អតីត​យោធិន​ពិការ​ជា​ទ័ព​របស់​លោក ហ៊ុន សែន បាត់បង់​ប្រាក់ខែ​ជិត​៣០​ឆ្នាំ

ដោយ វ៉ែន សុមេធ
2017.12.10
ជន​ពិការ កឹម យ៉ាន ២០១៧ ១៤៤០ អតីត​យោធិន​ពិការ​ភ្នែក​ទាំង​គូ​ក្នុង​ចំបាំង​ការពារ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន គឺ​លោក កឹម យ៉ាន ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​៣១ ខែ​ឧសភា ឆ្នាំ​២០១៧។
Photo: RFA

នៅ​ខណៈ​ស្ថាប័នរដ្ឋ​កំពុង​ប្រារព្ធ​ទិវា​ជន​ពិការ​កម្ពុជា​លើក​ទី​១៩ និង​ទិវា​ជន​ពិការ​អន្តរជាតិ​លើក​ទី​៣៥ អតីត​យោធិន​ពិការ​ដែល​ជា​កូន​ទ័ព​របស់​លោក ហ៊ុន សែន នៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ​ម្នាក់​រៀបរាប់​ថា គាត់​ត្រូវ​កង​អង្គភាព​កាត់​ប្រាក់ខែ​ជិត ៣០​ឆ្នាំ​ហើយ បើ​ទោះ​ជា​លោក​ប្រឹង​ស្វែងរក​អន្តរាគមន៍​ពី​អតីត​បញ្ជាការ​លោក​ក្ដី។

ប្រឹង​ចាប់​សរសៃ​ឲ្យ​ភ្ញៀវ​ទាំង​ដៃ​រាវ​ពពើម បុរស​មាន​មាឌ​ធំ សម្បុរ​ខ្មៅ ជា​ជន​ពិការ​ភ្នែក​ទាំង​គូរ កាលពី​អំឡុង​ឆ្នាំ​១៩៨៩ លោក កឹម យ៉ាន មាន​អាយុ ៤៤​ឆ្នាំ បាន​បាត់បង់​ភ្នែក​ទាំងពីរ​ក្នុង​ពេល​ចេញ​ច្បាំង​ការពារ​រដ្ឋាភិបាល​លោក ហ៊ុន សែន។ ខុស​ពី​កងទ័ព​មួយ​ចំនួន​ទទួល​បាន​តួនាទី​ក្នុង​ជួរ​កងទ័ព ឬ​ការ​ទំនុក​បំរុង ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន លោក កឹម យ៉ាន បែរ​ជា​មិនទាន់​ទទួល​បាន​អ្វី​ទាំងអស់ សូម្បី​តែ​ឈ្មោះ និង​ប្រាក់ខែ ក៏​ត្រូវ​អង្គភាព​មិនបាន​ផ្ដល់​ឲ្យ​ក្នុង​រយៈពេល​ជិត ៣០​ឆ្នាំ​មក​នេះ។ «»

អតីត​យោធិន​ពិការ​ប្រាប់​ថា លោក​បាន​បាត់បង់​ប្រាក់ខែ និង​ឈ្មោះ​ពី​ក្រសួង​ការពារជាតិ ជិត ៣០​ឆ្នាំ ក្រោយ​ធ្លាក់ខ្លួន​ពិការ​ភ្នែក​ទាំង​គូ​ក្នុង​ចម្បាំង​ការពារ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន។ ជន​ពិការ​រូប​នេះ ស្នើសុំ​ស្វែងរក​អន្តរាគមន៍​ពី​លោក ហ៊ុន សែន ដើម្បី​ខ្លួន​អាច​បើក​ប្រាក់ខែ ដើម្បី​ចិញ្ចឹម​ជីវិត ឬ​ទីលំនៅ ដើម្បី​អាច​បន្ត​ជីវិត​នៅ​លើ​ផ្លូវ​អន្ធការ​ដ៏​វែងឆ្ងាយ​ទៅ​មុខ​ទៀត។

ស្ថិត​ក្នុង​សំលៀកបំពាក់​ពណ៌​ផ្ទៃមេឃ ជា​អ្នក​បម្រើការ​ផ្នែក​សម្រួល​សរសៃ ឬ​ហៅថា​ម៉ាស្សា​ឲ្យ​ហាង​សម្រួល​សរសៃ​មួយ​កន្លែង​នៃ​រាជធានី លោក កឹម យ៉ាន បាន​ទទួល​ប្រាក់​កម្រៃ​ពី​របរ​នេះ​ពី ១០០​ដុល្លារ​ទៅ ១៥០​ដុល្លារ​ក្នុង​មួយ​ខែ ដើម្បី​ផ្គត់ផ្គង់​ការ​ចំណាយ​ក្នុង​ការ​ចិញ្ចឹម​ប្រពន្ធ និង​កូន។

លោក កឹម យ៉ាន មាន​អាយុ ៤៤​ឆ្នាំ បាន​ចាប់​យក​របរ​នេះ​ចាប់​តាំងពី​ឆ្នាំ​១៩៩៨ មក​ម្ល៉េះ គឺ​បន្ទាប់ពី​បាត់បង់​ការងារ និង​ឈ្មោះ​ពី​ក្រសួងការពារជាតិ។

អតីត​យោធិន​ពិការ​រូប​នេះ​រំឭក​ពី​ប្រវត្តិ​ថា លោក​បាន​ចូល​បម្រើ​ទ័ព​នៃ​រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​របស់​លោក ហ៊ុន សែន កាលពី​ឆ្នាំ​១៩៨៦ ផ្នែក​វិទ្យុ​ទាក់ទង​ថ្មើរជើង​នៅ​ខេត្ត​បន្ទាយមានជ័យ។ លោក​ថា នៅ​សម័យ​នោះ លោក​គ្មាន​អត្តលេខ ឬ​ប័ណ្ណ​ទាហាន​ទេ ព្រោះ​ពេលនោះ​គឺ​ចូល​ធ្វើ​ទាហាន​ភ្លាម​ក៏​ចេញ​ច្បាំង​តែម្ដង​។ នៅ​ឆ្នាំ​១៩៨៩ ខែ​មេសា ក្រុម​លោក​ចេញ​ច្បាំង​នៅ​សមរភូមិ​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ។ «»

ក្រោយពី​ត្រូវ​របួស លោក​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​បន្ទាយ​បូសស្បូវ ស្រុក​ស្វាយចេក និង​ចុងក្រោយ​ត្រូវ​បញ្ជូន​តាម​យន្តហោះ​មក​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា ឬ​ហៅថា​ពេទ្យ​ទាហាន ក្រុងភ្នំពេញ ប៉ុន្តែ​ជា​អកុសល ភ្នែក​ទាំងពីរ​របស់​លោក​មិន​អាច​មើល​ឃើញ​អ្វី​ទាំងអស់​ចាប់​ពី​ពេល​នោះ​មក។

នៅ​ឆ្នាំ​១៩៩០ លោក កឹម យ៉ាន សម្រេច​ទៅ​ព្យាបាល​ភ្នែក​នៅ​មន្ទីរពេទ្យ​ក្នុង​ជំរំ​ខៅអ៊ីដាង​ក្នុង​ទឹកដី​ថៃ ប៉ុន្តែ ជា​អកុសល​លោក​នៅតែ​មិន​អាច​មើល​ឃើញ​ដដែល។ លោក​ថា ពេល​វិល​ចូល​កម្ពុជា​វិញ ក្រុម​ទាហាន​ប្រឆាំង​រដ្ឋាភិបាល​មិន​ឲ្យ​លោក​ចូល​ស្រុក​ទេ ដែល​ឲ្យ​លោក​សម្រេច​ទៅ​រស់​នៅ​ក្នុង​ជំរំសាយធូ​អស់​រយៈពេល ៣​ឆ្នាំ ទើប​អាច​ចូល​ស្រុក​វិញ​បាន។

នៅ​ពេល​មកដល់​មាតុភូមិ​កំណើត​វិញ ពោល​គឺ ឆ្នាំ​១៩៩៣ លោក​បាន​សួរ​ព័ត៌មាន​ពី​កន្លែង​បើក​ប្រាក់ខែ​នៃ​យោធា​ខេត្ត​បន្ទាយមានជ័យ អ្នក​កាន់​ឯកសារ​ប្រាប់​ថា បាត់​ឯកសារ ដែល​តម្រូវ​ឲ្យ​ធ្វើ​ឯកសារ​ថ្មី។ ប៉ុន្តែ​លោក​ថា ទោះ​លោក​បាន​បំពេញ​ឯកសារ​តាម​តម្រូវការ​ក្ដី ក៏​លោក​នៅតែ​មិន​អាច​បើក​ប្រាក់ខែ​បាន​ដដែល។ លោក​ថា តែងតែ​ព្យាយាម​ទៅ​សាកសួរ​នៅ​កន្លែង​បើក​ប្រាក់ខែ យ៉ាង​ហោចណាស់​មួយ​ឆ្នាំ​ម្ដង ហើយ​រហូតដល់​ឆ្នាំ​១៩៩៦ លោក​ក៏​សម្រេចចិត្ត​ចាកចេញ​ពី​ខេត្ត​បន្ទាយមានជ័យ ទៅ​រស់នៅ​ខេត្ត​បាត់ដំបង ហើយក៏​បាន​ទៅ​សួរនាំ​រឿង​ប្រាក់ខែ​ទៀត​ដែរ ព្រោះ​គ្មាន​ជំនឿ​ថា​នឹង​ទទួល​បាន​ប្រាក់ខែ។

ទោះ​ពិការ​ភ្នែក ប៉ុន្តែ លោក កឹម យ៉ាន មិន​ពិការ​ចិត្ត​ទេ លោក​តែង​តែង​ស្ដាប់​ព័ត៌មាន និង​ស្វះ​ស្វែងរក​ការ​ជួយ​អន្តរាគមន៍​ក្រសួងការពារជាតិ និង​ខុទ្ទកាល័យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប៉ុន្តែ​មិនដែល​បាន​ចម្លើយ​វិជ្ជមាន​ត្រឡប់​មក​លោក​វិញ​ទេ។

ជុំវិញ​ករណី​បាត់ឈ្មោះ និង​បាត់​ប្រាក់​លោក កឹម យ៉ាន នេះ អ្នកនាំពាក្យ​ក្រសួងការពារជាតិ លោក ឈុំ សុជាត ប្រាប់​ថា ក្រសួង​អាច​ពិនិត្យ ឬ​សើរើ​បាន លុះ​ត្រា​លោក កឹម យ៉ាន មាន​អត្តលេខ ឬ​កាត​ទាហាន បើ​មិន​ដូច្នេះ​ទេ ករណី​នេះ​គឺជា​រឿង​ស្មុគស្មាញ​ដែល​ពិបាក​ស្រាវជ្រាវ។ «»

ចំណែក​អភិបាលរង​ខេត្ត​បន្ទាយមានជ័យ លោក អ៊ុំ រាត្រី ដែល​ធ្វើ​ការងារ​ទាក់ទង​អតីត​យុទ្ធជន ថា​លោក​មិន​បាន​ដឹង​ករណី​នេះ​ទេ។ ប៉ុន្តែ​លោក​ទាមទារ​អតីត​យោធិន​ពិការ លោក កឹម យ៉ាន ទាក់ទង​អង្គភាព​របស់​ខ្លួន។

ទោះ​លោក កឹម យ៉ាន គ្មាន​ប័ណ្ណ​ទាហាន ឬ​អត្តលេខ​ក្ដី តែ​លោក​នៅ​ចងចាំ​យ៉ាង​រត់មាត់​នូវ​ឈ្មោះ​បន្ទាយ និង​ឈ្មោះ​មេបញ្ជាការ​របស់​លោក។ លោក​ចាំ​បាន​ថា កាលពី​អំឡុង​លោក​បម្រើ​ការងារ​យោធា មេបញ្ជាការ​យោធា​ខេត្ត​បន្ទាយមានជ័យ គឺ​កុយ ដោក ហើយ​មេ​បញ្ជាការ​រង​យោធា​ខេត្ត​បន្ទាយមានជ័យ ឈឿន សារិត។ លោក​ថា បន្ទាយ​របស់​លោក​នៅ​ភូមិ​ទឹកថ្លា ឃុំ​ទឹកថ្លា ស្រុក​សិរីសោភ័ណ។

បញ្ជាក់​បន្ថែម​ពី​ការ​អះអាង​របស់ លោក កឹម យ៉ាន ពី​ឈ្មោះ​បន្ទាយ និង​អង្គភាព​របស់​ខ្លួន​ដូចនេះ អតីត​មេបញ្ជាការ​យោធា​ខេត្ត​បន្ទាយមានជ័យ គឺ​លោក កុយ ដោក ឲ្យ​អាស៊ីសេរី ដឹង​ថា លោក​នៅចាំ​យ៉ាង​ច្បាស់​ថា ជន​ពិការ​ឈ្មោះ កឹម យ៉ាន ពិតជា​អតីត​កូន​ទាហាន​របស់​លោក​មែន។ លោក​បញ្ជាក់​ថា កាលដែល​លោក​ជួប​លោក កឹម យ៉ាន គឺ​អំឡុង​ឆ្នាំ​២០០៣ ដែល​កាលណោះ​លោក​ជា​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា។ លោក​ថា មិន​នឹក​ស្មាន​ថា មក​ដល់​ពេល​នេះ​ទៅ​ហើយ លោក កឹម យ៉ាន នៅ​តែ​វេទនា​ដូច្នេះ​ទេ។

ទាក់ទង​ករណី​លោក កឹម យ៉ាន គ្មាន​អត្តលេខ ឬ​ប័ណ្ណ​ទាហាន អតីត​មេបញ្ជាការ​យោធា​ខេត្ត​បន្ទាយមានជ័យ លោក កុយ ដោក និយាយ​ថា ដោយ​សម័យ​នោះ​ជា​ជំនាន់​សង្គ្រាម​នៅ​មាន​សង្គ្រាម​នៅ​ឡើយ ដូច្នេះ​ពេលខ្លះ​ត្រូវ​ជ្រើសរើស​ទ័ព​ភ្លាមៗ និង​ត្រូវ​បញ្ជូន​ទៅ​សមរភូមិ​ភ្លាមៗ ដែល​ហេតុ​ធ្វើ​ឲ្យ​កងទ័ព​ខ្លះ​មិន​មាន​អត្តលេខ ឬ​ប័ណ្ណ​ទាហាន។

រីឯ ប្រធាន​អង្គការ​ជន​ពិការ​កម្ពុជា លោក ងិន សៅរ័ត្ន ឲ្យ​ដឹង​ថា ក្នុងចំណោម​ជន​ពិការ​តែងតែ​មាន​ជន​ពិការ​ជា​អតីត​យុទ្ធជន​ដែល​ជួប​បញ្ហា គ្មាន​ប័ណ្ណ​ទាហាន ឬ​បាត់​អត្តលេខ។ លោក​យល់​ថា ក្រសួង​ការពារជាតិ និង​ក្រសួង​សង្គមកិច្ច និង​អតីត​យុទ្ធជន គួរ​មានការ​យោគយល់​ដល់​ជន​ពិការ ជាពិសេស​ជន​ពិការ​ភ្នែក​ចំពោះ​ការ​ខ្វះខាត​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ។

លោក កឹម យ៉ាន ដែល​សព្វថ្ងៃ​កំពុង​រស់​នៅ​ក្នុង​ផ្ទះ​ជួល​ក្នុង​ភ្នំពេញ ប្រាថ្នា​ចង់បាន​កន្លែង​មាន​រស់នៅ​សមរម្យ​ដូច​ពិការ​ផ្សេងទៀត និង​ចង់​កូនប្រុស​របស់​លោក អាច​រៀន​សូត្រ​ដល់​មហា​វិទ្យាល័យ ប៉ុន្តែ បើ​លោក​នៅតែ​រស់នៅ​ដូច​សព្វ​ថ្ងៃនេះ លោក​គ្មាន​សង្ឃឹមថា កូន​របស់​លោក​រៀន​សូត្រ​បាន​ខ្ពង់ខ្ពស់​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។