សាលា​មធ្យមសិក្សា​វិចិត្រ​សិល្បៈ​ខ្វះ​សិស្ស​ចូល​រៀន​ទោះ​មិន​មាន​ការ​បង់​ថ្លៃ​សាលា

សេក បណ្ឌិត
2018.08.23
តាំង​ពិព័រណ៍​សិល្បៈ ២០១៧ ៨៥៥ ក្រុម​សម្ដែង​សិល្បៈ​នា​កម្មវិធី​តាំង​ពិព័រណ៍​នៅ​សាលា​មធ្យម​វិចិត្រ​សិល្បៈ ថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ​២០១៧។
RFA

ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ចាប់ផ្ដើម​ផ្សព្វផ្សាយ​អំពី​ការ​ទទួល​ពាក្យ​សុំ​ចូល​សិក្សា​ជំនាញ​សិល្បៈ វប្បធម៌ នៅ​សាលាមធ្យមសិក្សា​វិចិត្រ​សិល្បៈ តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook)

រដ្ឋមន្ត្រី​ក្រសួង វប្បធម៌ និង​វិចិត្រសិល្បៈ អ្នកស្រី ភឿង សកុណា មាន​ប្រសាសន៍​ថា ដោយ​មាន​ការ​ផ្សព្វផ្សាយ​ពី​ការ​ទទួល​ពាក្យសុំ​ចូលរៀន​ជំនាញ​នេះ​ពី​ចម្ងាយ ដូច្នេះ ក្រសួង​សង្ឃឹមថា ឆ្នាំ​សិក្សា​២០១៨ -២០១៩ នៅ​សាលា​មធ្យមសិក្សា​វិចិត្រ​សិល្បៈ នឹង​មាន​សិស្ស​ចូលរៀន​ច្រើនជាង​ពេល​មុនៗ៖ «កាលពី​បួន​ប្រាំ​ឆ្នាំមុន កូនសិស្ស​មានការ​ថយ​ចុះ​បន្តិច ប៉ុន្តែ​កាល​ពី​ឆ្នាំទៅ បន្ទាប់​ពី​មាន​ការ​ផ្សព្វផ្សាយ​ទូលំទូលាយ និង​ការ​កែសម្រួល​ហេដ្ឋារចនាសម្ព័ន្ធ​ដូចជា ផ្លូវ អាគារ​សិក្សា និង​ឧបករណ៍​សិក្សា​ជាដើម សិស្ស​ចាប់ផ្ដើម​មានការ​កើន​ឡើង ហើយ​នៅ​ឆ្នាំ​សិក្សា ២០១៨-២០១៩ នេះ សង្ឃឹមថា សិស្ស នឹង​មាន​ការ​កើន​ឡើង​គួរ​ឲ្យ​យើង​ពេញចិត្ត ហើយ​ការ​ដាក់​សុំ​ចូល​រៀន​នេះ​មិន​មាន​ការ​បង់ថ្លៃ​អ្វី​នោះ​ទេ»

ចំណែក​សាស្ត្រាចារ្យ​សាលា​វិចិត្រ​សិល្បៈ​មួយ​ចំនួន នៅ​តែ​មាន​ក្តី​បារម្ភ​ពី​ការ​ខ្វះ​អ្នក​បន្តវេន​ជំនាញ សិល្បៈ វប្បធម៌ ពី​ពួកគាត់ ពីព្រោះ​ក្មេង​ជំនាន់​ក្រោយ ហាក់​មិន​សូវ​ចាប់អារម្មណ៍ ចូលចិត្ត​សិក្សា​ចាប់​យក​ជំនាញ​នេះ​ជា​អាជីព​នោះ​ឡើយ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ។

ការ​លើកឡើង​ពី​កង្វល់​លើ​បញ្ហា​នេះ ខណៈ​សាលា​មធ្យមសិក្សា​វិចិត្រ​សិល្បៈ ប្រកាស​ជ្រើសរើស សិស្សានុសិស្ស អោយ​ចូលរៀន​ជំនាញ​ចំនួន​៥ ក្នុង​ឆ្នាំ​សិក្សា​ថ្មី ២០១៨-២០១៩ ក្នុង​នោះ​រួមមាន ផ្នែក ដូរ្យតន្ត្រី របាំ ល្ខោន សៀក និង​សិល្បៈ​សូនរូប។

សាលា​ចាប់​ទទួល​ពាក្យ​ស្នើ​សុំ​ចាប់ពី​ខែ​សីហា​នេះ តទៅ ហើយ​រហូតដល់ ថ្ងៃ​ទី​២៨ កញ្ញា ឆ្នាំ​២០១៨ សាលា​នឹង​រៀបចំ​ការ​ប្រឡង​ពិនិត្យ ឧបនិស្ស័យ របស់​សិស្សានុសិស្ស ឲ្យ​ចូលរៀន​តាម​ជំនាញ​នីមួយៗ។

ក្រសួង​បញ្ជាក់​បញ្ចាក់​ថា ការ​ប្រឡង​ជ្រើសរើស​សិស្ស​ចូលរៀន​នេះ ឥត​បង់ថ្លៃ​អ្វី​ទាំងអស់។

សេចក្ដីជូនដំណឹង របស់​សាលា​មធ្យម​វិចិត្រ​សិល្បៈ នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ កាល​ពី​ថ្​ងៃទី ២៣ កក្កដា ឲ្យ​ដឹង​ថា ពាក្យ​ដាក់​សុំ​ប្រឡង អាច​រក​បាន​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ក្រសួង ឬ​នៅ​សាលា​មធ្យម​វិចិត្រសិល្បៈ​ផ្ទាល់ ដែល​មាន​ទីតាំង នៅ​ភូមិ​បាយ៉ាប សង្កាត់​ភ្នំពេញថ្មី ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ។

ការ​ប្រកាស​ជ្រើសរើស​នេះ ធ្វើ​ឡើងជា​រៀងរាល់​ឆ្នាំ ប៉ុន្តែ មិន​សូវ​មាន​ក្រុម​យុវជន​រំភើប រីករាយ​សម្រុក​ចូល​ទៅ​ដាក់ពាក្យ​ប្រឡង ដូច​ការ​ប្រឡង ចម្រៀង​សម័យ នៅ​តាម​ស្ថានីយ​ទូរទស្សន៍​នានា ឬ​នៅ​តាម​សាលា​ជំនាញ និង​មហាវិទ្យាល័យ​ផ្សេងៗ​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។