បញ្ហា​ប្រឈម​ចំពោះ​ការ​កែ​ទម្រង់​ការ​ប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ

ដោយ វណ្ណ វិចារ
2014-05-25
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សិស្សានុសិស្ស​ចេញ​ពី​ប្រឡង​បាក់​ឌុប​ថ្ងៃ​ទី១ នា​វិទ្យាល័យ​បាក់ទូក កាល​ពី​ថ្ងៃ​ទី៥ ខែ​សីហា ឆ្នាំ​២០១៣។
សិស្សានុសិស្ស​ចេញ​ពី​ប្រឡង​បាក់​ឌុប​ថ្ងៃ​ទី១ នា​វិទ្យាល័យ​បាក់ទូក កាល​ពី​ថ្ងៃ​ទី៥ ខែ​សីហា ឆ្នាំ​២០១៣។
Photo: RFA

នៅ​ឆ្នាំ​នេះ ក្រសួង​អប់រំ​បាន​ប្រកាស​កែ​ទម្រង់​ការ​ប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​បាក់​ឌុប។ ចំណុច​សំខាន់​នៃ​កំណែ​ទម្រង់​នេះ​រួមមាន ការ​កែប្រែ​មុខវិជ្ជា​ប្រលង របៀប​ចាត់ចែង​មេ​ប្រយោគ មណ្ឌល​ប្រលង ទីកន្លែង​ប្រលង និង ជាពិសេស គឺ​ការ​ប្ដេជ្ញា​ចិត្ត​ថា ប្រឆាំង​អំពើ​ពុករលួយ​ក្នុង​ពេល​ប្រលង។ មន្ត្រី​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​មួយ​ចំនួន​បារម្ភ​ថា យុទ្ធសាស្ត្រ​កំណែ​ទម្រង់​នេះ នឹង​នាំ​មក​នូវ​បញ្ហា​មួយ​ចំនួន​ដែល​រដ្ឋាភិបាល​មិន​អាច​មើល​រំលង​ឡើយ។

​ក្រសួង​អប់រំ​បាន​ប្រកាស​ថា ការ​ប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​បាក់​ឌុប​នៅ​ឆ្នាំ​នេះ មិន​ធ្វើ​ឡើង​តាម​សាលា​វិទ្យាល័យ​នៅ​តាម​ទី​រួម​ស្រុក​នានា​ដូច​ឆ្នាំ​មុនៗ​ឡើយ។ ក្រសួង​នឹង​ប្រមូល​ផ្តុំ​មណ្ឌល​ប្រលង​ទាំង​អស់​មក​នៅ​ទី​រួម​ខេត្ត និង​ប្រជុំ​ស្រុក​ជិត​ទី​រួម​ខេត្ត​ជំនួស​វិញ។ ក្រៅ​ពី​នោះ គ្រូបង្រៀន​ដែល​ធ្លាប់តែ​ផ្លាស់​វេន​គ្នា​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ នៅ​រដូវ​ប្រលង​ម្តងៗ​នោះ ក៏​លែង​បាន​ឆ្លង​ខេត្ត​ទៀត​ដែរ គឺ​គ្រូបង្រៀន​ទាំង​អស់​ត្រូវ​ធ្វើ​មេ​ប្រយោគ​ក្នុង​ខេត្ត​តែម្ដង។ មេ​ប្រយោគ​ឆ្នាំ​នេះ នឹង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ទ្វេ​ដង​លើស​ឆ្នាំ​មុន តែ​ពួកគាត់​នឹង​ប្រឈម​មុខ​ផ្លូវ​ច្បាប់​តាំងពី​ពិន័យ​រដ្ឋបាល​រហូត​ដល់​ជាប់​គុក បើ​សិន​ណា​ហ៊ាន​យក​ជំរិត​ទារ​លុយ​សិស្ស​ដូច​ឆ្នាំ​មុនៗ​នោះ។ លើស​ពី​នេះ​ទៀត ក្រសួង​អប់រំ​បាន​សហការ​នឹង​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ហើយ​អំពាវនាវ​ស្វែង​រក​ដៃគូ​សង្កេតការណ៍​ការ​ប្រលង​ទូទាំង​ប្រទេស​ថែម​ទៀត​ផង។

រដ្ឋមន្ត្រី​ក្រសួង​អប់រំ​យុវជន​និង​កីឡា លោក​បណ្ឌិត ហង់ ជួនណារ៉ុន នៅ​ថ្ងៃ​ទី​២១ ខែ​ឧសភា មាន​ប្រសាសន៍​ថា ក្រសួង​នឹង​រៀបចំ​សិក្ខាសាលា​តាម​ខេត្ត​មួយ​ចំនួន​ដើម្បី​ផ្សព្វផ្សាយ​ពី​យុទ្ធសាស្ត្រ​កំណែ​ទម្រង់​នេះ។ លោក​បន្ត​ថា យុទ្ធសាស្ត្រ​ថ្មី​នេះ គឺ​ដើម្បី​លើក​ស្ទួយ​គុណភាព​អប់រំ​នៅ​កម្ពុជា តាម​ពាក្យ​ស្លោក​មួយ​ដែល​លើក​ឡើង​ថា អ្នក​ចេះ​គឺ​ជាប់។

លោក​បញ្ជាក់​ថា អ្នក​ដែល​ពាក់ព័ន្ធ​ក្នុង​ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ​នៅ​ពេល​ប្រលង នឹង​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់​ជា​ធរមាន៖ «ចាប់​ផ្តើម​ដោយ​ម៉ឺងម៉ាត់ ហើយ​ផ្ញើ​សារ​ឲ្យ​សិស្ស​ហ្នឹង​ដឹង ហើយ​ឥឡូវ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ។ អ៊ីចឹង​នៅ​ពេល​ប្រលង​ហ្នឹង​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​ដឹង​ថា ធ្វើ​មែន មិន​មែន​ធ្វើ​មួយ​ឆាវៗ​ទេ»

​ទន្ទឹម​នឹង​នេះ មន្ត្រី​សង្គម​ស៊ីវិល​មួយ​ចំនួន​ប្រកាស​រួច​ជា​ស្រេច​ហើយ​ថា ពួកគេ​សាទរ​ចំពោះ​យុទ្ធសាស្ត្រ ប្រឆាំង​អំពើ​ពុករលួយ​នៅ​ពេល​ប្រលង​នេះ។ ប៉ុន្តែ​ចំណុច​ដែល​គួរ​ឲ្យ​បារម្ភ​នោះ​នៅ​ត្រង់​ថា យុទ្ធសាស្ត្រ​នេះ បែរ​នាំ​អាច​នាំ​ឲ្យ​សិស្ស​ប្រលង​ធ្លាក់​កាន់​តែ​ច្រើន​ទៅ​វិញ។ មួយ​វិញ​ទៀត យុទ្ធសាស្ត្រ​បែងចែក​ពិន្ទុ​ប្រលង​នោះ ក៏​នាំ​ឲ្យ​សិស្ស​ភាគ​ច្រើន​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការ​សិក្សា​អក្សរសាស្ត្រ​ជាតិ​ទៀត​ផង។

នាយក​វិទ្យាស្ថាន​សម្រាប់​ការ​អភិវឌ្ឍ​ជាតិ លោក សេង ឫទ្ធី ឲ្យ​ដឹង​ថា នៅ​ឆ្នាំ​នេះ សិស្ស​ភាគ​ច្រើន​និយម​តាម​គ្នា ជ្រើស​យក​មុខ​វិជ្ជា​វិទ្យាសាស្ត្រ​ពិត​ដែល​ផ្តោត​សំខាន់​លើ​ការ​សិក្សា​មុខវិជ្ជា​​គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា​ជាដើម។ សម្រាប់​ពិន្ទុ​ភាសា​ខ្មែរ​វិញ​ក៏​បាន​តិច​ដែរ។

លោក សេង ឫទ្ធី បរិយាយ​ថា ពិន្ទុ​តិច​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​អក្សរសាស្ត្រ​ជាតិ​ធ្លាក់​ចុះ។ លោក​បញ្ជាក់​ថា កំណែ​ទម្រង់​ឆ្នាំ​នេះ ក៏​នឹង​ធ្វើ​ឲ្យ​សិស្ស​ភាគ​ច្រើន​ប្រលង​ធ្លាក់​ច្រើន​ដោយ​ជៀស​មិន​រួច​ឡើយ៖ «ឆ្នាំ​យើង​រំពឹង​ថា នឹង​ជាប់​តិច​ខុស​ពី​ឆ្នាំ​មុន។ ឆ្នាំ​រាល់​ដង​អំពើពុករលួយ​ច្រើន គាប់​ជួន​វិញ្ញាសា​ធ្លាយ​ផង ក្រសួង​យក​ច្រើន​ផង ធ្វើ​ម៉េច​ក៏​ច្រើន​ដែរ»

​ប្រជាពលរដ្ឋ​ម្នាក់​នៅ​ខេត្ត​បន្ទាយមានជ័យ ឲ្យ​ដឹង​ថា សិស្ស​នៅ​តាម​ខេត្ត​មិន​អាច​បត់បែន​ទាន់​កម្មវិធី​កំណែ​ទម្រង់​ការ​ប្រលង​នៅ​ពេល​នេះ​ទេ។ លោក​បន្ត​ថា បើ​វិញ្ញាសា​តឹង​ខ្លាំង សិស្ស​ធ្វើ​មិន​ចេញ​នឹង​សូក​លុយ​គ្រូ បើ​សូក​មិន​បាន​មានតែ​ធ្លាក់​មួយ​មុខ​ប៉ុណ្ណោះ៖ «​ដូចជា​តឹង​ពេក​ហើយ​ថា ជាប់​ប៉ុណ្ណា​យក​ប៉ុណ្ណឹង​នោះ ព្រោះ​ថា វា​អយុត្តិធម៌​ចំពោះ​សិស្ស​នៅ​ជនបទ​ណាស់។ ដូច​គណិតវិទ្យា​អ៊ីចឹង កន្លែង​ខ្លះ​ហៅ​ឲ្យ​សិស្ស​កត់។ ឆ្នាំ​ដំបូង​គួរ​តែ​ក្រសួង​ដាក់​វិញ្ញាសា​កុំ​តឹង​ពេក កុំ​ធូរ​ពេក កុំ​ដាក់​សុទ្ធតែ​ស្តង់ដារ សិស្ស​វា​ធ្វើ​អត់​ត្រូវ វា​សូក​ហើយ បើ​ធ្វើ​ត្រូវ​មិន​សូក​ទេ»

ពលរដ្ឋ​ម្នាក់​ទៀត​រស់​នៅ​រាជធានី​ភ្នំពេញ បាន​ទម្លាក់​កំហុស​ទាំង​អស់​ទៅ​លើ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន តែម្ដង ដែល​ដឹក​នាំ​ប្រទេស​ជាង ៤​អាណត្តិ​ទៅ​ហើយ​នៅ​តែ​មាន​អំពើ​ពុករលួយ​ជា​ប្រព័ន្ធ និង​ជា​ពិសេស​បង្រៀន​កូន​របស់​គាត់​ឲ្យ​ចេះ​សូក​លុយ​គ្រូ​តាំង​ពី​រៀន​ថ្នាក់​មត្តេយ្យ​ទៀត​ផង។

លោក​បន្ត​ថា លោក​មិន​មាន​ជំនឿ​ថា កំណែ​ទម្រង់​នេះ​សម្រេច​បាន​ជោគជ័យ​ទេ៖ «ស្រុក​ខ្មែរ​យើង​វា​ទូទៅ​ហើយ សូក​លុយ​តាំង​ពី​តូច​ដល់​មហាវិទ្យាល័យ បណ្ដុះបណ្ដាល​ការ​សូក​ហ្នឹង​ហើយ សមត្ថភាព​សិស្ស​ហ្នឹង​មិន​មាន​ប៉ុន្មាន​ទេ»

​ចំណែក​ឯ​សិស្ស​នៅ​តាម​វិទ្យាល័យ​មួយ​ចំនួន​នៅ​រាជធានី​ភ្នំពេញ ដែល​វិទ្យុ​អាស៊ីសេរី​ជួប​សម្ភាស បាន​អះអាង​ស្រដៀង​គ្នា​ថា ពួកគេ​បាន​ខំ​រៀន​រួច​ហើយ ដើម្បី​ត្រៀម​ប្រលង​ពេល​ខាង​មុខ។ ប៉ុន្តែ​ពួកគេ​នឹង​ត្រៀម​ដាក់​លុយ​តាម​ខ្លួន​ដែរ ដើម្បី​ទុក​សូក​គ្រូ បើ​សិន​ជា​គ្រូ​តម្រូវ​ឲ្យ​គេ​សូក​នោះ។

ឆ្លើយ​នឹង​សំណួរ​ដែល​សួរ​ថា តើ​ពួកគេ​ខ្លាច​ឬ​ទេ បើ​សិន​ជា​អាជ្ញាធរ​ចាប់​ពួកគេ​ដាក់​គុក​​នៅ​ពេល​ដែល​សូក​លុយ​គ្រូ​ពេល​ប្រលង​នោះ? សិស្ស​ខ្លះ​ឆ្លើយ​មិន​ចេញ ឯ​សិស្ស​ខ្លះ​ទៀត​ប្រាប់​ថា បើ​ចេះ​ចាប់​មែន​ម៉េច​មិន​ចាប់​ពេល​រៀន​តែម្ដង​ទៅ ព្រោះ​ថា រៀន​នៅ​ភ្នំពេញ ត្រូវ​បង់លុយ​ឲ្យ​គ្រូ​រាល់ថ្ងៃ​។​

​រដ្ឋមន្ត្រី​ក្រសួង​អប់រំ លោក ហង់ ជួនណារ៉ុន មាន​ប្រសាសន៍​ថា ការ​កែ​ទម្រង់​នេះ គឺ​ក្រសួង​មិន​បារម្ភ​ថា សិស្ស​ធ្លាក់​ច្រើន​នោះ​ទេ តែ​នេះ​ជា​មេរៀន​ដែល​បញ្ជាក់​ថា សិស្សានុសិស្ស​មិន​ត្រូវ​រំពឹង​អ្វី​ក្រៅ​ពី​ការ​ខិតខំ​រៀន​ដោយ​ខ្លួន​ឯង​ដើម្បី​បាន​ប្រលង​ជាប់​នោះ​ឡើយ៖ «មិន​ត្រឹមតែ​ការ​ប្រលង​ទេ ប៉ុន្តែ​ការ​រៀន​សូត្រ​ដែរ។ អ៊ីចឹង​បើ​ខ្លាច​សិស្ស​ធ្លាក់​ហើយ​បន្ធូរបន្ថយ​វា​បង្កើត​វប្បធម៌​មួយ ឲ្យ​សិស្ស​លែង​ខំ​រៀន​ហើយ អ៊ីចឹង​ទេ​យើង​ឃើញ​សិស្ស​ខំ​រៀន បើ​សិស្ស​​ខំ​រៀន​វា​គោរព​គ្រូ​ហើយ»

​តំណាង​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​អាស៊ី​បូព៌ា​និង​អាស៊ី​ប៉ាស៊ីហ្វិក ប្រចាំ​នៅ​កម្ពុជា លោក សន ជ័យ មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​កម្ពុជា គួរ​តែ​រៀបចំ​យុទ្ធសាស្ត្រ​បង្ការ​ជា​មុន ទទួល​យក​សិស្ស​ដែល​ប្រលង​ធ្លាក់​ទាំង​នោះ ជៀសវាង​ពួកគេ​បោះ​បង់​ចោល​ការ​សិក្សា​ទៅ​ចំណាក​ស្រុក​ជាដើម​នោះ។ លោក​បន្ត​ថា រដ្ឋាភិបាល​អាច​ចាត់​ចែង​រៀបចំ​សាលា​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​រៀបចំ​ឲ្យ​មាន​ការ​ប្រលង​លើក​ទី​២​ជាដើម។ លោក​បន្ថែម​ថា កំណែ​ទម្រង់​នេះ ជា​វិញ្ញាសា​មួយ​ដែល​វាស់​ស្ទង់​សមត្ថភាព​របស់​រដ្ឋមន្ត្រី​ថ្មី និង​ប្រជាប្រិយភាព​របស់​បក្ស​កាន់​អំណាច​ក្នុង​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ​ក្នុង​វិស័យ​អប់រំ។

​ទាក់ទង​នឹង​ការ​កែទម្រង់​ការ​ប្រលង​នេះ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ កាលពី​ថ្ងៃ​ទី​២១ ខែ​ឧសភា បាន​ប្រកាស​ជា​សាធារណៈ ដើម្បី​ប្រមូល​មតិ​នានា ជំរុញ​ឲ្យ​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើពុករលួយ​នៅ​ពេល​ប្រលង​បាក់​ឌុប​មាន​ប្រសិទ្ធភាព។ អង្គភាព​នេះ ក៏​បាន​ចេញ​សេចក្ដី​ប្រកាស​សូម​ឲ្យ​សាធារណជន​ទាំង​អស់ ចូលរួម​អង្កេត​ការណ៍​ការ​ប្រលង​នេះ​ដែរ។

​អ្នក​ជំនាញ​សិក្សា​ការ​អភិវឌ្ឍ​សង្គម រក​ឃើញ​ថា អំពើ​ពុក​រលួយ​ក្នុង​វិស័យ​អប់រំ​នៅ​កម្ពុជា បណ្ដាល​មក​ពី​កត្តា​ចម្បង​បំផុត គឺ​បណ្ដាល​មក​ពី​ប្រាក់ខែ​គ្រូ​តិច ហើយ​ការ​ស៊ី​សំណូក​ពេល​ប្រលង​នា​ឆ្នាំ​មុនៗ​នេះ ហាក់​បី​ដូចជា​រង្វាន់​សម្រាប់​គ្រូៗ​ប្រចាំ​ឆ្នាំ​យ៉ាង​ដូច​ច្នេះ​ដែរ។ បញ្ហា​ដែល​ប្រឈម​ធំ​បំផុត​ក្នុង​ពេល​ប្រលង​នោះ គឺ​ការ​បែក​ធ្លាយ​វិញ្ញាសា​ប្រលង ហើយ​កំហុស​នេះ​មិន​មែន​គ្រូបង្រៀន​ថ្នាក់​ទាប​ជា​អ្នក​ប្រព្រឹត្ត​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (4)
Share

Asham

Can high education people join this reform? There will not be a big mistake. We are in Khmer we are so much asham to face when we meet foreigner and they ask why very less student can pass baccalaureate this year

Aug 22, 2014 10:06 PM

អ្នក​អាន​អនាមិក

ខ្ញុំចង់សួរថាតើប្រលងធ្លាក់អនុញ្ញាតអោយប្រលងម្តងទៀតទេ?

Jun 10, 2014 10:04 AM

អ្នក​អាន​អនាមិក

Personally, I think that a change is required. However, it is so sudden. I suggest that H.E Hong Chuon Naron consider making the exam strict but the level of each test should be easy .

May 26, 2014 10:06 AM

អ្នក​អាន​អនាមិក

សូមចូលរួមគាំទ្រចំណាត់ការកំណែរទម្រង់ហ្នឹងដើម្បីលើកកំពស់វិស័យអប់រំ។ ក៏ប៉ុន្តែកំណែរទម្រង់មិនមែនស្ថិតតែនៅលើការប្រឡងនោះទេ​ ហើយក៏មិនមែនព្រោះតែសិស្សខ្ជិលមិនរៀនសូត្រនោះទេ បញ្ហាសំខាន់គឺមកពីគ្រូមិនបង្រៀនសិស្ស នៅក្នុងថ្នាក់គ្រូគ្រាន់តែចុះអវត្តមានសិស្សនិងលកើឯកសារតែបុណ្ណោះ សិស្សដាច់ខាតត្រូវតែទៅរៀនគួរជាមួយគាត់ សូម្បីតែរៀនខុសគ្រូ​(មិនបានរៀនជាមួយប្រចាំថ្នាក់) ក៏នឹលំបាកខ្លួនដែរ (ដូចជាគ្រូហ្នឹងមិនសូវសប្បាយចិត្តជាមួយសិស្ស ហើយសិស្សហ្នឹងនឹងត្រូវមានបញ្ហាផ្សេងៗ)។ មូលហេតុ ហ្នឹងក៏ធ្វើឲ្យសិស្សខ្សោយដែរ។

May 25, 2014 09:13 PM

គេហទំព័រ​ទាំងមូល