ភ្លើង​ឆេះ​តូប​លក់ដូរ​របស់​អាជីវករ​នៅ​ឆ្នេរ​អូរត្រេះ​ចំនួន​៥​តូប

ដោយ ដែន អយុធ្យា
2017-01-05
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ភ្លើង​ឆេះ​ហាង​លក់ដូរ​នៅ​ឆ្នេរ​អូរត្រេះ សង្កាត់​លេខ​៤ ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ កាល​ពី​រសៀល​ថ្ងៃ​ទី​៥ ខែ​មករា ឆ្នាំ​២០១៧។ RFA/Den Ayuthyea
ភ្លើង​ឆេះ​ហាង​លក់ដូរ​នៅ​ឆ្នេរ​អូរត្រេះ សង្កាត់​លេខ​៤ ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ កាល​ពី​រសៀល​ថ្ងៃ​ទី​៥ ខែ​មករា ឆ្នាំ​២០១៧។ RFA/Den Ayuthyea
RFA/Den Ayuthyea

ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ លោក ជួន ណារិន្ទ មាន​ប្រសាសន៍​ថា ភ្លើង​បាន​ឆេះ​ហាង និង​តូប​លក់​ដូរ​របស់​ជន​បរទេស​មាន​ទីតាំង​នៅ​តាម​បណ្ដោយ​ឆ្នេរ​អូរត្រេះ ក្រុង​ព្រះសីហនុ អស់​ចំនួន ៥​តូប ឬ​ហាង នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​៥ ខែ​មករា ឆ្នាំ​២០១៧។

សមត្ថកិច្ច​បាន​សន្និដ្ឋាន​ជំហាន​ដំបូង​ថា ភ្លើង​ឆេះ​នេះ អាច​បណ្ដាល​មក​ពី​ម៉ាស៊ីន​ភ្លើង​ដែល​ជនបរទេស​បញ្ឆេះ​នៅ​អំឡុង​ពេល​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ ដាច់​ភ្លើង​ប្រមាណ ២​ម៉ោង ផ្ទុះ​ឆេះ​បង្ក​ឲ្យ​មាន​អណ្ដាត​ភ្លើង​ឆេះ​រាល ទៅ​លើ​ហាង ឬ​តូប​លក់​ដូរ​របស់​ពួកគេ ដែល​ធ្វើ​​ពី​ស្លឹក​ប្រក់​ស្បូវ។

លោក ជួន ណារិន្ទ បន្ថែម​ថា អគ្គិភ័យ​នេះ មិន​បណ្ដាល​ឲ្យ​មាន​អ្នក​រង​របួស​នោះ​ទេ ប៉ុន្តែ​ផ្ទះ​ចំនួន ៥​ខ្នង ត្រូវ​បំផ្លាញ​ ហើយ​ពេល​នេះ សមត្ថកិច្ច​ជំនាញ​ស្ថាប័ន​ពាក់ព័ន្ធ​បាន​គ្រប់គ្រង​ស្ថានការណ៍​ពន្លត់​ភ្លើង​បាន​ជា​ស្ថាពរ ដោយ​ប្រើ​រថយន្ត​ពន្លត់​ភ្លើង​មក​ពី​ស្ថាប័ន​របស់​ស្នងការ​នគរបាល បញ្ជា​ការដ្ឋាន​កង​រាជ​អាវុធហត្ថ និង​រថយន្ត​ពន្លត់​អគ្គិភ័យ​កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ៖ «ដំបូង​ហ្នឹង គឺ​ភ្លើង​នៅ​ខេត្ត​យើង​នេះ​ដាច់​ប្រហែល​ជា​ជាង ២​ម៉ោង ហើយ​ទំនង​ជា​នៅ​ពេល​ដាច់​ភ្លើង​ក៏​មាន​ការ​បញ្ឆេះ​ម៉ាស៊ីន​ភ្លើង​របស់​គាត់ ហើយ​ប្រហែល​ជា​ពេល​នោះ​អាច​ផ្ទុះ​បំពង់​ស៊ីមាំង ហើយ​និង​ប្រេង វា​បែក​ផ្កា​ភ្លើង​ក៏​ឆាប​ឆេះ​ឡើង ព្រោះ​នៅ​ខាង​ណោះ​សុទ្ធ​តែ​ប្រក់​ស្បូវ»

លោក ជួន ណារិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​ព្រះសីហនុ ឲ្យ​ប្រុង​ប្រយ័ត្ន​អំពី​អគ្គិភ័យ​ដែល​អាច​នឹង​កើត​មាន​នៅ​តាម​ផ្ទះ​រៀងៗ​ខ្លួន ព្រោះ​រដូវ​នេះ​ជា​រដូវ​ក្ដៅ ហើយ​មាន​ខ្យល់​បោក​បក់​ជាប់​មិន​ដាច់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល