លោក ផែង វណ្ណៈ ស្វាគមន៍បណ្ដឹងរបស់ធនាគារអេស៊ីលីដា

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ និងជាអ្នកសកម្មជនមួយរូបក្នុងបណ្ដាញសង្គមហ្វេសប៊ុក (Facebook) លោក ផែង វណ្ណៈ បានបដិសេធថា លោកមិនបានបរិហារកេរ្តិ៍ធនាគារអេស៊ីលីដា (ACLEDA) ពាក់ព័ន្ធនឹងភាពមិនប្រក្រតីនៃការបង់ពន្ធរថយន្តនៅខេត្តសៀមរាប នោះទេ។
ប្រធាននាយកប្រតិបត្តិនៃធនាគារអេស៊ីលីដា លោក អ៊ិន ចាន់នី បានដាក់ពាក្យប្តឹងលោក ផែង វណ្ណៈ ទៅកាន់អគ្គស្នងការនគរបាលជាតិ កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ ពីបទបរិហារកេរ្តិ៍ជាសាធារណៈតាមរយៈការផ្សាយព័ត៌មានមិនពិតលើបណ្ដាញសង្គមហ្វេសប៊ុក ពាក់ព័ន្ធការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន។
ពាក្យបណ្ដឹងដែលបានភ្ជាប់ជាមួយនូវឯកសារនៅលើបណ្ដាញសង្គមហ្វេសប៊ុក របស់ម្ចាស់គណនីឈ្មោះ ផែង វណ្ណៈ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ និងសេចក្ដីបំភ្លឺរបស់អគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃទី១៦ ខែធ្នូ ព្រមទាំងសេចក្ដីបំភ្លឺរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប ជុំវិញរឿងនេះ ផងដែរ។
អេស៊ីលីដា អះអាងថា គណនីហ្វេសប៊ុក ឈ្មោះ ផែង វណ្ណៈ បានផ្សព្វផ្សាយដោយប្រើពាក្យចោទប្រកាន់ធនាគារថា បានឃុបឃិតគ្នាជាមួយម្ចាស់រថយន្តលួចបន្លំថវិការដ្ឋលើបញ្ហាបង់ពន្ធផ្លូវ និងការបន្តផ្សព្វផ្សាយរបស់សារព័ត៌មានក្នុងស្រុកមួយចំនួនទៀត។ ស្ថាប័នដដែលនេះចាត់ទុកការផ្សព្វផ្សាយព័ត៌មានរបស់ម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ ផែង វណ្ណៈ គឺមានចេតនាបំពុលសង្គម និងធ្វើឱ្យប៉ះពាល់ដល់កិត្តិយសដ៏ធ្ងន់ធ្ងរដល់ធនាគារអេស៊ីលីដា និងសេចក្ដីថ្លៃថ្នូររបស់វិស័យហិរញ្ញវត្ថុទាំងមូលដែលជាឆ្អឹងខ្នងដ៏រឹងមាំសម្រាប់ទ្រទ្រង់សេដ្ឋកិច្ចជាតិ។
ទាក់ទងបញ្ហានេះ ត្រូវបានលោក ផែង វណ្ណៈ បដិសេធថា ពុំមានការកោះហៅរូបលោកដើម្បីសួរចម្លើយទេ។ លោក ផែង វណ្ណៈ មានប្រសាសន៍បញ្ជាក់កាលពីថ្ងៃច័ន្ទ ទី១៩ ធ្នូ ថា លោកមិនបានចោទប្រកាន់អេស៊ីលីដា ទេ ប៉ុន្តែលោកគ្រាន់តែមានចម្ងល់លើប័ណ្ណបង់ពន្ធរថយន្តចំនួនពីរសន្លឹកដែលជាប្រភេទរថយន្តដូចគ្នា ប៉ុន្តែតម្លៃបង់ពន្ធខុសគ្នា ដោយរថយន្តមួយជារបស់ប្រពន្ធមន្ត្រីជាន់ខ្ពស់ខេត្តសៀមរាប បង់ ២០ម៉ឺនរៀល (២០០.០០០) ចំណែករថយន្តមួយទៀតដែលម្ចាស់ជាប្រជាពលរដ្ឋធម្មតាបង់ ៦០ម៉ឺនរៀល (៦០០.០០០)។
លោក ផែង វណ្ណៈ៖ «ខ្ញុំចង់បញ្ជាក់ប្រាប់អាស៊ីសេរីថា នៅក្នុងហ្វេសប៊ុកខ្ញុំកាលពីប៉ុន្មានថ្ងៃមុននេះ ខ្ញុំដាក់ថា តើមានការឃុបឃិតគ្នាលួចបន្លំពន្ធរដ្ឋ ឬយ៉ាងណា? ខ្ញុំមានដាក់សញ្ញាសួរ? ក្នុងន័យនេះ ខ្ញុំមិនមែនចោទប្រកាន់ទេ ប៉ុន្តែបើគាត់មើលក្នុងខ្លឹមសារហ្នឹង គាត់មិនចាត់ទុកជាសញ្ញាឆ្ងល់ ហើយថា ខ្ញុំចោទប្រកាន់គាត់ អាហ្នឹងជាការយល់ឃើញរបស់គាត់ ហើយឲ្យគាត់ប្ដឹងចុះ ខ្ញុំត្រៀមនឹងទៅឆ្លើយបំភ្លឺ»។
ទោះយ៉ាងណាក្តី លោកគាំទ្រវិធានការដោះស្រាយតាមផ្លូវច្បាប់ និងជំរុញឲ្យធនាគារអេស៊ីលីដា បន្តប្ដឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីស៊ើបអង្កេតលើករណីបន្លំពន្ធរដ្ឋលើមធ្យោបាយដឹកជញ្ជូននេះឲ្យកាន់តែច្បាស់ ហើយគ្រប់គ្នានឹងបានដឹងថា តើបញ្ហានេះជាកំហុសអ្នកណាពិតប្រាកដ។
គណនីហ្វេសប៊ុក ឈ្មោះ ផែង វណ្ណៈ ធ្លាប់បង្ហោះសារគម្រោងគំរាមសម្លាប់លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៣ តាមរយៈការបង្ហោះគ្រាប់កាំភ្លើងចំនួន ៧គ្រាប់ អមដោយកាំភ្លើងមួយដើមផង។ ប៉ុន្តែករណីនេះ លោកបានបដិសេធ ហើយរហូតមកដល់ពេលនេះ ក្រសួងមហាផ្ទៃ មិនទាន់មានវិធានការយ៉ាងណានៅឡើយ៕