អ្នក​កែម ឡី និយម​ចាប់​អារម្មណ៍​ខ្លាំង​លើ​កំណើត​កូន​ប្រុស​ចុង​ក្រោយ​របស់​លោក

ដោយ សេក បណ្ឌិត
2016.10.04
Share on WhatsApp
Share on WhatsApp
ភរិយា​លោក កែម ឡី លោកស្រី ប៊ូ រចនា ២០១៦ ៨៥៥ កូន​ទើប​កើត និង​ភរិយា​របស់​លោក កែម ឡី គឺ​លោកស្រី ប៊ូ រចនា នៅ​ថ្ងៃ​ទី​២ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Cheu Sideth
RFA/Cheu Sideth

អ្នក កែម ឡី និយម និង​ម្ចាស់​គណនី​ហ្វេសប៊ុក (Facebook) មួយ​ចំនួន​បាន​ចាប់​អារម្មណ៍​ខ្លាំង​ទៅ​លើ​ការ​ប្រសូត​បុត្រ​របស់​ភរិយា​របស់​លោក​បណ្ឌិត កែម ឡី កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ។

ម្ចាស់​ទំព័រ​ហ្វេសប៊ុក ខ្លះ​បាន​ចាត់​ទុក​កូន​ប្រុស​ដែល​ទើប​ប្រសូត​នោះ​ថា «ឈាម​ពេជ្រ​ចុង​ក្រោយ​ដ៏​កម្សត់​របស់​លោក​បណ្ឌិត កែម ឡី ឈ្មោះ កែម ឡី វីរបុត្រ បាន​ប្រសូត​ហើយ»។

អ្នក​វិភាគ​បញ្ហា​សង្គម លោក​បណ្ឌិត មាស នី មាន​ប្រសាសន៍​ថា ការ​ដែល​មហាជន​នៅ​តែ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​នោះ ដោយសារ​រឿង​បណ្ឌិត កែម ឡី នៅ​តែ​ជា​បញ្ហា​ក្ដៅ​ក្នុង​សង្គម​ដែល​ក្រុម​គ្រួសារ​លោក​មិន​ទាន់​បាន​ទទួល​យុត្តិធម៌ ហើយ​រដ្ឋាភិបាល​មិន​គួរ​សម្ងំ​ស្ងៀម​ចំពោះ​រឿង​នេះ​ឡើយ។

លោក​មិន​ហាន​ទស្សន៍ទាយ​អនាគត​ទារក កែម ឡី វីរបុត្រ នោះ ថា​យ៉ាង​ណា​នោះ​ទេ ប៉ុន្តែ​លោក​គិត​ថា អនាគត​ក្មេង​ម្នាក់​នេះ​អាច​ស្នង​ត្រកូល​ឪពុក​បាន ឬ​ក៏​យ៉ាង​ណា​នោះ គឺ​អាស្រ័យ​លើ​ការ​អប់រំ​របស់​គ្រួសារ​បរិយាកាស​ជុំវិញ​ខ្លួន​គេ និង​ការ​សិក្សាអប់រំ​ផ្សេងៗ​ជាដើម៖ «ជីវិត​មេ​គ្រួសារ​ក្នុង​នាម​ជា​អ្នក​ស្នេហា​ជាតិ យ៉ាង​ហោច​ណាស់​អាច​មាន​មួយ​មាន​ពីរ​ជា​អ្នក​ស្រឡាញ់​ជាតិ បើ​គ្រួសារ​ជា​អ្នក​បំផ្លាញ​ជាតិ​រមែងតែ​មាន​កូន​មក​ជា​អ្នក​បំផ្លាញ​ជាតិ​ដែរ ទោះ​បី​បាន​ទៅ​សិក្សា​ដល់​ទីណា​ក៏ដោយ អា​ហ្នឹង​ពូជពង្ស និង​ការ​អប់រំ​របស់​គ្រួសារ»

បុត្រា​ដែល​គេ​ឲ្យ​ឈ្មោះថា កែម ឡី វីរបុត្រ គឺ​ជា​កូនប្រុស​ទី​៥ របស់​បណ្ឌិត កែម ឡី និង​ភរិយា​របស់​លោក គឺ​អ្នកស្រី ប៊ូ រចនា។

អ្នកស្រី ប៊ូ រចនា បាន​សម្រាល​បុត្រ​ដោយ​សុវត្ថិភាព​នៅ​ក្រៅ​ប្រទេស ខណៈ​អ្នកស្រី និង​ក្រុម​គ្រួសារ​កំពុង​រស់​នៅ​រង់ចាំ​លទ្ធផល​ពី​មន្ត្រី​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជនភៀសខ្លួន ដើម្បី​អាច​ចាក​ចេញ​ទៅ​រស់​នៅ​ប្រទេស​ទី​បី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។