មេធាវីគ្រោងស្នើសុំតុលាការឲ្យបុរសដែលសមត្ថកិច្ចចោទថាបើកឡានបុកប៉ូលិសឲ្យនៅក្រៅឃុំ

ជំនួយការមេធាវីការពារក្ដីឲ្យលោក ឌិន ពុទ្ធី ប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា ត្រៀមដាក់ពាក្យស្នើទៅតុលាការ ឲ្យកូនក្ដីនៅក្រៅឃុំបណ្ដោះអាសន្ននៅដើមសប្ដាហ៍ក្រោយ។ លោក ឌិន ពុទ្ធី ត្រូវបានតុលាការបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី២៤ ធ្នូ ក្រោមបទចោទ បង្កហិង្សាដោយចេតនា។ សាក្សីដែលឃើញហេតុការណ៍ជាច្រើននាក់អះអាងថា មន្ត្រីសង្គមស៊ីវិលរូបនេះជាមនុស្សគ្មានកំហុសឡើយ។
ស្របពេលដែលសាក្សី និងអ្នកគាំទ្រលោក ឌិន ពុទ្ធី ប្រមាណ ៥០នាក់ កាលពីព្រឹកថ្ងៃទី២៤ ធ្នូ បាននាំគ្នាដើរឈូចុះឈូឡើងនៅខាងមុខសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីដាក់សម្ពាធទាមទារឲ្យតុលាការទម្លាក់ការចោទប្រកាន់លើមន្ត្រីអង្គការសង្គមស៊ីវិលរូបនេះ ឲ្យមានសេរីភាពឡើងវិញ។
តុលាការបានបញ្ជូនជនត្រូវចោទទៅពន្ធនាគារតាមទ្វារក្រោយដោយស្ងៀមស្ងាត់។
ជំនួយការមេធាវីការពារក្ដីឲ្យជនត្រូវចោទ លោក ជឹម ឃាន មានប្រសាសន៍ថា កូនក្ដីរបស់លោកជាមនុស្សស្អាតស្អំ ពុំមានកំហុសអ្វីដែលត្រូវតុលាការដាក់ពន្ធនាគារនោះទេ។ លោកអះអាងថា កាលពីរសៀលថ្ងៃទី២៤ ធ្នូ លោក ឌិន ពុទ្ធី បានទូរស័ព្ទប្រាប់លោកថា តុលាការបានបញ្ជាឲ្យសមត្ថកិច្ចបញ្ជូនរូបលោកតាមទ្វារក្រោយទៅដល់ពន្ធនាការនៅម៉ោងប្រមាណ ៣រសៀលថ្ងៃទី២៤ ធ្នូ ដដែល ក្រោមបទចោទប្រកាន់ បង្កហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស។ លោកបន្ថែមថា ការចោទប្រកាន់នេះជារឿងធ្ងន់ធ្ងរ មិនអាចទទួលយកបាននោះទេ៖ «កាលពីយើងជួបគាត់ដំបូង បើតាមចម្លើយលោក ឌិន ពុទ្ធី គាត់បានស្នើឲ្យតំណាងអយ្យការពិនិត្យមើលភស្តុតាង និងសាកសួរសាក្សីដែរ តែគាត់អត់ហៅសាក្សីទៅសួរទេ។ ស្របគ្នានោះមានសាក្សីរង់ចាំនៅមុខតុលាការជាច្រើននាក់ដើម្បីផ្ដល់ចម្លើយ បញ្ជាក់ពីអង្គហេតុនៅក្នុងនេះ»។
អាស៊ីសេរី ពុំអាចទាក់ទងអ្នកនាំពាក្យសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីសុំអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេនៅថ្ងៃទី២៥ ធ្នូ។
ទោះបីជាយ៉ាងនេះក្ដី មេធាវីការពារក្ដីឲ្យជនត្រូវចោទ ត្រៀមដាក់ពាក្យស្នើសុំទៅតុលាការឲ្យកូនក្ដីរបស់ខ្លួននៅក្រៅឃុំបណ្ដោះអាសន្ននៅថ្ងៃច័ន្ទ ទី២៦ ធ្នូ។
សាក្សីម្នាក់ដែលបានថតវីដេអូឃ្លីប សុំមិនបញ្ចេញឈ្មោះ រស់នៅក្រុងប៉ោយប៉ែត ផ្ដល់បទសម្ភាសន៍ឲ្យអាស៊ីសេរីនៅមុខសាលាដំបូងខេត្តបន្ទាយមានជ័យ ថា ថ្ងៃកើតហេតុរូបគាត់នៅចម្ងាយពីរថយន្តរបស់លោក ឌិន ពុទ្ធី ប្រមាណ ៥ម៉ែត្រ។ លោកអះអាងថា គ្រានោះមន្ត្រីប៉ូលិសបានបញ្ជាឲ្យកូនចៅរបស់ខ្លួនឃាត់រថយន្តរបស់លោក ឌិន ពុទ្ធី ដើម្បីឲ្យម្ចាស់ម៉ូតូម្នាក់ដែលចូលទៅក្នុងរថយន្តនោះ ដើម្បីឲ្យចេញមកធ្វើកិច្ចសន្យាពីកំហុសបើកបរម៉ូតូនៅមុខច្រកនោះ។ ប៉ុន្តែលោកថា មន្ត្រីក្រោមឱវាទមិនហ៊ានឃាត់រថយន្តទេ ហើយប៉ូលិសស័ក្តិ៤ រូបនោះ ក៏ទៅឃាត់ដោយខ្លួនឯង។ លោកអះអាងថា នៅពេលនោះ រថយន្តមិនបានទៅបុកមន្ត្រីប៉ូលិសអន្តោប្រវេសន៍ទេ គឺប៉ូលិសរូបនោះបានដួលនៅមុខរថយន្តដោយខ្លួនឯង៖ «ខ្ញុំថតបាន ២ឃ្លីបនៅកន្លែងកើតហេតុនោះ ហើយខ្ញុំឃើញភាពអយុត្តិធម៌ត្រង់នេះ គឺឡានអត់មានប៉ះគាត់ទេ គឺឡានថយបន្តិច ហើយនៅស្ងៀម ហើយឃើញប៉ូលិសគាត់ដួលនៅខាងមុខនោះតែម្ដង»។
ចំណែកពលរដ្ឋម្នាក់ទៀតដែលដើរចេញពីផ្សាររ៉ុងក្លឿ ប្រទេសថៃ ចូលមកដីខ្មែរតាមច្រកទ្វារប៉ោយប៉ែត អះអាងថា រូបគាត់ឃើញមន្ត្រីប៉ូលិសយកជើងទាត់ពីខាងមុខរថយន្តរបស់ជនត្រូវចោទ ហើយដើរទៅចំហៀងខាងមុខរថយន្តប្រមាណជិតកន្លះម៉ែត្រ ស្រាប់តែដួលដោយខ្លួនឯងនៅទីនោះតែម្ដង៖ «មុនដំបូង ខ្ញុំអត់ដឹងគេមានបញ្ហាអីទេ គឺឃើញប៉ូលិសចូលទៅ ហើយឡានបើកចូលទៅក្នុងបានពាក់កណ្ដាលផ្លូវ ប៉ូលិសឲ្យថយឡានមកក្រោយវិញ។ នៅពេលបើកយឺតរកបត់ ហើយក៏ចាប់ប្រាំងឈប់ ហើយមានប៉ូលិសម្នាក់មកឈរក្បែរឡាន ហើយធ្វើដួលសន្លប់ទៅ»។
ស្រដៀងគ្នានេះដែរ អ្នកឈរមើលហេតុការណ៍ម្នាក់ទៀតអះអាងថា លោក ឌិន ពុទ្ធី ជាមនុស្សស្លូតត្រង់ ដែលតែងជួយដល់ក្រុមកម្មករអូសរទេះ អ្នករត់ម៉ូតូឌុប និងបុគ្គលិកកាស៊ីណូ នៅពេលដែលពួកគាត់ត្រូវគេរំលោភសិទ្ធិការងារ ដែលប៉ះពាល់ដល់របររកស៊ីរបស់ពួកគាត់។ លោកបន្ថែមថា ករណីប៉ូលិសដែលដួលនៅមុខរថយន្តនោះ គឺពុំមែនរថយន្តរបស់លោក ឌិន ពុទ្ធី បើកទៅបុកគាត់ដួលនោះទេ។ លោកស្នើឲ្យតុលាការទម្លាក់ការចោទប្រកាន់ទៅលើលោក ឌិន ពុទ្ធី ដើម្បីឲ្យគាត់មានឱកាសជួយការពារសិទ្ធិរបស់ពលរដ្ឋក្រីក្រនៅក្រុងប៉ោយប៉ែត បន្តទៀត៖ «ហើយស្រាប់តែគាត់ផ្ដួលខ្លួនធ្វើឱនដួលអង្កុញជើងដូចសន្លប់អ៊ីចឹង ហើយពេលដែលដួលអត់មានឃើញស្លាកស្នាមរបួសជើងគាត់ទេ គឺឃើញផ្ដួលដេកទៅនឹងដីនៅមួយកន្លែងតែម្ដង ហើយគាត់ផ្ដួលមិនខ្លាំងទេ គឺគាត់ដូចចេះទប់ខ្លួនតែម្ដង»។
ប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា លោក ម៉ង់ ពុទ្ធី ហៅ ឌិន ពុទ្ធី ត្រូវសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី២២ ខែធ្នូ បន្ទាប់ពីសមត្ថកិច្ចចោទថា លោកបានបើកឡានបុកនាយរងប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ម្នាក់ឈ្មោះ ឈាន ពិសិដ្ឋ បណ្ដាលឲ្យដួលបោកក្បាលទៅនឹងខឿនថ្មសន្លប់បាត់ស្មារតី កាលពីម៉ោងប្រមាណ ១០ និង ៣០នាទី ព្រឹកថ្ងៃទី២២ ខែធ្នូ នៅក្បែរស្ពានមិត្តភាពកម្ពុជា-ថៃ ឋិតនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅគ្រាដែលកម្លាំងសមត្ថកិច្ចចុះរៀបចំសណ្ដាប់ធ្នាប់សាធារណៈនៅច្រកទ្វារព្រំដែន កុំឲ្យមានការកកស្ទះចរាចរណ៍។
អ្នកលេងហ្វេសប៊ុក (Facebook) ភាគច្រើនអះអាងថា ប៉ូលិសអន្តោប្រវេសន៍ពាក់ស័ក្តិ៤ ម្នាក់នោះ ធ្វើដួលមុខឡានរបស់លោក ឌិន ពុទ្ធី។
មន្ត្រីសម្របសម្រួលអង្គការលីកាដូ (LICADHO) ខេត្តបន្ទាយមានជ័យ លោក ភុន ឈិន ដែលបានចុះឃ្លាំមើលក្នុងសំណុំរឿងនេះរហូតមក អះអាងថា តុលាការហាក់រកភស្តុតាងដាក់បន្ទុកលើជនត្រូវចោទបន្តបន្ទាប់ ចំណែកសាក្សីដែលឃើញហេតុការណ៍ផ្ទាល់ ហើយចង់បញ្ចេញមតិរបស់ខ្លួន ដើម្បីដោះបន្ទុកឲ្យជនត្រូវចោទ គឺតុលាការមិនទាន់បើកឱកាសឲ្យពួកគាត់ចូលទៅបំភ្លឺនៅឡើយ៖ «អ៊ីចឹងយើងថា ការស៊ើបអង្កេតបានតែមួយផ្នែកនៅឡើយ។ អ៊ីចឹងខ្ញុំជឿថា បន្តទៀត តុលាការអាចកោះហៅអ្នកដែលអាចចាត់ទុកជាសាក្សីពាក់ព័ន្ធ ព្រោះយើងឃើញមានមនុស្សជាច្រើនគេបានអះអាងថា ករណីនេះវាមិនដូចអ្វីដែលសមត្ថកិច្ចបានចោទប្រកាន់ទេ»។
រីឯជំនួយការមេធាវីការពារក្ដីក្នុងសំណុំរឿងនេះ កាលពីរសៀលថ្ងៃទី២៤ ធ្នូ ត្រូវបានសមត្ថកិច្ចប្រចាំសាលាដំបូងខេត្តបន្ទាយមានជ័យ រារាំងមិនឲ្យចូលជួបជនត្រូវចោទ និងចៅក្រម ដើម្បីថតចម្លងឯកសារពាក្យបណ្ដឹងយកមកពិនិត្យមើលនោះទេ។ ក្រុមពលរដ្ឋអ្នកគាំទ្រលោក ឌិន ពុទ្ធី បញ្ជាក់ថា ពួកគាត់នឹងធ្វើបាតុកម្មតវ៉ាទ្រង់ទ្រាយធំនៅមុខច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក្នុងពេលឆាប់ៗ ប្រសិនបើតុលាការមិនផ្ដល់យុត្តិធម៌ជូនដល់ជនត្រូវចោទនោះ៕