លោក ស ខេង ថា មាន​មន្ត្រី​ប៉ូលិស​ម្នាក់ទៀត​នឹង​ត្រូវ​ចាប់ខ្លួន​ពាក់ព័ន្ធ​គ្រឿងញៀន

ដោយ ហេង រស្មី
2019-03-21
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
នាយក​រដ្ឋមន្ត្រី​ស្តីទី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ថ្លែង​ក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែង​តាំង​មុខ​តំណែង​អភិបាល​ថ្មី​ខេត្ត​កំពត នា​សាលា​ខេត្ត​កំពត នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០១៦។
នាយក​រដ្ឋមន្ត្រី​ស្តីទី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ថ្លែង​ក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែង​តាំង​មុខ​តំណែង​អភិបាល​ថ្មី​ខេត្ត​កំពត នា​សាលា​ខេត្ត​កំពត នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០១៦។
RFA

លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ប្រកាស​ឱ្យ​ចាប់​ខ្លួន​នគរបាល​ម្នាក់ ជាប់​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​នៅ​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ក់ (ROCK) ខណៈ​លោក​ឧកញ៉ា គិត ធាង កំពុង​ជាប់ឃុំ។ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ អគ្គស្នងការ​នគរបាល​ជាតិ​និយាយ​ថា និង​មាន​មនុស្ស ១៥​នាក់​ផ្សេងទៀត​ជាប់​ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​នេះ។

លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ប្រកាស​ឱ្យ​នគរបាល​ម្នាក់ ដែល​រកឃើញ​ថា ជាប់​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​នៅ​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ក់ ចូលខ្លួន​ឱ្យ​សមត្ថកិច្ច​ចាប់​តាម​សម្រួល ក្រែងលោ ទទួល​បានការ​សម្រាល​ទោស ពី​មន្ត្រី​តុលាការ​ខ្លះ។ លោក ស ខេង ថា ក្នុង​ចំណោម​នគរបាល​ច្រើន​នាក់ កំពុង​ស៊ើបអង្កេត សមត្ថកិច្ច​រក​ឃើញ​នគរបាល​ម្នាក់ ហើយ​តុលាការ​បាន​ចេញ​ដីកា​កោះហៅ​រួច​ហើយ៖ «ដូច​ខ្ញុំ​បាន​និយាយ​នៅ (សាលា) រាជធានី ថា ក្នុង​ប៉ុន្មាន​នាក់​ហ្នឹង ឥឡូវ​យើង​ឃើញ​ថា មាន​ប៉ូលិស​មួយ ដែល​កំពុង​តាម​រក​ចាប់ខ្លួន​។ មាន​ដីកា​នៅ​។ មាន​ដីកា​ហើយ​។ គេច​ទៅ​ណា​ក៏​អត់​រួច​ដែរ​។ រឿង​រកស៊ី​គ្រឿងញៀន គេច​ទៅ​ណា ក៏​មិន​រួច​ដែរ។ បើ​ថា ល្អ មក​បង្ហាញខ្លួន​មក​។ វា​អាច​ថា មាន​ការ​បន្ធូរបន្ថយ​អ្វីខ្លះ ក្រែង​តុលាការ​បន្ធូរបន្ថយ ខ្ញុំ​មិន​ដឹង​ទេ ប៉ិន​គ្រាន់​ថា បើ​ថា គេច​ទៅ​ណា ក៏​គេច​មិន​រួច​ដែរ។ យើង​ស្គាល់​អត្តសញ្ញាណ ស្គាល់​អ្វី​អស់ហើយ»

លោក ស ខេង ថ្លែង​ដូច្នោះ​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ត្រួតពិនិត្យ​គ្រឿងញៀន​ឆ្នាំ​២០១៨ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០១៩ របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន និង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល ការអនុវត្ត​ផែនការ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​លើក​ទី​៣ ឆ្នាំ​២០១៨ នៅ​ក្រសួងមហាផ្ទៃ នៅ​រសៀល​ថ្ងៃ​ទី​២១ មីនា​។ កាលពី​ថ្ងៃ​ទី​១៩ មីនា លោក ស ខេង ក៏បាន​បញ្ជា​ឱ្យ​ស្រាវជ្រាវ ចាប់ខ្លួន​មន្ត្រី​ប៉ូលិស ដែល​ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន នៅ​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ក់។

អគ្គស្នងការ​នគរបាល​ជាតិ លោក នេត សាវឿន ប្រាប់​អាស៊ីសេរី នៅ​ថ្ងៃទី២១ មីនា នេះ​ថា មន្ត្រី​ប៉ូលិស​ម្នាក់​នោះ សមត្ថកិច្ច​មាន​ដីកា​នៅ​ក្នុង​ដៃ​ហើយ តែ​លោក​មិន​បញ្ជាក់​ថា មន្ត្រី​ប៉ូលិស​រូប​នោះ​មាន​តួនាទី និង ឋានៈ​អ្វី​នោះ​ទេ។

លោក នេត សាវឿន បញ្ជាក់​ថា ក្នុង​សំណុំ​រឿង​នេះ​មាន​មន្ត្រី​ប៉ូលិស ម្នាក់ និង​មនុស្ស​១៥​នាក់​ផ្សេងទៀត​ជាប់​ពាក់ព័ន្ធ៖ «ក្នុងចំណោម​អ្នក​ដែល​យើង​ស្រាវជ្រាវ​ពាក់ព័ន្ធ​មាន ១៥​នាក់​ផ្សេងទៀត​ដែល​យើង​កំពុង​តាម​រក​ចាប់ ហើយ​ក្នុង​១៥​នាក់​ហ្នឹង​មាន​ប៉ូលិស​ម្នាក់។ ឥឡូវ​សមត្ថកិច្ច​កំពុង​តាម​រក​ចាប់​ហើយ។ កុំអាល​ចង់​ដឹង ចាំ​ចាប់​បាន​ចាំ​ប្រាប់ បើ​អ៊ីចឹង​ខូចខាត​គេ​អស់ហើយ អា​ហ្នឹង​ក៏ អត់​ប្រាប់​ដែរ ចាំ​ចាប់​ហើយ​គេ​បញ្ចូន​ទៅ​តុលាការ​ដឹង​ហើយ»

បណ្ដាញ​យុវជន និង​សង្គម​ស៊ីវិល ដែល​ឃ្លាំមើល ករណី​នេះ យល់ថា វា​ហាក់បីដូចជា​មាន​ការ​លាក់បាំង​ច្រើន និង​ទាល់តែ​បញ្ជា ពី​មេដឹកនាំ​កំពូល លោក ហ៊ុន សែន និង លោក ស ខេង ទើប​សមត្ថកិច្ច​ហ៊ាន​ចាប់​ជនសង្ស័យ និង​អ្នក​ពាក់ព័ន្ធ។

ទោះ​សមត្ថកិច្ច និង​ចៅក្រម​ស៊ើបសួរ បាន​ចោទប្រកាន់ ម្ចាស់​ក្លឹប​កម្សាន្ត​រ៉ក់ លោក​ឧកញ្ញ៉ា គិត ធាង និង​អ្នក​ពាក់ព័ន្ធ​មួយ​ចំនួន ជាប់​ពាក់ព័ន្ធ​គ្រឿងញៀន និង​ឃុំខ្លួន បណ្ដោះអាសន្ន ប៉ុន្តែ​សមត្ថកិច្ច​មិន​បាន​ធ្វើ​សន្និសីទកាសែត និង​បង្ហាញ​រូបថត និង​បង្ហាញ​ជនសង្ស័យ​ស្ថិត​ក្នុង​សភាព​ជាប់​ខ្នោះដៃ ដូច​ជនសង្ស័យ ដទៃ​ទៀត​ឡើយ។

អនុប្រធាន​បណ្ដាញ​យុវជន​កម្ពុជា លោក ស ម៉ូរី ទាមទារ​ឱ្យ​សមត្ថកិច្ច​បង្ហាញ ដំណើរ​ការ អនុវត្ត​ច្បាប់ និង​នីតិវិធី​ស៊ើបអង្កេត ករណី​គ្រឿងញៀន នៅ​ក្លឹប​កម្សាន្ត​រ៉ក់ ឱ្យ​បាន​ច្រើនជាង​នេះ ដើម្បី​បង្ហាញ​ពី​តម្លាភាព និង​ស្តង់ដារ​អនុវត្ត​ស្មើគ្នា ចំពោះ​មុខ​ច្បាប់ ឱ្យ​មហាជន​បាន​ឃើញ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល