"កំណែទម្រង់គុណភាពអប់រំអាចទទួលជោគជ័យប្រសិនក្រសួងដោះស្រាយបញ្ហាប្រឈមខ្លះ"
2016.12.31

សសរស្ដម្ភទាំង៥ ដែលជាគោលនយោបាយកំណែទម្រង់គុណភាពអប់រំ មានដូចជា ការអនុវត្តផែនការសកម្មភាពគោលនយោបាយគ្រូ ការធ្វើអធិការកិច្ច កម្មវិធីសិក្សា និងការកែលំអ បរិស្ថាន សិក្សា និងសង្គម ការវាយតម្លៃសិក្សា និងកំណែទម្រង់ឧត្ដមសិក្សានោះ ត្រូវបានសង្គមស៊ីវិលយល់ថា ជាចំណុចអាទិភាពល្អប្រសើរ។ ប៉ុន្តែទោះយ៉ាងណា ការធ្វើកំណែទម្រង់នេះ នៅមានចំណុចមួយចំនួនដែលត្រូវដោះស្រាយជាបន្ទាន់ ទើបអាចឈានទៅរកជោគជ័យបាន។
មន្ត្រីអង្គការសង្គមស៊ីវិលដែលធ្វើការលើវិស័យអប់រំយល់ថា ក្រសួងអប់រំ ត្រូវបន្តដោះស្រាយបញ្ហាមួយចំនួនដូចជា ពង្រឹងសមត្ថភាពអ្នកអនុវត្តការងារបច្ចេកទេសពាក់ព័ន្ធ និងហ៊ានអារកាត់បញ្ហាទំនាស់ផលប្រយោជន៍ដែលជាឧបសគ្គក្នុងសកម្មភាពធ្វើកំណែទម្រង់ក្នុងវិស័យនេះ។
ប្រធានគ្រប់គ្រងផ្នែកអប់រំនៃអង្គការសង្គ្រោះកុមារនៅកម្ពុជា សេវ ឌឹ ឆាលទ្រិន (Save The Children) លោក កែវ សារ៉ាត់ មានប្រសាសន៍ថា ក្រសួងបានជ្រើសរើសសសរស្ដម្ភទាំង៥ ដាក់បញ្ចូលក្នុងកម្មវិធីកំណែទម្រង់គឺជាចំណុចខ្លាំងចំបញ្ហា ហើយដើរផ្លូវត្រូវ។ ប៉ុន្តែលោកថា ទន្ទឹមនឹងគ្នានោះ ទាមទារឲ្យពង្រឹងសមត្ថភាពអ្នកអនុវត្តពាក់ព័ន្ធ ដូចជា អ្នកអនុវត្តនៅក្រសួង មន្ទីរ ការិយាល័យអប់រំ ស្រុក និងសាលារៀនជាដើម ដើម្បីអនុវត្តការងារកម្មវិធីសិក្សា និងការងារបច្ចេកទេស រួមទាំងការធ្វើអធិការកិច្ចដែលនេះបញ្ហាឧបសគ្គ។
លោក កែវ សារ៉ាត់៖ «បាទ! គាត់ឃើញកម្មវិធីសិក្សាហ្នឹងផ្សេង ដល់វាយតម្លៃផ្សិង អធិការកិច្ចមួយទៀត ដោយសារឈ្មោះផ្សេងគ្នា តែគាត់អត់ដឹងថា អាហ្នឹងនៅជាមួយគ្នាឯណា ដដែលហ្នឹង គ្រាន់តែវានៅផ្ទះខុសគ្នា។ ឧទាហរណ៍ថា ឥឡូវគេរៀនពីកម្មវិធីសិក្សា រៀនពីក គ្រាន់តែខុសគ្នាពីពិធីប្រឡង ពិធីធ្វើតេស្ដ ប៉ុន្តែនៅកដដែលហ្នឹង។ អ៊ីចឹងវាខុសគ្នារបៀបវាយតម្លៃគេធ្វើម៉េច របៀបគេធ្វើអធិការកិច្ចគេធ្វើម៉េច? អ្វីដែលត្រូវរៀនកម្មវិធីសិក្សារៀនពីអី? និយាយទៅរឿងតែមួយតែរបៀប អនុវត្តទៅតាមជំនាញទាមទារឲ្យអ្នកដែលធ្វើការនៅក្នុងវិធីសាស្ត្រនេះយល់អាហ្នឹង»។
ក្រៅអំពីកង្វះសមត្ថភាពទន្ទឹមនឹងការធ្វើកំណែទម្រង់នេះ ក៏មានផលប៉ះពាល់មួយចំនួនទៀតដែរ។
លោក កែវ សារ៉ាត់ ថ្លែងបន្តថា ទំនាស់ផលប្រយោជន៍ជាបញ្ហាសំខាន់មួយដែលជាឧបសគ្គធ្វើឲ្យកំណែទម្រង់មិនអាចឆ្ពោះទៅដល់គោលដៅ៖ «កំណែទម្រង់វាមិនដែលអត់ប៉ះពាល់ទេ អ្នកខ្លះគេនៅកន្លែងហ្នឹងគេធ្លាប់ធ្វើអ៊ីចឹង ស្រួលងាយ អាចប៉ះពាល់ទៅដល់ផលប្រយោជន៍គេ អត់ចង់ដែរ រឿងពីររឿងទំនាស់ផលប្រយោជន៍ និងទំនាស់ដោយសារខ្វះសមត្ថភាព២នេះ ដែលធ្វើឲ្យកំណែទម្រង់នេះយឺត»។
ក្រសួងអប់រំយុវជន និងកីឡា បានដាក់ចេញនូវសសរស្ដម្ភទាំង៥ ដែលជាបញ្ហាអាទិភាពក្នុងការពង្រឹងគុណភាពអប់រំ ទី១ ការអនុវត្តផែនការសកម្មភាពគោលនយោបាយគ្រូ ទី២ ការធ្វើអធិការកិច្ច ទី៣ កម្មវិធីសិក្សា សៀវភៅគោលសិក្សា និងការកែលំអ បរិស្ថានសិក្សា និងសង្គម ទី៤ វាយតម្លៃសិក្សា ទី៥ ការប្រឡងការធ្វើតេស្ត វាយតម្លៃថ្នាក់ជាតិ ថ្នាក់តំបន់ និងអន្តរជាតិ ការទទួលស្គាល់គុណភាពអប់រំឧត្ដមសិក្សា។
ទាក់ទងនឹងកំណែទម្រង់នេះដែរ ប្រធានអង្គការ អេដ អេ អាក់ស្យុង ប្រចាំប្រទេសកម្ពុជា (Aide et Action International/ Cambodia) លោក វន សំភាស់ មានប្រសាសន៍ថា លោកចាប់អារម្មណ៍លើតែចំណុចមួយប៉ុណ្ណោះគឺ ការអនុវត្តផែនការសកម្មភាពគោលនយោបាយគ្រូ។ លោកថា តាមរយៈគោលនយោបាយកំណែទម្រង់ បានលើកកម្ពស់ឲ្យមានចលនាស្រលាញ់វិជ្ជាជីវៈបង្រៀនច្រើនជាងមុន ជំរុញឲ្យយុវជនជាប់បាក់ឌុប ពិចារណាជ្រើសរើសវិជ្ជាជីវៈគ្រូបង្រៀន លើកទឹកចិត្តគ្រូសហគមន៍ គ្រូកិច្ចសន្យាអំពីវិជ្ជាជីវៈគ្រូបង្រៀនជាវិជ្ជាជីវៈមួយដែលអាចចិញ្ចឹមជីវិតដោយភាពថ្លៃថ្នូរ និងលើកទឹកចិត្តគ្រូកំពុងបំពេញការងារឲ្យប្រឹងប្រែងបន្តការងារជាងពេលបច្ចុប្បន្នជាដើម។ ក៏ប៉ុន្តែអត្រាខ្វះគ្រូនៅតំបន់ដាច់ស្រយាល តំបន់ជួបការលំបាក និងតំបន់ព្រៃភ្នំ នៅតែជាបញ្ហា ប៉ះពាល់ដល់គុណភាពបង្រៀន ដោយសារគ្រូតែម្នាក់មានបន្ទុកជួយសិស្សក្នុងថ្នាក់រៀនដ៏ច្រើននាក់។ ទន្ទឹមនឹងគ្នានេះ មិនអាចឲ្យគ្រូជួយសិស្សដែលមានតម្រូវការពិសេស ដូចជា សិស្សរៀនខ្សោយ សិស្សពិការដែលត្រូវការបត់បែនវិធីសាស្ត្រមួយចំនួនសម្រាប់ឲ្យគាត់អាចបន្តរៀន និងពេញចិត្តក្នុងការរៀនបន្តនៅសាលា។
ករណីនេះ លោកបានផ្ដល់អនុសាសន៍ដូច្នេះ៖ «កន្លែងដែលក្មេងជួបការលំបាកអ៊ីចឹងមានលទ្ធភាពរើសគ្រូកិច្ចសន្យាកាន់តែច្រើនទៅវាជួយបានច្រើន។ និយាយខ្ញុំមើលឃើញចលនាដែលក្រសួងសហការជាមួយអង្គការសង្គមស៊ីវិល ជាមួយសហគមន៍ក្នុងការជួយក្មេងដែលមិនទាន់បានចូលរៀនបានចូលរៀនច្រើន។ ចង់ឲ្យបង្កើនល្បឿនបន្ថែមសម្រាប់ជួយក្រុមពួកគាត់នៅតាមតំបន់ដាច់ស្រយាល។ យើងចង់ឲ្យមានយន្តការកាន់តែពិសេសសម្រាប់គ្រូដែលត្រូវទៅបង្រៀនកុមារពិការ កុមារជនជាតិ កុមារក្រីក្រ នៅតំបន់ដាច់ស្រយាលគាត់គួរទទួលបានការលើកទឹកចិត្តពិសេសបន្ថែមដើម្បីឲ្យគាត់ពេញចិត្ត សប្បាយចិត្តធ្វើការងារដ៏លំបាកទាំងអស់នេះ»។
ចាប់តាំងពីឆ្នាំ២០១៤ ក្រសួងអប់រំយុវជន និងកីឡា ក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថ្មី លោក ហង់ ជួនណារ៉ុន បានចេញគោលនយោបាយជាច្រើនដើម្បីឈានទៅធ្វើកំណែទម្រង់វិស័យអប់រំ ដើម្បីដោះស្រាយបញ្ហាដែលសាធារណជនរិះគន់ថា កំពុងធ្លាក់ចុះយ៉ាងគំហុក។
ក្រោមកំណែទម្រង់របស់រដ្ឋមន្ត្រីថ្មីនេះ លោកបានដាក់ចេញនូវគោលនយោបាយ ដូចជា គោលនយោបាយអប់រំផែនការយុទ្ធសាស្ត្រ វិស័យអប់រំ ២០១៤ ដល់ឆ្នាំ២០១៨ ធានាលទ្ធភាពទទួលបានសេវាអប់រំប្រកបដោយសមធម៌ លើកកម្ពស់គុណភាព និងភាពឆ្លើយតប និងធានាភាពស័ក្ដិសិទ្ធិនៃភាពជាអ្នកដឹកនាំ និងគ្រប់គ្រងរបស់មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់។
អាទិភាព៨ចំណុច នៃផែនការសកម្មភាពអប់រំ អាទិភាពទី១ ការបង្កើនគុណភាព និងប្រសិទ្ធភាពនៃសេវាអប់រំ អាទិភាពទី២ ការពង្រឹងការគ្រប់គ្រងបុគ្គលិក អាទិភាពទី៣ ការពង្រឹងការប្រឡងគ្រប់ប្រភេទ អាទិភាពទី៤ កំណែទម្រង់ឧត្ដមសិក្សា អាទិភាពទី៥ ការអភិវឌ្ឍសម្រាប់យុវជននូវជំនាញបច្ចេកទេស និងជំនាញទន់ អាទិភាពទី៦ ការអនុវត្តកំណែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ អាទិភាពទី៧ ការបង្កើនធនាគារខួរក្បាលវិស័យអប់រំ និងអាទិភាពទី៨ កំណែទម្រង់ការអប់រំកាយ និងកីឡា។
អ្វីដែលពិសេសទៅទៀតនោះ គឺការធ្វើកំណែទម្រង់ទ្រង់ទ្រាយធំ គឺកំណែទម្រង់ការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ដែលមានទាំងការឈានទៅចាប់ខ្លួនអ្នកបោះវិញ្ញាសាចូលក្នុងមណ្ឌលប្រឡង អ្នកក្លែងបន្លំជាបេក្ខជនប្រឡងជាដើម ដោយមានកិច្ចសហការពីអង្គភាពប្រឆាំងអំពើពុករលួយ ហើយបេក្ខជនណាហ៊ានលាក់វិញ្ញាសាកំណែចម្លើយ បេក្ខជនរូបនោះនឹងត្រូវធ្លាក់ជាស្វ័យប្រវត្តិ។
ស្របនឹងកំណែទម្រង់ដែលចំបញ្ហានេះ ប្រធានគ្រប់គ្រងផ្នែកអប់រំ នៃអង្គការសង្គ្រោះកុមារនៅកម្ពុជា សេវ ឌឹ ឆាលទ្រិន លោក កែវ សារ៉ាត់ ចង់ឲ្យក្រសួងហក់មួយជំហានទៀត ដោយធ្វើកំណែទម្រង់ការប្រឡងចាប់ពីថ្នាក់មូលដ្ឋាន ឬបឋមសិក្សាទៅ។ លោកថា ក្រសួងគួររៀបចំប្រព័ន្ធប្រឡងជាស្តង់ដារគួរឲ្យមានការពង្រឹងការប្រឡង ការធ្វើតេស្តមួយពីកម្រិតសាលាទៅ។
អាស៊ីសេរី មិនអាចទាក់ទងរដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា លោក ហង់ ជួនណារ៉ុន និងអ្នកនាំពាក្យ លោក រស់ សាលីន ដើម្បីថ្លែងអំពីសមិទ្ធផលកំណែទម្រង់របស់ក្រសួងបានទេ ដោយព្យាយាមទូរស័ព្ទជាច្រើនដងពុំមានអ្នកទទួល។
ជុំវិញការធ្វើកំណែទម្រង់នេះ ប្រធានស្ដីទីសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី មានមតិផ្ទុយទៅវិញថា គុណភាពអប់រំ នៅពេលបច្ចុប្បន្នបានធ្លាក់ចុះកាន់តែខ្លាំង ស្របពេលដែលជីវភាពគ្រូកាន់តែលំបាក ហើយបានរឹតបណ្ដឹងបង្កើនច្បាប់ទម្លាប់ដាក់កំហិតលើគ្រូបង្រៀន និងសិស្ស ហើយគោលនយោបាយគ្រូនោះក៏មិនបានអនុវត្តស្មើភាពគ្នា។
អ្នកស្រីបញ្ជាក់ថា កំណែទម្រង់របស់រដ្ឋមន្ត្រីឃើញថា ល្អឥតខ្ចោះតែនៅលើក្រដាស ប៉ុន្តែការអនុវត្តកំណែទម្រង់របស់ថ្នាក់ដឹកនាំក្រសួងនៅមាននិន្នាការគណបក្ស និងនៅមានការរើសអើង ដែលបញ្ហានេះ មិនមានឲ្យការធ្វើកំណែទម្រង់ឆ្ពោះទៅគោលដៅបានឡើយ៖ «កំណែទម្រង់របស់ក្រសួងអប់រំ សព្វថ្ងៃ បើសិនជាគាត់គិតពីបក្សខ្លាំងដូចសព្វថ្ងៃនេះ ខ្ញុំគិតថា មិនអាចទៅរួចបានទេ សិស្សានុសិស្សយើងកាន់តែធ្លាក់ចុះ បើសិនជាគាត់គិតពីការសិក្សា ស្រាវជ្រាវ ឲ្យលោកគ្រូអ្នកគ្រូមានសិស្សសេរីភាពក្នុងការជ្រើសរើស ខ្ញុំគិតថាប្រសើរ។ ឥឡូវទាំងសិស្សទាំងគ្រូ មានកម្រិតក្នុងការចូលជាសហជីព ជាយុវជនកាយរឹទ្ធិ សួរថា តើការចូលនេះវាបម្រើឲ្យខាងណា?»។
ឯកសារសន្និបាតអប់រំ ចក្ខុវិស័យនៃកំណែទម្រង់វិស័យអប់រំនៅកម្ពុជា ឆ្នាំ២០១៥ បានបង្ហាញថា ក្រសួងនឹងបន្តកំណែទម្រង់ប្រឡងសញ្ញាប័ត្រមធ្យមសិក្សា ក្រោមពាក្យស្លោកថា អ្នកចេះជាប់។ របាយការណ៍សន្និបាតក៏បានបង្ហាញនូវមានផែនការសកម្មភាពជាច្រើនទៀត ដែលក្រសួងនឹងបន្តប្ដេជ្ញាចិត្តធ្វើកំណែទម្រង់លើផ្នែកជាច្រើន និងយ៉ាងលំអិតនៃវិស័យនេះ៕