ជនជាតិ​ចាម ៨នាក់ ក្នុង​ចំណោម ១១នាក់ ដែល​អាជ្ញាធរ​ថៃ​ឃាត់​ខ្លួន​រឿង​សកម្មភាព​យោធា ត្រូវ​បាន​បញ្ជូន​មក​ដល់​កម្ពុជា​វិញ

ដោយ ហេង រស្មី
2019-02-12
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

ជនជាតិ​ចាម​​ចំនួន​ ៨នាក់ ក្នុង​ចំណោម​ ១១នាក់ ដែល​អាជ្ញាធរ​ថៃ​ឃាត់​ខ្លួន​ កាល​ពី​ពេល​ថ្មីៗនេះ ត្រូវ​បាន​បញ្ជូន​មក​ដល់​កម្ពុជា​វិញ​ហើយ។ អ្នក​ការពារ​សិទ្ធិមនុស្ស​សាទរ​ចំពោះ​ដំណឹង​នេះ និង​ស្នើសុំ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ធ្វើ​ដំណើរ​ទៅ​ភាគ​ខាង​ត្បូង​ប្រទេស​ថៃ ​។

មន្ត្រី​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ ថ្លែង​ប្រាប់​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី១១ ខែ​កុម្ភៈ​ថា អាជ្ញាធរ​ថៃ​រក​ឃើញ​ថា ជនជាតិ​ចាម​ទាំង ១១នាក់​នោះ បាន​ចូល​មក​ទឹក​ដៃ​ថៃ​ដោយ​ខុសច្បាប់ និង​ខ្លះ​ទៀត​ស្នាក់​នៅ​លើស​កំណត់ ក៏​ប៉ុន្តែ​រក​មិន​ឃើញ​ថា ពួក​គេ​ជាប់​ពាក់​ព័ន្ធ​នឹង​ក្រុម​ចលនា​បះបោរ​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ថៃ​នោះ​ឡើយ។ មន្ត្រី​ដដែល​បាន​ឱ្យ​ដឹង​ទៀត​ថា អាជ្ញាធរ​ថៃ​បាន​បញ្ជូន​យុវជន ៨នាក់​ត្រឡប់​ទៅ​កម្ពុជា​វិញ​ហើយ​ ហើយ ៣នាក់​ផ្សេង​ទៀត កំពុង​ទទួល​ការ​អប់រំ​នៅ​មជ្ឈមណ្ឌល​កុមារ ក្នុង​​ខេត្ត​ប៉ាតានី (Pattani) មួយ​រយៈ​សិន​​​ ដោយ​សារ​ពួក​គេ​នៅ​មិន​ទាន់​គ្រប់​អាយុ ១៨ឆ្នាំ​នៅ​ឡើយ៖ «គាត់​គ្រាន់​តែ​ទទួល​បាន​ការ​ចោទ​ប្រកាន់​ពី​បទ​ចូល​មក​រស់​នៅ​ក្នុង​ប្រទេស​ថៃ​លើស​កំណត់​ទេ ហើយ​មាន​ម្នាក់​ពីរ​នាក់ ដែល​គាត់​ចូល​មក​ដោយ​អត់​មាន​លិខិត​ឆ្លង​ដែន​។ ហើយ​ឥលូវ​នេះ ៨នាក់ គេ​បាន​ដោះលែង​ទៅ​វិញ​ហើយ ដោយ​សារ​អាយុ​គាត់​លើស ១៨ឆ្នាំ អ៊ីចឹង​ទៅ​ពេល​ដែល​គេ​រក​ឃើញ​ថា គាត់​អត់​មាន​ទោស​កំហុស​អី​ធ្ងន់ធ្ងរ​ទេ គេ​គ្រាន់​តែ​បញ្ជូន​គាត់​ទៅ​វិញ បង់​ផាក​ពិន័យ​អ៊ីចឹង។ ចំណែក ៣នាក់​ផ្សេង​ទៀត គាត់​នៅ​កុមារ បានន័យ​ថា គាត់​​អាយុ​ក្រោម ១៨ឆ្នាំ អ៊ីចឹង​ជាទូទៅ​ច្បាប់​ថៃ​ត្រូវ​ឱ្យ​គាត់​នៅ​មណ្ឌល​កុមារ​បន្តិច​សិន ជាទូទៅ​ប្រហែល​មួយ​ខែ​រាប់​ពី​ថ្ងៃ​ដែល​គាត់​ត្រូវ​ចាប់​ខ្លួន​ ដើម្បី​គេ​អប់រំ​ណែនាំ​ឱ្យ​គាត់​ត្រឡប់​ទៅវិញ​ជា​កុមារ​ល្អ កុំ​ចូល​មក​ដោយ​ខុស​ច្បាប់​អ៊ីចឹង»

ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស លោក អូស្មាន ហាស្សាន់ ថ្លែង​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ស្និទ្ធ​នឹង​របប​ក្រុង​ភ្នំពេញ​ថា ជនជាតិ​ចាម​ទាំង ៨នាក់​នោះ បាន​មក​ដល់​ព្រំដែន​កម្ពុជា-ថៃ​នៅ​ក្រុង​ប៉ោយប៉ែត កាល​​ពី​ថ្ងៃ​ទី១០ កុម្ភៈ និង​ត្រូវ​បញ្ជូន​បន្ត​ទៅ​​​ផ្ទះ​របស់​ពួក​គេ​វិញ​រៀងៗ ខ្លួន នៅ​ថ្ងៃ​ទី១១ កុម្ភៈ។

អាស៊ី​សេរី​បាន​ទាក់ទង​ទៅ​លោក អូស្មាន់ ហាស្សាន់ ដើម្បី​សាកសួរ​ព័ត៌មាន​បន្ថែម​ជុំ​វិញ​ករណី​នេះ​ដែរ ក៏​ប៉ុន្តែ​លោក​ប្រាប់​ថា កំពុង​ជាប់​រវល់​ប្រជុំ រួច​ក៏​ចុច​ផ្ដាច់​ទូរស័ព្ទ​។

កាល​ពី​ចុង​ខែ​មករា​កន្លង​ទៅ សមត្ថកិច្ច​ថៃ​បាន​ឃាត់​ខ្លួន​ជនជាតិ​ចាម​ទាំង ១១នាក់​នោះ​ នៅ​​ក្នុង​បរិវេណ​សាលា​អ៊ីស្លាម​មួយ​កន្លែង ស្ថិត​នៅ​ក្នុង​ខេត្ត​ប៉ាតានី ដោយ​​សង្ស័យ​ថា ពួក​គេ​បាន​ធ្វើ​សកម្មភាព​ហ្វឹកហាត់​តាម​បែប​​យោធា ដែល​អាច​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុម​បះបោរ​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ថៃ។

ក៏​ប៉ុន្តែ​បើ​តាម​សារព័ត៌មាន​ប៊ិនណា ញូ (BenarNews) ដែល បាន​ដកស្រង់​សំដី​មន្ត្រី​ប៉ូលិស​ថៃ ​ឱ្យ​ដឹង​ថា មាន​ជនជាតិ​ចាម​​សរុប​ចំនួន​ ១៨នាក់ ដែល​ត្រូវ​បាន​ឃាត់​ខ្លួន​ មិន​មែន​ត្រឹម ១១នាក់​នោះ​ទេ។ ក្នុង​ចំណោម​​នោះ មាន​ ១៤នាក់​ ត្រូវ​បាន​គេ​រក​ឃើញ​​ថា ស្នាក់​នៅ​លើស​កំណត់​ខុស​ច្បាប់​អន្តោប្រវេសន៍​ថៃ ក៏​ប៉ុន្តែ​ ៤នាក់​ផ្សេង​ទៀត​ រក​ឃើញ​ថា មិនបាន​​ប្រព្រឹត្ត​ខុសច្បាប់​​អ្វី​នោះ​ឡើយ។

ប៉ុន្តែ​មន្ត្រី​ស្ថាន​ទូត​ខ្មែរ​នៅ​ទីក្រុង​បាងកក​អះអាង​ថា រហូត​មក​ដល់​ពេល​នេះ ផ្អែក​ទៅ​លើ​ដំណឹង​ដែល​ស្ថានទូត​ដឹង​តាម​រយៈ​ទំនាក់ទំនង​ជាមួយ​សមត្ថកិច្ច​ថៃ គឺ​មាន​ជនជាតិ​ចាម​តែ​ ១១នាក់ ប៉ុណ្ណោះ ដោយ​ឡែក​ ៧ នាក់​ផ្សេង​ទៀត​នោះ ស្ថានទូត​មិន​បាន​ដឹង​ឡើយ។

ទោះ​ជា​យ៉ាង​ណា បើ​តាម​សារព័ត៌មាន​ប៊ិនណាញូ (BenarNews) បាន​ឲ្យ​ដឹង​ថា ជន​ជាតិ​ចាម​ទាំង​៧នាក់​នោះ បាន​ត្រូវ​គេ​ចាប់​ខ្លួន កាលពី​ថ្ងៃទី៤ កុម្ភៈ នៅ​ក្នុង​ខេត្ត​តំបន់​ភាគ​ខាង​ត្បូង​ប្រទេស​ថៃ​ដូច​គ្នា ហើយ​អ្នក​ទាំង​ប្រាំ​ពីរ​នាក់​នោះ​ មាន​ឈ្មោះ​ដូច​ត​ទៅ៖ មូស្ដើត ស្លេះ (MOSTET SLES) ហាំភ្លី ម៉ាន (HIMPLY MAN) វ៉ាន់ក្រី ម៉ាឯល (VANKAREY MA EL) ក្រីយ៉ា អារី (KRIYA ARY) ណាអិន ម៉ែល (NA EAN MEL) ណូរី សាម៉ី (NORY SAMY) ហ្វាហ្សី សុះ (FASY SOS)

ប្រធាន​គ្រប់​គ្រង​ការិយាល័យ​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​ លីកាដូ (LICADHO) លោក អំ សំអាត ស្វាគមន៍​ការ​​ដោះលែង​ជនជាតិ​ចាម​​ទាំង ៨នាក់​នេះ។ លោក​ស្នើ​ឱ្យ​​ពលរដ្ឋ​ខ្មែរ ជាពិសេស​ជនជាតិ​ចាម ​ប្រុង​ប្រយ័ត្ន​ចំពោះ​​សកម្មភាព​ទាំងឡាយ​នៅ​តំបន់​ភាគ​ខាង​ត្បូង​ប្រទេស​ថៃ​ ព្រោះ​ជា​តំបន់​ប្រទាញប្រទង់​គ្នា​​រវាង​រដ្ឋាភិបាល​​ក្រុង​បាងកក និង​ក្រុម​ចលនា​មូស្លីម​ថៃ​បះបោរ​ប្រឆាំង និង​រដ្ឋាភិបាល​ថៃ៖ «យើង​សាទរ​ហើយ​ចំពោះ​ការ​ដោះលែង​ឱ្យ​គាត់​ត្រឡប់​មក​វិញ ដោយសារ​តែ​រក​មិន​ឃើញ​​កំហុស​របស់​គាត់​ ហើយ​ទាំង​អស់​នេះ​ក៏​វា​ជា​មេរៀន​មួយ​សម្រាប់​បងប្អូន​យើង​ដែរ ជាពិសេស​បងប្អូន​មូស្លីម​យើង​តែ​ម្ដង ក្នុង​ការ​ធ្វើ​ចំណាក​ស្រុក​ ឬ​ធ្វើ​ទស្សនកិច្ច​ទៅ​តំបន់​នោះ​ ធ្វើ​ម៉េច​ឱ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ ពីព្រោះ​នៅ​តំបន់​ហ្នឹង​ជា​តំបន់​ប្រទាញ​ប្រទង់​នៃ​ប្រទេស​ថៃ។”

ជាច្រើន​ឆ្នាំ​មក​នេះ អាជ្ញាធរ​ថៃ​បាន​ប្រើ​កណ្ដាប់​ដៃ​ដែក​គ្រប់គ្រង​លើ​​ដែន​ដី​ភាគ​ខាង​ត្បូង ជាពិសេស​នៅ​ក្នុង​ខេត្ត​ប៉ាតានី (Pattani) យ៉ាឡា (Yala) និង​ណារ៉ាធីវ៉ាត (Narathiwat) ដែល​ជាប់​ព្រំដែន​ជាមួយ​ប្រទេស​ម៉ាឡេស៊ី​ ​ដោយសារ​តែ​ការ​​រីក​រាល​ដាល​នៃ​​ចលនា​ទាម​ទារ​ផ្ដាច់​ទឹក​ដី​និយម​។ អំពើ​ហិង្សា ការ​បាញ់​ប្រហារ និង​ការ​​កាប់​សម្លាប់​​ បាន​កើត​ឡើង​ជា​ញឹកញាប់​នៅ​តំបន់​នោះ។ មកដល់​ពេល​បច្ចុប្បន្ន ​យ៉ាង​ហោច​ណាស់​​មាន​មនុស្ស​ប្រមាណ ៧ ពាន់​នាក់​ដែរ ដែល​បាន​បាត់​បង់​ជីវិត​ដោយ​សារ​ជម្លោះ​ប្រដាប់​អាវុធ​នេះ ហើយ​​ភាគ​ច្រើន​នៃ​អ្នក​រងគ្រោះ​ គឺជា​ជន​ស៊ីវិល​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល