ក្រុម​គ្រួសារ៖ ជួប សម្លាប់ មិន​មែន​ជា​ឃាតក​សម្លាប់​​​បណ្ឌិត កែម ឡី

ដោយ ម៉ម មុនីរតន៍
2016.10.18
Share on WhatsApp
Share on WhatsApp
ជួប សម្លាប់ អឿត អាង ២០១៦ ៨៥៥ ជន​ត្រូវ​ចោទ ជួប សម្លាប់ ដែល​គេ​ស្គាល់​ឈ្មោះ​ពិត​ថា អឿត អាង ពេល​នាំ​ចេញ​ក្រោយ​សាកសួរ នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៦។
RFA

រហូត​មក​ដល់​ពេល​នេះ ខាង​សមត្ថកិច្ច​នៅ​ពុំ​អាច​រក​ឃើញ​តម្រុយ​​ថ្មី​ណា​មួយ​បន្ថែម​ក្នុង​សំណុំរឿង​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី ក្រៅ​ពី​ជន​ជាប់​ចោទ​ឈ្មោះ ជួប សម្លាប់ ដែល​កំពុង​ជាប់​ឃុំ​នៅ​ឡើយ​ទេ។ ប៉ុន្តែ​ភ្លាមៗ​បន្ទាប់​ពី​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី មាន​ម៉ូតូ​មួយ​គ្រឿង​ពាក់​ស្លាក​ប៉ូលិស (Police) ព្យាយាម​ប្រដេញ​តាម​ឈ្មោះ ជួប សម្លាប់។ មាន​ការ​ចោទ​ប្រកាន់​ថា អ្នក​បើក​ម៉ូតូ​ប៉ូលិស​រូប​នោះ អាច​មាន​ជាប់ពាក់ព័ន្ធ​នឹង​អំពើ​ឃាតកម្ម​នេះ។ បើ​ទោះ​ជា​បែប​ណា នាយ​នគរបាល​ទន្លេបាសាក់​ដែល​សង្ស័យ​នៅ​ក្នុង​សំណុំ​រឿង​នេះ បដិសេធ​ក្នុង​ការ​ឆ្លើយ​បំភ្លឺ។ ចំណែក​ប្រពន្ធ​របស់​ជនជាប់ចោទ​ឈ្មោះ ជួប សម្លាប់ យល់​ថា ប្ដី​របស់​ខ្លួន​មិន​មែន​ជា​ឃាតក​ទេ។

ក្រុម​សាច់ញាតិ និង​អ្នក​ជិត​ខាង​របស់​ឈ្មោះ ជួប សម្លាប់ អះអាង​ថា ជនជាប់ចោទ​នេះ​តែង​ទូរស័ព្ទ​ទៅ​លេង​ប្រពន្ធ​កូន ខណៈ​កំពុង​ស្ថិត​ក្នុង​ពន្ធនាគារ​ព្រៃស។ ប្រពន្ធ និង​សាច់​ញាតិ របស់​ជន​ជាប់​បន្ត​អះអាង​ថា ឈ្មោះ ជួប សម្លាប់ នេះ​ពុំ​មែន​ជា​ឃាតក​ពិត​ទេ។

ប្រពន្ធ​របស់​ឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ គឺ​លោកស្រី ហឿម ហ៊ត មិន​ជឿ​ថា ប្ដី​របស់​អ្នកស្រី​ជា​អ្នក​បាញ់​ប្រហារ​លើ​លោក​បណ្ឌិត កែម ឡី ឡើយ។ លោកស្រី​បន្ត​ថា ឈ្មោះ អឿត អាង នេះ គឺ​ជា​មនុស្ស​ធ្លាប់​បួស​រៀន ហើយ​មាន​និស្ស័យ​ស្លូតបូត​ផង ហេតុ​នេះ​អ្នកស្រី​យល់​ថា ឈ្មោះ អឿត អាង ពុំ​មែន​ជា​ឃាតក​នោះ​ទេ។

រស់​នៅ​ភូមិ​អង្គរភៀស ស្រុក​អង្គរធំ ខេត្ត​សៀមរាប ភរិយា​របស់​ជនជាប់ចោទ អោយ​ដឹង​ថា លោក អឿត អាង ហៅ ជួប សម្លាប់ មក​ភ្នំពេញ ពុំ​មាន​លុយ​កាក់​ច្រើន​ក្រៅ​ពី​លោកស្រី​ឲ្យ​លុយ​ចំនួន ២​ម៉ឺន​រៀល​ក្នុង​ការ​ធ្វើ​ដំណើរ​ឡើយ។ ធ្លាប់​រស់​នៅ​ជា​ស្ត្រី​មេម៉ាយ​កូន​មួយ មុន​រៀបការ​ជាមួយ​លោក អឿត អាង លោកស្រី ហឿម ហ៊ត បញ្ជាក់​ថា ខោអាវ​ដែល​ប្ដី​របស់​លោកស្រី​ពាក់​នៅ​ពេល​សមត្ថកិច្ច​ចាប់​ខ្លួន​នោះ គឺ​ពុំ​មែន​ជា​ខោអាវ​ដែល​លោកស្រី​ធ្លាប់​រៀបចំ​ឲ្យ​មុន​ចេញ​មក​ភ្នំពេញ នោះ​ទេ៖ «»។

មក​ដល់​ត្រឹម​ថ្ងៃ​ទី​១០ ខែ​តុលា គឺ​មាន​រយៈពេល ៣​ខែ​គត់ ដោយ​គិត​ចាប់​ពី​ថ្ងៃ​ដែល​ឃាតក​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា។ សមត្ថកិច្ច​ក្រុង​ភ្នំពេញ នៅ​ពុំ​ទាន់​អាច​កំណត់​មុខ​សញ្ញា​អ្នក​សមគំនិត និង​អ្នក​បញ្ជា​នៅ​ពី​ក្រោយ​នៃ​អំពើ​ឃាតកម្ម​នេះ​បាន​នៅ​ឡើយ​ទេ។

ក្រុម​គ្រួសារ និង​សាក្សី​ដែល​បាន​ដឹង​រឿង​ខ្លះៗ​មុន​ពេល​ឈ្មោះ ជួប សម្លាប់ នេះ ជាប់​ពាក់ព័ន្ធ​នឹង​សំណុំរឿង​នៃ​ឧក្រិដ្ឋកម្ម​នេះ គឺ​ជន​ជាប់​ចោទ​បាន​លា​ប្រពន្ធ​កូន​មក​ភ្នំពេញ ក្រោម​ហេតុផល​ថា មក​លេង​ផ្ទះ​បងធម៌​តាំង​ពី​កន្លះ​ខែ​មុន មុន​នឹង​ឃាតកម្ម​កើត​ឡើង។ នៅ​មុន​ថ្ងៃ​កើត​ហេតុ​មួយ​ថ្ងៃ ពោល​ពេល​យប់​លោកស្រី ហឿម ហ៊ត និយាយ​ថា ប្ដី​របស់​លោកស្រី​បាន​ទូរស័ព្ទ​សួរ​សុខទុក្ខ​រូប​គាត់​ជា​ញឹកញាប់​ខុស​ធម្មតា៖ «»។

ជុំវិញ​សំណុំរឿង​នៃ​ឃាតកម្ម​នេះ ប្រធាន​សាខា​នៃ​អង្គការ​ការពារ​បរិស្ថាន និង​អភិវឌ្ឍន៍ លោក អ៊ុំ អឿង ឲ្យ​ដឹង​ថា ថ្ងៃ​ដែល​ឈ្មោះ ជួប សម្លាប់ នេះ​ចាក​ចេញ​ពី​ភូមិ គឺ​បាន​ធ្វើ​ដំណើរ​តាមរយៈ​រថយន្ត​ឈ្នួល​មួយ​គ្រឿង​របស់​ម្ចាស់​ឈ្មោះ ដៀន។ លោក​បន្ត​អះអាង​ថា ក្នុង​ពេល​ធ្វើ​ដំណើរ​ដល់​ទី​រួម​ស្រុក​ពួក នៃ​ខេត្ត​សៀមរាប ភ្លាម ជន​ជាប់​ចោទ​ក៏​មាន​មនុស្ស​ដែល​រង់ចាំ​រួច​ជា​ស្រេច ចាំ​ទទួល​រួច​បញ្ជូន​ចូល​ក្នុង​រថយន្ត​ពណ៌​ស​បន្ត​ដំណើរ​មក​ភ្នំពេញ មួយ​រំពេច​ដែរ។

ជាង​នេះ​ទៀត ក្នុង​ពេល​ឈ្មោះ ជួប សម្លាប់ នេះ​ស្នាក់​នៅ​ទីក្រុង​ភ្នំពេញ គឺ​មុន​ហេតុការណ៍​កើត​ឡើង​ប្រហែល ៣​ថ្ងៃ ជនជាប់ចោទ​បាន​ទូរស័ព្ទ​ទៅ​រក​លោក ហើយ​ប្រាប់​ថា ខ្លួន​មាន​ការងារ​ធ្វើ​នៅ​ភ្នំពេញ ហើយ ប៉ុន្តែ​ធ្វើ​ជា​ទាហាន​ទេ។ ដោយ​រវល់​តែ​សន្ទនា​ជាមួយ​ឈ្មោះ ជួប សម្លាប់ លោក អ៊ុំ អឿង អះអាង​ថា លោក​ភ្លេច​សួរ​នាំ​ពី​អង្គភាព​ដែល​ជន​ជាប់​ចោទ​ចូល​បម្រើការ​ក្នុង​ក្របខ័ណ្ឌ​ជា​យោធា​ណា​មួយ៖ «»។

ប្រពន្ធ​ ជួប សម្លាប់ លោកស្រី ហឿម ហ៊ត ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី នៅ​ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០១៦។
ប្រពន្ធ​ ជួប សម្លាប់ លោកស្រី ហឿម ហ៊ត ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី នៅ​ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០១៦។
RFA/Hang Savyouth

ក្នុង​ពេល ជួប សម្លាប់ បន្ត​ស្នាក់​នៅ​ទីក្រុង​ភ្នំពេញ

លោក អ៊ុំ អឿង និយាយ​ថា ឈ្មោះ ជួប សម្លាប់ នេះ ធ្លាប់​ធ្វើ​ជា​យោធា​​ស្រុក​អង្គរជុំ ចន្លោះ​ឆ្នាំ​១៩៨៧។ ក្រោយ​មក​ទៀត ចូល​បម្រើការ​ជា​កងទ័ព​ខ្មែរ​ក្រហម អំឡុង​ឆ្នាំ​១៩៩៧ មុន​នឹង​ចូល​បួស​ជា​សង្ឃ​នៅ​ព្រៃភ្នំ តំបន់​ពើងតានាន់ ក្នុង​ស្រុក​អង្គរជុំ ក្នុង​អំឡុង​ឆ្នាំ​២០១៤។ ជនជាប់ចោទ​នេះ ក៏​ធ្លាប់​ធ្វើ​ការ​ជា​បុគ្គលិក​អង្គការ​ការពារ​បរិស្ថាន​រយៈពេល​ខ្លី​ដែរ​ក្នុង​ដំណាក់​កាល​ចុង​ក្រោយ​នេះ។

ក្នុង​ពេល​ស្នាក់​នៅ​ទីក្រុង​ភ្នំពេញ រយៈពេល​កន្លះ​ខែ​មុន​ឃាតកម្ម ក្រុម​គ្រួសារ​មិន​ដែល​ដឹង​ថា ជន​ជាប់​ចោទ​ឈ្មោះ ជួប សម្លាប់ នេះ​ធ្វើ​ការងារ​អ្វី ហើយ​ក៏​ពុំ​ដែល​បាន​ផ្ញើ​លុយ​កាក់​ផ្ទះ​ដែរ បើ​ទោះ​ជា​ជន​ជាប់​ចោទ​នេះ​ធ្លាប់​ប្រាប់​តាម​ទូរស័ព្ទ​ថា ការងារ​ជា​យោធា​នេះ ទទួល​បាន​ប្រាក់​ខែ ៣០០​ដុល្លារ​ក្នុង​មួយ​ខែ​ក្ដី។ មុន​ពេល​ចេញ​ពី​ផ្ទះ​ជនជាប់ចោទ​ពុំ​បាន​ប្រាប់​ក្រុម​គ្រួសារ​ថា ឡើង​មក​ភ្នំពេញ ក្នុង​ហេតុផល​អ្វី​ឡើយ​ដឹង​តែ​ម្យ៉ាង​គត់ គឺ​ថា​ការ​មក​ភ្នំពេញ ដើម្បី​ជួប​បង​ធម៌។

ប្រធាន​សាខា​នៃ​អង្គការ​ការពារ​បរិស្ថាន និង​អភិវឌ្ឍន៍ លោក អ៊ុំ អឿង ឲ្យ​ដឹង​ទៀត​ថា ឈ្មោះ ជួប សម្លាប់ ឧស្សាហ៍​ទូរស័ព្ទ​ទៅ​ផ្ទះ​ជា​ញឹកញាប់​ដើម្បី​សុំ​ឲ្យ​ប្រពន្ធ​ផ្ញើ​លុយ។ លោក​បន្ត​ថា ជនជាប់ចោទ​តែង​បដិសេធ​និយាយ​ស្តី​ជា​និច្ច​នៅ​ពេល​ក្រុម​គ្រួសារ សួរ​នាំ​ពី​មូលហេតុ​នៃ​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី។ ការ​បដិសេធ​នេះ​ឈ្មោះ អឿត អាង តែង​និយាយ​ថា មិន​ចាំបាច់​សួរ​នាំ​អ្វី​ច្រើន​ឡើយ​កិច្ចការ​នេះ​ទុក​ឲ្យ​គេ​ជា​ដោះស្រាយ​ចុះ៖ «»។

នាយក​ប៉ុស្តិ៍​នគរបាល​ទន្លេបាសាក់​ត្រូវ​គេ​ថា​សង្ស័យ​មាន​ជាប់​ពាក់ព័ន្ធ​ក្នុង​សំណុំរឿង​នេះ

ក្រោយ​ថ្ងៃ​កើត​ហេតុ​បាន​ប៉ុន្មាន​ថ្ងៃ កាល​ពី​ខែ​កក្កដា មាន​ឃ្លិប​វីដេអូ​មួយ​ត្រូវ​បាន​គេ​បង្ហោះ​ចែកចាយ​ជា​សាធារណៈ បង្ហាញ​ពី​មន្ទិល​សង្ស័យ​ទៅ​លើ​បុរស​ម្នាក់​ថា អាច​ជាប់​ពាក់ព័ន្ធ​ក្នុង​អំពើ​ឃាតកម្ម​នេះ។ នៅ​ក្នុង​ឃ្លិប​វីដេអូ​នោះ គេ​ឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ធំ​មួយ​គ្រឿង​ពណ៌​ខៀវ ពាក់​ស្លាក​ប៉ូលិស​ជា​ភាសា​អង់គ្លេស​ពាក់​អាវ​ស និង​​មួក​សុវត្ថិភាព។

បុរស​ដែល​ជិះ​ម៉ូតូ​ប៉ូលិស​ព្យាយាម​តាម​ពី​ក្រោយ​ឈ្មោះ ជួប សម្លាប់ នោះ គឺ​ជា​នាយ​ប៉ុស្តិ៍​នគរបាល​ទន្លេ​បាសាក់ ឈ្មោះ សុខ សំអ៊ុត ដែល​ទទួល​ស្គាល់​នៅ​ថ្ងៃ​ទី​១៣ ខែ​កញ្ញា តាម​ទូរស័ព្ទ​យ៉ាង​ខ្លី​ថា គឺ​ជា​រូប​លោក​ដែល​ជិះ​ម៉ូតូ​ខៀវ​ពាក់​ផ្លាក​ប៉ូលិស​នោះ ប៉ុន្តែ​នាយ​ប៉ុស្តិ៍​រូប​នេះ បាន​បង្វែរ​សំណួរ​ឲ្យ​ទៅ​សួរ​​អធិការ​ខណ្ឌ​វិញ៖ «»។

ក្រុម​គ្រួសារ​របស់​ជនជាប់ចោទ​អះអាង​ថា ឈ្មោះ អឿត អាង នេះ​ពុំ​មែន​ជា​ឃាតក​ពិត​ប្រាកដ​ក្នុង​អំពើ​ឃាតកម្ម​នេះ​ទេ។ ពួក​គេ​ចាត់​ទុក​ថា នេះ​គ្រាន់​តែ​ជា​ឃាតក​សិប្បនិមិត្ត​ប៉ុណ្ណោះ។ ចំណែក​លោកស្រី ប៊ូ ចរនា ភរិយា​លោក​បណ្ឌិត កែម ឡី ដែល​ជា​ជន​រង​គ្រោះ​បាន​អំពាវនាវ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ និង​នគរបាល​យុត្តិធម៌​ស្វែង​រក​ឃាតក​ពិត និង​អ្នក​បញ្ជា​នៅ​ពី​ក្រោយ​នៃ​បទឧក្រិដ្ឋ​នេះ​ដើម្បី​យក​មក​ផ្ដន្ទាទោស៖ «»។

ដំណាក់កាល​នៃ​ការ​ស៊ើបសួរ​របស់​ចៅក្រម​នៃ​តុលាការ​ក្រុង​ភ្នំពេញ

កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ចៅក្រម​ស៊ើបសួរ​នៃ​តុលាការ​ក្រុង​ភ្នំពេញ លោក សេង លាង បាន​បញ្ជា​ឲ្យ​នាំ​ខ្លួន​ជនជាប់ចោទ អឿត អាង ហៅ ជួប សម្លាប់ មក​សួរ​នាំ​ជា​លើក​ទី​ពីរ។ ការ​សួរ​ចម្លើយ​បន្ថែម​ទៀត​នេះ ក្រោយ​ការ​ស៊ើបសួរ​ក្នុង​ដំណាក់កាល​លើក​ទី​១ កាល​ពី​ថ្ងៃ​ទី​១២ ខែ​សីហា។ ព័ត៌មាន​លម្អិត​ជុំវិញ​ការ​សួរ​ចម្លើយ​នេះ មិន​ត្រូវ​បាន​តុលាការ​ទម្លាយ​ឲ្យ​ដឹង​ពី​ការ​ស៊ើបអង្កេត​នេះ​នៅ​ឡើយ​ដែរ។ឈ្មោះ ជួប សម្លាប់ ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​ឃាតកម្ម​គិត​ទុក​ជា​មុន និង​ប្រើប្រាស់​អាវុធ​ខុស​ច្បាប់​តាម​មាត្រា​២០០ នៃ​ក្រមព្រហ្មទណ្ឌ។

ចំណែក​តំណាង​ក្រុមហ៊ុន និង​អ្នក​ចាត់ចែង​ទូទៅ​របស់​ស្ថានីយ​ប្រេងសាំង​កាល់តិច ស្ថិត​នៅ​ចំណុច​ដែល​ឃាតក​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី មិន​សហការ​ក្នុង​ការ​ផ្ដល់​ព័ត៌មាន​លម្អិត​ជុំវិញ​រូប​វីដេអូ ដែល​មាន​នៅ​នឹង​កាមេរ៉ា​សុវត្ថិភាព​ឡើយ។ ចំណែក​បុគ្គលិក​ដែល​ធ្លាប់​បម្រើការ​ឲ្យ​ក្រុមហ៊ុន​ប្រេងសាំង មុន​ឃាតក​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី ព្យាយាម​បដិសេធ​ដោយ​អះអាង​ថា មិន​ដឹង​រឿង​អ្វី​ទាំង​អស់។

លោក​បណ្ឌិត កែម ឡី ត្រូវ​ឃាតក​បាញ់​សម្លាប់​កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា នៅ​ក្នុង​ហាង​ស្តារម៉ាត ស្តុប​បូកគោ​កាល់តិច។ គិត​ពី​ថ្ងៃ​បាញ់​ប្រហារ​​មក​ដល់​ពេល​នេះ ខាង​សមត្ថកិច្ច​បញ្ជាក់​ថា ពុំ​មាន​តម្រុយ​ណា​មួយ​ថ្មី​នៅ​ឡើយ​ទេ ជាប់​ទាក់ទង​អំពើ​ឃាតកម្ម​នេះ។

ចាប់​តាំង​ពី​សំណុំរឿង​ដែល​នគរបាល​បាន​បញ្ជូន រួម​ទាំង​ភស្តុតាង​ដែល​ដកហូត​ពី​ហាង​ស្តារម៉ាត់ ខាង​តុលាការ​នូវ​មិន​បាន​បង្ហាញ​ពី​លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត​នៅ​ឡើយ​ទេ។

ជាង​នេះ​ទៀត ការ​ស៊ើប​អង្កេត​របស់​ចៅក្រម មិន​បាន​កំណត់​មុខ​សញ្ញា​បន្ថែម​ទៀត​ចំពោះ អ្នក​ពាក់ព័ន្ធ ជា​ពិសេស​អ្នក​បញ្ជា​នៅ​ពី​ក្រោយ​នៃ​អំពើ​ឃាតកម្ម​នេះ។ ផ្ទុយ​ទៅ​វិញ ចៅក្រម​ស៊ើបសួរ​នៃ​តុលាការ​ទីក្រុង​ភ្នំពេញ លោក សេង លាង បាន​ចេញ​ដីកា​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ដោយ​កោះ​ហៅ​ប្រពន្ធ​លោក​បណ្ឌិត កែម ឡី ឲ្យ​ចូល​ឆ្លើយ​ក្នុង​នាម​ជា​ដើម​បណ្ដឹង​ក្នុង​អំឡុង​ពេល​អ្នកស្រី​ទើប​ឆ្លង​ទន្លេ​បាន​កូន​ប្រុស​មួយ​ទៀត​ដាក់​ឈ្មោះ​ថា កែម ឡីវីរបុត្រ។

លោក​បណ្ឌិត កែម ឡី ត្រូវ​ឃាតក​បាញ់​សម្លាប់​កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា នៅ​ក្នុង​ហាង​ស្តារម៉ាត ស្តុប​បូកគោ កាល់តិច គឺ​រយៈពេល​ពីរ​ថ្ងៃ​បន្ទាប់​ពី​លោក​​បាន​វិភាគ​ស៊ី​ជម្រៅ​ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី លើ​របាយការណ៍​ស្រាវជ្រាវ​របស់​អង្គការ គ្លបល វីនេស (Global Witness) ដែល​​រិះគន់​ជុំវិញ​ការ​កាន់​កាប់​ជំនួញ និង​សេដ្ឋកិច្ច​នៅ​កម្ពុជា របស់​​ក្រុម​​គ្រួសារ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ អង្គការ​​ឃ្លាំមើល​ពិភពលោក គ្លបល វីនេស ដាក់​ការ​សង្ស័យ​ក្នុង​សំណុំរឿង​នេះ​ថា វា​ពុំ​មែន​ជា​មនុស្ស​សាមញ្ញ​ឡើយ ដែល​ស្ថិត​នៅ​ពី​ក្រោយ​ករណី​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
RFA
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​មិន​ជួប​អ្នក​គាំទ្រ នៅ​បុរី​ញូវយ៉ក ខណៈ​គណបក្ស​ប្រឆាំង​គ្រោង​ធ្វើ​បាតុកម្ម​ប្រឆាំង​លោក
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។