ក្រសួង​អប់រំ​មិន​អនុញ្ញាត​ឲ្យ​បើក​សាកលវិទ្យាល័យ​បន្ថែម

0:00 / 0:00

ក្រសួង​អប់រំ​យុវជន​និង​កីឡា បាន​រិះរក​វិធី​ថ្មី​មួយ​ទៀត គឺ​មិន​អនុញ្ញាត​ឲ្យ​បើក​សាកលវិទ្យាល័យ​បន្ថែម​នោះ​ទេ ប៉ុន្តែ​បាន​ជំរុញ​ឲ្យ​មាន​សកលវិទ្យាល័យ​ដែល​បង្រៀន​ផ្នែក​ជំនាញ​វិញ ដើម្បី​ដើរ​ទាន់​នឹង​ទីផ្សារ​ការងារ​បច្ចុប្បន្ន​ដែល​អ្នក​វិនិយោគ​កំពុង​ត្រូវ​ការ។ យ៉ាង​នេះ​ក្ដី អ្នក​សិក្សា​ផ្នែក​សង្គម​មិន​គាំទ្រ​ចំពោះ​ការ​ផ្ដួចផ្ដើម​តាម​វិធី​នេះ​ទេ ដោយ​ទាមទារ​ឲ្យ​ពង្រឹង​គុណភាព​សាកលវិទ្យាល័យ​ដែល​មាន​ស្រាប់។

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​អប់រំ បាន​ប្រកាស​ផ្អាក​ជា​បណ្ដោះអាសន្ន​ចំពោះ​ការ​បើក​បន្ថែម​ទៀត​នូវ​សាកល​វិទ្យាល័យ​នានា ក្នុង​គ្រា​ដែល​កម្ពុជា កំពុង​កង្វះ​សាកលវិទ្យាល័យ​ដែល​បង្រៀន​ដល់​និស្សិត​ផ្នែក​ជំនាញ​នោះ។

រដ្ឋមន្ត្រី​ក្រសួង​អប់រំ​យុវជន​និង​កីឡា លោក ហង់ ជួនណារ៉ុន មាន​ប្រសាសន៍​ថា ការ​ប្រកាស​ឲ្យ​ផ្អាក​ជា​បណ្ដោះអាសន្ន​នេះ គឺ​ជា​វិធានការ​កំណែ​ទម្រង់​មួយ​ដើម្បី​ឆ្លើយតប​ទៅ​នឹង​សេចក្ដី​ត្រូវការ​របស់​អ្នក​វិនិយោគ​បច្ចុប្បន្ន។ លោក​ថា សព្វថ្ងៃ​នេះ​សាកលវិទ្យាល័យ​ដល់​ទៅ​ជាង ៥០% បាន​បង្រៀន​ដល់​និស្សិត គឺ​ជា​មុខវិជ្ជា​ផ្នែក​វិទ្យាសាស្ត្រ​សង្គម សេដ្ឋកិច្ច ពាណិជ្ជកម្ម គ្រប់គ្រង​ជា​ដើម។

លោក ហង់ ជួនណារ៉ុន៖ «អ្នក​វិនិយោគ​គឺ​ត្រូវ​ការ​ជំនាញ​ថ្មី ដូចជា​វិស្វករ អ្នក​ជំនាញ​ខាង​ផ្នែក​កសិកម្ម ខាង​ផ្នែក​វិទ្យាសាស្ត្រ​អី​ជា​ដើម។ អ៊ីចឹង​ក្រសួង​ផ្អាក​ជា​បណ្ដោះ​អាសន្ន​ក្នុង​ការ​បើក​សាកលវិទ្យាល័យ​ថ្មី ក៏​ប៉ុន្តែ​អនុញ្ញាត​ឲ្យ​បង្កើត​តែ​សាកលវិទ្យាល័យ​ដែល​បង្រៀន​ខាង​ផ្នែក​កសិកម្ម ព្រោះ​យើង​ត្រូវ​ការ​អ្នក​ជំនាញ​កសិកម្ម​ច្រើន ខាង​ផ្នែក​មេកានិច ព្រោះ​ឥឡូវ​នេះ​មាន​ការ​ប្រើប្រាស់​ត្រាក់ទ័រ​អី​ច្រើន អត់​មាន​អ្នក​ជួសជុល​ទេ​ត្រាក់ទ័រ ដោយសារ​អ្នក​វិនិយោគ​ត្រូវ​ការ​វិស្វករ​ច្រើន​ក៏​ដូចជា​ត្រូវ​ការ​អ្នក​មាន​ជំនាញ​វិជ្ជាជីវៈ។ យើង​ត្រូវ​ការ​បង្កើត​វិស័យ​សេដ្ឋកិច្ច​ថ្មី អ៊ីចឹង​យើង​អនុញ្ញាត​បង្កើត​តែ​វិស័យ​អាទិភាព​ហ្នឹង​ទេ»

លោក​ថ្លែង​បែប​នេះ​នៅ​ក្នុង​ពិធី​ខួប​លើក​ទី​១​របស់​សាកលវិទ្យាល័យ​អាមេរិកាំង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៤ ឧសភា នៅ​ឯ​មជ្ឈមណ្ឌល​ទួលគោក។

ឆ្លើយ​តប​ទៅ​នឹង​ការ​ប្រកាស​ផ្អាក​បណ្ដោះ​អាសន្ន​ចំពោះ​ការ​មិន​ឲ្យ​បន្ត​បើក​សាកល​វិទ្យាល័យ​បន្ថែម​នេះ អ្នក​សិក្សា​ស្រាវជ្រាវ​ផ្នែក​សង្គម លោក កែម ឡី មាន​មតិ​ថា បញ្ហា​សំខាន់​គឺ​ក្រសួង​ត្រូវ​តម្រង់​ទិស​សាកលវិទ្យាល័យ​ដែល​មាន​ស្រាប់​នោះ​ឲ្យ​មាន​បង្រៀន​កម្រិត​បរិញ្ញាបត្រ អនុ​បណ្ឌិត ឬ​បណ្ឌិត​ខាង​ជំនាញ​ឲ្យ​ត្រូវ​នឹង​ទីផ្សារ​ការងារ​ទៅ​វិញ​ទើប​ជា​ការ​ប្រសើរ។ លោក​ថា តាម​សេដ្ឋកិច្ច​ទីផ្សារ​សេរី ការ​ហាម​ឃាត់​មិន​ឲ្យ​បើក​សាកលវិទ្យាល័យ​គឺ​មិន​ត្រឹមត្រូវ​នោះ​ទេ ពោល​គឺ​សាមី​ក្រសួង​ត្រូវ​តាម​ដាន​នឹង​ពង្រឹង​សាកលវិទ្យាល័យ​នោះ​ថា​តើ​បាន​គោរព​តាម​ស្តង់ដារ​ការ​សិក្សា និង​មាន​គុណភាព​ឬ​អត់។

លោក កែម ឡី៖ «សាកលវិទ្យាល័យ​ជា​ច្រើន​ដែល​មាន​ការ​បណ្ដុះបណ្ដាល ឬ​មួយ​ក៏​ប្រព័ន្ធ​អប់រំ​មិន​មែន​តែ​ត្រឹម​សាកលវិទ្យាល័យ​ទេ តាំង​ពី​ឌីប្លូម មក​រហូត​មក​ដល់​បាក់ឌុប រហូត​ដល់​បរិញ្ញាបត្រ គឺ​យើង​អត់​មាន​ស៊ី​ទៅ​នឹង​ទីផ្សារ​ការងារ​ទេ។ ខ្ញុំ​គិត​ថា គ្រាន់​តែ​សារ​ប្រាប់​ទៅ​ដល់​សាកលវិទ្យាល័យ​ផ្សេងៗ ឬ​ក៏​អ្នក​ចង់​បើក​ថ្មី​ទេ យើង​ត្រូវ​ធ្វើ​បដិវត្តន៍​ប្រព័ន្ធ​អប់រំ​ឲ្យ​ប្រព័ន្ធ​អប់រំ​របស់​យើង​តាំង​ពី​ថ្នាក់​វិទ្យាល័យ​រហូត​ដល់​សាកលវិទ្យាល័យ ឲ្យ​វា​ស្រប​ទៅ​នឹង​ទីផ្សារ​ការងារ។ រដ្ឋាភិបាល​អាច​និយាយ​អ៊ីចឹង​បាន​លុះ​ត្រា​តែ​រដ្ឋាភិបាល​ធ្វើការ​សិក្សា​ជា​លក្ខណៈ​ថ្នាក់​ជាតិ​អំពី​ទីផ្សារ​ការងារ យើង​មិន​អាច​ស្មាន​បាន​ទេ»

សាកលវិទ្យាល័យ​ទាំង​រដ្ឋ​និង​ឯកជន​នៅ​ទូទាំង​ប្រទេស សព្វថ្ងៃ​មាន​ចំនួន ១០៥ សាកល​វិទ្យាល័យ។ ចំណែក​និស្សិត​មាន​ជាង ២៥​ម៉ឺន​នាក់។ ជា​រៀង​រាល់​ឆ្នាំ​មាន​ការ​រិះគន់​ថា និស្សិត​ដែល​បាន​បញ្ចប់​ការ​សិក្សា​ហើយ​ពិបាក​ស្វែងរក​ការងារ​ធ្វើ ប្រាក់​បៀវត្ស​មិន​សាក​សម​នឹង​កម្រិត​ដែល​បាន​សិក្សា ឬ​ធ្វើការ​ខុស​ជំនាញ​ដែល​ខ្លួន​បាន​រៀន​ជា​ដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។