ការ​បាត់បង់​ព្រៃឈើ​បាន​រុញច្រាន​ឲ្យ​ជនជាតិ​ដើម​ភាគ​តិច​បាត់​ចំណូល​និង​បំណុល​វ័ណ្ឌក

ដោយ ហេង សាកល
2017-11-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ដើមឈើ​ផលិត​ជ័រ​ទឹក​របស់​ជនជាតិ​ដើម​ភាគតិច​កួយ ឋិត​នៅ​បរិវេណ​ដី​ព្រៃ​សហគមន៍​ភ្នំ​ជម្រក​សត្វ​របស់​ឃុំ​សំអាង ស្រុក​ថាឡាបរិវ៉ាត់ ខែត្រ​ស្ទឹងត្រែង។ រូបថត​កាល​ពី​ខែ​មេសា ឆ្នាំ​២០១៧។
ដើមឈើ​ផលិត​ជ័រ​ទឹក​របស់​ជនជាតិ​ដើម​ភាគតិច​កួយ ឋិត​នៅ​បរិវេណ​ដី​ព្រៃ​សហគមន៍​ភ្នំ​ជម្រក​សត្វ​របស់​ឃុំ​សំអាង ស្រុក​ថាឡាបរិវ៉ាត់ ខែត្រ​ស្ទឹងត្រែង។ រូបថត​កាល​ពី​ខែ​មេសា ឆ្នាំ​២០១៧។
RFA/Men Sothyr

កសិករ និង​ជនជាតិ​ដើម​ភាគតិច​នៅ​ខែត្រ​ភាគ​ឦសាន ព្រួយបារម្ភ​ពី​វិបត្តិ​សេដ្ឋកិច្ច​ដែល​កំពុង​ចាក់​ស្រេះ​ជីវភាព​ពួកគាត់​ធ្ងន់ធ្ងរ បន្ទាប់ពី​បរាជ័យ​ក្នុង​ការ​ស្វែងរក​ប្រាក់ចំណូល នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ។ ជនជាតិ​ដើម​ភាគតិច​បាន​ចាត់​ទុក​ការ​បាត់បង់​ព្រៃឈើ ជា​ធាតុ​ផ្សំ​សំខាន់ ដែល​បាន​រុញច្រាន​ឲ្យ​ជីវភាព​ពួកគាត់​ធ្លាក់​ចុះ រីឯ​តម្លៃ​កសិកម្ម​ធ្លាក់​ថ្លៃ ក៏​ជា​បន្ទុក​បន្ថែម​ទៀត នាំ​ឲ្យ​ពលរដ្ឋ​ផុងខ្លួន​នឹង​បំណុល​ធនាគារ។ ពលរដ្ឋ​មួយ​ចំនួន​ស្ដី​បន្ទោស​រដ្ឋាភិបាល​ថា មិនបាន​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ពួកគាត់​នោះ​ទេ ពោល​រដ្ឋាភិបាល គិតតែ​រឿង​ប្រយោជន៍​នយោបាយ​ចាញ់​ឈ្នះ​ជាមួយ​បក្ស​ប្រឆាំង។

កសិករ ជនជាតិ​ដើម​ភាគតិច និង​ពលរដ្ឋ​នៅ​ខែត្រ​ស្ទឹងត្រែង ត្អូញត្អែរ​ពី​បំណុល​ធនាគារ និង​ការ​ស្វែងរក​ប្រាក់ចំណូល​បាន​ធ្លាក់​ចុះ​ខ្លាំង នៅ​រយៈពេល​៣​ឆ្នាំ​ចុង​ក្រោយនេះ បង្ក​ឲ្យ​កសិករ​ខ្លះ​លក់​ដីស្រែ​ចម្ការ និង​ទ្រព្យសម្បត្តិ​ដើម្បី​សង​ម្ចាស់បំណុល ហើយ​កសិករ​ខ្លះ​រត់ចោលស្រុក​ព្រោះ​គ្មាន​ប្រាក់​បង្វិល​សង​ម្ចាស់បំណុល នៅ​គ្រា​ដែល​មុខរបរ​កសិកម្ម និង​ការស្វែងរក​ប្រាក់ចំណូល​របស់​ពួកគាត់​ត្រូវ​បរាជ័យ។ បញ្ហា​នេះ ពួកគេ​បាន​ទម្លាក់​កំហុស​ទៅលើ​រដ្ឋាភិបាល ថា​មិនបាន​យក​ចិត្តទុកដាក់ លើក​កម្ពស់​តម្លៃ​កសិផល​នោះ​ទេ បែរជា​ខំ​តែ​រក​វិធីសាស្ត្រ​វាយបំបាក់​បក្ស​ប្រឆាំង​ទៅវិញ។

កសិករ​រស់នៅ​ភូមិ​អន្លង់ក្រមួន ឃុំ​ស្រែឫស្សី ស្រុក​ថាឡាបរិវ៉ាត់ ខែត្រ​ស្ទឹងត្រែង លោក សុខ ធឿង ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី២៧ វិច្ឆិកា ថា អ្នកភូមិ​ខ្លះ​ធ្វើ​ចំណាកស្រុក និង​កសិករ​មួយ​ចំនួន​ទៀត ធ្វើ​កម្មករ​កាប់​ព្រៃ​រាន​យក​ដី ដើម្បី​រក​ប្រាក់​ដោះ​បំណុល​ធនាគារ ខណៈ​ដែល​ពួកគាត់​បាន​ខ្ចី​ប្រាក់​ពី​ធនាគារ​ទិញ​គោយន្ត​ធ្វើ​កសិកម្ម។ តាម​ការ​ប៉ាន់ស្មាន​របស់​លោក នៅ​ឃុំ​ស្រែឫស្សី មាន​ពលរដ្ឋ​ប្រមាណ ៩០​ភាគរយ​ជំពាក់​បំណុល​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ ដើម្បី​ធ្វើ​ដើមទុន​អាជីវកម្ម និង​កសិកម្ម ដែល​រំពឹង​ថា បាន​ប្រាក់ចំណេញ​ពី​ការ​លក់ តែ​ផ្ទុយទៅវិញ​ពួកគាត់​បាន​បរាជ័យ​ដោយសារ​តម្លៃ​កសិផល​ធ្លាក់​ថ្លៃ មិន​អាច​ទូទាត់​លើ​ការ​ចំណាយ​ថ្លៃដើម​បាន។ ការ​បរាជ័យ​នេះ​មួយ​ផ្នែក​បណ្ដាល​មក​ពី​កសិករ​ប្រើប្រាស់​កម្ចី​មិន​ចំ​ទិសដៅ ខ្វះ​ចំណេះដឹង ខ្វះ​ជំនាញ​ធ្វើ​កសិកម្ម៖ «មាន​រក​អី​ចេញ បើ​លក់​ផ្ទះសម្បែង​សង​ធនាគារ។ កន្លែង​ហ្នឹង​ខ្ញុំ​បារម្ភ​ជាងគេ វា​អស់​អា​លីង​ហើយ​រាល់ថ្ងៃ​វា​គ្មាន​ព្រៃ​ណា​ដែល​ត្រូវ​សល់​ទៀត​ទេ។ សូម្បី​តែ​ព្រៃ​សហគមន៍​ក៏​គេ​កាប់​យក​ដី​លក់ ដឹកនាំ​ធ្វើ​ឲ្យ​ពលរដ្ឋ​ក្រ​ធ្វើ​ឲ្យ​ពលរដ្ឋ​ស្លាប់​ទាំង​រស់»

ជនជាតិ​ដើម​ភាគតិច​កួយ រស់នៅ​ស្រុក​ថាឡាបរិវ៉ាត់ ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ ឲ្យ​ដឹង​ថា ជនជាតិ​ដើម​ភាគតិច​ខ្លះ រស់​ពឹង​ផ្អែកលើ​ការ​ប្រមូល​អនុផល​ព្រៃឈើ​ដោយសារ​ដង​ជ័រទឹក ក៏​ប៉ុន្តែ​នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ដើមឈើ​ផលិត​ជ័រទឹក​របស់​ពួកគាត់​ត្រូវ​គេ​លូច​កាប់​ស្ទើរ​ទាំងស្រុង បង្ក​ឲ្យ​ពួកគាត់​ធ្លាក់​ចុះ​ប្រាក់ចំណូល និង​គ្មាន​ប្រាក់​បង្វិល​សង​ម្ចាស់បំណុល។ លោក​ថា កាល​ពី​មុន​ឆ្នាំ​២០១២ ជនជាតិ​ដើម​ភាគតិច​មួយ​គ្រួសារ​អាច​ដង​ជ័រទឹក​ក្នុង​មួយ​សប្ដាហ៍​ពី ៧ ទៅ ១៥​កាន ហើយ​ក្នុង​មួយ​កាន​អាច​លក់​បាន​ប្រាក់ ៥​ម៉ឺន​រៀល​ទៅ ៨​ម៉ឺន​រៀល ក៏ប៉ុន្តែ​បច្ចុប្បន្ន​របរ​នេះ​ត្រូវ​បាត់បង់​ទាំងស្រុង ដោយសារ​ដើមឈើ​ផលិត​ជ័រទឹក​របស់​ពួកគាត់ ត្រូវ​គេ​លូច​កាប់​ធ្វើ​អាជីវកម្ម។ ចំណែក​អាជ្ញាធរ​មូលដ្ឋាន​មិន​ត្រឹមតែ​មិន​ជួយ​ទប់ស្កាត់​ទេ បែរ​ចោទ​ពលរដ្ឋ​ដែល​ឈឺឆ្អាល​រឿង​បទល្មើស​ព្រៃឈើ​ថា ជា​ក្រុម​បក្ស​ប្រឆាំង​ទៅវិញ។ លោក​ស្ដីបន្ទោស​អ្នកនយោបាយ ពុំ​សូវ​ខ្វល់ខ្វាយ​ដោះស្រាយ​ក្ដី​កង្វល់​របស់​ពលរដ្ឋ​ទេ បែរជា​គិតគូរ​រឿង​បំបាក់​ដៃ​គួរ​ប្រកួត​ប្រជែង។ លោក​អះអាង​ថា រដ្ឋអំណាច​មិន​មាន​សមត្ថភាព​ទប់ស្កាត់​បទល្មើស​ព្រៃឈើ បាន​បាន​រុញច្រាន​ឲ្យ​ជីវភាព និង​ប្រពៃណី​ជនជាតិ​ដើម​ភាគតិច​ប្រឈម​បាត់បង់​បន្តិច​ម្តងៗ៖ «បាត់បង់​ព្រៃ​អស់ហើយ បានជា​ប្រជាពលរដ្ឋ​របស់ខ្ញុំ​លំបាក​ណាស់ នៅ​អន្លង់​ក្រមួន​ហ្នឹង។ នៅ​អន្លង់​ក្រមួន​វា​មិន​សូវ​មាន​អ្នកចេះ​ដឹង​ផង​។ បើ​សង្ឃឹម​អាជ្ញាធរ​គ្មាន​យល់ឃើញ​បញ្ហា​របស់​ពលរដ្ឋ​អី​ទេ។ នៅ​ភូមិ​របស់​ខ្ញុំ គេ​អ្នក​រក​ជ័រទឹក​គេ​សល់​លុយ ពី​ដើម​គេ​ចាយ​មាស។ តែ​ឥឡូវ​វា​បាត់បង់​អស់ហើយ»

ពលរដ្ឋ​រស់នៅ​ឃុំ​សំអាង ស្រុក​ថាឡាបរិវ៉ាត់ ខែត្រ​ស្ទឹងត្រែង ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ ឲ្យ​ដឹង​ថា មក​ទល់​ពេល​នេះ មាន​ពលរដ្ឋ​ប្រមាណ​គ្រួសារ​ហើយ ត្រូវ​ធនាគារ​រឹបអូស​ទ្រព្យសម្បត្តិ ហើយ​ពលរដ្ឋ​មួយ​ចំនួន​បង្ខំចិត្ត​លក់​ដីស្រែ ដើម្បី​សង​ម្ចាស់បំណុល ខណៈ​ការ​ស្វែងរក​ប្រាក់ចំណូល​ត្រូវ​បរាជ័យ។ លោក​ថា ពលរដ្ឋ​មួយ​ចំនួន បង្ខំចិត្ត​ប្រព្រឹត្ត​ល្មើសច្បាប់​ដើម្បី​ដោះ​បំណុល ដូចជា​ដឹកជញ្ជូន​ឈើ​ប្រណិត ស៊ីឈ្នួល​កាប់​ព្រៃ​រាន​យក​ដី​លក់ បរបាញ់​សត្វព្រៃ ព្រោះតែ​ពុំ​មាន​ជម្រើស ខណៈ​តម្លៃ​កសិផល​គ្មាន​ទីផ្សារ កសិករ​ខ្លះ​ចិញ្ចឹម​ជ្រូក​លក់ គ្មាន​ទីផ្សារ​លក់​ចេញ ឬ​លក់​ក្នុង​តម្លៃ​ថោក។ លោក​កត់​សម្គាល់​ថា មុន​ឆ្នាំ​២០០៥ ជនជាតិ​ដើម​ភាគតិច​មាន​ជីវភាព​ក្រីក្រ​ខ្លាំង អាច​ស្វែងរក​អនុផល​ព្រៃឈើ​ដូចជា​បោច​វល្លិ និង​រក​ឃ្មុំ ដង​ជ័រទឹក​ក្នុង​ព្រៃ ត្បិត​តំបន់​ពួកគាត់​រស់នៅ​ហ៊ុមព័ទ្ធ​ដោយ​ធនធានធម្មជាតិ រីឯ​ទឹកអូរ​ធម្មជាតិ និង​ទន្លេ​សំបូរ​ត្រី​សាច់។ លោក​បន្ត​ថា បច្ចុប្បន្ន​ព្រៃឈើ​ត្រូវ​បាន​គេ​កាប់​អស់ ទឹកអូរ​ធម្មជាតិ រីង​រាក់​គ្មាន​ត្រី​សាច់​ដោយសារ​អស់​ព្រៃ រីឯ​ទឹកទន្លេ​ក៏​ពុំ​សូវ​មាន​ត្រី​ដែរ៖ «បាន​ចំណាកស្រុក​វា​អស់​អាលីង​ហើយ ព្រៃឈើ ពី​ដើម​អស់​តែ​ឈើ​បេង និង​នាងនួន ឥឡូវ​អស់ទាំង​ឈើទាល អស់​អា​លីង។ គាត់​អត់​មាន​លុយ​សង​ធនាគារ​ហើយ​ចំណាកស្រុក អ្នកខ្លះ​ទៅ​ថៃ អ្នក​ខ្លះ​ទៅ​កាត់ដេរ​នៅ​ភ្នំពេញ»

បុរស​ដដែល​បន្ត​ថា កសិករ​មួយ​ចំនួន​នៅ​ឃុំ​សំអាង ធ្វើ​កសិកម្ម​ដាំ ល្ពៅ ដំឡូង និង ស្វាយ​ចន្ទី​ជាដើម ហើយ​ពួកគេ​បាន​ខ្ចី​ប្រាក់​ពី​ធនាគារ​ធ្វើ​ដើម​ទុន និង​ទិញ​គោយន្ត​ប្រើប្រាស់ ក៏ប៉ុន្តែ​ដល់ពេល​ប្រមូល​ផល​តម្លៃ​កសិផល​ធ្លាក់​ថ្លៃ បង្ខំ​ឲ្យ​កសិករ​ខ្លះ​បង្ខំចិត្ត​កម្ទេច​ល្ពៅ ចោល​រាប់​តោន​ក្នុង​ចម្ការ​ព្រោះ​តម្លៃ​ល្ពៅ​មិន​អាច​ទូទាត់ និង​កម្លាំង​ពលកម្ម។ លោក​រិះគន់​រដ្ឋាភិបាល​ថា ពុំបាន​កំណត់​តម្លៃ​ទីផ្សារ​ទិញ​កសិផល​ច្បាស់លាស់​នោះ​ទេ នៅ​ពេល​កសិករ​ប្រមូល​ផល ត្រូវ​ឈ្មួញកណ្ដាល​កំណត់​តម្លៃ​តាម​អំពើ​ចិត្ត៖ «សព្វថ្ងៃ​ពលរដ្ឋ​រស់នៅ​ឃុំ​ឆ្វាំង ជំពាក់​លុយ​ធនាគារ មាន​អ្នកខ្លះ​ខ្ចី​លុយ​ទិញ​គោយន្ត តែ​ឥឡូវ​អត់​មានអី​សង លក់​គោយន្ត​ទាំង​ថោក។ ដំណាំ​កសិកម្ម​ថោក ហើយ​មាន​អ្នកខ្លះ​រត់ចោល​ផ្ទះ ៥​ទៅ ៦​គ្រួសារ»

ការ​រីកចម្រើន​នៃ​ចរន្ត​សេដ្ឋកិច្ច​ក្នុង​ខែត្រ​ស្ទឹងត្រែង​មួយ​ផ្នែក​ធំ គិត​ចាប់ពី​ឆ្នាំ​២០០៨ មក​បាន​មក​ពី​សង្វាក់​ផលិតកម្ម​ឈើ​ប្រណិត ដែល​គេ​ច្នៃ​ជា​គ្រឿង​សង្ហារិម សម្រាប់​លក់​ទីផ្សារ​ក្នុងស្រុក និង​យក​ទៅ​ប្រទេស​វៀតណាម ក៏ប៉ុន្តែ​ចាប់ពី​ឆ្នាំ​២០១៤ រហូត​បច្ចុប្បន្ន ចរន្ត​សេដ្ឋកិច្ច​ឈើ​ប្រណិត ឬ​គ្រឿង​សង្ហារិម​មាន​សភាព​ខ្សត់​បន្តិច​ម្ដងៗ ខណៈ​ដែល​ក្រុមហ៊ុន​វិនិយោគ​ធំៗ​បាន​បោះ​ទុន​វិនិយោគ​ដី​សម្បទាន​សេដ្ឋកិច្ច ដោយមាន​ថៅកែ​ជនជាតិ​វៀតណាម និង​ជនជាតិ​ចិន មក​វិនិយោគ​ឈើ​ប្រណិត និង​គ្រឿង​សង្ហារិម​កើន​ឡើង និង​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស បណ្ដាល​ឲ្យ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ពុំ​សូវ​រក​ប្រាក់​ចំណូល​ពី​វិស័យ​នេះ​ជា​ដុំកំភួន​ឡើយ ពោល​គឺ​អាច​រក​បាន​តែ​មួយ​ក្រពះ។ លើស​ពី​នេះ​ជនជាតិ​វៀតណាម​មួយ​ចំនួន មក​ធ្វើជា​ថៅកែ​កែច្នៃ​គ្រឿង​សង្ហា​រឹម និង​ជា​អ្នក​ប្រមូល​ទិញ​ឈើ​ខុសច្បាប់​ពី​ពលរដ្ឋ នៅ​ខែត្រ​ស្ទឹងត្រែង​ច្រើន​ឆ្នាំ​មក​ហើយ និង​នាំ​ឈើ​ចេញទៅ​លក់​នៅ​ក្រៅ​ប្រទេស។

ខែត្រ​ស្ទឹងត្រែង មាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ ឬ​ស្ថាប័ន​ផ្ដល់​ប្រាក់កម្ចី​ដល់​ពលរដ្ឋ​ជាង ១០​ស្ថាប័ន មិន​រាប់​បញ្ចូល​កន្លែង​ផ្ដល់​ប្រាក់​កម្ចី​ជា​លក្ខណៈ​គ្រួសារ​នោះ​ទេ ដែល​កំពុង​ប្រតិបត្តិការ​ហិរញ្ញវត្ថុ ឬ​ផ្ដល់​ប្រាក់កម្ចី​ដល់​ពលរដ្ឋ​ក្នុង​ខែត្រ​នេះ​រាប់​ម៉ឺន​នាក់។

មេឃុំ​ស្រែឫស្សី លោក លូន ណាន ទទួល​ស្គាល់​ថា កសិករ​ភាគច្រើន​កំពុង​វ័ណ្ឌក និង​បំណុល​លំបាក​រើ​បម្រះ ហើយ​មាន​កសិករ​ខ្លះ​ជំពាក់​បំណុល​មីក្រូហិរញ្ញវត្ថុ​ចាប់ពី ២​ស្ថាប័ន ដល់ ៤​ស្ថាប័ន​។ លោក​ថា ពលរដ្ឋ​រស់នៅ​ឃុំ​ស្រែឫស្សី ៣​គ្រួសារ​ហើយ​រត់ចោលស្រុក ព្រោះ​គ្មាន​ប្រាក់​បង្វិល​សង​ម្ចាស់​បំណុល។ លោក​សង្កត់ធ្ងន់​ថា ក្នុងនាម​អាជ្ញាធរ​ឃុំ​ពុំ​អាច​មាន​លទ្ធភាព​ជួយ​កសិករ​ឲ្យ​រួច​ផុត​ពី​បំណុល​នេះ​បានទេ គឺ​បាន​ត្រឹម​អប់រំ​ណែនាំ​ពួកគាត់​ឲ្យ​យល់ដឹង​ខ្លះៗ​ពី​ការប្រើប្រាស់​ថវិកា​ចំ​ទិសដៅ៖ «ណែនាំ​ហើយ​កន្លងមក ការ​កម្ចី​ទាល់តែ​យើង​ស្វែងរក​ប្រាក់ចំណូល របស់​គ្រួសារ​យើង ក្នុង​មួយ​ខែ​បាន​ប៉ុន្មាន បើ​ថា​យើង​អត់​មាន​ទេ ផល​ប៉ះពាល់​វា​អាច​អស់​ដី​អស់​ធ្លី និង​ផ្ទះសម្បែង»

ខែត្រ​ស្ទឹងត្រែង មាន​ក្រុមហ៊ុន​វិនិយោគ​សម្បទាន​សេដ្ឋកិច្ច​ចំនួន ៩ ដែល​មាន​ផ្ទៃដី​សរុប​ជាង ៦​ម៉ឺន ៤​ពាន់​ហិកតារ (៦៤.៨៦២) ធ្វើ​ការ​ដាំដុះ​ដោយ​គិត​ចាប់ពី​ឆ្នាំ​២០១៥ លើ​ផ្ទៃដី​ចំនួន​ជាង ១​ម៉ឺន ៧​ពាន់​ហិកតារ (១៧.៥៥១)។ ផ្ទៃដី​កសិកម្ម​សរុប​ចំនួន​ជិត ៣​ម៉ឺន​ហិកតារ (២៨.៦៨៩)។ លើស​ពី​នេះ ផ្ទៃដី​ធ្វើ​កសិកម្ម​បាន​រីកធំឡើង​ជា​បន្តបន្ទាប់ ខណៈ​ចលនា​ទន្ទ្រាន​ដី​ព្រៃ​ធ្វើ​កសិកម្ម​កំពុង​កើត​ឡើងជា​ប្រព័ន្ធ បង្ក​ប៉ះពាល់​ដល់​ធនធាន​ធម្មជាតិ និង​ព្រៃ​សហគមន៍​របស់​ជនជាតិ​ដើម​ភាគតិច។

អ្នកឃ្លាំមើល​ការ​អភិវឌ្ឍ​សង្គម រក​ឃើញ​ថា វិបត្តិ​សេដ្ឋកិច្ច​ដែល​កំពុង​ចាក់​ស្រេះ​ធ្ងន់ធ្ងរ​នេះ បង្ក​ប៉ះពាល់​ដល់​ការ​អភិវឌ្ឍ​សង្គមជាតិ​ជា​ប្រព័ន្ធ ជាពិសេស​ពលរដ្ឋ​មួយ​ចំនួន​ធំ ធ្លាក់​ចុះ​បន្ទាត់​ពី​ក្រីក្រ​មួយ​កម្រិត​ទៀត។

អ្នកឃ្លាំមើល​ការ​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត មាស នី យល់​ថា វិបត្តិ​នយោបាយ​មិន​ជះឥទ្ធិពល​ផ្ទាល់​ប៉ះពាល់​ជីវភាព​ជនជាតិ​ដើម​ភាគតិច​នោះ​ទេ ក៏ប៉ុន្តែ​នៅ​គ្រា​ដែល​រដ្ឋាភិបាល​រវល់​តែ​ដោះស្រាយ​ទំនាស់​ផ្ទៃក្នុង​ជាតិ បង្ក​ឲ្យ​បាត់បង់​ពេលវេលា សម្លឹង​មើល​ជីវភាព​រស់នៅ និង​បញ្ហា​ប្រឈម​របស់​ជនជាតិ​ដើម​ភាគតិច។ លោក​ថា រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​ធ្វើ​ការសិក្សា​ស្រាវជ្រាវ​ពី​ស្ថានភាព​សង្គម និង​សេដ្ឋកិច្ច​រស់នៅ​របស់​ពលរដ្ឋ​ឲ្យ​បាន​ច្បាស់លាស់​មួយ ធ្វើ​យ៉ាង​ណា​ទាញ​យក​ដី​សម្រាប់​ធ្វើ​កសិកម្ម មក​បម្រើ​ប្រយោជន៍​ដល់​ជនជាតិ​ដើម​ភាគតិច​ឲ្យ​បាន​ត្រឹមត្រូវ ហើយ​យន្តការ​លើក​កម្ពស់​តម្លៃ​កសិផល​ក៏​ជា​ធាតុ​ផ្សំ​សំខាន់ ដែល​រដ្ឋាភិបាល​ត្រូវ​យកចិត្តទុកដាក់​ដោះស្រាយ។ លើស​ពី​នេះ​ការ​ផ្ដល់​បច្ចេកទេស​កសិកម្ម និង​ដំ​ណេះ​ដឹង ជូន​កសិករ គឺជា​ប្រការ​សំខាន់ ដែល​ក្រសួង​សាមី និង​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​យកចិត្តទុកដាក់​ដោះស្រាយ​ឲ្យ​បាន​ច្បាស់​លាស់ ដើម្បី​លើកកម្ពស់​ជីវភាព​ជនជាតិ​ដើម​ភាគតិច៖ «ការ​ផ្ដល់​សមត្ថភាព​បច្ចេកទេស ដើម្បី​ឲ្យ​ពួកគាត់​អាច​រស់នៅ​ជាំ​មួយ​ហ្នឹង​ដីធ្លី​បាន។ ព្រោះ​ពី​ដើម​គាត់​មិនសូវ​គិត​ប៉ុន្មាន​ទេ ដីធ្លី​ហើយ​ធនធានធម្មជាតិ​សំបូរ ដល់ពេល​ឥឡូវ​ដី​គាត់​តូច​ជាង​មុន ធនធានធម្មជាតិ​ក៏​អស់។ សមត្ថភាព​រស់នៅ​លើ​ដី​តូច​ក៏​ជា​រឿង​មួយ​សំខាន់​ដែរ ហើយ​នេះ​ជា​តួនាទី​របស់​ក្រសួងកសិកម្ម»

មន្ត្រី​សង្គម​ស៊ីវិល​ឲ្យ​ដឹង​ថា ការ​បណ្ដោយ​ឲ្យ​កសិករ​ប្រឈម​បញ្ហា​ខ្វះ​ទីផ្សារ និង​កសិផល​មានតម្លៃ​ទាប អាច​ជា​ផ្នែក​មួយ​បណ្ដាលមកពី​រដ្ឋាភិបាល​ពុំ​មាន​សមត្ថភាព​ក្នុង​ការ​លើកកម្ពស់​កសិផល​របស់​កសិករ​ទាំង​ទីផ្សារ​ក្នុងស្រុក និង​ទីផ្សារ​អន្តរជាតិ។

រដ្ឋធម្មនុញ្ញ​កម្ពុជា​មាត្រា ៦២ និង​មាត្រា ៦៣ ចែង​ថា រដ្ឋ​ត្រូវ​យកចិត្តទុកដាក់​ជួយ​ដោះស្រាយ​មធ្យោបាយ​ផលិត ការពារ​ថ្លៃ​ផលិតផល​ជូន​កសិករ សិប្បករ និង​ជួយ​រក​ទីផ្សារ​លក់​ផលិតផល​ជាដើម។ លើស​ពី​នេះ រដ្ឋ​ត្រូវ​យកចិត្ត​ទុក​គ្រប់គ្រង​ទីផ្សារ​ជួយ​អោយ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​មាន​កម្រិត​សមរម្យ។ យ៉ាងណា​មន្ត្រី​សង្គម​ស៊ីវិល​មើល​ឃើញ​ថា ការ​ចេញ​មុខ​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​រាជរដ្ឋាភិបាល ហាក់​មាន​កម្រិត​ខ្សោយ​នៅឡើយ ពោល​គឺ​រដ្ឋាភិបាល​ហាក់​គ្មាន​សមត្ថភាព​លើកកម្ពស់​កសិផល​របស់​កសិករ​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល