លោក សុខ អាន៖ ប្រទេស​មាន​ការ​អភិវឌ្ឍ​ជឿន​លឿន​ទាមទារ​ពលរដ្ឋ​ទទួល​ការ​អប់រំ​ខ្ពស់

ដោយ ម៉ម មុនីរតន៍
2015.03.24
សុខ អាន ៦២០ ឧបនាយករដ្ឋមន្ត្រី ទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក សុខ អាន ថ្លែង​នៅ​ក្នុង​អង្គ​សន្និបាត​បូក​សរុប​ការងារ​ប្រចាំ និង​លើក​ទិសដៅ​សម្រាប់​ឆ្នាំ​សិក្សា​២០១៤-២០១៥ នា​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា នៅ​ថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០១៥។
RFA/Morm Moniroth

មន្ត្រី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​អះអាង​ថា ប្រទេស​ជាតិ​មួយ​ដែល​មាន​ការ​អភិវឌ្ឍ​ជឿន​លឿន​ទៅ​បាន គឺ​ទាមទារ​ឲ្យ​ពលរដ្ឋ​ម្នាក់ៗ​ត្រូវ​មាន​ចំណេះ​ដឹង និង​ទទួល​បាន​ការ​អប់រំ​ខ្ពស់។ អង្គការ​សង្គម​ស៊ីវិល ដែល​ឃ្លាំ​មើល​ការ​អប់រំ សាទរ​ចំពោះ​គំនិត​យល់​ឃើញ​នេះ ក៏ប៉ុន្តែ​ថា បើ​រដ្ឋាភិបាល​នៅ​តែ​បណ្ដែត​បណ្ដោយ​ឲ្យ​មាន​អំពើ​ពុក​រលួយ​នៅ​ក្នុង​វិស័យ​អប់រំ និង​ប្រាក់​ខែ​គ្រូបង្រៀន​ចាយ​មិន​គ្រប់​ទៀត បាន​ន័យ​ថា រដ្ឋ​នៅ​មិន​ទាន់​វិនិយោគ​លើ​វិស័យ​អប់រំ​ឲ្យ​បាន​ដូច​ការ​តាំង​ចិត្ត និង​លើក​កម្ពស់​ការ​សិក្សា​នៅ​ឡើយ​ទេ។

សន្និបាត​បូក​សរុប​ការងារ​លើ​វិស័យ​អប់រំ​ប្រចាំ​ឆ្នាំ និង​លើក​ទិសដៅ​សម្រាប់​ឆ្នាំ​ថ្មី ដែល​ត្រូវ​ប្រើ​រយៈពេល ៣​ថ្ងៃ ត្រូវ​បាន​មន្ត្រី​រដ្ឋាភិបាល​ចាត់​ទុក​ថា ការ​អប់រំ គឺ​ជា​អាទិភាព​ទី​មួយ​ដែល​ជំរុញ​ឲ្យ​ប្រទេស​មាន​ការ​អភិវឌ្ឍ​បាន​លឿន និង​វិវឌ្ឍ​ឆាប់​រហ័ស។

លោក សុខ អាន ឧបនាយករដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ថ្លែង​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៤ មីនា ថា ដើម្បី​ធ្វើ​ឲ្យ​ប្រទេស​មួយ​មាន​ការ​អភិវឌ្ឍ​ជឿន​លឿន និង​រីក​ចម្រើន​ទៅ​បាន​ឆាប់​រហ័ស គឺ​ទាមទារ​ឲ្យ​មនុស្ស​មាន​ចំណេះ​ដឹង​ទូលំទូលាយ និង​ទទួល​បាន​ការ​អប់រំ​ខ្ពស់។ ថ្លែង​នៅ​ចំពោះ​មុខ​មន្ត្រី​ក្របខ័ណ្ឌ​គ្រូបង្រៀន និង​មន្ត្រី​រដ្ឋាភិបាល​ប្រមាណ ២​ពាន់​នាក់​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ឬ​ហៅ​កាត់​ថា តិចណូ លោក សុខ អាន ចាត់​ទុក​ថា គ្មាន​ការ​វិនិយោគ​មួយ​ណា​ដែល​ជំរុញ​ឲ្យ​ប្រទេស​មាន​ការ​អភិវឌ្ឍ​បាន​ជឿន​លឿន ជាង​ការ​វិនិយោគ​លើ​វិស័យ​អប់រំ​ឡើយ។ លោក​យល់​ឃើញ​ថា ប្រព័ន្ធ​អប់រំ គឺ​ជា​យុទ្ធសាស្ត្រ​ដ៏​ចម្បង​ចំពោះ​មុខ ដែល​នាំ​ឲ្យ​ប្រទេស​មួយ​ងើប​ចេញ​ពី​ភាព​ក្រីក្រ អាច​ទៅ​រក​ការ​អភិវឌ្ឍ​បាន​ឆាប់។ លោក​បន្ត​ថា «អ៊ីចឹង​ប្រទេស​មួយៗ​អាច​វិវឌ្ឍ​ឈាន​ឡើង​ពី​ប្រទេស​កំពុង​អភិវឌ្ឍ បាន​ន័យ​ថា ប្រទេស​ក្រីក្រ​ទៅ​ជា​ប្រទេស​អ្នក​មាន ឬ​មធ្យម​បាន គឺ​កត្តា​មួយ​យ៉ាង​សំខាន់ គឺ​ធនធាន​មនុស្ស»

របាយការណ៍​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​សម្រេច​បាន​ក្នុង​ឆ្នាំ​សិក្សា​២០១៣-២០១៤ ស្រប​តាម​យុទ្ធសាស្ត្រ និង​សូចនាករ​ដែល​កំណត់​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​លើ​វិស័យ​អប់រំ​ឆ្នាំ​សិក្សា​២០១៤-២០១៨ ឲ្យ​ដឹង​ថា អត្រា​ពិត​នៃ​ការ​សិក្សា​របស់​កុមារ​នៅ​បឋមសិក្សា ទាំង​រដ្ឋ និង​ឯកជន មាន​ចំនួន ៩៧,៧​ភាគរយ។ ចំណែក​ចំនួន​សិស្ស​សរុប​នៅ​គ្រប់​កម្រិត​ចាប់​ពី​មត្តេយ្យ ដល់​មធ្យម​សិក្សា​វិញ មាន​ជាង ៣​លាន ១​សែន​នាក់ (៣.១១២.៩៦៩​នាក់) ក្នុង​នោះ​សិស្ស​ស្រី​ជាង ១​លាន ៥​សែន​នាក់ (១.៥២០.៣១១​នាក់) ស្មើ​នឹង ៤៨,៨​ភាគរយ។

លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា មាន​ប្រសាសន៍​ថា ដើម្បី​ធ្វើ​កំណែ​ទម្រង់​លើ​វិស័យ​អប់រំ ក្រៅ​ពី​ដំឡើង​លុយ​ខែ​ហើយ​នោះ ស្ថាប័ន​រដ្ឋ​ទទួល​បន្ទុក​វិស័យ​អប់រំ បាន​ប្រែ​គោល​នយោបាយ​បើក​ប្រាក់​បៀវត្សរ៍​គ្រូបង្រៀន​ពី​ផ្ទាល់ មក​ជា​ប្រព័ន្ធ​ធនាគារ​វិញ។ លោក​ចាត់​ទុក​ថា នេះ​ជា​កំណែ​ទម្រង់​ក្នុង​ចំណោម​កំណែ​ទម្រង់​ផ្សេង​ទៀត ដែល​ក្រសួង​អប់រំ កំពុង​តែ​ពន្លឿន និង​ដំណើរ​ការ។ លោក​បន្ត​ថា «ក្រសួង​បាន​អនុវត្ត​នូវ​ការ​បើក​ប្រាក់​បៀវត្សរ៍​របស់​បុគ្គលិក​អប់រំ​ទាំងអស់ ទាំង​ថ្នាក់​ជាតិ ថ្នាក់​ក្រោម​ជាតិ តាម​ប្រព័ន្ធ​ធនាគារ​មួយ​រយ​ភាគរយ នៅ​ត្រឹម​ខែ​មិថុនា ឆ្នាំ​២០១៤»

ស្រប​ពេល​ដែល​រដ្ឋាភិបាល​កំពុង​ធ្វើ​កំណែ​ទម្រង់​លើ​វិស័យ​អប់រំ សព្វថ្ងៃ​នៅ​តាម​គ្រឹះស្ថាន​សិក្សា​របស់​រដ្ឋ​មួយ​ចំនួន គ្រូបង្រៀន​បាន​បង្ខំ​ចិត្ត​ទារ​លុយ​ពី​សិស្ស​បន្ថែម​ពី​លើ​ប្រាក់​ខែ​ដ៏​តិចតួច​ដែល​មាន​ស្រាប់។ ពេល​ខ្លះ គ្រូ​ខិតខំ​បង្កើន​ម៉ោង​បង្រៀន​គួរ​ក្រៅ​ថ្នាក់ អូស​ក្រដាស​លក់​ឲ្យ​សិស្ស និង​លក់​របស់​របរ​នៅ​ក្នុង​បរិវេណ​សាលា ជាដើម។

លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ទទួល​ស្គាល់​ថា សារ​នយោបាយ​របស់ លោក សុខ អាន គឺ​ជា​រឿង​ដែល​ត្រឹមត្រូវ​បំផុត ក៏ប៉ុន្តែ លោក រ៉ុង ឈុន អះអាង​ថា ប្រសិន​បើ​រដ្ឋ​មាន​ការ​គាំពារ​តិចតួច​អំពី​ប្រាក់​ចំណូល​របស់​គ្រូ និង​បន្ត​ឲ្យ​មាន​អំពើ​ពុក​រលួយ​នៅ​ក្នុង​វិស័យ​អប់រំ លោក​ចាត់​ទុក​ថា កំណែ​ទម្រង់​លើ​វិស័យ​អប់រំ​នៅ​តែ​ប្រឈម​ហានិភ័យ​ខ្ពស់។ លោក​បន្ត​ថា «បើ​សិន​មិន​បាន​ដោះស្រាយ​បញ្ហា​គ្រូបង្រៀន​ទេ បើ​ទោះ​ជា​យើង​កែ​ប្រព័ន្ធ​អប់រំ​យើង​ឲ្យ​មាន​បច្ចេកទេស ឬ​មួយ​សម្ភារៈ​សិក្សា​សម្បូរ​បែប​យ៉ាង​ម៉េច​ក៏ដោយ ក៏​ការ​បង្រៀន និង​ការ​រៀន ហើយ​គុណភាព​អប់រំ​ហ្នឹង ក៏​មិន​អាច​ទទួល​បាន​ដែរ ពីព្រោះ​គ្រូបង្រៀន​គាត់​មិន​បាន​ចូលរួម។ គាត់​គិត​តែ​ពី​បញ្ហា​របស់​គាត់»

បើ​ទោះ​ជា​បែប​ណា នៅ​ក្នុង​គោល​នយោបាយ​អភិវឌ្ឍន៍​សហស្សវត្ស​របស់​រដ្ឋាភិបាល រដ្ឋ​តម្រូវ​ឲ្យ​កុមារ​ត្រូវ​ទទួល​បាន​ការ​អប់រំ​យ៉ាង​តិច​បំផុត​ត្រឹម​ថ្នាក់​ទី​៩ ចាប់​ពី​ឆ្នាំ​២០១៥៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។