ប្រជាពលរដ្ឋរស់នៅសង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ស្នើសុំឲ្យអាជ្ញាធរជួយដោះស្រាយរឿងផ្លូវហុយធូលីដីខ្លាំង ដែលបង្កឡើងដោយសារឡានដឹកដីបើកបររាល់ថ្ងៃ។ រីឯចៅសង្កាត់ច្រកម្ទេសថ្លែងថា គ្មានឡានដឹកដីនោះទេ។ ប៉ុន្តែយ៉ាងណាក្តីលោកនឹងយកសំណូមពរពលរដ្ឋ ទៅពិនិត្យមើល ដើម្បីដោះស្រាយ។
ប្រជាពលរដ្ឋអះអាងថា ភូមិដែលកំពុងប្រឈមនឹងធូលីដីហុយខ្លាំងនោះ មានភូមិពពែត ភូមិទួលអំពិល និងភូមិមួយចំនួនទៀត ស្ថិតក្នុងសង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។
ពលរដ្ឋម្នាក់លើកឡើងថា បញ្ហាធូលីដីហុយខ្លាំងនោះ គឺបង្កឡើងដោយសាររថយន្តដឹកដីធំៗ បើកបរតាមភូមិទាំងនោះប្រមាណ ១ឆ្នាំហើយ ប៉ុន្តែអាជ្ញាធរ និងក្រុមហ៊ុនដឹកដី មិនខ្វាយខ្វល់ដោះស្រាយជូនប្រជាពលរដ្ឋឡើយ។ បញ្ហាដីហុយខ្លាំងនេះ ធ្វើឲ្យអ្នកភូមិពិបាករស់នៅ និងខ្លះធ្លាក់ខ្លួនឈឺក្អកជាដើម៖ « មានឡានរកស៊ីដឹកដី ដឹកដីទាំងព្រឹកទាំងល្ងាច ធ្វើឲ្យហុយដីខ្លាំងប៉ះពាល់ដល់ប្រជាពលរដ្ឋជាច្រើន។ គាត់អត់ចាក់ទឹកស្រោចផ្លូវសោះ ហើយអាជ្ញាធរក៏អត់ដែលរវល់ដែរ។ គាត់ដឹកអីដឹងចុះ តែសូមចាក់ទឹកផឹកកុំឲ្យហុយខ្លាំង » ។
ពលរដ្ឋផ្សេងទៀត លើកឡើងដែរថា បញ្ហាដីហុយខ្លាំងនេះ ធ្វើឲ្យអ្នកភូមិពិបាករស់នៅ និងខ្លះធ្លាក់ខ្លួនឈឺ ដូចជា ជំងឺរលាកផ្លូវដង្ហើម ក្អក និងផ្តាសាយជាដើម៖ «វាប៉ះពាល់ខ្លាំងដល់សុខភាព ជាពិសេសវាហុយចូលច្រមុះ និងអាហារជាដើម »។
ប្រជាពលរដ្ឋបន្ថែមថា វាមានរយៈពេលជាង ៣០ឆ្នាំក្រោយផ្តួលរំលំរបប ប៉ុល ពត។ ប៉ុន្តែស្ថានភាពផ្លូវថ្នល់នៅតំបន់ពួកគាត់រស់នៅ មានលក្ខណៈខូចខាតលំបាកខ្លាំង ហើយមានជង្ហុក និងបង្កឲ្យមានធូលីហុយខ្លាំងនៅពេលមានរថយន្តបើកបរម្តងៗ។ ពួកគាត់ស្នើសុំឲ្យអាជ្ញាធរជួយជំរុញឲ្យក្រុមហ៊ុនឡានរកស៊ីដឹកដីឲ្យជួយចាក់ទឹកព្រឹកល្ងាចនៅតាមផ្លូវ ដើម្បីកាត់បន្ថយធូលីដីហុយ។
ចៅសង្កាត់ច្រកម្ទេស លោកហួត សាមៃ មានប្រសាសន៍ថា ក្នុងសង្កាត់របស់លោកមិនដែលមានឡានធំៗ ដឹកដីនោះទេ។ លោកបន្ថែមថា ខាងសង្កាត់នឹងពិនិត្យមើល ប្រសិនបើឃើញមានក្រុមហ៊ុនឡានដឹកដីធំៗ នោះ លោកនឹងប្រាប់ឲ្យចាក់ទឹកតាមផ្លូវក្នុង ១ថ្ងៃ ៣ដងតាមសំណូលពររពលរដ្ឋ៖ « ថ្នល់គេកំពុងតែអភិវឌ្ឍ គឺវារាងហុយតិចហើយ មិនដឹងធ្វើម៉េច ព្រោះថា អាផ្លូវនេះ គេគម្រោងចាក់កៅស៊ូនៅពាក់កណ្តាលឆ្នាំនេះ ហើយឥឡូវនេះគេចាក់ដល់ពពែតហើយ។ ធ្វើម៉េចអានេះ ព្រោះធ្វើនេះ គឺវាហុយតិចតូច » ។
ប្រជាពលរដ្ឋ អះអាងថា ការលើកឡើងរបស់ចៅសង្កាត់នោះ គ្រាន់តែជាលេសដោះសារប៉ុណ្ណោះ ព្រោះលោកធ្លាប់មិនរវីរវល់ដោះស្រាយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។