គ្រួសារ​ស្ត្រី​ខ្មែរ​ពីរ​នាក់​ដែល​ជាប់​គុក​នៅ​ម៉ាឡេស៊ី​ស្នើសុំ​រដ្ឋាភិបាល​ជួយ​នាំ​កូន​ស្រី​មក​ស្រុក​វិញ

ដោយ ថា កិត្យា
2016-02-01
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោកស្រី អុត ទ្រឿក (ឆ្វេង) ម្ដាយ​របស់​នារី​រងគ្រោះ​ដែល​កំពុង​ជាប់​ពន្ធនាគារ​នៅ​ប្រទេស​ម៉ាឡេស៊ី (Malaysia) ដោយសារ​ចាញ់​បោក​ក្រុមហ៊ុន​នាំ​ទៅ​ធ្វើ​ការ​ដោយ​ខុស​ច្បាប់ រស់នៅ​ភូមិ​មេសាង ឃុំ​ព្រៃរំដេង ស្រុក​មេសាង ខេត្ត​ព្រៃវែង ផ្ដិត​មេដៃ​ស្នើសុំ​ឲ្យ​មន្ត្រី​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ជួយ​អន្តរាគមន៍ កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មករា ឆ្នាំ​២០១៦។ RFA/Tha Kitya
លោកស្រី អុត ទ្រឿក (ឆ្វេង) ម្ដាយ​របស់​នារី​រងគ្រោះ​ដែល​កំពុង​ជាប់​ពន្ធនាគារ​នៅ​ប្រទេស​ម៉ាឡេស៊ី (Malaysia) ដោយសារ​ចាញ់​បោក​ក្រុមហ៊ុន​នាំ​ទៅ​ធ្វើ​ការ​ដោយ​ខុស​ច្បាប់ រស់នៅ​ភូមិ​មេសាង ឃុំ​ព្រៃរំដេង ស្រុក​មេសាង ខេត្ត​ព្រៃវែង ផ្ដិត​មេដៃ​ស្នើសុំ​ឲ្យ​មន្ត្រី​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ជួយ​អន្តរាគមន៍ កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មករា ឆ្នាំ​២០១៦។ RFA/Tha Kitya
RFA/Tha Kitya

គ្រួសារ​ក្រីក្រ​របស់​ស្ត្រី​ខ្មែរ​ពីរ​នាក់​ដែល​កំពុង​ជាប់​ពន្ធនាគារ​នៅ​ប្រទេស​ម៉ាឡេស៊ី ដោយសារ​ចាញ់​បោក​ក្រុមហ៊ុន​នាំ​ទៅ​ធ្វើ​ការ​ដោយ​ខុស​ច្បាប់​នោះ ស្នើសុំ​រដ្ឋាភិបាល ជួយ​អន្តរាគមន៍​នាំ​ស្ត្រី​ទាំង​ពីរ​នាក់​នោះ​មក​ស្រុក​ខ្មែរ​វិញ។ នគរបាល​ជាតិ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស និង​ការពារ​អនីតិជន សន្យា​ថា នឹង​ពិនិត្យ​ដោះស្រាយ​សំណុំ​រឿង​នេះ​ឲ្យ​បាន​ឆាប់។

ម្ដាយ​ស្ត្រី​រងគ្រោះ៖ «វា​ចាញ់​បោក​ក្រុមហ៊ុន ១៦៨ ដោយ​គេ​បាន​សន្យា​ថា នាំ​ធ្វើ​ការ​ជា​អ្នក​លក់​ផ្លែ​ឈើ​នៅ​ម៉ាឡេស៊ី ហើយ​បាន​ប្រាក់​ខែ​ខ្ពស់។ សំណួរ៖ កាល​ណោះ​ក្រុមហ៊ុន​បាន​យក​លុយ​ជា​ថ្នូរ​បាន​ទៅ​ធ្វើ​ការ​នៅ​ទីនោះ​ទេ? អត់​មាន​យក​លុយ​ទេ គេ​ធ្វើ​ប៉ាសស្ព័រ​ឲ្យ បាយ​ទឹក​លើ​គេ ខោ​អាវ​លើ​គេ ហើយ​គេ​ថា​ឲ្យ​តែ​កូន​បាន​ទៅ គេ​ឲ្យ​លុយ​ពុក​ម្តាយ ២៥០​ដុល្លារ​ទៀត​ផង ប៉ុន្តែ​អត់​ឃើញ​ទេ។ ខ្ញុំ​ចាំ​មើល​កូន​ទាក់ទង​មក​រហូត លុះ​ពីរ​ខែ​ក្រោយ​មក ទើប​កូន​ទាក់ទង​មក​ថា កំពុង​ជាប់​គុក»

នេះ​ជា​ការ​រៀបរាប់​ដោយ​ទឹក​ភ្នែក​រលីងរលោង​របស់​ស្ត្រី​មេម៉ាយ​ត្រូវ​ជា​ម្តាយ​នារី​រងគ្រោះ គឺ​លោកស្រី អុត ទ្រឿក ដែល​មាន​សម្បុរ​ខ្មៅ ម្រាម​ដៃ​ម្រាម​ជើង​ជ្រួញ​ក្រិន បង់​ក​ក្រមា កំពុង​អង្គុយ​នៅ​ក្រោម​ផ្ទះ​ឈើ​តូច ដែល​បិទ​បាំង​ដោយ​ស្លឹក​ត្នោត​ធ្លុះធ្លាយ​មាន​សសរ​ពុក​ផុយ។

មាន​វ័យ ៦៣​ឆ្នាំ ស្ត្រី​ជា​ម្តាយ​រូប​នេះ​រៀបរាប់​សម្ដី​របស់​កូន ប្រាប់​វិទ្យុ​អាស៊ីសេរី ថា មូលហេតុ​ដែល​ជាប់​គុក​នោះ ដោយសារ​រត់​គេច​ចេញ​ពី​ក្រុមហ៊ុន​នៅ​ពេល​យប់​ពេល​ទៅ​ដល់​ប្រទេស​ម៉ាឡេស៊ី ភ្លាម បន្ទាប់​ពី​ដឹង​ថា ក្រុមហ៊ុន ១៦៨ មេន​ផៅវ័រ សឹបផ្លាយ (168 Manpower Supply) នាំ​ពួក​គេ​ទៅ​លក់ មិន​បាន​នាំ​យក​ទៅ​ធ្វើ​ការ​នោះ​ទេ៖ «ដឹង​ថា​គេ​យក​ទៅ​លក់ ដល់​ពេល​អ៊ីចឹង​ទៅ ប៉ូលិស​ក៏​ចាប់​ខ្លួន​នៅ​ម៉ោង ១០​យប់»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​សុំ​ការ​ពន្យល់​ពី​ក្រុមហ៊ុន ១៦៨ មេន​ផៅវ័រ សឹបផ្លាយ បាន​ទេ​នៅ​ថ្ងៃ​ទី​៣០ ខែ​មករា បាន​ទេ។

ស្ត្រី​ទាំង​ពីរ​នាក់​ដែល​ជាប់​ពន្ធនាគារ​នោះ រស់នៅ​ក្នុង​ភូមិ​មេសាង ជាមួយ​គ្នា ស្ថិត​ក្នុង​ឃុំ​ព្រៃរំដេង ស្រុក​មេសាង ខេត្ត​ព្រៃវែង។ មុន​ទៅ​ប្រទេស​ម៉ាឡេស៊ី ពួក​គេ​ជា​កម្មការិនី​រោងចក្រ​នៅ​ក្រុង​ភ្នំពេញ ប៉ុន្តែ​ដោយសារ​បាន​ប្រាក់​ខែ​តិច គ្រួសារ​ក្រីក្រ​ផង ទើប​សម្រេច​ចិត្ត​ចំណាក​ស្រុក​ទៅ​ប្រទេស​ម៉ាឡេស៊ី តាម​រយៈ​ក្រុមហ៊ុន ដោយ​សង្ឃឹម​ថា​បាន​ប្រាក់​ខែ​ខ្ពស់​គ្រាន់​ជួយ​ផ្គត់ផ្គង់​គ្រួសារ។

បង​ស្រី​ស្ត្រី​រងគ្រោះ គឺ​លោកស្រី អុល ញាញ់ ឲ្យ​ដឹង​ថា ក្រោយ​ប្អូន​ស្រី​ជាប់​ពន្ធនាគារ មាន​លេខ​ទូរស័ព្ទ​ប្លែកៗ​ជាច្រើន​បាន​ហៅ​មក​លោកស្រី ឲ្យ​ទម្លាក់​លុយ​ដើម្បី​ជួយ​រំដោះ​ស្ត្រី​ទាំង​ពីរ​នាក់ និង​សម្រាប់​ទិញ​សំបុត្រ​យន្តហោះ​បញ្ជូន​ពួក​គេ​ត្រឡប់​មក​ស្រុក​ខ្មែរ​វិញ។ អ្នក​ទាំង​នោះ ខ្លះ​អះអាង​ថា ជា​តំណាង​ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​ម៉ាឡេស៊ី ខ្លះ​ទៀត​ថា​ជា​អ្នក​ជាប់​ពន្ធនាគារ​ជាមួយ​គ្នា ប៉ុន្តែ​ទើប​នឹង​បាន​រួច​ខ្លួន៖ «គេ​ទាក់ទង​មក​ថា ឲ្យ​ទម្លាក់​លុយ​ទៅ​ជួយ​រំដោះ​ប្អូន​មក ហើយ​ទិញ​សំបុត្រ​យន្តហោះ»

២៩-មករា-២០១៦៖ លោកស្រី អុត ទ្រឿក ម្ដាយ​របស់​នារី​រងគ្រោះ​ដែល​កំពុង​ជាប់​ពន្ធនាគារ​នៅ​ប្រទេស​ម៉ាឡេស៊ី (Malaysia) ដោយសារ​ចាញ់​បោក​ក្រុមហ៊ុន​នាំ​ទៅ​ធ្វើ​ការ​ដោយ​ខុស​ច្បាប់ រស់នៅ​ភូមិ​មេសាង ឃុំ​ព្រៃរំដេង ស្រុក​មេសាង ខេត្ត​ព្រៃវែង។ RFA/Tha Kitya
២៩-មករា-២០១៦៖ លោកស្រី អុត ទ្រឿក ម្ដាយ​របស់​នារី​រងគ្រោះ​ដែល​កំពុង​ជាប់​ពន្ធនាគារ​នៅ​ប្រទេស​ម៉ាឡេស៊ី (Malaysia) ដោយសារ​ចាញ់​បោក​ក្រុមហ៊ុន​នាំ​ទៅ​ធ្វើ​ការ​ដោយ​ខុស​ច្បាប់ រស់នៅ​ភូមិ​មេសាង ឃុំ​ព្រៃរំដេង ស្រុក​មេសាង ខេត្ត​ព្រៃវែង។ RFA/Tha Kitya RFA/Tha Kitya

គ្រួសារ​ជន​រងគ្រោះ​អះអាង​ថា កូន​របស់​លោកស្រី រួម​នឹង​នារី​រងគ្រោះ​ផ្សេង​ទៀត​សរុប ៨​នាក់ ត្រូវ​បាន​ក្រុមហ៊ុន​ជ្រើស​រើស​ពលករ ១៦៨ មេន​ផៅវ័រ សឹបផ្លាយ នាំ​ទៅ​ប្រទេស​ម៉ាឡេស៊ី កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៥ តាម​រយៈ​ឡាន​ក្រុង ដោយ​ដឹក​ឆ្លង​កាត់​ប្រទេស​ថៃ។ ពួក​គេ​ទាំង ៨​នាក់ ត្រូវ​អាជ្ញាធរ​ប្រទេស​ម៉ាឡេស៊ី ចាប់​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ។ យ៉ាង​ណា​មក​ទល់​ពេល​នេះ នារី​រងគ្រោះ ៦​នាក់​ផ្សេង​ទៀត បាន​មក​ដល់​ស្រុក​ខ្មែរ​វិញ​ហើយ នៅ​ឡើយ​តែ​ពីរ​នាក់​ទៀត​ដែល​ជាប់​ពន្ធនាគារ​រយៈពេល​ជាង ៦​ខែ​ហើយ។

លោកស្រី អុត ទ្រឿក អះអាង​ថា នារី​ដែល​បាន​ត្រឡប់​មក​ស្រុក​វិញ​នោះ គឺ​ដោយសារ​គ្រួសារ​គេ​មាន​លទ្ធភាព​ផ្ញើ​លុយ​ទៅ​ស្ថានទូត​ឲ្យ​ជួយ​សង្គ្រោះ ប៉ុន្តែ​លោកស្រី​វិញ​គ្មាន​លទ្ធភាព​នោះ​ទេ ព្រោះ​សព្វថ្ងៃ ខំ​ប្រឹង​ដើរ​លក់​ជ្រក់ ដើម្បី​បាន​លុយ​តិចតួច​គ្រាន់​ចិញ្ចឹម​ក្រពះ​ប៉ុណ្ណោះ៖ «តាំង​ពី​អា ពត មក ខ្ញុំ​លំបាក​រហូត ហើយ​រាល់​ថ្ងៃ​ក្រីក្រ​គ្មាន​ស្រូវ​អង្ករ​ត្រី​សាច់​សម្រាប់​បរិភោគ​ទេ ទល់​តែ​កូន​ចៅ​ឲ្យ ទើប​បាន​ទៅ ព្រោះ​ចំណាស់​នេះ​ទៅ​ហើយ​ទៅ​រក​អី​កើត។ ខ្ញុំ​មិន​ដឹង​ទៅ​រក​លុយ​ឯណា​ជួយ​កូន​នោះ​ទេ ម៉្លោះ​ហើយ​តាម​កម្ម​ព្រេង​វាសនា​វា​ទៅ»

ក្រុម​គ្រួសារ​ស្ត្រី​រងគ្រោះ​អះអាង​ថា ពួក​គាត់​បាន​ដាក់​ពាក្យ​បណ្ដឹង​សុំ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន ជួយ​អន្តរាគមន៍​នាំ​កូន​ស្រី​ទាំង​ពីរ​នាក់​នោះ​មក​ស្រុក​ខ្មែរ​ជា​យូរ​មក​ហើយ ប៉ុន្តែ​ហាក់​មិន​ទទួល​បាន​លទ្ធផល​អ្វី​នោះ​ឡើយ។

ជា​ថ្មី​ម្តង​ទៀត ម្តាយ​ស្ត្រី​រងគ្រោះ អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ជួយ​អន្តរាគមន៍​នាំ​កូន​ស្រី​របស់​ខ្លួន​មក​ស្រុក​ខ្មែរ​វិញ៖ «បើ​មាន​លេខ ខ្ញុំ​ចង់​ទាក់ទង​ទៅ​ឲ្យ លោក ហ៊ុន សែន ជួយ​នាំ​កូន​មក​វិញ ព្រោះ​អាណិត​កូន​ណាស់ វា​ស្គម ហើយ​ឈឺ​ទៀត»

ករណី​នេះ អភិបាល​រង​ស្រុក​មេសាង អ្នកស្រី អូន សូនឿន បាន​រៀបចំ​ពាក្យ​បណ្ដឹង​បញ្ជូន​ដល់​គណៈកម្មការ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​នៅ​ខេត្ត​ហើយ ប៉ុន្តែ​មិន​បាន​ដឹង​ថា គណៈកម្មការ​នេះ​នឹង​ចាត់​វិធានការ​យ៉ាង​ណា​នោះ​ទេ៖ «គណៈកម្មការ​ប្រឆាំង​ការ​ជួញ​ដូរ​ខេត្ត និង​មន្ទីរ​ការងារ ក៏​បាន​ទទួល​យក​ពាក្យ​បណ្ដឹង​នេះ​រយៈពេល​ជា​យូរ​ហើយ​ដែរ ប៉ុន្តែ​មិន​ដឹង​ថា​ដំណើរ​ការ​ស្រាវជ្រាវ​យ៉ាង​ម៉េច​ទេ»

២៩-មករា-២០១៦៖ លោកស្រី អុត ទ្រឿក ម្ដាយ​របស់​នារី​រងគ្រោះ​ដែល​កំពុង​ជាប់​ពន្ធនាគារ​នៅ​ប្រទេស​ម៉ាឡេស៊ី (Malaysia) ដោយសារ​ចាញ់​បោក​ក្រុមហ៊ុន​នាំ​ទៅ​ធ្វើ​ការ​ដោយ​ខុស​ច្បាប់ រស់នៅ​ភូមិ​មេសាង ឃុំ​ព្រៃរំដេង ស្រុក​មេសាង ខេត្ត​ព្រៃវែង។ RFA/Tha Kitya
២៩-មករា-២០១៦៖ លោកស្រី អុត ទ្រឿក ម្ដាយ​របស់​នារី​រងគ្រោះ​ដែល​កំពុង​ជាប់​ពន្ធនាគារ​នៅ​ប្រទេស​ម៉ាឡេស៊ី (Malaysia) ដោយសារ​ចាញ់​បោក​ក្រុមហ៊ុន​នាំ​ទៅ​ធ្វើ​ការ​ដោយ​ខុស​ច្បាប់ រស់នៅ​ភូមិ​មេសាង ឃុំ​ព្រៃរំដេង ស្រុក​មេសាង ខេត្ត​ព្រៃវែង។ RFA/Tha Kitya RFA/Tha Kitya

ដោយឡែក​អនុប្រធាន​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ នៃ​ក្រសួង​មហាផ្ទៃ លោក​ឧត្តមសេនីយ៍ត្រី ជីវ ផល្លី មាន​ប្រសាសន៍​ថា លោក​មិន​ទាន់​ទទួល​បាន​ពាក្យ​បណ្ដឹង​នេះ​នៅ​ឡើយ​ទេ ប៉ុន្តែ​យ៉ាង​ណា នៅ​បន្ទាប់​ពី​ទទួល​ព័ត៌មាន​នេះ លោក​នឹង​សហការ​ជាមួយ​គ្រួសារ និង​ក្រសួង​ការ​បរទេស ដើម្បី​ស្រាវជ្រាវ​សង្គ្រោះ​នារី​រងគ្រោះ​ជា​បន្ទាន់ ហើយ​នឹង​ចាត់ការ​តាម​ច្បាប់​ចំពោះ​អ្នក​ឆបោក និង​អ្នក​ជួញ​ដូរ​មនុស្ស៖ «យើង​នឹង​ស៊ើប យើង​នឹង​ស្រាវជ្រាវ ហើយ​ប្រសិន​បើ​រក​ឃើញ​មែន យើង​នឹង​សង្គ្រោះ​គាត់​ភ្លាមៗ ចាត់ការ​តាម​នីតិវិធី ហើយ​អ្នក​ដែល​ពាក់ព័ន្ធ​ត្រូវ​តែ​ចាត់ការ​តាម​ច្បាប់»

មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ប្រចាំ​ខេត្ត​ព្រៃវែង អ្នកស្រី អ៊ាង គឹមលី ដែល​តាម​ដាន​ករណី​នេះ ស្វាគមន៍​ជំហរ​ម៉ឺងម៉ាត់​របស់​អាជ្ញាធរ ប៉ុន្តែ​ស្នើ​ឲ្យ​បន្ថែម​ល្បឿន​ជួយ​ជន​រងគ្រោះ៖ «បើ​ជួយ​សង្គ្រោះ​បាន សាច់ញាតិ​ជន​រងគ្រោះ​គាត់​សប្បាយ​ចិត្ត ហើយ​អង្គការ​ក្រៅ​រដ្ឋាភិបាល ក៏​សប្បាយ​ចិត្ត​ជំនួស​គាត់​ដែរ ព្រោះ​គាត់​នៅ​ទីនោះ​ពិបាក​ខ្លាំង​ណាស់»

ព័ត៌មាន​ពី​ពលករ​ចំណាក​ស្រុក​ដោយ​ខុស​ច្បាប់ និង​រងគ្រោះ នៅ​តែ​កើត​មាន​ជា​បន្តបន្ទាប់ បើ​ទោះ​បី​ជា​កម្ពុជា មាន​ក្រុមហ៊ុន​ជ្រើសរើស​ពលករ​ស្រប​ច្បាប់​ក្តី។

មន្ត្រី​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក លើក​ឡើង​ថា ក្រសួង​ការងារ និង​ស្ថាប័ន​ពាក់ព័ន្ធ គួរ​តែ​មាន​វិធានការ​ផ្លូវ​ច្បាប់​ចំពោះ​ក្រុមហ៊ុន​ដែល​បញ្ជូន​ពលករ​មិន​ស្រប​ច្បាប់​នោះ។ ចំណែក​ស្ថានទូត​កម្ពុជា ប្រចាំ​នៅ​ក្រៅ​ប្រទេស ត្រូវ​តែ​ព្យាយាម​ដោះស្រាយ​បញ្ហា​ទុក្ខ​លំបាក​របស់​ពលករ​ខ្មែរ ជា​ជាង​ទូរស័ព្ទ​ឲ្យ​គ្រួសារ​ជន​រងគ្រោះ​ផ្ញើ​លុយ​ទៅ​ឲ្យ។

វិទ្យុ​អាស៊ីសេរី បាន​ព្យាយាម​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បទេស លោក ជុំ សុន្ទរី ជាច្រើន​លើក ប៉ុន្តែ​ពុំ​មាន​អ្នក​ទទួល​ទូរស័ព្ទ។

អង្គការ​សង្គម​ស៊ីវិល​អះអាង​ថា ពលករ​ពលការិនី​ខ្មែរ​ដែល​ចំណាក​ស្រុក​មិន​ស្រប​ច្បាប់​ទៅ​ប្រទេស​ថៃ ម៉ាឡេស៊ី ចិន និង​សិង្ហបុរី ជាដើម តែង​តែ​ទទួល​រង​នូវ​បញ្ហា​រំលោភ​បំពាន និង​បញ្ហា​ប្រឈម​ការ​បង្ខំ​ឲ្យ​ធ្វើ​ការ​ហួស​កម្លាំង គ្មាន​ពេល​សម្រាក ធ្លាក់​ខ្លួន​ឈឺ មិន​ព្យាបាល ការ​ធ្វើ​ទារុណកម្ម ការ​វាយ​ដំ​របួស​ធ្ងន់ ការ​បើក​ប្រាក់​ខែ​មិន​គ្រប់​ចំនួន ការ​គំរាម​កំហែង ការ​ចាប់​ដាក់​គុក ការ​បង្ខំ​ឲ្យ​បន្ត​អាណត្តិ​ការងារ​ដោយ​ខុស​ច្បាប់ និង​ការ​ផ្តាច់​ទំនាក់ទំនង​រវាង​គ្រួសារ ជាដើម។ អ្នក​ខ្លះ​ពេល​ត្រឡប់​មក​ដល់​កម្ពុជា វិញ មាន​ជំងឺ និង​ខ្លះ​ពិការ។

មន្ត្រី​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក អះអាង​ថា មូលហេតុ​ដែល​ពលករ​ខ្មែរ​នាំ​គ្នា​ចាក​ចោល​ភូមិ-ស្រុក ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​នោះ ដោយសារ​តែ​ប្រាក់​កម្រៃ​ការងារ​នៅ​កម្ពុជា ទាប ពលរដ្ឋ​ខ្វះខាត​ដី ហើយ​បើ​ទោះ​បី​ជា​ប្រជាពលរដ្ឋ​ខ្លះ​មាន​ដី​សម្រាប់​ធ្វើ​ស្រែ​ក៏​ពិត​មែន ប៉ុន្តែ​ផលិតផល​កសិកម្ម​គ្មាន​ទីផ្សារ និង​គ្មាន​ដើម​ទុន​សម្រាប់​ប្រកប​មុខ​របរ​ចិញ្ចឹម​ជីវិត។ រដ្ឋាភិបាល​គួរ​តែ​ពន្លឿន​ដោះស្រាយ​បញ្ហា​ទាំង​នេះ ទើប​អាច​កាត់​បន្ថយ​ការ​ធ្វើ​ចំណាក​ស្រុក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល