"ការ​សាកល្បង​មុខងារ​ថ្មី​របស់​​​ហ្វេសប៊ុក​​គំរាមកំហែង​បរិយាកាស​អាជីវកម្ម​អនឡាញ​នៅ​កម្ពុជា"

ដោយ មាន ឫទ្ធិ
2017.11.03
FacebookExploreFeed របៀបចូលទៅកាន់ Explore Feed ក្នុង( Facebook App ) សំរាប់ IOS និង Android ។
RFA

ការ​សាកល្បង​មុខងារ​ថ្មី “Explore Feed” របស់​ក្រុមហ៊ុន​ហ្វេសប៊ុក (Facebook) កំពុង​គំរាមកំហែង​បរិយាកាស​អាជីវកម្ម​អនឡាញ (Online) នៅ​កម្ពុជា។

ស្ថាបនិក​បណ្ដាញ ខេមបូឌា អ៊ិន ថិច (Cambodians in Tech) ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋ​កាលីហ្វ័រញ៉ា អ្នកស្រី ម៉ាយ៉ា ហ្គីលីស ចាបមែន (Maya Gillis-Chapman) ថ្លែង​ថា អ្នកស្រី​បាន​តាមដាន​មើល​ផល​ប៉ះពាល់​នៃ​ការ​សាកល្បង​មុខងារ​ថ្មី​របស់​ក្រុមហ៊ុន​ហ្វេសប៊ុកនេះ មក​លើ​អាជីវកម្ម និង​អង្គការ​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ពឹង​ផ្អែក​ទាំង​ស្រុង​លើ​បណ្ដាញ​សង្គម។ អ្នកស្រី​សង្កេត​ឃើញ​ថា មាន​ការ​ធ្លាក់​ចុះ​អត្រា​នៃ​ការ​ទទួល​បាន​ព័ត៌មាន​តាម​ហ្វេសប៊ុក ពី​សំណាក់​ក្រុម​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក រហូត​ដល់​ទៅ ៦០​ភាគរយ ជា​មធ្យម គិត​ចាប់​តាំង​ពី​ពេល​ដែល​ក្រុមហ៊ុន​ហ្វេសប៊ុក បាន​ដាក់​ឲ្យ​អនុវត្ត​មុខងារ​សាកល្បង​ថ្មី​នេះ។

​អ្នកស្រី​ត្រូវ​បាន​ទស្សនាវដ្ដី FORBES របស់​អាមេរិក ស្រង់​ប្រសាសន៍​ថា ក្រុមហ៊ុន​ហ្វេសប៊ុក កំពុង​រៀបចំ​អនុវត្ត​ផែនការ​អាជីវកម្ម​ដើម្បី​ទទួល​បាន​ចំណូល​បន្ថែម​ពី​ការ​ផ្សាយពាណិជ្ជកម្ម។ អ្នកស្រី​ថា ការ​ពិសោធន៍​មុខ​ងារ​ថ្មី​នេះ គឺ​ជា​ការ​ព្យាយាម​ចុង​ក្រោយ​មួយ​របស់​ក្រុមហ៊ុន​ហ្វេសប៊ុក ដើម្បី​បង្កើន​ចំណូល​ពី​ការ​ផ្សាយពាណិជ្ជកម្ម​ពី​សំណាក់​ក្រុមហ៊ុន​អាជីវកម្ម​នានា។ ការ​សាកល្បង​មុខងារ​ថ្មី​នេះ នឹង​ក្លាយ​បញ្ហា​ប្រឈម​មួយ​សម្រាប់​ក្រុមហ៊ុន​អាជីវកម្ម​មួយ​ចំនួន ហើយ​ក៏​អាច​ធ្វើ​ឲ្យ​ក្រុមហ៊ុន​មួយ​ចំនួន​ទៀត​ដួល​រលំ​បាន។

អ្នកស្រី​ថា អ្នកស្រី​មាន​ការ​ខកចិត្ត​​ជា​ខ្លាំង​ដែល​ក្រុមហ៊ុន​ហ្វេសប៊ុក បាន​ប្រើប្រាស់​ប្រទេស​អភិវឌ្ឍន៍​តិចតួច ដូចជា​កម្ពុជា ធ្វើជា​ទីតាំង​សាកល្បង​របស់​ខ្លួន។ អ្នកស្រី​ផ្ដល់​អំណះអំណាង​ថា ដោយសារ​តែ​កម្ពុជា ជា​ប្រទេស​ដែល​ទើបតែ​បាន​ឆ្លងកាត់​អំពើ​ប្រល័យ​ពូជសាសន៍ ដូច្នេះ​ស្ថានភាព​សេដ្ឋកិច្ច និង​នយោបាយ​ក្នុង​ប្រទេស​នេះ នៅ​មាន​ភាព​ផុយ​ស្រួយ​នៅ​ឡើយ។

អ្នកស្រី​រិះគន់​ថា ការណ៍​ដែល​ក្រុមហ៊ុន​ហ្វេសប៊ុក ប្រើប្រាស់​ប្រជាពលរដ្ឋ​ខ្មែរ​ធ្វើ​ជា​ការ​សាកល្បង​សម្រាប់​ផលប្រយោជន៍​អាជីវកម្ម​របស់​ខ្លួន គឺ​ប្រៀប​បាន​ទៅ​នឹង​ការ​វាយ​សង្គ្រុប​ទៅ​លើ​មនុស្ស​ម្នាក់​ដែល​បាន​ដួល​លើ​ដី​រួច​ជា​ស្រេច​ទៅ​ហើយ​យ៉ាង​ដូច្នេះ​ដែរ។

​ក្រុម​អង្គការ​សិទ្ធិមនុស្ស និង​អ្នក​ជំនាញ​ផ្នែក​បច្ចេកវិទ្យា នៅ​ពេល​ថ្មីៗ​នេះ បាន​រិះគន់​ក្រុមហ៊ុន​ហ្វេសប៊ុក ដែល​បាន​ជ្រើសរើស​យក​ប្រទេស​កម្ពុជា ធ្វើ​ការ​សាកល្បង​ដាក់​ឲ្យ​ប្រើប្រាស់​មុខងារ​ថ្មី​នៃ​កម្មវិធី​របស់​ខ្លួន ហៅ​ថា Explore Feed នេះ។ ពួកគេ​ថា ការ​សាកល្បង​នេះ ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក នៅ​ក្នុង​ប្រទេស​កម្ពុជា បាត់បង់ និង​ជួប​នូវ​ការ​លំបាក​ក្នុង​ការ​ស្វែងរក និង​ទទួល​បាន​នូវ​ព័ត៌មាន​នានា ដែល​ពួកគេ​ចង់​តាម​ដាន។ ក្រុម​អង្គការ​សិទ្ធិមនុស្ស និង​អ្នក​ជំនាញ​ផ្នែក​បច្ចេកវិជ្ជា ស្នើ​ឲ្យ​ក្រុមហ៊ុន​ហ្វេសប៊ុក បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​សាកល្បង​នេះ ហើយ​ដាក់​ជំនួស​មកវិញ​នូវ​កម្មវិធី​ដូច​ដើម ដើម្បី​ឲ្យ​អ្នកប្រើប្រាស់​ទូទៅ​អាច​ប្រើ​បាន​ដូច​ធម្មតា​ឡើង​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។