ចាប់តាំងពីជំងឺកូវីដ-១៩ ឆ្លងរាលដាលកាន់តែខ្លាំង សាច់ញាតិអ្នកទោសនយោបាយចាប់ផ្តើមបាត់ដំណឹងប្តី ឬបងប្អូន ដែលកំពុងជាប់ឃុំទាំងនោះ ដោយសារតែអាជ្ញាធរផ្អាកការសួរសុខទុក្ខគ្នាទាំងស្រុង។ ប្រព័ន្ធទូរស័ព្ទនៅពន្ធនាគារ ដែលអ្នកជាប់ឃុំធ្លាប់អាចសន្ទនាគ្នាបានខ្លះជាមួយក្រុមគ្រួសារខាងក្រៅ ក៏ត្រូវកាត់ផ្តាច់ទៀត។ ការបាត់ដំណឹងឈឹងនិងគ្មានមធ្យោបាយទាក់ទងគ្នានេះធ្វើឲ្យសាច់ញាតិនៅខាងក្រៅចាប់ផ្ដើមព្រួយបារម្ភពីសុខភាពរបស់អ្នកជាប់ឃុំទាំងនោះកាន់តែខ្លាំង ជាពិសេសបន្ទាប់ពីដឹងថា ជំងឺកូវីដ-១៩ បានឆ្លងចូលក្នុងពន្ធនាគារជាលើកដំបូង នៅខេត្តព្រះសីហនុ និងមានអ្នកជាប់ឃុំជាង ៣០ (៣៤) នាក់បានឆ្លងជំងឺនេះ កាលពីថ្ងៃទី៩ ខែឧសភា។
បងស្រីរបស់សកម្មជនបក្សប្រឆាំងលោកស្រី ស្រីផុន ដែលប្អូនស្រីលោកស្រី កំពុងជាប់ឃុំនៅក្នុងពន្ធនាគារម២ ស្នើសុំឲ្យអាជ្ញាធរមានសមត្ថកិច្ច ដោះលែងប្អូនស្រីរបស់លោកស្រី ឲ្យមានសេរីភាពវិញ ព្រោះលោកស្រី បារម្ភពីការឆ្លងជំងឺកូវីដ-១៩ នៅក្នុងពន្ធនាគារ។ លោកស្រីអះអាងថា ប្អូនស្រីរបស់លោកស្រីឈ្មោះ ម៉ី សុផន មានកូនតូចក្នុងបន្ទុកត្រូវថែរក្សាជាចាំបាច់ និងគួរតែអាជ្ញាធរអនុញ្ញាតឲ្យនៅក្រៅឃុំ ដើម្បីកាត់បន្ថយការប្រឈមចំនួនអ្នកជាប់ឃុំ ដើម្បីរក្សាគម្លាតអ្នកទោសក្នុងពន្ធនាគារជាដើម៖ « សំណូមពរម្យ៉ាងដែរ គាត់មានកូនតូច បើសិនជាគេអនុគ្រោះឲ្យគាត់នៅក្រៅឃុំក្រៅអ្វីក៏ល្អ។ កូនគាត់នៅតូចមែនទែនណា។ បារម្ភសព្វគ្រប់ហ្មង សម្រាប់គាត់មួយ » ។
ដូចគ្នាដែរ ប្រពន្ធរបស់អនុប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិខេត្តត្បូងឃ្មុំលោក ស៊ូ យាន គឺលោកស្រី ស្រី សៀត ក៏ទាមទារឲ្យមន្ត្រីមានសមត្ថកិច្ចដោះលែងប្ដីរបស់លោកស្រី ឲ្យមានសេរីភាពវិញដែរ។ លោកស្រី ស្រី សៀត នៅតែអះអាងថា ប្ដីគ្មានកំហុស និង ចង់ឲ្យមន្ត្រីតុលាការដោះលែងលោក ស៊ូ យាន វិញ។ លោកស្រី ព្រួយបារម្ភថា បើសិនមានករណីជំងឺកូវីដ-១៩ ឆ្លងចូលក្នុងពន្ធនាគារខេត្តត្បូងឃ្មុំ លោក ស៊ូ យាន នឹងប្រឈមការឆ្លង ហើយធ្លាក់ខ្លួនឈឺ ព្រោះលោកកំពុងមានជំងឺប្រចាំកាយ និងមានសុខភាពទ្រុឌទ្រោមស្រាប់៖ « ខ្ញុំបារម្ភដែរហ្នឹងណា ព្រោះគាត់មានជំងឺប្រចាំកាយផង ហើយខ្ញុំសុំសំណូមពរឲ្យគេដោះលែងប្ដីរបស់ខ្ញុំផងហ្នឹងណា។ ប៉ុន្តែ មិនដឹងដល់ឬអ្វីទេ ! ខ្ញុំពិបាកណាស់ រាល់ថ្ងៃនេះ » ។

កន្លងមក អង្គការសង្គមស៊ីវិលផ្នែកឃ្លាំមើលសិទ្ធិមនុស្សជាច្រើន ក៏បានលើកឡើងអំពីការព្រួយបារម្ភពីហានិភ័នៃការឆ្លងជំងឺកូវីដ-១៩ ដែលបើឆ្លងដល់ពន្ធនាគារ គឺនឹងមានគ្រោះថ្នាក់ខ្ពស់ ដោយសារតែការរស់នៅផ្តុំគ្នាក្នុងបន្ទប់ចង្អៀតណែនរបស់អ្នកជាប់ឃុំ។
ប៉ុន្តែអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារលោក នុត សាវនា បញ្ជាក់ថា ការសម្រេចដោះលែងអ្នកជាប់ឃុំ គឺជាឆន្ទានុសិទ្ធិរបស់តុលាការ។ តែលោកអះអាងថា ខាងពន្ធនាគារកំពុងស្នើសុំទៅតុលាការ ដើម្បីដោះលែងអ្នកជាប់ឃុំស្រាលៗមួយចំនួន ដែលជិតដល់ថ្ងៃកំណត់ទោស ឲ្យចេញក្រៅឃុំមុនកាលកំណត់នោះដែរ៖ « ស្នើទៅខាងតុលាការ គេក៏ពិចារណា ថាអាចឲ្យនៅក្រៅឃុំ ឬក៏ដោះលែងមុនកាលកំណត់ទេ អាហ្នឹងជាសមត្ថកិច្ចរបស់តុលាការ។ អ៊ីចឹងសំណើហ្នឹង គេកំពុងពិចារណាហើយ តែវាជាសមត្ថកិច្ចរបស់ខាងស្ថាប័នតុលាការ » ។
ចំពោះករណីការឆ្លងជំងឺកូវីដ-១៩ ក្នុងពន្ធនាគារខេត្តព្រះសីហនុនោះលោក នុត សវនា អះអាងដែរថា ខាងអគ្គនាយកដ្ឋានពន្ធនាគារកំពុងដឹកនាំមន្ត្រីជំនាញ ចុះស្រាវជ្រាវរកមូលហេតុនៃការឆ្លង និងបានយកអ្នកជាប់ឃុំដែលសង្ស័យទាំងអស់ ដាក់នៅដាច់ដោយឡែកអស់ហើយ។ លោកបញ្ជាក់ទៀតថា សម្រាប់ពន្ធនាគារផ្សេងទៀត គឺនៅមិនទាន់មានករណីសង្ស័យឆ្លងជំងឺកូវីដ-១៩នេះនៅឡើយទេ ហើយអាជ្ញាធរគ្រប់ពន្ធនាគារ កំពុងបង្កើនវិធានការបង្ការយ៉ាងតឹងរ៉ឹង។
មន្រ្តីអង្គការសង្គមស៊ីវិល យល់ស្របឲ្យមានដំណោះស្រាយណាមួយ ដើម្បីកាត់បន្ថយភាពចង្អៀតណែនក្នុងពន្ធនាគារ។ ប្រធានផ្នែកឃ្លាំមើលសិទ្ធិមនុស្ស និងដីធ្លី នៃសមាគមអាដហុកលោក នី សុខា យល់ស្របនឹងសំណើដោះលែងអ្នកជាប់ឃុំ ដែលមានទោសស្រាលៗ និងអ្នកជាប់ឃុំពាក់ព័ន្ធរឿងនយោបាយ ដីធ្លី សកម្មជនបរិស្ថានជាដើម ដើម្បីកាត់បន្ថយហានិភ័យក្នុងពន្ធនាគារ៖ « អ៊ីចឹង វិធានការទាំងអស់ហ្នឹង យើងគួរតែពិចារណាគួរតែរកវិធីក្នុងការដោះស្រាយឲ្យបានទាន់ពេលវេលាដែរ ដើម្បីបន្ធូរបន្ថយដល់ការចង្អៀតណែន នៅក្នុងពន្ធនាគារ។ អាហ្នឹង វាគឺជារឿងមួយ ដែលអាចដោះស្រាយបញ្ហាទៅបាន » ។

បច្ចុប្បន្នកម្ពុជា មានអ្នកជាប់ឃុំសរុបតាមពន្ធនាគារនៅទូទាំងប្រទេសប្រមាណ បួនម៉ឺន (៤០.០០០)នាក់។ ចំនួននេះ ធ្វើឲ្យពន្ធនាគារ និងមណ្ឌលអប់រំកែប្រែទាំងអស់ ចង្អៀតណែនខ្លាំង និងលើសចំណុះ។ អ្នករួចពីការជាប់ឃុំ និងសាច់ញាតិរបស់អ្នកជាប់ឃុំ តែងតែរអ៊ូរទាំអំពីស្ថានភាពក្នុងពន្ធនាគារ។ អ្នកជាប់ឃុំខ្វះសេវាថែទាំ និងព្យាបាលជំងឺ ខ្វះសាប៊ូ និងទឹកស្អាតសម្រាប់ប្រើប្រាស់ជាដើម។ កត្តានេះធ្វើឲ្យពួកគាត់បារម្ភដែរថា វាបណ្ដាលឲ្យអ្នកជាប់ឃុំ ប្រឈមការឆ្លងជំងឺកូវីដ-១៩ យ៉ាងលឿន។
កាលពីចុងឆ្នាំ២០២០ អង្គការសិទ្ធិមនុស្សជាតិ (លីកាដូ) និងអន្តរជាតិ (AmnestyInternational) (Human Rights Watch) បានទទូចឱ្យរដ្ឋាភិបាលចាត់វិធានការឱ្យឆាប់ ដើម្បីការពារសិទ្ធិទទួលបានសេវាសុខភាពរបស់អ្នកជាប់ឃុំក្នុងពន្ធនាគារ ក្នុងការអនុវត្តវិធានការអនាម័យ និងរក្សាគម្លាតសង្គមនៅក្នុងពន្ធនាគារឲ្យមានប្រសិទ្ធភាព។ តែមន្ត្រីរដ្ឋាភិបាល ច្រានចោលសេចក្ដីថ្លែងការណ៍នោះ។
ស្របពេលជាមួយគ្នានេះ នៅថ្ងៃទី១០ ខែឧសភា ក្រសួងសុខាភិបាលប្រកាសថា មានអ្នកជំងឺកូវីដ-១៩ ចំនួន ៦ នាក់ ទៀតស្លាប់។ ចំនួននេះបានធ្វើឲ្យអ្នកស្លាប់ដោយសារជំងឺនេះ ឡើងដល់មួយរយម្ភៃប្រាំមួយ (១២៦)នាក់។ ចំណែកអ្នកឆ្លងថ្មីនៅថ្ងៃដដែល មានជាងប្រាំរយ (៥០៦)នាក់។ ស្របពេលដែលចំនួនអ្នកជាសះស្បើយមានជិតមួយរយប៉ែត (១៧៩) នាក់ដែរ តែទាបជាងជិតបីដង ធៀបនឹងចំនួនអ្នកឆ្លង។ រហូតមកដល់ពេលនេះ ចំនួនអ្នកឆ្លងសរុបនៅទូទាំងប្រទេស កើនដល់ជិត ២ម៉ឺន (១៩,៧៤៣) នាក់ ក្នុងពេលដែលអ្នកជាសះស្បើបសរុបមានជិត ៨ ពាន់ (៧,៨២០) នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។