គ្រួសារនៅព្រៃវែងអំពាវនាវឲ្យជួយអន្តរាគមន៍រំដោះពលករ៤នាក់ចេញពីពន្ធនាគារនៅថៃ
2014.05.31

គ្រួសាររបស់ពលករដែលទៅធ្វើនៅប្រទេសថៃ ស្វែងរកអន្តរាគមន៍ទៅអង្គការអាដហុក (Adhoc) ឲ្យជួយរំដោះកូនដែលជាប់ពន្ធនាគារនៅប្រទេសថៃ មកកម្ពុជា វិញ។ ពលករដែលជាប់ពន្ធនាគារនោះមានចំនួន ៤នាក់ គឺជាអ្នកដែលចេញទៅធ្វើការនៅក្រៅប្រទេស តាមរយៈមេខ្យល់ ដោយមានលិខិតឆ្លងដែនស្របច្បាប់ ប៉ុន្តែត្រូវបានប៉ូលិសថៃ ចាប់ខណៈធ្វើដំណើរ។
ឪពុករបស់ពលករម្នាក់ក្នុងចំណោមអ្នកដែលកំពុងជាប់ពន្ធនាគារ អំពាវនាវសុំឲ្យមន្ត្រីស្ថានទូតខ្មែរប្រចាំនៅប្រទេសថៃ និងមន្ត្រីពាក់ព័ន្ធបញ្ហានេះ ជួយអន្តរាគមន៍រំដោះកូនចេញពីពន្ធនាគារនៅប្រទេសថៃ មកកម្ពុជា វិញឲ្យបានឆាប់។
ឪពុករបស់ពលករ លោក សូ ហឿន រស់នៅភូមិធ្នង់ខាងលិច ឃុំស្មោងខាងជើង ស្រុកកំចាយមារ ថ្លែងនៅថ្ងៃទី៣១ ឧសភា ថា អ្នកភូមិជាពលករទៅធ្វើការនៅប្រទេសថៃ រួមនឹងកូនរបស់គាត់ផងចំនួន ៤នាក់ ទៅធ្វើជាកម្មករដកដំឡូង តាមរយៈមេខ្យល់ឈ្មោះ លោក ហ៊ុយ តំ នៅភូមិត្រពាំងទឹម ឃុំព្រាល ស្រុកកញ្ជ្រៀច ដោយថ្លៃធ្វើលិខិតឆ្លងដែនទៅធ្វើការម្នាក់ ៩.៥០០បាត ប្រមាណ ៣០០ដុល្លារអាមេរិក។ លោកថា លិខិតឆ្លងដែនបញ្ជាក់ជាកម្មករធ្វើការនៅប្រទេសថៃ ដែលទទួលស្គាល់ពីមន្ត្រីក្រសួងការងារ ដោយស្របច្បាប់។ ប៉ុន្តែ នៅពេលចេញដំណើរពីជាយដែនរបស់ប្រទេសកម្ពុជា មិនបានប៉ុន្មានផង ក៏ត្រូវប៉ូលិសថៃ ចាប់ដោយចោទប្រកាន់ពីបទឆ្លងដែនដោយខុសច្បាប់។
លោក សូ ហឿន៖ «ហើយដល់ឥឡូវហ្នឹង គេថាយើងទៅខុសច្បាប់ តែតាមការពិតទៅហ្នឹង ធ្វើមានសំបុត្រឆ្លងដែនអីត្រឹមត្រូវបង! អឺ! ទៅមិនទាន់ដល់ផង ទៅគ្រាន់តែឆ្លងពីព្រំដែនខ្មែរចូលដល់ថៃ ហ្នឹង ដល់ត្រឹមអាដែងនេះហ្នឹង ណង គង់គេចាប់តែហ្មង តម្រួតថៃ គេចាប់តែហ្មង។ គេថារបស់ហ្នឹងពិត ដល់ទៅតម្រួតថៃ ថាប៉ាសស្ព័រខ្លួនឯងហ្នឹងរបស់ហ្នឹងណែក្លែងក្លាយ អាឡូវវាទៅជាប់គុកហើយ ម៉ែឪហ្នឹងព្រួយបារម្ភកូនចៅប្រិយសីហ្នឹង»។
ពលករខ្មែរដែលប៉ូលិសថៃ ចាប់នោះរួមមាន លោក សោម ខុម អាយុ ៤៤ឆ្នាំ លោក ម៉ៅ ត្រេន អាយុ ៤៦ឆ្នាំ លោក សូ ឌីណា អាយុ ២៥ឆ្នាំ និងអ្នកស្រី ឃន ស្រីនួន អាយុ ២២ឆ្នាំ អ្នកទាំងនោះរស់នៅភូមិធ្នង់ខាងលិច ឃុំស្មោងខាងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង។ ពលរដ្ឋទាំង ៤នាក់ ត្រូវប៉ូលិសថៃ ចាប់ខណៈធ្វើតាមរថយន្តនៅខេត្តស្រះកែវ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៤។ ឪពុករបស់ពលករបានប្ដឹងអង្គការអាដហុក ឲ្យជួយអន្តរាគមន៍រំដោះកូនពីប្រទេសថៃ មកកម្ពុជា វិញ។
ទាក់ទងនឹងបញ្ហានេះ មន្ត្រីសម្របសម្រួលអង្គការអាដហុក ប្រចាំខេត្តព្រៃវែង អ្នកស្រី អៀង គិមលី មានប្រសាសន៍ថា អ្នកស្រីបានទទួលដំណឹងពីឪពុករបស់ពលករខ្មែរទាំង ៤នាក់ ទៅធ្វើការជាកម្មករដកដំឡូងនៅថៃ ដែលមានលិខិតឆ្លងដែនដោយស្របច្បាប់។ អ្នកស្រីបន្តថា បញ្ហានេះអ្នកស្រីបានណែនាំឲ្យសាច់ញាតិរបស់ពលករ ដាក់ពាក្យបណ្ដឹងទៅមន្ទីរការងារខេត្តព្រៃវែង ដើម្បីឲ្យជួយអន្តរាគមន៍រំដោះកូនរបស់គាត់ពីពន្ធនាគារនៅប្រទេសថៃ មកកម្ពុជា វិញក្នុងពេលឆាប់ៗ៖ «ចា៎! ករណីនេះអាដហុក ពិបាកក្នុងការជួយគាត់ ដោយសារករណីនេះវាមិនមែនជាករណីជួញដូរ។ បើយើងមើលលិខិតរបស់គាត់ យើងឃើញថា លិខិតនេះ គឺត្រឹមត្រូវតាមផ្លូវច្បាប់ ដោយសារចេញមកពីមន្ទីរការងារ ចេញមកពីក្រសួងការងារ។ ចា៎! ហើយលិខិតនេះគាត់ទៅក្នុងនាមពលករអ៊ីចឹងត្រឹមត្រូវហើយ អ៊ីចឹងករណីដែលគាត់ជាប់ពន្ធនាគារនៅថៃ អឺ! ខ្ញុំហ្នឹងឲ្យគាត់ទៅទាក់ទងនៅមន្ទីរការងារ នៅខេត្តព្រៃវែង ដើម្បីឲ្យជួយអន្តរាគមន៍ឲ្យគាត់ត្រឡប់មកវិញចា៎»។
ទាក់ទងនឹងបញ្ហានេះ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង មានប្រសាសន៍បញ្ជាក់ថា មន្ត្រីអង្គកុងស៊ុលខ្មែរប្រចាំនៅខេត្តស្រះកែវ ពុំទទួលព័ត៌មានដែលពលករខ្មែរទាំង ៤នាក់ ត្រូវប៉ូលិសថៃ ចាប់ដាក់ពន្ធនាគារនៅឡើយទេ។ លោកថា មន្ត្រីកុងស៊ុលខ្មែរនឹងតាមដានការងារនេះ៖ «ឲ្យទាំងគ្នាហ្នឹងត្រូវទាក់ទងមកខ្ញុំ ឬក៏អង្គកុងស៊ុលនៅស្រះកែវ ភ្លាមៗ ស្រួលគាត់តាមដានសហការជាមួយថៃ ដើម្បីពិនិត្យមើល តើគាត់ខុសអីខ្លះណាស់! ព្រោះខ្ញុំទាក់ទងម៉ាភ្លែតមិញហ្នឹង គាត់អត់មានព័ត៌មាន មន្ត្រីគេអត់មានបញ្ជូនមកគាត់សោះ ពីព្រោះតែមានបញ្ហាប៉ុណ្ណាក៏ដោយ ភាគីថៃ តែងតែផ្ដល់ព័ត៌មានមកឲ្យអង្គកុងស៊ុល យើងហើយ។ ប៉ុន្តែក្នុងករណីនេះ ចាំមើលខ្ញុំឲ្យឈ្មោះគាត់ ដើម្បីឲ្យគាត់ទៅស្រាវជ្រាវមើលណាស់!»។
សាច់ញាតិរបស់ពលករ ឲ្យដឹងថា កូនរបស់ខ្លួនបានផ្ដល់ដំណឹងមកឪពុកម្ដាយថា ពួកគេត្រូវប៉ូលិសថៃ ចាប់នៅខេត្តស្រះកែវ ហើយបញ្ជូនទៅពន្ធនាគារបាត់ការទាក់ទងគ្នា នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៤ រហូតមក៕