ស្ថានទូត​ឥណ្ឌា​នៅ​កម្ពុជា​ព្រមាន​ឲ្យ​ពលរដ្ឋ​ខ្លួន​ប្រុងប្រយ័ត្ន​រក​ការងារ​ធ្វើ​នៅ​កម្ពុជា

ដោយ ម៉ៅ សុធានី
2024.05.17
ស្ថានទូត​ឥណ្ឌា​នៅ​កម្ពុជា​ព្រមាន​ឲ្យ​ពលរដ្ឋ​ខ្លួន​ប្រុងប្រយ័ត្ន​រក​ការងារ​ធ្វើ​នៅ​កម្ពុជា ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំកម្ពុជា អ្នកស្រី ដេវីយ៉ានី អ៊ុតាំ ខូប្រាហ្គេត (Devyani Uttam Khobragade)។
រូប៖ ហ្វេសប៊ុកស្ថានទូតឥណ្ឌាប្រចាំកម្ពុជា

ស្ថានទូត​ឥណ្ឌា​ប្រចាំ​នៅ​កម្ពុជា ព្រមាន​ពលរដ្ឋ​ឥណ្ឌា​ទាំងអស់ ឲ្យ​ប្រុងប្រយ័ត្ន​ខ្ពស់​ក្នុង​ការ​ស្វែងរក​ការងារ​ធ្វើ​នៅ​ប្រទេស​កម្ពុជា តាមរយៈ​ក្រុមហ៊ុន​បោកប្រាស់​នៅ​ប្រទេស​ថៃ និង​ឡាវ។

ស្ថានទូត​ឥណ្ឌា បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន កាល​ពី​ថ្ងៃទី​១៧ ខែ​ឧសភា ថា ការ​ដាក់​ពាក្យសុំ​ធ្វើការ​នៅ​កម្ពុជា ត្រូវ​ធ្វើ​ឡើង​តាមរយៈ​ក្រុមហ៊ុន ដែល​ទទួលស្គាល់​ត្រឹមត្រូវ ដោយ​ក្រសួង​ការបរទេស​ឥណ្ឌា និង​ត្រូវ​ទាក់ទង​ស្ថានទូត​នៅ​ភ្នំពេញ ដើម្បី​កំណត់​មុខសញ្ញា​ការងារ​ច្បាស់លាស់។

ស្ថានទូត​ឥណ្ឌា​បន្ត​ថា ការ​ស្វែងរក​ប្រភព​ការងារ​ត្រឹមត្រូវ​នេះ គឺ​ដើម្បី​ទប់ស្កាត់ ការ​កុហក​បោកប្រាស់​ពី​ការងារ ដែល​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ដូចជា​តួនាទី​នាយក​ប្រតិបត្តិ​ផ្នែក​ឌីជីថល ឬ​សេវា​គាំទ្រ​អតិថិជន របស់​ក្រុមហ៊ុន​ដែល​ជាប់​សង្ស័យ​ទៅ​នឹង​ឆបោក​តាម​អនឡាញ​របស់​មជ្ឈមណ្ឌល​ហៅ​ទូរស័ព្ទ និង​ការ​ក្លែងបន្លំ​រូបិយប័ណ្ណ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ត្រីកោណមាស ជាប់​ព្រំដែន​កម្ពុជា ឡាវ និង​វៀតណាម។

ក្រសួង​ការបរទេស​ឥណ្ឌា កាលពី​ដើមខែ​មិនា ឲ្យ​ដឹង​ថា ស្ថានទូត​ឥណ្ឌា​ប្រចាំ​នៅ​កម្ពុជា បាន​សហការ​ជាមួយ​សមត្ថកិច្ច​កម្ពុជា រំដោះ​ជនរងគ្រោះ​ឥណ្ឌា ចំនួន ២៥០​នាក់ ដែល​ចាញ់បោក​គេ មក​ធ្វើការ​ជា​អ្នក​ឆបោក​តាម​អនឡាញ​ខុសច្បាប់ ក្នុង​នោះ ៧៥​នាក់ ក្នុង​អំឡុងពេល​៣​ខែ​កន្លង​មក​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។