មន្ត្រី​គយ​ប្រគល់​ទូរស័ព្ទ​ដល់​ម្ចាស់​ហាង​នៅ​ខេត្ត​ត្បូងឃ្មុំ​វិញ​ក្រោយ​រង​ការរិះគន់​ពី​មហាជន

2024.06.05
មន្ត្រី​គយ​ប្រគល់​ទូរស័ព្ទ​ដល់​ម្ចាស់​ហាង​នៅ​ខេត្ត​ត្បូងឃ្មុំ​វិញ​ក្រោយ​រង​ការរិះគន់​ពី​មហាជន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និង​ជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា លោក គុណ ញឹម។
រូប៖ ហ្វេសប៊ុក​អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា

ក្រោយ​មាន​ការ​រិះគន់​លើ​វិធានការ​ចុះ​ចាប់​ទូរស័ព្ទ និង​រឹបអូស​ពី​ម្ចាស់​ហាង​ជាច្រើន​គ្រឿង មន្ត្រី​គយ​នៅ​ថ្ងៃទី៤ ខែ​មិថុនា បាន​សម្រេច​ប្រគល់​ទូរស័ព្ទ​ជាង ១​ពាន់​គ្រឿង​ឱ្យ​ម្ចាស់​ហាង​វិញ​ហើយ​។ តាម​ការ​បង្ហោះ​សំណេរ​លើ​បណ្ដាញ​សង្គម​របស់​ម្ចាស់​ហាង​ទូរស័ព្ទ​ឈ្មោះ​រដ្ឋា មេមត់ ដែល​ត្រូវ​មន្ត្រី​គយ ដកហូត​ទូរស័ព្ទ ក្នុង​ខេត្ត​ត្បូងឃ្មុំ ឱ្យ​ដឹង​ថា ហាង​របស់​ពួកគេ​បាន​ទទួល​ទូរស័ព្ទ​វិញ​ហើយ។ ចំណែក​ហាង​ពីរ​ផ្សេងទៀត​គឺ​ហាង ណាតូ លក់​ទូរស័ព្ទ និង ហាង​ឈ្មោះ ពិសិដ្ឋ ក៏បាន​ប្រកាស​ពី​ការ​ទទួល​បាន​ទូរស័ព្ទ​មក វិញ​ផង​ដែរ។

តាម​ការ​ផ្សព្វផ្សាយ​របស់​សារព័ត៌មាន​ក្នុងស្រុក ឱ្យ​ដឹង​ថា ការ​ប្រគល់​ទូរស័ព្ទ​ឱ្យ​ម្ចាស់​ហាង​វិញ​នេះ គឺ​បន្ទាប់ពី​មាន​ការ​ជួបពិភាក្សា​គ្នា​ដោះស្រាយ​រវាង​មន្ត្រី​គយ និង​ម្ចាស់​ទូរស័ព្ទ ដោយមាន​ការ​ជួយ​សម្រួល​ពី​ក្រុមហ៊ុន​នាំចូល ដោយ​ក្រុម​អាជីវករ​បាន​ស្នើ​ឱ្យ​មាន​ការ​បន្ធូរបន្ថយ​ការ​ពិន័យ​ផង​ដែរ។​ទោះជា​យ៉ាងណា ការ​ចុះទៅ​រឹបអូស​ទូរស័ព្ទ ពី​អាជីវករ​នៅ​ខេត្ត​ត្បូងឃ្មុំ ទាំង​ឆៅៗ កន្លង​ទៅ​នេះ បាន​ធ្វើ​ឱ្យ​អាជីវករ​លក់​ទូរស័ព្ទ នៅ​តាម​បណ្ដា​ខេត្ត​ផ្សេងទៀត ភ័យខ្លាច និង​នាំគ្នា​បិទ​ហាង​ស្ងាត់ជ្រងំ ទន្ទឹម​គ្នា​នេះ មហាជន​លើ​បណ្ដាញ​សង្គម​បាន​រិះគន់​ថា មន្ត្រី​គយ​យក​ច្បាប់​ទៅ​គាបសង្កត់​យក​លុយ​ពលរដ្ឋ និង​រំខាន​ការ​រកស៊ី​របស់​ពួកគេ។

ទាក់ទិន​រឿង​នេះ​ដែរ ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា បាន​បង្ហោះ​សារ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក នៅ​ថ្ងៃទី​០៥ មិថុនា ថា កម្ពុជា​គឺជា​ប្រទេស ដែល​យកពន្ធ​តិច និង​អនុគ្រោះ​បំផុត តែ​ការ​អភិវឌ្ឍ​លឿន​រហ័ស​។ លោក​បន្ត​ថា រដ្ឋាភិបាល បាន​គិត​គូរ​ជា​អាទិភាព និង​ព្យាយាម​បញ្ចៀស​ពលរដ្ឋ​ក្រីក្រ និង​អ្នកមាន​ចំណូល​ទាប​មិន​ឱ្យ​ពួកគេ​ជាប់ពន្ធ​ឡើយ។

ទោះជា​បែបនេះ​ក្ដី យុទ្ធនាការ​ប្រមូល​ពន្ធ​របស់​រដ្ឋាភិបាល​លើ​អចលនទ្រព្យ កាលពី​ឆ្នាំ​២០២៣ កន្លង​ទៅ​នេះ បាន​ទទួលរង​ការរិះគន់​ពី​សំណាក់​ប្រជាពលរដ្ឋ និង​ក្រុម​មន្ត្រី​របស់​គណបក្ស​ប្រជាជន​កម្ពុជា ខ្លួន​ឯង​ថា រដ្ឋាភិបាល​ធ្វើការ​ងារ​ច្របូកច្របល់​សង្កត់ក ទារ​លុយ​ពលរដ្ឋ​ក្នុង​ស្ថានភាព​សេដ្ឋកិច្ច​កំពុង​លំបាក​ស្រាប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។