ក្រុម​គ្រួសារ​ស្នើ​អាជ្ញាធរ​ស្វែង​រក​អ្នក​ទទួល​ខុស​ត្រូវ រឿង​លិច​ទូក​ស្លាប់​កុមារ​ចំនួន​១១​នាក់​នៅ​ខេត្តកណ្តាល

ដោយ យ៉ង ចាន់តារា
2022.10.16
ក្រុម​គ្រួសារ​ស្នើ​អាជ្ញាធរ​ស្វែង​រក​អ្នក​ទទួល​ខុស​ត្រូវ រឿង​លិច​ទូក​ស្លាប់​កុមារ​ចំនួន​១១​នាក់​នៅ​ខេត្តកណ្តាល ម្តាយរបស់ជនរងគ្រោះដែលស្លាប់នៅក្នុងហេតុការណ៍លិចទូកដរម្នាក់ក្នុងចំណោម១១នាក់ បានទួញសោកខ្លាំងចំពោះការបាត់បង់កូនជាទីស្រលាញ់របស់ខ្លួន កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២។
រូប៖ AP

ក្រុម​គ្រួសារ​ស្នើ​អាជ្ញាធរ​ស្វែង​រក​អ្នក​ពាក់ព័ន្ធ​ទទួល​ខុស​ត្រូវ​ចំពោះ​ករណីលិចទូក​បណ្តាល​ឱ្យ​ស្លាប់​កុមារ​ចំនួន​១១​នាក់​ នៅ​ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល កាលពីថ្ងៃទី១៣ ខែតុលា ដើម្បី​ទប់​ស្កាត់​កុំឱ្យ​ហេតុការណ៍​បែប​នេះកើត​ឡើង​ទៀត។ សំណើ​នេះ ធ្វើឡើង​ស្របពេល​ដែល​សមត្ថកិច្ច​ខេត្ត បាន​ចាប់​ខ្លួន​ជនសង្ស័យបី​នាក់ ដែល​សង្ស័យ​ថា ពួកគេ​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​លិច​ទូក។

ក្រុម​គ្រួសារ​រងគ្រោះ​ដោយសារ​ករណី​លិចទូក​នៅខេត្តកណ្តាល​កំពុងយំសោក​អាណិត​ដល់​កូន​របស់​ពួកគាត់​ហើយ​ទាមទារ​ឱ្យ​មាន​អ្នក​ទទួល​ខុស​ត្រូវ ចំពោះ​ហេតុការណ៍​ក៏រន្ធត់​នេះ

ឪពុក​របស់​កុមារី​រងគ្រោះ​ឈ្មោះ សុវត្ថិ លក្ខិណា គឺលោក ប៊ុត សុវត្ថិ ប្រាប់​វិទ្យុអាស៊ីសេរី​នៅថ្ងៃទី១៥ ខែតុលា​ថា ក្រោយពេល​កូនស្រី​ច្បង​លិចទូក​ស្លាប់​មក គ្រួសារ​របស់​លោក​យំសោក​រាល់​ថ្ងៃ​ដោយ​ពុំអាច​ទទួល​យក​បាន​នោះ​ទេ ចំពោះ​ស្លាប់​កូន​ស្រី​ជាទី​ស្រឡាញ់លោកសោកស្តាយ​ចំពោះ​ការ​ធ្វេស​ប្រហែស​របស់​ម្ចាស់ទូក​ដែល​ធ្វើ​ឱ្យ​សិស្ស​ស្លាប់​ជាច្រើន​នាក់​ ហើយ​លោក​ទាមទារ​ឱ្យ​មាន​អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​រឿង​នេះ ដើម្បី​ផ្តល់​សំណង​ផ្លូវ​ចិត្ត និង​ផ្តល់​យុត្តិធម៌​ដល់​ជនរងគ្រោះ៖

«សូម​ស្នើ​ឱ្យ​អ្នក​មាន​សមត្ថភាពគិតគូរ​ទាមទារ​រក​យុត្តិធម៌​ឱ្យ​អ្នកដែល​បាត់បង់​អាយុ​ជីវិត ខ្ញុំ​ចង់​ឱ្យ​មាន​អ្នក​ទទួល​ខុស​ត្រូវ​ព្រោះយើង​មាន​ការ​បាត់បង់​ខូច​ខាត ដូចជា​កូន​ខ្ញុំ​អ៊ីចឹង​សោក​ខ្លាំង​មែន​ទែន លើស​ពី​អ្វី​ទាំង​អស់ អាណោច​អាធ័ម​កូន​ពេក​ហើយ»

ស្រដៀងគ្នានេះដែរ ឪពុក​របស់​កុមារា​ដែល​បាន​ស្លាប់​ឈ្មោះ មាស សុវណ្ណរាជ គឺលោក មាស រិត រៀបរាប់ថា​កូន​ប្រុស​របស់​លោក​តែងតែ​ឆ្លងទូក​ដ​ឯកជន​ទៅ​ត្រើយ​ម្ខាង​ដើម្បី​រៀន​គួរ​បំប៉ន​ជា​ប្រចាំ ដោយ​សារ​សាលា​រដ្ឋ​នៅ​ក្នុង​ភូមិ​បង្កើត​ត្រឹម​ថ្នាក់​បឋមសិក្សា។ លោកបន្តថា រហូតមក​ដល់​ពេល​នេះ គ្រួសារ​របស់​លោក​នៅ​តែ​នឹក​ស្រណោះ អាណិត​កូន​មិនសម​បង់ជីវិត​ដោយសារ​ការ​លិចទូក​ក្នុង​ទន្លេ​ទាំង​វ័យ​ក្មេង និង​ជា​សិស្ស​រៀនពូកែ​នៅ​ក្នុង​សាលា​បែប​នេះ​ទេ។ លោកឱ្យដឹងថា ទូក​ដែល​លិច​នោះ គឺ​ជា​ប្រភព​ទូក​ឈើ​មាន​សភាព​ចាស់ ពុកផុយ និង​មិន​មាន​សុវត្ថិភាព​សម្រាប់​អ្នក​ធ្វើ​ដំណើរ​នោះ​ទេ៖

«រឿង​រ៉ាវ​ហ្នឹង​នឹក​ឡើង​ខ្លោចចិត្ត​អាណិត​កូន និយាយ​ទៅ​ចឹង​ចង់​យំ ក្តុកក្តួល​ក្នុង​ខ្លួន​ក្នុង​ប្រាណ វា​មិន​សម​អ៊ីចឹង​សោះខ្ញុំស្នើសុំ​អាជ្ញាធរ​ជួយ​ដោះស្រាយ​ដែរ​ដោយ​ចាត់​វិធានការ​យ៉ាងណា​ក៏​ដោយ​ឱ្យអ្នក​រត់ទូក​ដធ្វើ​ទូក​ឱ្យ​បាន​ស្អាត​ទៅ បើ​លិចលង់​ទៅ​នាំ​ឱ្យ​មាន​បញ្ហា​គ្រោះថ្នាក់​កូន​សិស្ស ឬក៏​ប្រជាពលរដ្ឋ ពេល​លិចលង់​អ៊ីចឹង​ពិបាក​ណាស់»

កាលពី​ល្ងាចថ្ងៃទី១៣ ខែតុលា មាន​ករណី​លិចទូក​ចម្លង​គួរ​ឱ្យ​រន្ធត់​មួយ​នៅ​ភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ដែល​បណ្តាល​ឱ្យ​កុមារ​ចំនួន​១១​នាក់​បាន​ស្លាប់។ ក្រោយ​កើត​ហេតុនេះ សមត្ថកិច្ច​ស្រុក​លើកដែក ខេត្តកណ្តាល​ឱ្យ​ដឹង​ថា  សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​ម្ចាស់​អាជីវកម្ម​ដ​ចម្លង និង​អ្នក​បើក​ទូក​ដ​ចំនួន ៣នាក់​ដើម្បី​សាកសួរ  នៅ​អធិការ​ស្រុក  ជុំវិញ​ឧបទ្ទវហេតុ​លិច​ទឹក​បណ្តាល​ឱ្យ​កូន​សិស្ស​ជាច្រើន​នាក់​ស្លាប់។ អាជ្ញាធរថា ការ​លិចទូក​នេះ បណ្តាល​មក​ពី​ធ្វេសប្រហែស​របស់​ម្ចាស់​ទូក  និង​ខ្វះ​បទពិសោធន៍។

ជំរិញ​រឿង​នេះ ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​អ្នកស្រី អ៊ុក ឆាយ៉ាវី សង្កេត​ឃើញ​ថា ក្នុង​រដូវ​វស្សា​សិស្សានុសិស្ស​ប្រឈម​គ្រោះថ្នាក់​ដល់​អាយុជីវិត​ដែល​ភាគី​ពាក់ព័ន្ធ​មិន​ត្រូវ​បណ្តែត​បណ្តោយ​ឡើយ។ អ្នកស្រីកត់សម្គល់ថា កន្លង​ទៅ​ក្រសួង​អប់រំ និង​អាជ្ញាធរ​ហាក់​ធ្វេសប្រហែស​ និង​ខ្វះ​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សុវត្ថិភាព​របស់​កុមារ​អំឡុង​ពេល​ទឹកជំនន់៖

«វាហួស​ពេល​ហើយ បើ​ពេល​ក្រោយ​មាន​តែ​ការ​ផ្សព្វផ្សាយដល់​មាតាបិតាសិស្ស ម្ចាស់​ទូកដ​សូម​ឱ្យ​គាត់​មាន​បំពាក់​ឧបករណ៍​ដែល​ធ្វើ​ឱ្យ​សិស្សានុសិស្ស​មាន​សុវត្ថិភាព ចំពោះ​ឡាន​ដឹកសិស្ស​ក៏ដោយ​មិន​ទាន់​មាន​បញ្ហា​គួរ​តែពួកគាត់​ហ្នឹង​ធ្វើ​យ៉ាង​ណា​ដើម្បី​សុវត្ថិភាព​ទាំង​អស់​គ្នា»

គ្រួសារ​សពកុមារ​ដែល​បាត់បង់​ជីវិត​ដោយ​សារ​ហេតុការណ៍​លិចទូក​នោះ​ឱ្យ​ដឹង​ថា ពួកគាត់​រៀប​ចំ​ពិធី​បុណ្យ​សព​កូនៗ​ទៅ​តាម​ប្រពៃណី​រួច​ហើយ​នៅ​ល្ងាចថ្ងៃទី១៥ ខែតុលា។ ជាមួយគ្នា​នេះ ព្រះមហាក្សត្រ រដ្ឋាភិបាល អង្គការជាតិ​និង​អន្តរជាតិ ព្រមទាំង​ប្រជាពលរដ្ឋ​ទូទៅ​បាន​ផ្ញើសារ​រំលែក​ទុក្ខ​នៅតាម​បណ្តេញសង្គម​ជា​បន្តបន្ទាប់ ដោយសម្ដែង​នូវមរណទុក្ខ​សោកស្តាយ​ជា​ខ្លាំង​ចំពោះ​ការ​បាត់បង់​ជីវិត​កុមារ​១១​នាក់ ដែល​ជា​ហេតុការណ៍​មួយ​ដ៏​រន្ធត់​មិន​ធ្លាប់​កើត​មាន​ឡើយ

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។