័ន​នេះ បាន​សហការ​ចុះ​ចាប់ និង​បង្ក្រាប ចាប់​រថយន្ត​សេរី​ទំនើប​ចង្កូត​ស្ដាំ​បន្លំ​ពន្ធ​ចំនួន ៩​គ្រឿងក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ ដើម្បី​យក​មក​រក្សាទុក​នៅ​សាខា​គយ និង​រដ្ឋាករ​ខេត្ត​ព្រះសីហនុ។ លោក ទុំ ណូ បញ្ជាក់​ថា រថយន្ត​ទំនើប​ចង្កូត​ស្តាំ​បន្លំ​ពន្ធ​ទាំងនេះ នឹង​ត្រូវ​ដកហូត​ទុកជា​ទ្រព្យសម្បត្តិ​រដ្ឋ ដោយ​មិន​មាន​ការ​ដោះស្រាយ​បង់​ជា​ប្រាក់​ពិន័យ​ឲ្យ​ម្ចាស់​នាំ​យក​ទៅវិញ​នោះ​ទេ។ ទាក់ទិន​បញ្ហា​នេះ អ្នកស្រី ជាប សុធារី មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក ប្រចាំ​ខេត្ត​ព្រះសីហនុ បាន​គាំទ្រ​ចំពោះ​ការ​ចុះ​អនុវត្ត​ការងារ ដ៏​មាន​ប្រសិទ្ធភាព​របស់​មន្ត្រី​ជំនាញ​សាខា​គយ និង​រដ្ឋាករ​ខេត្ត​នេះ ព្រមទាំង​មន្ត្រី​ជំនាញ​ស្ថាប័ន​ពាក់ព័ន្ធ ដែល​បាន​បង្ហាញ​ពី​សកម្មភាព​មាន​ភាព​វិជ្ជមាន​ច្រើន៖ «តាមពិត​កន្លងមក​យើង​ចង់​ឲ្យ​មន្ត្រី​ជំនាញ​ទាំងអស់ មានការ​ទទួលខុសត្រូវ​ក្នុង​ការ​បំពេញ​ភារកិច្ច របស់​ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ។ ជាពិសេស​ទាក់ទង​ការងារ​ពិនិត្យ​ពន្ធ​យានយន្ត​គ្រប់​ប្រភេទ​ឲ្យ​មាន​ប្រសិទ្ធភាព​។ ប៉ុន្តែ​ឥឡូវ​យើង​ឃើញ​ថា ជា​លទ្ធផល​ការងារ របស់​មន្ត្រី​គយ និង​រដ្ឋាករ ព្រមទាំង​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​ប៉ុន្មាន​ថ្ងៃ​មកនេះ គឺ​មាន​ការ​ផ្លាស់ប្ដូរ​មាន​ផល​វិជ្ជមាន​ច្រើន​គួរ​ឲ្យ​កត់សម្គាល់។ អ៊ីចឹង​ករណី​នេះ វា​ជា​គំរូ​មួយ​ដ៏​ល្អ​ប្រសើរ ហើយ​យើង​គាំទ្រ និង​លើកទឹកចិត្ត ដោយ​សង្ឃឹមថា មន្ត្រី​សាខា​គយ និង​រដ្ឋាករ ក៏ដូចជា​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​នឹង​ពង្រឹង​ការងារ របស់​ខ្លួន​ឲ្យ​បាន​ល្អ​ថែមទៀត»

ចំណែក លោក សន ជ័យ ប្រធាន​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា មាន​ប្រសាសន៍​ថា រថយន្ត​ចង្កូត​ស្ដាំ​មិន​គួរ​លើកទឹកចិត្ត ឲ្យ​មានការ​នាំចូល​មក​ប្រើប្រាស់​នៅ​កម្ពុជា​ទៀត​ទេ។ លោក​ស្វាគមន៍​ចំពោះ​ចំណាត់​ការ របស់​មន្ត្រី​ជំនាញ​គយ និង​រដ្ឋាករ ដែល​បាន​ទប់ស្កាត់​ការ​រត់ពន្ធ​រថយន្ត​ចង្កូត​ស្តាំ​គេច​ពន្ធ​ចូល​មក​កម្ពុជា​។ លោក​បន្ត​ថា ចំពោះ​រថយន្ត​ចង្កូត​ស្ដាំ​នេះ គួរតែ​មន្ត្រី​ជំនាញ​ស្ថាប័ន​ពាក់ព័ន្ធ រួមគ្នា​ទប់ស្កាត់​កុំ​ឲ្យ​នាំ​ចូល​មក​កម្ពុជា​ជា​បន្ត​ទៀត​នា​ថ្ងៃ​ខាងមុខ ព្រោះ​វា​បាន​បង្ក​ហានិភ័យ​ខ្ពស់​ក្នុង​ការ​បើកបរ​តាម​ផ្លូវ​សាធារណៈ៖ «បើ​យើង​មើល​ពី​ហានិភ័យ​វិញ គឺ​រថយន្ត​ចង្កូត​ស្ដាំ បង្ក​ហានិភ័យ​ខ្ពស់​ក្នុង​ការ​បើកបរ។ អញ្ចឹង​យើង​មិន​លើកទឹកចិត្ត​ឲ្យ​មានការ​នាំចូល​រថយន្ត​ចង្កូត​ស្ដាំ​នេះ​ចូល​មក​កម្ពុជា​ទៀត។ ហើយ​ចំពោះ​ការទប់ស្កាត់​គួរតែ​កើតមាន ដែល​នេះ​ជា​វិធានការ​មួយ ដែល​ខ្ញុំ​យល់ថា វា​មិនមែន​ជា​វិធានការ​ទប់ស្កាត់​ការ​រំលោភ​ច្បាប់​តែប៉ុណ្ណោះ​នោះ​ទេ ប៉ុន្តែ​វា​ក៏​ជា​ការ​រួមចំណែក​ដល់​ការ​គិត​គួរ​ពី​ហានិភ័យ​ពី​ការប្រើប្រាស់​យានយន្ត​ចង្កូត​ស្ដាំ នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​ផង​ដែរ»

សាខា​គយ និង​រដ្ឋាករ​ខេត្ត​ព្រះសីហនុ បាន​បង្ក្រាប​បទល្មើស​គេច​ពន្ធ​បាន​ជាង ១២០​ករណី​រួម​មាន​ការ​គេច​ពន្ធ​យានយន្ត និង​ទំនិញ​ផ្សេងៗ​មួយ​ចំនួន​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។