អគ្គិភ័យ បានឆាបឆេះតូបលក់ដូរអស់ចំនួន ៣៣តូបនៅខាងក្រោយផ្សារលើ ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី៣១ តុលា។ តូបដែលឆេះទាំងនោះ ស្ថិតនៅចំណុចមជ្ឈមណ្ឌលពាណិជ្ជកម្មក្រុងព្រះសីហនុ ឬហៅថា ផ្សារចិន ដែលស្ថិតក្នុងក្រុមទី៣០ ភូមិ១ សង្កាត់៤ ក្រុងព្រះសីហនុ។ អគ្គិភ័យមិនបានឆេះឆ្លងដល់តូបលក់នៅក្នុងផ្សារលើ នៅខាងមុខឡើយ។
អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឃាង ភារម្យ ប្រាប់អាស៊ីសេរីថា អគ្គិភ័យបានរលត់ទាំងស្រុង នៅប្រហែលថ្ងៃត្រង់ ថ្ងៃទី៣១ តុលា ហើយអាជ្ញាធរបានចូលទៅរើកម្ទេចឆេះ នៅខាងក្នុងតូបទាំងនោះ និងកំពុងស្រង់ស្ថិតិពីទំហំខូចខាត។ លោក ឃាង ភារម្យ អះអាងថា គ្មានមនុស្សស្លាប់ ឬរបួសក្នុងហេតុការណ៍អគ្គិភ័យនោះទេ។ ទោះយ៉ាងណាក្ដី លោកថា អាជ្ញាធរមិនទាន់សម្រេចថា នឹងត្រូវសាងសង់តូបទាំងនោះ ឡើងវិញ ឬអត់ទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។