ជន​ពិការ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​សព​បណ្ឌិត កែម ឡី

ដោយ យាង សុជាមេត្តា
2016.07.17
ជន​ពិការ ជិន វ៉ន ២០១៦ ៨៥៥ ជន​ពិការ​រស់នៅ​ភូមិ​ពោធិ៍ ក្នុង​ឃុំ​ព្រែកស្ដី ស្រុក​កោះធំ ខេត្ត​កណ្ដាល លោក ជិន វ៉ន ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​សព​លោក​បណ្ឌិត កែម ឡី នា​វត្ត​ចាស់ ខណ្ឌ​ជ្រោយចង្វារ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១៦។ RFA/Phann Yasy
RFA/Phann Yasy

ក្រោយ​ពី​បណ្ឌិត កែម ឡី ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​កាល​ពី​ថ្ងៃ​ទី​១០ កក្កដា មាន​ប្រជាពលរដ្ឋ​ច្រើន​កុះករ​នាំ​គ្នា​ចូលរួម​មរណទុក្ខ និង​គោរព​វិញ្ញាណក្ខន្ធ​សព​លោក។ អ្នក​ចូលរួម​មាន​តាំង​ពី​ពលរដ្ឋ​សាមញ្ញ​រហូត​ដល់​អ្នក​នយោបាយ និង​អង្គ​ទូត​បរទេស។ លើស​ពី​នេះ សូម្បី​តែ​ជន​ពិការ មិន​ថា​ពិការ​ជើង ឬ​ភ្នែក​ឡើយ ក៏​បាន​ធ្វើ​ដំណើរ​មក​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​សព​បណ្ឌិត កែម ឡី ផង​ដែរ។

បើ​ទោះ​ជា​ពិការ​ជើង​ម្ខាង​ពិបាក​ធ្វើ​ដំណើរ​ឆ្ងាយ​ក្តី លោក ជិន វ៉ន បច្ចុប្បន្ន​វ័យ ៥៨​ឆ្នាំ មិន​ស្ងប់​ចិត្ត​ឡើយ​នៅ​ពេល​ទទួល​ព័ត៌មាន​ថា បណ្ឌិត កែម ឡី ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់។ ដោយសារ​តែ​ភាព​មិន​ស្ងប់​ចិត្ត​នេះ​ហើយ ទើប​ជំរុញ​ឲ្យ​លោក ជិន វ៉ន មិន​អាច​ទប់​ចិត្ត​ខ្លួន​ឯង​បាន ហើយ​សម្រេច​ធ្វើ​ដំណើរ​មក​កាន់​រាជធានី​ភ្នំពេញ ដើម្បី​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​សព​បណ្ឌិត កែម ឡី។

ជន​ពិការ​រស់នៅ​ភូមិ​ពោធិ៍ ក្នុង​ឃុំ​ព្រែកស្ដី ស្រុក​កោះធំ ខេត្ត​កណ្ដាល លោក ជិន វ៉ន ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​សព​លោក​បណ្ឌិត កែម ឡី នា​វត្ត​ចាស់ ខណ្ឌ​ជ្រោយចង្វារ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១៦។ RFA/Phann Yasy
ជន​ពិការ​រស់នៅ​ភូមិ​ពោធិ៍ ក្នុង​ឃុំ​ព្រែកស្ដី ស្រុក​កោះធំ ខេត្ត​កណ្ដាល លោក ជិន វ៉ន ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​សព​លោក​បណ្ឌិត កែម ឡី នា​វត្ត​ចាស់ ខណ្ឌ​ជ្រោយចង្វារ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១៦។ RFA/Phann Yasy
RFA/Phann Yasy

រស់នៅ​ភូមិ​ពោធិ៍ ក្នុង​ឃុំ​ព្រែកស្ដី ស្រុក​កោះធំ ខេត្ត​កណ្ដាល លោក ជិន វ៉ន បាន​រួម​ដំណើរ​មក​គោរព​វិញ្ញាណក្ខន្ធ​សព​បណ្ឌិត កែម ឡី ជាមួយ​ពលរដ្ឋ​ផ្សេង​ទៀត​ដែល​ជា​អ្នក​ភូមិ​ផង​របង​ជាមួយ​លោក។ លោក ជិន វ៉ន ដែល​បច្ចុប្បន្ន​ប្រកប​របរ​ធ្វើ​ស្រែ​ចម្ការ​ផង និង​ជា​អ្នក​កាន់​ឧបករណ៍​ទ្រ​សោ​ក្នុង​វង់​ភ្លេង​ប្រពៃណី​ផង និយាយ​ថា លោក​ដឹង​ព័ត៌មាន​មរណភាព​បណ្ឌិត កែម ឡី តាម​រយៈ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook)។ លោក​ថា នៅ​ពេល​ដឹង​ថា​បណ្ឌិត កែម ឡី ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​ភ្លាម លោក​មាន​ក្តី​រន្ធត់ និង​សោកស្ដាយ​បណ្ឌិត កែម ឡី ជា​ពន់​ពេក។

លោក ជិន វ៉ន ថ្លែង​បន្ត​ថា៖ «ឃើញ​លោកគ្រូ កែម ឡី ដឹង​ថា​បាញ់ ខ្ញុំ​រន្ធត់​សោកស្ដាយ​មនុស្ស​ណាស់! មនុស្ស​ដែល​ចេះ​ដឹង​ជួយ​ដាស់​តឿន​ខ្មែរ​យើង​គ្រប់​រូប​ឲ្យ​ងើប​ឡើង​ដូច​គាត់​អ៊ីចឹង មនុស្ស​ក្នុង​ស្រុក​ក្នុង​ភូមិ​ខ្ញុំ​សោកស្ដាយ​គាត់​ណាស់! វិជ្ជា​ដែល​គាត់​ដាស់​កូន​ខ្មែរ កុំ​ភ័យ កុំ​ខ្លាច! ខ្ញុំ​ចង់​ឲ្យ​កូន​ខ្មែរ​ទាំងអស់​ក្រោក​ឈរ​ឡើង។ ដូច​ខ្ញុំ​អ៊ីចឹង បើ​សិន​ជា​ខ្ញុំ​អាច​ដូរ​ជីវិត​ខ្ញុំ​បាន ឲ្យ​គាត់​រស់ ខ្ញុំ​ស្លាប់​ក៏​ខ្ញុំ​ព្រម​ដែរ»

លោក ជិន វ៉ន បន្ត​ថា ក្រោយ​ពី​ពលរដ្ឋ​ក្នុង​ភូមិ​ស្រុក​លោក​ទទួល​ព័ត៌មាន​ច្បាស់​ថា បណ្ឌិត កែម ឡី ពិត​ជា​បាន​ស្លាប់​មែន​ហើយ​នោះ អ្នក​ភូមិ​មិន​នៅ​ស្ងប់​អារម្មណ៍​ឡើយ។ ពួក​គេ​ប្រមូល​ផ្តុំ​គ្នា​ជជែក​ពី​មរណភាព​របស់​លោក៖ «ជីវិត​គាត់ គាត់​ថា​មិន​ស្ថិតស្ថេរ​តាំង​ពី​អើយ​មក​ម្ល៉េះ មិន​មែន​ទើប​ថា​ស្លាប់​ពេល​នេះ​ទេ បាន​ដឹង! ព្រោះ​ខ្ញុំ និង​ពលរដ្ឋ​ទាំងអស់​បាន​ស្តាប់​អាស៊ីសេរី គាត់​និយាយ​ថា គាត់​នៅ​ក្បែរ​រូង​ខ្លា ពីព្រោះ​ខ្លា​នៅ​ជុំវិញ​ខ្លួន​គាត់ មាន​រហូត​ដល់​ឆ្លាម​ទៀត។ គាត់​មិន​ប្រាកដ​ថា​ជីវិត​គាត់​នៅ​ទេ។ ខ្ញុំ​មិន​អស់​ចិត្ត ពីព្រោះ​ថា​នៅ​ផ្ទះ​រសាប់រសល់ ប្រជាពលរដ្ឋ​ភូមិ​ខ្ញុំ​រហូត​ខ្លះ​ផ្ញើ​លុយ​មក​ចូល​បុណ្យ​លោកគ្រូ កែម ឡី ព្រោះ​ថា​សោកស្ដាយ​ណាស់។ ប្រជាពលរដ្ឋ​ម្នាក់ៗ​ឮ​តែ​សំឡេង​អត់​បាន​ឃើញ​មុខ»

ជន​ពិការ​រស់នៅ​ភូមិ​ពោធិ៍ ក្នុង​ឃុំ​ព្រែកស្ដី ស្រុក​កោះធំ ខេត្ត​កណ្ដាល លោក ជិន វ៉ន ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​សព​លោក​បណ្ឌិត កែម ឡី នា​វត្ត​ចាស់ ខណ្ឌ​ជ្រោយចង្វារ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១៦។ RFA/Phann Yasy
ជន​ពិការ​រស់នៅ​ភូមិ​ពោធិ៍ ក្នុង​ឃុំ​ព្រែកស្ដី ស្រុក​កោះធំ ខេត្ត​កណ្ដាល លោក ជិន វ៉ន ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​សព​លោក​បណ្ឌិត កែម ឡី នា​វត្ត​ចាស់ ខណ្ឌ​ជ្រោយចង្វារ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១៦។ RFA/Phann Yasy
RFA/Phann Yasy

ពិការ​ជើង​ម្ខាង​ដោយសារ​ត្រូវ​គ្រាប់​ក្នុង​ពេល​ធ្វើ​ទាហាន​នៅ​ទសវត្សរ៍​៨០ លោក ជិន វ៉ន អះអាង​ថា លោក​មិន​ដែល​បាន​ជួប​មុខ​បណ្ឌិត កែម ឡី ផ្ទាល់​នោះ​ទេ តែ​លោក​ស្គាល់​លោក កែម ឡី ដោយសារ​ស្តាប់​ការ​វិភាគ​របស់​បណ្ឌិត កែម ឡី នៅ​តាម​បណ្ដាញ​សារព័ត៌មាន៖ «អត់​ដែល​ឃើញ​ទេ ឮ​តែ​សំឡេង​សឹង​រាល់​ថ្ងៃ វេទិកា​អី​ក៏​ឮ​គាត់​ដែរ។ ខ្ញុំ​អារម្មណ៍​ក្តុកក្តួល​ទប់​ទឹក​ភ្នែក​សឹង​មិន​បាន។ ខ្ញុំ​ជា​បុរស​ផង ទម្រាំ​នារី​ទៀត សោកស្ដាយ! ឃើញ​ដេក​ស្តូកស្តឹង​អ៊ីចឹង ឡើង​ចង់​ប្លែក​ហើយ​ឥឡូវ​ហ្នឹង ពីព្រោះ​ថា​ពណ៌​កាន់​តែ​ដូរ​ហើយ»

ទោះ​ពិការ​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ​ដូច​អ្នក​មាន​អវយវៈ​គ្រប់គ្រាន់​ក្តី ក៏​លោក ជិន វ៉ន ប្ដេជ្ញា​ថា​នឹង​ធ្វើ​ដំណើរ​មក​ចូលរួម​បុណ្យ​សព​បណ្ឌិត កែម ឡី ឲ្យ​បាន​ញឹកញាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ លោក​ថា បើ​ទោះ​ជា​សព​បណ្ឌិត កែម ឡី អាច​នឹង​ត្រូវ​គេ​ដង្ហែ​យក​ទៅ​តម្កល់​នៅ​ស្រុក​កំណើត​នៅ​ខេត្ត​តាកែវ ក្តី ក៏​លោក​រួម​ជាមួយ​អ្នក​ភូមិ នឹង​នៅ​តែ​ទៅ​ចូលរួម​ពិធី​បុណ្យ​ដល់​ទីនោះ។

លោក ជិន វ៉ន បញ្ជាក់​ថា អ្វី​ដែល​ធ្វើ​ឲ្យ​លោក និង​ពលរដ្ឋ​ចងចាំ​មិន​ភ្លេច​នោះ គឺ​ការ​ដាស់​តឿន​របស់​លោក កែម ឡី ឲ្យ​ពលរដ្ឋ​ដើរ​ផ្លូវ​ត្រូវ និង​មាន​ភាព​ក្លាហាន​ដើម្បី​ការពារ​ប្រទេស​ជាតិ។ បុរស​ពិការ​មាន​កូន ៤​នាក់​រូប​នេះ សង្ឃឹម​ថា​កូន​ខ្មែរ​ជំនាន់​ក្រោយ ជាពិសេស​អ្នក​នយោបាយ​នឹង​រៀន​សូត្រ​ពី​វីរភាព​របស់​បណ្ឌិត កែម ឡី និង​ធ្វើ​តាម​គំរូ​របស់​លោក៖ «ខ្ញុំ​ថា​អ្នក​នយោបាយ​ទាំងអស់​មើល​គំរូ​លោកគ្រូ កែម ឡី គេ​ថា​ស្លាប់​មិន​ដូរ​ឈ្មោះ រស់​មិន​ដូរ​ត្រកូល។ គាត់​ប្ដេជ្ញា គាត់​ការពារ​ប្រទេស​ជាតិ គាត់​និយាយ​មិន​ខ្លាច ជីវិត​គាត់​មិន​ខ្លាច​ស្លាប់។ ខ្ញុំ​ចង់​ឲ្យ​កូន​ខ្មែរ​យក​គំរូ​តាម​គាត់។ បុព្វបុរស​យើង ទោះ​ខ្ញុំ​ពិការ​ក៏ដោយ ខ្ញុំ​តស៊ូ​មក​ឲ្យ​ដល់​សព​គាត់។ សោកស្ដាយ​មនុស្ស។ ខ្ញុំ​ដាស់​កូន​ខ្មែរ​តាំង​ពី​អ្នក​ស្រុក​ភូមិ​ខ្ញុំ​ឲ្យ​មើល​គំរូ​ឲ្យ​ហើយ អ៊ីចឹង​ទើប​គេ​ថា​មនុស្ស​ស្នេហា​ជាតិ បុព្វបុរស​យើង​ពិត​ប្រាកដ​ហើយ តែ​បើ​ថា​អ្នក​បាញ់​បោះ អ្នក​នយោបាយ​ដឹង​តែ​ចាញ់​គេ​ហើយ​ឈ្នានីស​គេ ដឹង​តែ​កាប់​សម្លាប់ ដឹង​តែ​គុក​ច្រវាក់​ទេ គង់​ថ្ងៃ​ណា​មួយ​វិនាស​សាបសូន្យ»

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។