នាយក​គ្រប់គ្រង​អាស៊ីសេរី​​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍​ជួបពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន

ដោយ ថន ថារ៉ូ
2019.11.22
Matthew អាស៊ីសេរី កាញារីទ្ធ ៦២២ នាយក​គ្រប់គ្រង​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍​នៃ​វិទ្យុ​អាស៊ីសេរី លោក ម៉ាតធ្យូ ផិននីងថុន (Matthew Pennington) (ឆ្វេង) ក្នុង​ជំនួយជាមួយ​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​​ក្រសួង​ព័ត៌មាន កាល​ពីថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០១៩។
Photo courtesy of US Embassy Phnom Penh

ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​ក្រុងភ្នំពេញ បាន​បញ្ជាក់​នៅ​ក្នុង​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ខ្លួន​ថា នាយក​គ្រប់គ្រង​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍​នៃ​វិទ្យុ​អាស៊ីសេរី លោក ម៉ាតធ្យូ ផិននីងថុន (Matthew Pennington) បាន​ជួប​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​​ក្រសួង​ព័ត៌មាន​នៅ​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០១៩។ ក្នុង​កិច្ចប្រជុំ​នោះ លោក ម៉ាតធ្យូ ផិននឹងថុន បាន​ពិភាក្សា​ពី​លទ្ធភាព​នៃ​ការ​បើក​ការិយាល័យ​របស់​វិទ្យុ​អាស៊ីសេរី​ឡើងវិញ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ក្នុង​ពេល​អនាគត។

លោក ម៉ាតធ្យូ ផិននីងថុន ក៏បាន​ស្នើ​ផង​ដែរ ឱ្យ​តុលាការ​ទម្លាក់​ចោល​នូវ​បទចោទប្រកាន់​ដល់​អតីត​យក​ព័ត៌មាន​អាស៊ីសេរី​ពីរ​រូប គឺ​លោក អួន ឈិន និង​លោក យាង សុធារិន្ទ ព្រោះ​ការ​ទម្លាក់​ចោល​នូវ​បទ​ចោទប្រកាន់​ទាំងនេះ នឹង​ជួយ​ដល់​អ្នកសារព័ត៌មាន​ដទៃ​ទៀត រួម​ទាំង​អ្នក​យកព័ត៌មាន​វិទ្យុ​អាស៊ីសេរី ឲ្យ​មាន​ជំនឿ​ចិត្ត បំពេញការងារ​របស់​គេ​ដោយ​សុវត្ថិភាព និង​ក្នុង​បរិយាកាស​មួយ​ស្របតាម​សេរីភាព​សារព័ត៌មាន និង​នីតិរដ្ឋ​។

កាល​ពី​សប្ដាហ៍​មុន ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា លោក ផាទ្រីក ម័រហ្វី (Patrick Murphy) ក៏​បាន​ជួប​ពិភាក្សា​ជាមួយ​លោក ខៀវ កាញារីទ្ធ ដើម្បី​ពិភាក្សា​ជុំវិញ​តួនាទី​ដ៏​សំខាន់​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​។ ភាគី​ទាំង​ពីរ​ក៏បាន​ពិភាក្សា​ពី​លទ្ធភាព​ដែល​កម្ពុជា និង​សហរដ្ឋអាមេរិក​អាច​ធ្វើ​ការ​រួម​គ្នា​ក្នុង​ការ​ស្ដារ​សិទ្ធិ​សេរីភាព​សារព័ត៌មាន​ដ៏​ពេញលេញ​ឡើងវិញ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ក្រោយ​ជំនួប​នោះ លោក ផាទ្រីក ម័រហ្វី ក៏បាន​សម្ដែង​ក្តី​សង្ឃឹមថា ពលរដ្ឋ​កម្ពុជា នឹង​អាច​ស្តាប់​លឺ​ការផ្សាយ​តាមរយៈ​វិទ្យុ​ក្នុងស្រុក​ឡើងវិញ នូវ​សេចក្ដាំ​រាយការណ៍​ព័ត៌មាន​ជាតិ​និង​អន្តរជាតិ ពី​វិទ្យុ​អាស៊ីសេរី និង​វិទ្យុ​សហរដ្ឋអាមេរិក (VOA) ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខនេះ។

វិទ្យុ​អាស៊ីសេរី បាន​បង្ខំចិត្ត​បិទ​ការិយាល័យ​ផ្សាយ​របស់​ខ្លួន​ក្នុង​ក្រុងភ្នំពេញ នៅ​ចុង​ឆ្នាំ​២០១៧ បន្ទាប់​ពី​អាជ្ញាធរ​ក្រុងភ្នំពេញ បាន​ធ្វើ​ទុក្ខបុកម្នេញ និង​គំរាមកំហែង​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​មក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។