តើខ្មែរក្រោមធ្វើពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌដូចម្ដេចខ្លះ?
2024.09.28
ស្របពេលដែលពលរដ្ឋខ្មែរនៅកម្ពុជាកំពុងប្រារព្ធពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នៅឯកម្ពុជាក្រោមឯណោះវិញ ខ្មែរក្រោមក៏កំពុងប្រារព្ធពិធីនេះដែរ។
តើខ្មែរក្រោមប្រារព្ធពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដូចម្ដេចខ្លះ?
ខ្មែរក្រោមកំពុងប្រារព្ធពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌដែលពួកគាត់ហៅថា បុណ្យសែនដូនតា រយៈពេល ១៥ថ្ងៃ ដូចពលរដ្ឋខ្មែរនៅកម្ពុជាដែរ។
សម្រាប់ខ្មែរក្រោមក្នុងរយៈពេល ១៥ថ្ងៃនៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះពួកគាត់ធ្វើចង្ហាន់ប្រគេនព្រះសង្ឃ និងនិមន្តព្រះសង្ឃមកផ្ទះទទួលភត្ត (អាហារ, ចង្ហាន់) ដើម្បីបុណ្យឧទ្ទិសកុសលដល់បុព្វការីជន ដែលបានធ្វើកាលកិរិយាទៅកាន់បរលោក។
ប្រធានគណៈកម្មការព័ត៌មានសហព័ន្ធខ្មែរកម្ពុជាក្រោម ព្រះភិក្ខុ សឺង យ៉ឹងរតនា មានថេរដីកាថា ពិធីបុណ្យសែនដូនតានៅកម្ពុជាក្រោមមានលក្ខណៈខុសនៅកម្ពុជា ត្រង់ការ កំណត់កាលបរិច្ឆេទ ឈ្មោះហៅ និងពិធីកិច្ចជាដើម។
ព្រះភិក្ខុ សឺង យ៉ឹងរតនា៖ «កម្មវិធីកាន់បិណ្ឌ ១៥ថ្ងៃហ្នឹង ខ្មែរក្រោមដាក់វេនទៅតាមវេនជារៀងរាល់ថ្ងៃ ដើម្បីប្រគេនចង្ហាន់ដល់ព្រះសង្ឃ។ លក្ខណៈសេសមួយទៀតគឺ នៅតាមផ្ទះ គឺរៀបចំងូតទឹកលាងជើងឪពុកម្ដាយរបស់ខ្លួនក្នុងថ្ងៃភ្ជុំបិណ្ឌ»។
ព្រះអង្គមានថេរដីកាបន្តថា ទោះបីខ្មែរក្រោម ធ្វើពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌខុសប្លែកពីកម្ពុជាបន្តិចក្ដី ប៉ុន្តែការរៀបចំតាមប្រពៃណីនិងព្រះពុទ្ធសាសនាមានលក្ខណៈដូចគ្នា។
ព្រះភិក្ខុ សឺង យ៉ឹងរតនា៖ «ក្នុងរដូវភ្ជុំបិណ្ឌគឺមាតាបិតា គឺត្រូវបានកូនចៅលាងជើងងូតទឹកជូន ចំពោះអ្នកមានគុណ និងមានជូននំ និងបង្អែមនៅតាមផ្ទះ»។
ក្នុងពេលនៃពិធីបុណ្យកាន់បិណ្ឌនេះ ពុទ្ធបរិស័ទវត្តពោធិគិរីវង្សារាម ស្វាយសៀមថ្មី រាប់រយនាក់បានប្រមូលផ្ដុំគ្នាមកវត្ត ដើម្បីចូលរួមធ្វើពិធីនេះ។ ក្នុងពិធីនោះ ក៏មានការប្រជុំតន្ត្រី និងរាំកម្សាន្តសប្បាយក្នុងវត្តផងដែរ។
យុវជនខ្មែរក្រោម លោក ថាច់ ង៉ា ប្រាប់វិទ្យុអាស៊ីសេរីថា ខ្មែរក្រោមបន្តថែរក្សាវប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរក្រោមតាមរយៈការបន្តចូលពិធីបុណ្យជាតិនិងសាសនាផ្សេងៗ។
លោក ថាច់ ង៉ា៖ «បុណ្យសែនដូនតានៅទឹកដីកម្ពុជាក្រោម ដើម្បីរំលឹកដល់គុណអ្នកមានគុណ និងឪពុកម្ដាយដែលបានចែកឋាន ហើយពិសេសគឺ រក្សាចំណងសាមគ្គីខ្មែរ និងខ្មែរ»។
ជុំវិញរឿងនេះដែរ ព្រះភិក្ខុ សឺង យ៉ឹងរតនា មានថេរដីកាថា ការថែរក្សាប្រពៃណីជាតិ និងវត្តអារាមគឺ ដើម្បីជាតិខ្មែរក្រោមរស់។
ព្រះភិក្ខុ សឺង យ៉ឹងរតនា៖ «សំខាន់គឺ ប្រពៃណី ទំនៀមទម្លាប់ វប្បធម៌ ព្រះពុទ្ធសាសនានៅដែនដីកម្ពុជាក្រោម ជាដួងព្រលឹងរបស់ជាតិនៅដែនដីកម្ពុជាក្រោម។ ពួកគេទៅជួបគ្នានៅតាមវត្តនៅដែនដីកម្ពុជាក្រោម សបញ្ជាក់ឲ្យឃើញថា ខ្មែរក្រោម វត្តអារាមជាដួងព្រលឹងជាតិ»។
ឆ្នាំ២០២៤ នេះ ពិធីភ្ជុំបិណ្ឌចំថ្ងៃពុធ ១៥ រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី២ ខែតុលា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។