ពលរដ្ឋ​នៅ​ស្រុក​ស៊ីធរកណ្ដាល​ខេត្ត​ព្រៃវែង​ខ្វះ​ទឹក​ស្រោចស្រព​ស្រែ​ប្រាំង

ដោយ មុំ សុផុន
2014.12.25
Share on WhatsApp
Share on WhatsApp
ស្រូវ​ប្រាំង ព្រៃវែង ៦២០ វាល​ស្រែ​ប្រាំង​នៅ​ក្នុង​ស្រុក​ពោធិ៍រៀង ខេត្ត​ព្រៃវែង។ រូបថត​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៤
RFA/Mom Sophon

ការ​ខ្វះខាត​ទឹក​ដើម្បី​ស្រោចស្រព​ស្រូវ​ប្រាំង​របស់​ពលរដ្ឋ​មួយ​ចំនួន រស់នៅ​ក្នុង​ឃុំ​ល្វេ ស្រុក​ស៊ីធរកណ្ដាល ខេត្ត​ព្រៃវែង កំពុង​ធ្វើ​ឲ្យ​ពួក​គាត់​ព្រួយ​បារម្ភ​ថា នឹង​អាច​ខ្វះ​ស្បៀង​សម្រាប់​ឆ្នាំ​ក្រោយ​ទៀត ប្រសិន​បើ​ពួក​គាត់​មិន​មាន​ទឹក​គ្រប់គ្រាន់​នៅ​ពេល​ដែល​ស្រូវ​កំពុង​តែ​ដាក់​ដង្ហើម ឬ​ចេញ​ផ្លែ​នោះ។

ប្រជាពលរដ្ឋ​មួយ​ចំនួន​រស់នៅ​ក្នុង​ឃុំ​ល្វេ ស្រុក​ស៊ីធរកណ្ដាល ខេត្ត​ព្រៃវែង កំពុង​តែ​ព្រួយ​បារម្ភ​ថា ផល​ស្រូវ​ប្រាំង​ជាច្រើន​រយ​ហិកតារ អាច​នឹង​មិន​ទទួល​បាន​ផល​ទេ​នៅ​ឆ្នាំ​នេះ ដោយសារ​តែ​មាន​ក្រុមហ៊ុន​ជីក​ប្រឡាយ​ទឹក​មួយ​បាន​ធ្វើ​ការដ្ឋាន​ជីក​ព្រែក​ថ្មី ហើយ​បាន​បិទ​ទឹក​ហូរ​ចូល​ព្រែក ដែល​ពួក​គាត់​អាច​បូម​ដើម្បី​ស្រោចស្រព​ស្រូវ​ស្រែ​ប្រាំង។

អ្នកស្រី ពាក់ យឿង ពលរដ្ឋ​រស់នៅ​ក្នុង​ភូមិ​ព្រមនីយ៍ ឃុំ​ល្វេ ស្រុក​ស៊ីធរកណ្ដាល ខេត្ត​ព្រៃវែង មាន​ប្រសាសន៍​ថា កាល​ពី​ឆ្នាំ​កន្លង​ទៅ គឺ​ពលរដ្ឋ​ដែល​ធ្វើ​ស្រែ​ប្រាំង​អាច​បូម​ទឹក​ពី​ព្រែក ដើម្បី​បង្កបង្កើនផល​បាន ប៉ុន្តែ​ឆ្នាំ​នេះ គឺ​ទឹក​ព្រែក​រីង​ហួតហែង​មិន​អាច​បូម​យក​មក​ប្រើប្រាស់​បាន​ទេ៖ «ទឹក​សម្រាប់​ធ្វើ​ស្រែ​ប្រាំង​ហ្នឹង គឺ​គោក​អស់​ទៅ​ហើយ ដោយសារ​តែ​គេ​ទប់​ទំនប់​ខាង​លើ​បាន​ជា​ស្ងួត​អស់​ទៅ។ បើ​ពលរដ្ឋ​ដែល​មាន​លទ្ធភាព ឬ​មាន​លុយ គឺ​អាច​ជីក​អណ្ដូង​យក​ទឹក​ប្រើប្រាស់​បាន តែ​បើ​អ្នក​អត់ គឺ​ពិបាក​ហើយ»

អ្នកស្រី​បាន​លើក​ឡើង​ឲ្យ​ដឹង​ទៀត​ថា ពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ភូមិ​ចំនួន​៤ គឺ​ភូមិ​រតមុនី ភូមិ​ព្រមនីយ៍ ភូមិ​ព្រែក និង​ភូមិ​កោងស្រែ កំពុង​តែ​ប្រឈម​មុខ​ខ្វះ​ទឹក​ដាក់​ស្រែ​ប្រាំង​ច្រើន​រយ​ហិកតារ ក្នុង​ពេល​ដែល​ស្រូវ​កំពុង​លូតលាស់​បែក​គុម្ព តែ​ក៏​មាន​ពលរដ្ឋ​ខ្លះ​ដែរ​ដែល​មាន​លទ្ធភាព​ជីក​អណ្ដូង ដើម្បី​យក​ទឹក​មក​ប្រើប្រាស់​បាន​ខ្លះ។

មេ​ឃុំ​ល្វេ លោក លុក វាន មាន​ប្រសាសន៍​ថា ការ​ខ្វះ​ទឹក​ចូល​ព្រែក​ដើម្បី​ឲ្យ​ពលរដ្ឋ​ធ្វើ​ស្រែ​ប្រាំង​នោះ គឺ​ដោយសារ​តែ​គម្រោង​អភិវឌ្ឍន៍​ប្រឡាយ​ទឹក​មួយ​ដែល​នាំ​ទឹក​ឆ្លង​កាត់ ៣​ខេត្ត គឺ​ខេត្ត​កំពង់ចាម ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង៖ «ថ្ងៃ​មុន​ខ្ញុំ​ចុះ​ទៅ​មើល​កន្លែង​គេ​ធ្វើ កន្លែង​គេ​ធ្វើ​ទំនប់ គឺ​ក្រុមហ៊ុន​ធ្វើ​ទំនប់​ហ្នឹង​គេ​ជីក​ដី​ដាក់​លើ​ទំនប់ ដាក់​លូ​ធ្វើ​ជា​ផ្លូវ​ទើប​ធ្វើ​ឲ្យ​ស្ទះ​ទឹក។ ពេល​កន្លង​មក​មុន​ពេល​ដែល​មាន​ការដ្ឋាន​នោះ គឺ​ទឹក​ក្នុង​បឹង​ពលរដ្ឋ​អាច​ប្រើប្រាស់​បាន តែ​បច្ចុប្បន្ន​នេះ​ដោយសារ​តែ​មាន​គេ​ធ្វើ​នៅ​ខាង​លើ​នោះ ទើប​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្វះ​ទឹក»

លោក​បាន​លើក​ឡើង​ដោយ​សុំ​ឲ្យ​មន្ត្រី​ជំនាញ​ថ្នាក់​ខេត្ត ចុះ​ជួយ​អន្តរាគមន៍​ដើម្បី​ឲ្យ​ពលរដ្ឋ​បាន​ទឹក​បង្កបង្កើនផល​ទាន់​ពេល​វេលា។

ទោះ​យ៉ាង​ណា ប្រធាន​មន្ទីរ​ធនធាន​ទឹក និង​ឧតុនិយម ខេត្ត​ព្រៃវែង លោក ជុំ សុភី មាន​ប្រសាសន៍​ថា លោក និង​ក្រុម​ការងារ នឹង​ចុះ​ទៅ​ពិនិត្យ​មើល​ពី​ស្ថានភាព​ការដ្ឋាន​ប្រឡាយ​ទឹក​ទាំង​នោះ ដើម្បី​សម្រួល​បើក​ទឹក​ឲ្យ​ពលរដ្ឋ៖ «មិន​អី​ទេ ពួក​ខ្ញុំ​នឹង​ចុះ​ទៅ រឿង​ហ្នឹង​ជា​ភារកិច្ច​របស់​មន្ទីរ​ត្រូវ​តែ​ធ្វើ ហើយ​ក្រុមហ៊ុន​ចិន មិន​ដែល​មាន​បញ្ហា​ទេ នៅ​ពេល​ដែល​យើង​ប្រាប់​ទៅ គឺ​គេ​ធ្វើ​តាម​ហើយ»

ពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា ប្រសិន​បើ​មិន​ដោះស្រាយ​ឲ្យ​ពួក​គាត់​បាន​ទាន់​ពេល​នោះ​ទេ គឺ​ពួក​គាត់​នឹង​ប្រឈម​មុខ​ខ្វះ​ស្បៀង​អាហារ​នៅ​ឆ្នាំ​ក្រោយ​ជាក់​ជា​មិន​ខាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
RFA
លោក គា សុគន្ធ អ្នក​និពន្ធ​គំរូ​ក្នុង​ការ​ឆ្លុះ​បញ្ចាំង​ការ​ពិត និង​បណ្ដុះ​ស្មារតី​ស្នេហា​ជាតិ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។