សមត្ថកិច្ច​ឆែកឆេរ​ទីតាំង​៤​កន្លែង​នៅ​ស្ទឹងត្រែង​សង្ស័យ​ពាក់ព័ន្ធ​គ្រឿង​ញៀន

មន្ត្រី​នគរបាល​ខេត្ត​ស្ទឹងត្រែង មួយ​រូប​សុំ​មិន​បញ្ចេញ​ឈ្មោះ​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣០ មិថុនា ថា ប្រធាន​នាយកដ្ឋាន​កណ្ដាល​យុត្តិធម៌ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​នៃ​ក្រសួង​មហាផ្ទៃ លោក ម៉ក់ ជីតូ និង​ព្រះរាជអាជ្ញា​ខេត្ត​ស្ទឹងត្រែង រួម​ទាំង​កង​កម្លាំង​នគរបាល​ខេត្ត បាន​ចុះ​ឆែកឆេរ​ទីតាំង ៤​កន្លែង រួម​ទាំង​ហាង​ខារ៉ាអូខេ​យីហោ​ពិភព​ថ្មី ក្នុង​ក្រុង​ស្ទឹងត្រែង និង​លំនៅឋាន​ជន​សង្ស័យ​ឈ្មោះ ដាំ ញ៉ាំ ថា​ជាប់​ពាក់ព័ន្ធ​គ្រឿង​ញៀន​ជាង ៥០​គីឡូក្រាម ដែល​សមត្ថកិច្ច​បង្ក្រាប​បាន​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​មិថុនា។

ស្នងការ​នគរបាល​ខេត្ត​ស្ទឹងត្រែង លោក ម៉ៅ តារា មិន​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​នឹង​ការ​ឆែកឆេរ​នេះ​ទេ​នៅ​ថ្ងៃ​ទី​៣០ មិថុនា ដោយ​លោក​បង្វែរ​ឲ្យ​សួរ លោក ម៉ក់ ជីតូ ផ្ទាល់។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង លោក លោក ម៉ក់ ជីតូ ជា​ប្រធាន​នាយកដ្ឋាន​កណ្ដាល​យុត្តិធម៌ នៃ​អគ្គស្នងការ​នគរបាល​ជាតិ ដើម្បី​សុំ​បញ្ជាក់​បន្ថែម​ពី​ករណី​នេះ​បាន​នៅ​ឡើយ។

មន្ត្រី​នគរបាល​ម្នាក់​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ និង​សុំ​មិន​ឲ្យ​ថត​សំឡេង ឲ្យ​ដឹង​ថា កម្លាំង​នគរបាល​ចុះ​ឆែកឆេរ​តាម​ដីកា​សាលា​ដំបូង​រាជធានី​ភ្នំពេញ ព្រម​ទាំង​រឹបអូស​បាន​ទូ​ដែក​១ មាន​ទំហំ​ប្រហែល ៦០​សង់ទីម៉ែត្រ​បួន​ជ្រុង​ព័ណ៌​ខ្មៅ។ ចំណែក​ជន​សង្ស័យ​ម្នាក់ គឺ​លោក ដាំ ញ៉ាំ បាន​រត់​គេច​ខ្លួន​បាត់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។