ពលរដ្ឋ​ដែល​ចាញ់​បោក​ក្រុមហ៊ុន​លក់​ផ្ទះ​ល្វែង​នៅ​ដង្កោ​ស្នើសុំ​អន្តរាគមន៍​ពី​លោក ហ៊ុន សែន

ដោយ ស្ងួន អមរា
2018.06.02
សំណង់ ផ្ទះ​ល្វែង ៨៥៥ ការដ្ឋាន​សំណង់​ផ្ទះ​ល្វែង​នៅ​ជាយ​ក្រុង​ភ្នំពេញ កាល​ពី​​ថ្ងៃ​ទី​៦ ខែ​ធ្នូ ឆ្នាំ​២០១១។
Photo: RFA

ពលរដ្ឋ​ដែល​អះអាង​ថា បាន​ចាញ់​បោក​ក្រុមហ៊ុន​លក់​ផ្ទះ​ល្វែង​មួយ​កន្លែង នៅ​ខណ្ឌ​ដង្កោ រាជ​ធានី​ភ្នំពេញ ស្នើសុំ​ឲ្យ​លោក​នាយករដ្ឋមន្ត្រី​ពន្លឿន​ការ​ធ្វើ​អន្តរាគមន៍​ឲ្យ​ឧកញ៉ា ដែល​ជា​ម្ចាស់​ក្រុមហ៊ុន​ចូល​ខ្លួន​ដោះ​ស្រាយ និង​សង​ប្រាក់​ជូន​ពលរដ្ឋ​វិញ។

អ្នក​ចាញ់​បោក​ឧកញ៉ា​ថៅកែ​ផ្ទះ​ល្វែង​នៅ​ខណ្ឌ​ដង្កោ អះអាង​ថា មាន​ចំនួន ១០៤​គ្រួសារ ហើយ​ពួក​គាត់​ជា​មន្ត្រី​រាជការ នគរបាល គ្រូបង្រៀន បុគ្គលិក​ក្រុមហ៊ុន អង្គការ សមាគម អាជីវករ និង​ពលរដ្ឋ​ទូទៅ។ ពលរដ្ឋ​បន្ត​ថា ពួក​គាត់​បាន​នាំ​គ្នា​ទិញ​គម្រោង​ផ្ទះ​ល្វែង​មួយ​កន្លែង​នៅ​ភូមិ​ទ័ព​បោះ និង​ភូមិ​ត្រពាំង​ស្វាយ ក្នុង​សង្កាត់​ព្រៃ​វែង ខណ្ឌ​ដង្កោ ពី​បុគ្គល​ម្នាក់​ឈ្មោះ ប៊ុណ្ណច័ន្ទ គ្រីស្នា ជា​ម្ចាស់​គម្រោង​សាងសង់​ផ្ទះ​ល្វែង ដោយ​រួម​គំនិត​ជាមួយ​ក្រុមហ៊ុន ហ្វាយ អេស រៀលធីគ្រុប (5S Realty Group Co. Ltd)

ពលរដ្ឋ​ម្នាក់ ឈ្មោះ នឹម នាងនិរតី ថ្លែង​ថា អ្នក​ភូមិ​បាន​ចាញ់​បោក​គម្រោង​ផ្ទះ​ល្វែង​នេះ តាំង​ពី​ឆ្នាំ​២០១៧​មក។ ស្ត្រី​រូប​នេះ​បញ្ជាក់​ថា ពលរដ្ឋ​ដែល​ចាញ់​បោក​ក្រុមហ៊ុន បាន​ដើរ​ដាក់​ញត្តិ​សុំ​កិច្ច​អន្តរាគមន៍ តាម​ស្ថាប័ន​រដ្ឋ​ជា​ច្រើន​មក​ហើយ នៅ​តែ​គ្មាន​ដំណោះ​ស្រាយ ព្រោះ​ម្ចាស់​គម្រោង​នេះ គឺ​លោក ប៊ុណ្ណ​ច័ន្ទ គ្រីស្នា មាន​ងារ​ជា​ឧកញ៉ា ហើយ​មិន​មាន​ស្ថាប័ន​ណា​ហ៊ាន​ដោះ​ស្រាយ​ឲ្យ​ពលរដ្ឋ​រង​គ្រោះ​ទេ។ ពលរដ្ឋ​រង​គ្រោះ​រូប​នេះ ឲ្យ​ដឹង​ទៀត​ថា ឧកញ៉ា​ម្ចាស់​គម្រោង​ផ្ទះ​ល្វែង​មួយ​នេះ មាន​មុខ​របរ​ច្រើន​ណាស់ ហើយ​ភាគ​ច្រើន គឺ​ដើរ​បោក​ប្រាស់​ពលរដ្ឋ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ទៀត។

កាលពីថ្ងៃទី៣១ ខែ​ឧសភា តំណាង​ពលរដ្ឋ​រង​គ្រោះ​ជា​ច្រើន​នាក់ បាន​នាំ​គ្នា​យក​ញត្តិ​ទៅ​ដាក់​ជូន​ខុទ្ទកាល័យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ក្រោម​ដើម​ពោធិ៍​មុខ​វត្ត​បទុមវតី ក្រុង​ភ្នំពេញ ក្នុង​បំណង​ស្នើសុំ​ឲ្យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយ​ធ្វើ​អន្តរាគមន៍​ឲ្យ​លោក ប៊ុណ្ណាចន្ទ័ គ្រីស្នា និង​ក្រុមហ៊ុន ហ្វាយ​អេស រៀលធី គ្រុប (5S Realty Group Co. Ltd) ចូល​ខ្លួន​មក​ដោះស្រាយ និង​សង​ប្រាក់​ជូន​ពួក​គាត់​វិញ​ឲ្យ​គ្រប់​ចំនួន។ ពលរដ្ឋ​អះអាង​ថា ច្រើន​ឆ្នាំ​មក​នេះ ពួក​គាត់​បាន​យក​ញត្តិ​ទៅ​ស្នើសុំ​អន្តរាគមន៍​នៅ​តាម​ស្ថាប័ន និង​ឯកជន​ជា​ច្រើន ដូចជា ក្រសួង​មហាផ្ទៃ ក្រសួង​ដែនដី និង​ក្រសួង​ព័ត៌មាន​ជា​ដើម។ ប៉ុន្តែ នៅ​តែ​គ្មាន​ដំណោះ​ស្រាយ​ដដែល។

ក្នុង​ញត្តិ​របស់​ពលរដ្ឋ​ដែល​បាន​ដាក់​ទៅ​ខុទ្ទកាល័យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​រៀបរាប់​ថា ដំបូង ឈ្មោះ ប៊ុណ្ណច័ន្ទ គ្រីស្នា បាន​ដើរ​ទិញ​ដី​ពី​ពលរដ្ឋ​រស់​នៅ​ភូមិ​ទ័ព​បោះ និង​ភូមិ​ត្រពាំង​ស្វាយ ប៉ុន្តែ​មិន​ទាន់​ឲ្យ​លុយ​គ្រប់ ១០០​ភាគ​រយ​នៃ​ថ្លៃ​ដី​ទេ ដោយ​គ្រាន់​តែ​កក់​ប្រាក់​ខ្លះ ហើយ​បន្ទាប់​មក លោក ប៊ុណ្ណច័ន្ទ គ្រីស្នា បាន​ប្រកាស​លក់​ផ្ទះ​ល្វែង​ឲ្យ​អតិថិជន និង​ធ្វើ​កិច្ច​សន្យា​ជាមួយ​អតិថិជន​ថា ផ្ទះ​ល្វែង​នឹង​ចាប់​ផ្ដើម​សាងសង់​នៅ​ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ២០១៧ ហើយ​រយៈ​ពេល ១២ខែ នឹង​សាងសង់​រួច​រាល់​ជា​ស្ថាពរ។ ចំណែក​អតិថិជន​ណា ដែល​បង់​លុយ​ជា​ដំណាក់​កាល​ប្រចាំ​ខែ​យឺតយ៉ាវ នឹង​ត្រូវ​ទទួល​ការ​ផាក​ពិន័យ​ពី​ក្រុមហ៊ុន។ ក្នុង​រយៈ​ពេល​សាងសង់​នោះ ពលរដ្ឋ​អះអាង​ថា ក្រុមហ៊ុន​សាង​សង់​មិន​ទាន់​បាន​មួយ​ខែ​ផង គឺ​នៅ​កំឡុង​ខែមេសា ឆ្នាំ២០១៧ ក្រុមហ៊ុន​បាន​ផ្អាក​ការ​សាងសង់។ ពលរដ្ឋ​បាន​នាំ​គ្នា​ទៅ​សួរ​នាំ​ជា​ច្រើន​ដង ប៉ុន្តែ ម្ចាស់​ក្រុមហ៊ុន​ប្រាប់​ភូតភរ​ពលរដ្ឋ ដោយ​គ្រាន់​តែ​សន្យា​ថា សាង​សង់​ឡើង​វិញ​ជា​ច្រើន​ដង។

នៅ​ថ្ងៃ​ទី៣០ ខែ​សីហា ឆ្នាំ២០១៧ ពលរដ្ឋ​ចាញ់​បោក​ក្រុមហ៊ុន បាន​នាំ​គ្នា​ទៅ​សួរ​នាំ​ដល់​ទីស្នាក់ការ​ធំ របស់​ក្រុមហ៊ុន ហ្វាយ​អេស រៀលធី គ្រុប នៅ​សង្កាត់​បឹង​កេងកង​ទី១ ខណ្ឌ​ចម្ការ​មន និង​ទៅ​រក​លោក​ប៊ុណ្ណច័ន្ទ គ្រីស្នា ដល់​ផ្ទះ តែ​ពួក​គាត់​បាន​រត់​គេច​ខ្លួន​រហូត​ដល់​សព្វថ្ងៃ។

អាស៊ី​សេរី​មិន​អាច​រក​ប្រភព​ទាក់ទង លោក ប៊ុណ្ណច័ន្ទ គ្រីសា្ន និង​ក្រុមហ៊ុន ហ្វាយ​អេស រៀលធី គ្រុប (5S Realty Group Co. Ltd) ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​ការ​ចោទ​ប្រកាន់​របស់​ពលរដ្ឋ​បាន​ទេ នៅ​ថ្ងៃ​ទី០១ មិថុនា។ ប៉ុន្តែ កាល​ពី​ថ្ងៃ​ទី​៣១ ខែឧសភា មន្ត្រី​ខុទ្ទកាល័យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺ​លោក គង់ ចំរើន បាន​ចុះ​ហត្ថលេខា​ទទួល​យក​ញត្តិ​ស្នើសុំ​របស់​ពលរដ្ឋ​ចាញ់​បោក​ក្រុមហ៊ុន​ផ្ទះ​ល្វែង​នោះ​រួច​រាល់​ហើយ។

អ្នក​នាំ​ពាក្យ​សមាគម​សិទ្ធិមនុស្ស អាដហុក លោក ស៊ឹង សែនករុណា លើក​ទឹក​ចិត្ត​ឲ្យ​សមត្ថកិច្ច​ចាត់​វិធានការ​ផ្លូវ​ច្បាប់​លើ​ជន​ណា ដែល​បោក​ប្រាស់​ពលរដ្ឋ​បែប​នេះ។ សង្គម​ស៊ីវិល​យល់​ថា ជា​កាតព្វកិច្ច​របស់​រដ្ឋ គឺ​សមត្ថកិច្ច​ត្រូវ​តែ​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ឲ្យ​បាន​តឹងរ៉ឹង លើ​ជន​ដែល​ប្រព្រឹត្តិ​អំពើ​បោក​ប្រាស់​ពលរដ្ឋ ដើម្បី​កាត់​បន្ថយ​ការ​ឆបោក​របៀប​នេះ​ត​ទៅ​ទៀត។

ពលរដ្ឋ ហៅ ទង្វើរបស់ឧកញ្ញ៉ា ប៊ុណ្ណច័ន្ទ គ្រីស្នា ដែល​ប្រើប្រាស់​ល្បិច​ស្មោកគ្រោក​បោក​ប្រាស់​លុយ​ពលរដ្ឋ​ក្រីក្រ​បែប​នេះ ជា​ការ​បន្សល់​ទុក​នូវ​ក្ដី​វេទនា​ជា​ច្រើន​ដល់​ពួក​គាត់ ព្រោះ​លុយ​ដែល​ពួក​គាត់​បង់​ប្រចាំ​ខែ ឬ​អ្នក​ខ្លះ​បាន​បង់ ១០០​ភាគ​រយ​នៃ​ថ្លៃ​ផ្ទះ​នោះ ជា​លុយ​បាន​មក​ពី​បៀវត្ស​ប្រចាំ​ខែ​បន្តិច​បន្តួច​របស់​ពួក​គាត់ ហើយ​លុយ​ខ្លះ បាន​មក​ពី​ការ​ខ្ចី​ធនាគារ​យក​ទៅ​បង់​រំលោះ​ផ្ទះ។ ពួក​គាត់​ត្រូវ​បង់​សង​ធនាគារ​វិញ​ជា​ប្រចាំ​ខែ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។