លោក ស ខេង បញ្ជា​ឱ្យ​ចាប់​ប៉ូលិស​ដែល​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​នៅ​ក្លឹប​កម្សាន្ត​រ៉ក់

ដោយ ម៉ៅ សុធានី
2019.03.20
លោក គិត ធាង លោក គិត ធាង ម្ចាស់​អាជីវកម្ម​ក្លឹប​កម្សាន្ត រ៉ក់
រូបពី​ហ្វេសប៊ុក៖ Royal Finanancial Corp

លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បញ្ជា​ឱ្យ​សមត្ថកិច្ច​ស្រាវជ្រាវ និង​ស្វែងរក​ចាប់ខ្លួន​មន្ត្រី​ប៉ូលិស ដែល​ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន នៅ​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ក់ (ROCK)​។ លោក ស ខេង រកឃើញ​ថា ករណី​ជួញដូរ​គ្រឿងញៀន​នៅ​រ៉ក់ មាន​មន្ត្រី​ប៉ូលិស​នៅ​ពីក្រោយ។

លោក ស ខេង អំពាវនាវ​ជាថ្មី ឱ្យ​មន្ត្រី​ប៉ូលិស​ជៀស​ឱ្យ​ឆ្ងាយ កុំ​ពាក់ព័ន្ធ​ជាមួយ​ករណី​គ្រឿងញៀន ឱ្យ​សោះ និង​ព្រមាន​ថា បើ​មន្ត្រី​ប៉ូលិស​ណា ពាក់ព័ន្ធ​នឹង​គ្រឿងញៀន នឹង​មិន​អាច​គេច​រួច​ពី​ទោស​ទណ្ឌ​ឡើយ។ លោក ស ខេង អះអាង​ថា ចំពោះ​ករណី​គ្រឿងញៀន​នៅ​ក្លឹប​កម្សាន្ត​រ៉ក់ សមត្ថកិច្ច​កំពុង​តាម​ចាប់​មន្ត្រី​ប៉ូលិស ដែល​ជាប់​ពាក់ព័ន្ធ​រឿង​គ្រឿងញៀន​នេះ៖ «នៅ​ក្នុង​ចំណោម​មុខសញ្ញា​នៅ​រ៉ក់ (​ក្លឹប​កម្សាន្ត​រ៉ក់​) មាន​ប៉ូលិស​ចូល​ពាក់ព័ន្ធ​នៅ​ក្នុង​ហ្នឹង ដែល​ជា​មុខសញ្ញា​កំពុង​តាម​រក​ចាប់​។ ដូច្នេះ​យើង​មិន​ត្រូវ​ស្ទាក់ស្ទើរ​ចំពោះ​បញ្ហា​នេះ​ទេ និង​ត្រូវ​បន្ត​។ នៅ​កន្លែង​ដទៃ​ទៀត​ក៏​ដូចគ្នា អ៊ីចឹង​ដែរ​។ ទាំង​ជនបទ​ទីប្រជុំជន ឬក៏​ទីក្រុង​។ ជាពិសេស​នៅ​រាជធានី​ភ្នំពេញ ក្រុង​សៀមរាប ក្រុង​កំពង់សោម»

ការ​ថ្លែង​របស់ លោក ស ខេង ធ្វើឡើង​នៅ​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំ​ឆ្នាំ​២០១៨ និង​លើក​ទិសដៅ​ការងារ​សម្រាប់​អនុវត្ត ឆ្នាំ​២០១៩ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​ទី​១៩ មីនា។

លោក ស ខេង អះអាង​ថា ការ​បង្ក្រាប​គ្រឿងញៀន​នៅ​ក្លឹប​កម្សាន្ត​រ៉ក់ និង​នៅ​ក្លឹប​កម្សាន្ត​រាត្រី​មួយទៀត នៅ​ខេត្ត​សៀមរាប កាល​ពី​ពេល​ថ្មីៗ​នេះ ឃាត់ខ្លួន​បាន​សុទ្ធ តែ​យុវជន ហើយ​សុទ្ធតែ​ជា​អ្នក​ជក់​គ្រឿងញៀន។ លោក​បន្ត​ថា ករណី​គ្រឿងញៀន​នេះ ជា គ្រោះថ្នាក់​ធំ​ណាស់ សម្រាប់​ធនធានមនុស្ស​កម្ពុជា សុខភាព​ពលរដ្ឋ សុវត្ថិភាព​សង្គម ប៉ះពាល់​ដល់​ធនធាន​ថវិកាជាតិ ក្នុង​ការ​ស្ដារ​នីតិសម្បទា​ជាដើម។

ករណី​បង្ក្រាប​ទីតាំង​គ្រឿងញៀន​ដុះ​ស្នឹម នៅ​ក្នុង​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ក ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ឃុំខ្លួន ម្ចាស់​អាជីវកម្ម លោក​ឧកញ៉ា គិត ធាង បណ្ដោះអាសន្ន នៅ​ពន្ធនាគារ​អគ្គស្នងការ​រាជធានី​ភ្នំពេញ ឬ​ហៅថា ពន្ធនាគារ​ប៉េហ្ស៊ី (PJ) កាលពី​ថ្ងៃទី​១២ មីនា។ លោក គិត ធាង ជា​បងប្រុស​បង្កើត​របស់​ឧកញ៉ា គិត ម៉េង ឈ្មួញ​រកស៊ី​ច្រើន​វិស័យ​ដោយមាន​មេដឹកនាំ​របប​ឯក​បក្ស លោក ហ៊ុន សែន ជួយ​ជ្រោមជ្រែង​ពី​ក្រោយ។ លោក គិត ធាង ត្រូវ​ចៅក្រម​ស៊ើបសួរ លោក សេង លាង ចោទប្រកាន់​បទ ចាត់ចែង​សម្រួល​ឱ្យ​មានការ​ប្រើប្រាស់ ដោយ​ខុសច្បាប់​នូវ​សារជាតិ​ញៀន និង​បទ​សមគំនិត តាម​មាត្រ​៤២ និង ៤៤ នៃ​ច្បាប់​ស្ដីពី​ការ ត្រួតពិនិត្យ​គ្រឿងញៀន និង​មាត្រា​២៩ នៃ​ក្រមព្រហ្មទណ្ឌ។

អ្នកនាំពាក្យ​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក លី សុផាណា ប្រាប់​សារព័ត៌មាន​ក្នុងស្រុក (​រស្មី​កម្ពុជា​) ថា ក្រៅពី លោក គិត ធាង ក៏​មាន​បក្ខពួក​មួយ​ចំនួន​ត្រូវ​ចៅក្រម​ស៊ើបសួរ​សម្រេច​ឃុំខ្លួន​បណ្ដោះអាសន្ន​ដែរ។ ប៉ុន្តែ​មិន​បញ្ជាក់​ប៉ុន្មាន​នាក់ ហើយ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ណា​ទេ​។ កាលពី​ថ្ងៃ​ទី​០២ មីនា សមត្ថកិច្ច​រាជធានី​ភ្នំពេញ បានសម្រេច​បញ្ជូន​មនុស្ស​ចំនួន​១៧​នាក់ ក្នុង​ចំណោម​អ្នក​ឃាត់ខ្លួន នៅ​ក្លឹប​កម្សាន្ត​រ៉ក់ ៣១១​នាក់ និង​វត្ថុ​តាង គឺ​គ្រឿងញៀន​ជិត​៥០ (៤៩,៤៤ គីឡូក្រាម​) ដែល​រក​ឃើញ​ក្នុង​ក្លឹប​កម្សាន្ត​រ៉ក់ ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ។

អាស៊ីសេរី មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក ស ថេត ជុំវិញ​ការវិវត្តន៍​ដំណើរការ​ស៊ើបអង្កេត​អ្នក​ពាក់ព័ន្ធ​បន្ថែម​ក្នុង​ករណី​នេះ និង​ស្ថានភាព​ការរស់នៅ​ក្នុង​ពន្ធនាគារ​ប៉េហ្ស៊ី របស់ លោក​ឧកញ៉ា គិត ធាង បានទេ នៅ​ថ្ងៃទី​១៩ មីនា ដោយសារ​មិន​លើក​ទូរស័ព្ទ​។​

អនុប្រធាន​បណ្ដាញ​យុវជន​កម្ពុជា លោក ស ម៉ូរី ជឿ​ថា សមត្ថកិច្ច​នឹង​ស្រាវជ្រាវ​ចាប់​បាន​ប៉ូលិស​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន នៅ​ក្លឹប​កម្សាន្ត​រ៉ក់ ព្រោះ ករណី​ខ្លះ ការអនុវត្ត​ច្បាប់​ទោស​ទណ្ឌ សម្រាប់​មន្ត្រី​ធំ អ្នក​មាន​អំណាច ឬ ឧកញ៉ា ទាល់​តែ​មាន​បទបញ្ជា​ពី លោក ហ៊ុន សែន ឬ​ពី លោក ស ខេង៖ «ខ្ញុំ​គាំទ្រ​ដំណើរការ​ស៊ើបអង្កេត​បន្ត ក្នុង​ការ​ចាប់ខ្លួន ហើយ​នឹង​អ្នក​ពាក់ព័ន្ធ ហើយ​នឹង​អ្នក​ជួញដូរ​គ្រឿងញៀន (​នៅ​ក្លឹប​រ៉ក់)។ ប៉ុន្តែ​ដើម្បី​ឱ្យ​តម្លាភាព ខ្ញុំ​ស្នើ​ឱ្យ​អ្នកមាន​សមត្ថកិច្ច​ស៊ើបអង្កេត​ករណី​ហ្នឹង សុំ​ធ្វើការ​ជម្រាប​ព័ត៌មាន​ជាប្រចាំ ដើម្បី​ឱ្យ​ពលរដ្ឋ​បាន​ដឹង​ថា តើ​ដំណើរការ​ស៊ើបអង្កេត​ហ្នឹង បាន​ប្រព្រឹត្តិ​ទៅដល់​ណា​ហើយ ដើម្បី​បញ្ជាក់​ពី​តម្លាភាព ឱ្យ​ប្រជាពលរដ្ឋ​ហ្នឹង ជឿ​ទុកចិត្ត​ទៅលើ​ចំណាត់​ការ​របស់​អាជ្ញាធរ។ តើ​អាជ្ញាធរ​ហ្នឹង បាន​ស៊ើបអង្កេត​ត្រឹមត្រូវ​ឬក៏​អត់?»

លោក ស ម៉ូរី ជំរុញ​រដ្ឋាភិបាល​ចាត់​វិធានការ​តឹងរ៉ឹង​លើ​មន្ត្រី​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន នៅ​តាម​កន្លែង​ផ្សេងទៀត តួយ៉ាង​ដូច​នៅ​តាម​ជនបទ និង​ត្រូវ​បន្ថែម​វិធានការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​បន្ថែម​ទៀត ព្រោះ​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន ច្រើន​ឆ្នាំ​មកនេះ គ្មាន​ប្រសិទ្ធិ​ទេ ដោយសារ​គ្រឿងញៀន​នៅតែ​បន្ត​កើន​ឡើង និង​រីក​រាលដាល​ច្រើនជាង​មុន​ទៅទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។