ឪពុក​ជន​សង្ស័យ​​បើក​រថយន្ត​បុក​និស្សិត​ស្រី​ម្នាក់​ស្លាប់ ​នឹង​បញ្ជូន​កូនស្រី​របស់​ខ្លួន​ទៅ​សមត្ថកិច្ច

ដោយ សន ចាន់រដ្ឋា
2019-03-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រូបភាពអ្នក​បើក​រថយន្ត​ទំនើប​ម៉ាក់ ឡង់រូវ័រ (Rang Rover) ពណ៌​ខ្មៅ​មួយ​គ្រឿង បើក​បុក​និស្សិត​ស្រី​ម្នាក់​កំពុង​ធ្វើ​ដំណើរ​ពេញ​មួយ​ទំហឹង ដែល​ថត​ដោយ​កាម៉េរាសុវត្ថិភាព កាល​ពី​ថ្ងៃ​ទី២៦ ខែ​មីនា ឆ្នាំ​២០១៩។
រូបភាពអ្នក​បើក​រថយន្ត​ទំនើប​ម៉ាក់ ឡង់រូវ័រ (Rang Rover) ពណ៌​ខ្មៅ​មួយ​គ្រឿង បើក​បុក​និស្សិត​ស្រី​ម្នាក់​កំពុង​ធ្វើ​ដំណើរ​ពេញ​មួយ​ទំហឹង ដែល​ថត​ដោយ​កាម៉េរាសុវត្ថិភាព កាល​ពី​ថ្ងៃ​ទី២៦ ខែ​មីនា ឆ្នាំ​២០១៩។
Screenshot

ក្រុម​មេធាវី​ស្ម័គ្រចិត្ត​របស់​ លោក ហ៊ុន សែន បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា​ ឪពុក​របស់​នារី​ជា​​ជនសង្ស័យ​បើក​រថយន្ត​បុក​និស្សិត​ស្រី​ ឈ្មោះ​ ឌុំ រីដា​ ស្លាប់​ នឹង​បញ្ជូន​កូនស្រី​របស់​ខ្លួន​ទៅ​ស្នងការដ្ឋាន​នគរបាល​ជាតិ នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​មីនា​នេះ។

គ្រោះថ្នាក់​ចរាចរណ៍​ដែល​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី២៦​ ខែ​មីនា​ បង្ក​ដោយ​នារី​ម្នាក់​ឈ្មោះ​ យិន ម៉ាណា ដែល​ជា​កូន​របស់​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​សៀមរាប លោក យិន ង្គិច បាន​ធ្វើ​និស្សិត​ស្រី​ម្នាក់​ វ័យ​ ២២ឆ្នាំ​ ដែល​ជិត​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​បាន​ស្លាប់។

ឪពុក​របស់​ជន​បង្ក​លោក យិន ង្គិច កាល​ពី​ថ្ងៃ​ទី២៧ ខែ​មីនា បាន​ទទួល​ស្គាល់​ថា អ្នក​បើក​រថយន្ត​បុក​ជនរងគ្រោះ​នោះ​គឺ​ពិតជា​កូនស្រី​របស់​ខ្លួន​ឈ្មោះ​ យិន ម៉ាណា ប្រាកដ​មែន។

គ្រួសារ​ជន​បង្ក​ក៏​បាន​ផ្ដល់​ប្រាក់​ចំនួន​ប្រាំ​ពាន់​ដុល្លារ ដើម្បី​ចូលរួម​បុណ្យ​សព​របស់​និស្សិត​ស្រី​ឈ្មោះ​ ឌុំ រីដា ដែល​ត្រូវ​កូនស្រី​របស់​ខ្លួន​បើក​រថយន្ត​បុក​រហូត​ដល់​ស្លាប់។

ក្រោយពេល​សមត្ថកិច្ច​បាន​ស្រាវជ្រាវ​ឃើញ​ថា នារី​ឈ្មោះ​ យិន ម៉ាណា ជា​អ្នក​បើក​រថយន្ត​បុក​មនុស្ស​បណ្ដាល​ឱ្យ​ស្លាប់​ សមត្ថកិច្ច​មិនបាន​ចាត់​វិធាន​ការ​ភ្លាម​ៗនោះ​ទេ។

ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ លោក ស ថេត បាន​ទុក​ពេល​ដល់​ក្រុម​គ្រួសារ​អ្នក​បើក​រថយន្ត​បុក​គេ​ស្លាប់​រយៈពេល​បី​ថ្ងៃ ដើម្បី​នាំ​ខ្លួន​ជន​បង្ក​ ដែល​ជា​កូនស្រី​ចូល​មក​បង្ហាញខ្លួន​ដើម្បី​ចាត់ការ​តាម​ផ្លូវ​ច្បាប់។

សង្គម​ស៊ីវិល​លើកឡើង​ថា អាជ្ញាធរ​គួរ​អនុវត្ត​ច្បាប់​ភ្លាម​ៗ ជា​ជាង​ការយោគយល់​ចំពោះ​ជន​បង្ក​ដែល​បើក​រថយន្ត​ បុក​និស្សិត​ស្រី​ម្នាក់​ដែល​ជិត​បញ្ចប់​ការសិក្សា​រហូតដល់​ស្លាប់​ កាលពី​ថ្ងៃ​ទី​២៦ ខែ​មីនា។

ប្រធាន​គ្រប់គ្រង​ការិយាល័យ​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត​ មានប្រសាសន៍​នៅ​ថ្ងៃ​ទី​២៨ ខែ​មីនា ថា អាជ្ញាធរ​គួរ​ពន្លឿន​ចំណាត់ការ​របស់​ខ្លួន​ ដើម្បី​ផ្ដល់​ភាព​យុត្តិធម៌​ដល់​ក្រុម​គ្រួសារ​របស់​ជនរងគ្រោះ​ឱ្យ​បាន​ឆាប់។ លោក​ថា ការយោគយល់​មិន​អនុវត្ត​ច្បាប់​ភ្លាម​ៗ ចំពោះ​គ្រួសារ​ជន​បង្ក​ដែល​ជា​មន្ត្រី​រាជការ នឹង​នាំ​ឱ្យ​មានការ​រិះគន់​ពីសំណាក់​សាធារណៈ​ចំពោះ​ការអនុវត្ត​ច្បាប់​របស់​អាជ្ញាធរ៖ «ជនរងគ្រោះ​គាត់​ចង់​តែ​បាន (យុត្តិធម៌) ឆាប់​ទេ ទីពីរ​ការ​ធ្វើ​ការ​ក៏​យើង​មិន​អាច​រង់ចាំ​អ្នក​ចូល​ដែរ​ ចុះបើ​ចេះ​តែ​ពន្យារ​ទៅ​យើង​ធ្វើ​ម៉េច រឿង​ហ្នឹង​យើង​ត្រូវ​តែ​អនុវត្តន៍​តាម​វិធានការ តាម​ផ្លូវ​ច្បាប់ ហើយ​យើង​ធ្វើ​ម៉េច​កុំ​អោយ​គេ​មើល​ឃើញ​ថា​ការអនុវត្ត​ច្បាប់​ហ្នឹង​វា​មិន​ស្មើ​ភាព​គ្នា ថា​ប្រសិន​បើ​រាស្ត្រ​សាមញ្ញ​អី​យើង​អនុវត្ត​ភ្លាមៗ ហើយ​បើ​សិន​ទាក់ទង​អ្នកធ្វើការ ឬ​មាន​ឪពុក​ធានា​ហើយ​យើង​ពន្យារ​អញ្ចឹង​ធ្វើ​អោយ​មាន​ការរិះគន់​ទៅ​វិញ»

សង្គម​ស៊ីវិល​ស្នើ​ដល់​រដ្ឋាភិបាល​ឱ្យ​មានការ​អប់រំ​បន្ថែម​អំពី​ការ​បើកបរ និង​រឹត​បន្តឹង​ជុំវិញ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ជាពិសេស​ការ​ត្រួតពិនិត្យ​លើ​ការ​ប្រើ​ប្រាស់​គ្រឿងស្រវឹង និង​គ្រឿងញៀន​ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ដែលគេ​សង្កេតឃើញ​ថា​កើតមាន​ជា​ញឹកញាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា។ សង្គម​ស៊ីវិល​ក៏​ស្នើ​ដល់​អាជ្ញាធរ​ឱ្យ​អនុវត្ត​ច្បាប់​ដោយ​ស្មើភាព​គ្នា មិន​គួរ​មានការ​យោគយល់​ចំពោះ​បុគ្គល​ណា​ម្នាក់​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល